ភ្នំពេញៈ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានដឹកនាំកិច្ចប្រជុំដាក់ចេញវិធានការបន្ថែមដល់សាលារៀនដែលកំពុងត្រូវបានប្រើប្រាស់ជាមណ្ឌលចត្ដាឡីស័ក ពិសេសសាលារៀនតាមខេត្ដជាប់ព្រំដែនប្រទេសថៃ និងវៀតណាមដើម្បីធ្វើយ៉ាងណាធានាផ្ដល់ការសិក្សាដល់សិស្សគ្រប់គ្នាក្នុងឆ្នាំសិក្សាថ្មីនេះ។
ខេត្ដចំនួន ៣ គឺបាត់ដំបង បន្ទាយមានជ័យ និងឧត្ដរមានជ័យមានសាលារៀនចំនួន ៤២ កំពុងត្រូវបានយកធ្វើជាមណ្ឌលចត្ដាឡីស័ក។ នេះបើតាមអ្នកនាំពាក្យ និងប្រធានមន្ទីរអប់រំ ខេតុ្ដទាំងនេះថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីម្សិលមិញ។
លោក ហង់ជួន ណារ៉ុន កាលពីថ្ងៃទី ១៤ ខែមករានេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីវិធានការសម្រាប់គ្រឹះស្ថានសិក្សាដែលត្រូវបានប្រើប្រាស់ជាមណ្ឌលចត្តាឡីស័កជាពិសេសនៅតាមខេត្តជាប់ព្រំដែន គឺខេត្ដឧត្តរមានជ័យ បន្ទាយមានជ័យ និងបាត់ដំបង។
តាមរយៈកិច្ចប្រជុំលោករដ្ឋមន្ដ្រីបានលើកឡើងអំពីវិធានការមួយចំនួនដូចជាពិនិត្យ និងប្រមូលផ្តុំ គ្រឹះស្ថានសិក្សា ជាមណ្ឌលចត្តាឡីស័ក ដើម្បីផ្តល់លទ្ធភាពឱ្យសិស្សបានចូលរៀន។ ខេត្តដែលរងផលប៉ះពាល់ត្រូវសិក្សា និងលើកសំណើជូនក្រសួងអប់រំ ពិនិត្យដោះស្រាយ។
លោករដ្ឋមន្ត្រីក៏បានស្នើឱ្យគណៈអភិបាលខេត្ត ក្រុង ស្រុក ឃុំ ភូមិ ជួយចាត់វិធានការបន្ថែមក្នុងការគ្រប់គ្រង និងតាមដានជនចំណូលស្រុកផងដែរ។
លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ ខេត្ដបន្ទាយមានជ័យបច្ចុប្បន្នមានសាលារៀនចំនួន ១៦ កំពុងត្រូវបានយកធ្វើជាមណ្ឌលចត្ដាឡីស័កក្នុងនោះវិទ្យាល័យចំនួន ៨ បឋមសិក្សាចំនួន ៤ និងមត្តេយ្យសិក្សាចំនួន ៤ ដែលប៉ះពាល់ដល់ការសិក្សារបស់សិស្សប្រមាណ ១៣ ០០០ នាក់។
លោកថ្លែងថា៖ «យើងមានប៉ះពាល់តិចដែរទេ ព្រោះទីតាំងសាលារៀនណាដែលយើងយកធ្វើជាមណ្ឌលចត្តាឡីស័ក គឺយើងបានផ្លាស់ប្ដូរឱ្យសិស្សទៅរៀននៅសាលារៀនណាមួយដែលនៅជិតពួកគាត់វិញ»។
បើតាមលោក ប៊ុនរឿង សាលារៀនដែលត្រូវយកធ្វើជាមណ្ឌលចត្តាឡីស័ក មិនបានឱ្យសិស្សចូលរៀនទាន់ពេលនៅថ្ងៃទី ១១ ខែមករា ជាថ្ងៃបើកបវេសនកាលទេ គឺត្រូវពន្យារពេល ១ សប្ដាហ៍ ដើម្បីរៀបចំ ផ្លាស់ប្ដូរសិស្សឱ្យទៅរៀនសាលាផ្សេង។
លោក ប៉ិច រតនា ប្រធានមន្ទីរអប់រំខេត្ដឧត្ដរមានជ័យបានឱ្យដឹងដែរថា សិស្សនៅសាលារៀនចំនួន ១៥ ដែលត្រូវយកធ្វើជាមណ្ឌលចត្តាឡីស័កក្នុងខេត្ដគឺត្រូវប្ដូរទៅសិក្សានៅសាលារៀនផ្សេង ដើម្បីធ្វើយ៉ាងណាឱ្យសិស្សបានសិក្សា។
លោកថ្លែងថា៖ «សិស្សនៅតាមសាលាគោលដៅដែលត្រូវយកធ្វើជាមណ្ឌលចត្តាឡីស័ក គឺយើងបានផ្លាស់ប្ដូរទៅសាលារៀនដែលនៅជិតពួកគាត់ និងបែងចែកម៉ោងសិក្សាដល់ពួកគាត់។ ក្រៅពីនេះយើងក៏បែងចែកម៉ោងសម្រាប់សិស្សរៀនពីចម្ងាយ និងចែកឯកសារសិក្សាដល់សិស្សបន្ថែមដែរ»។
លោក សឿម ប៊ុនរិទ្ធិ អ្នកនាំពាក្យរដ្ឋបាលខេត្ដបាត់ដំបងបានឱ្យដឹងថា បច្ចុប្បន្នខេត្ដនេះមានសាលារៀនចំនួន ១១ កំពុងត្រូវបានយកធ្វើជាមណ្ឌលចត្ដាឡីស័ក ខណៈខេត្ដនេះក៏បានផ្លាស់ប្ដូរសិស្សដែលសាលារៀនត្រូវយកធ្វើជាមណ្ឌលចត្តាឡីស័កឱ្យទៅសិក្សានៅសាលារៀនផ្សេងដែរ។
លោកថា៖ «យើងបានប្រជុំជាមួយគណៈឯកភាពខេត្ដ ស្រុក និងមន្ទីរអប់រំ ដើម្បីបែងចែកសិស្សដែលស្ថិតនៅសាលារៀនត្រូវយកធ្វើជាមណ្ឌលចត្ដាឡីស័ក ដើម្បីផ្លាស់ប្ដូរទៅរៀននៅសាលារៀនផ្សេងស្ថិតនៅក្នុងភូមិ ឃុំ ក្បែរគ្នានោះហើយចែកវេនសិក្សាគ្នា សិក្សា វេនព្រឹក ល្ងាចទៅ»។
លោក រស់ សុវាចា មន្ដ្រីនាំពាក្យក្រសួងអប់រំថ្លែងថា ក្នុងឆ្នាំសិក្សា ២០២០-២០២១ ក្រសួងអប់រំបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង បង្ការ និងទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ ដោយតម្រូវឲ្យមានការពង្រឹងប្រសិទ្ធភាពរៀន និងបង្រៀនតាមគន្លងជីវិតថ្មីក្នុងវិស័យអប់រំ។
លោកថ្លែងថា៖ «ជារួមសិស្សានុសិស្សត្រូវរៀនតាមកម្មវិធីសិក្សាបង្រួញតាមរយ:ការអប់រំបែបចម្រុះគឺសិស្សរៀនក្នុងថ្នាក់ផង រៀនពីចម្ងាយផង ធ្វើស្វ័យសិក្សាផង អមដោយសន្លឹកកិច្ចការ និងមេរៀនសង្ខេប។ គ្រប់ភាគីពាក់ព័ន្ធត្រូវបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពសុខភាពដែលមានជាធរមាន»។
បើតាមលោក សុវាចា គិតត្រឹមថ្ងៃទី ១៣ ខែមករាសាលារៀនដែលកំពុងប្រើប្រាស់ជាមណ្ឌលចត្ដាឡីស័កតាមខេត្ដជាប់ព្រំដែនប្រទេសថៃ និងវៀតណាម រួមមានខេត្ដបន្ទាយមានជ័យ បាត់ដំបង ឧត្ដរមានជ័យ ព្រះវិហារ ពោធិ៍សាត់ កំពត និងត្បូងឃ្មុំសរុបមាន ៤១ សាលារៀនក្នុងនោះមានវិទ្យាល័យចំនួន ២៤ អនុវិទ្យាល័យ ៥ និងសាលាបឋមសិក្សាចំនួន ១២៕