ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា លោកបានសម្រេចដោយមិនស្ទាក់ស្ទើរចំពោះការអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ គឺដោយសារចង់ធ្វើអំពើមនុស្សធម៌តែប៉ុណ្ណោះ និងមិនបានគិតចង់កេងចំណេញនយោបាយនៅក្នុងប្រទេសនិង ក្រៅប្រទេសឡើយ។
លោក ហ៊ុន សែន បានថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងលើកទិសដៅការងារឆ្នាំ ២០២០ របស់ក្រសួងមហាផ្ទៃកាលពីល្ងាចម្សិលមិញថា វានឹងក្លាយជាវិបត្តិមនុស្សធម៌ប្រសិនបើនាវា Westerdam ដែលដឹកមនុស្សចំនួន ២ ២៥៧ នាក់ មិនត្រូវបានអនុញ្ញាតឱ្យចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ខណៈនាវានេះត្រូវបានបដិសេធចូលចតដោយប្រទេសជាច្រើន។
លោកបន្តថា៖ «ប្រសិនកម្ពុជាមិនធ្វើវានឹងក្លាយជាវិបត្តិមនុស្សធម៌។ ព្រោះទៅកន្លែងណាក៏អត់មានមនុស្សធម៌ អ៊ីចឹង! បើកម្ពុជាមិនទទួល វានឹងក្លាយជាវិបត្តិមនុស្សធម៌មែនទេ? ហើយពេលនេះដាក់សំណួរមួយថា ប្រសិនបើកម្ពុជាមិនឲ្យចូលតើពេលនេះនាវានេះកំពុងនៅទីណាក្នុងពេលនាវានេះ អស់ទាំងស្បៀងអស់ទាំងប្រេងទៅហើយនោះ ហើយយ៉ាងហោចណាស់ ក៏អស់ទឹកសាបប្រើប្រាស់ដែរ ឬគេអាចចម្រាញ់ទឹកសមុទ្រធ្វើទឹកសាបប្រើប្រាស់ ក៏មិនដឹងដែរទេ»។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា មកដល់ពេលនេះពុំមានអ្នកដំណើរណាម្នាក់ បានរកឃើញថាបានឆ្លងវីរុស Covid-19 នៅលើទឹកដីកម្ពុជានោះទេ ក្រៅពីតែប្រទេសម៉ាឡេស៊ី ដែលអះអាងថា មានស្ដ្រីជនជាតិអាមេរិកកាំងម្នាក់ដែលធ្វើដំណើរដល់ប្រទេសនេះបានឆ្លងវីរុស Covid-19។ លោក ហ៊ុន សែន នៅតែបង្ហាញពីការសង្ស័យដែលម៉ាឡេស៊ីអះអាងថា ស្ដ្រីម្នាក់នេះបានឆ្លងវីរុស ខណៈលោកក៏បានបដិសេធថា កម្ពុជា និងម៉ាឡេស៊ីមិនមានជម្លោះជុំវិញបញ្ហានេះទេ។
លោកថា៖ «សម្រាប់ករណីម្នាក់នៅម៉ាឡេស៊ី នោះគឺជារឿងផ្សេងមួយទៀត។ ខ្ញុំគិតថា ប្រហែលមានតែអ្នកជំងឺនោះប៉ុណ្ណោះដែលត្រូវបានគេព្យាបាលគាត់ជាហើយ និងឱ្យគាត់ត្រឡប់ទៅប្រទេសគាត់វិញ។ គាត់នឹងនិយាយនូវអ្វីដែលគាត់ចង់និយាយ។ តើគាត់ឆ្លងពិត ឬមិនពិត ប្រហែលជានៅលើគាត់និយាយហើយ។ ឥឡូវនេះព្រោះខាងយើងគឺយើងរកអត់ឃើញ។ អ៊ីចឹង!ជំងឺនេះ តើឆ្លងពីយើងទៅ ឬឆ្លងនៅម៉ាឡេស៊ីបានទើបនឹងកើត (ជំងឺ)»។
លោកបន្ថែមថា៖ «គេថាជម្លោះការទូតតូចមួយរវាងកម្ពុជា និងម៉ាឡេស៊ីលើបញ្ហាទាក់ទងជាមួយនឹងស្ដ្រីជនជាតិអាមេរិកាំងម្នាក់អាយុ ៨៣ ឆ្នាំ។ នេះមិនមែនជាជម្លោះទេ សូមបញ្ជាក់គ្រាន់តែកម្ពុជាសុំការពន្យល់តែប៉ុណ្ណោះ ព្រោះកម្ពុជារកអត់ឃើញទៅដល់ណោះបានរកឃើញ រឿងនេះវាកើតនៅកន្លែងណា? ព្រោះជារឿងគួរឱ្យឆ្ងល់ ប្រពន្ធកើត តែប្ដីអត់កើត និងរាប់ពាន់នាក់អត់កើត។ សូមបញ្ជាក់ត្រឡប់ទៅវិញគ្មានជម្លោះណាមួយរវាងកម្ពុជា និងម៉ាឡេស៊ីទេ»។
ជាមួយគ្នានេះលោក ហ៊ុន សែន បានអរគុណទៅដល់ព្រះរាជាណាចក្រថៃដែលបានអះអាងថា គ្មានអ្នកដំណើរណាមួយបានរកឃើញឆ្លងវីរុសកូរ៉ូណា នៅពេលអ្នកដំណើរមកពីនាវា Westerdam ទាំងនេះបានចាកចេញពីទីក្រុងភ្នំពេញទៅដល់ទីក្រុងបាងកក ដើម្បីតជើងហោះហើរ ទៅកាន់ប្រទេសផ្សេងទៀត។ លោកក៏អរគុណដល់រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ីដែលបានអះអាងថា នាវិកនិងអ្នកដំណើរនៅលើកប៉ាល់ Westerdam ដែលជាជនជាតិឥណ្ឌូនេស៊ីចំនួន ៣៦២ នាក់ពុំមានអ្នកណាមានវីរុសនេះរួមទាំងការអរគុណប្រទេសជប៉ុនដែលបានផ្សព្វផ្សាយព័ត៌មានថា ជនជាតិជប៉ុនដែលធ្វើដំណើរពីនាវានេះទៅជប៉ុន ក៏ពុំមានឆ្លងវីរុសនេះដែរ។
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍បានលើកឡើងថា មកដល់ពេលនេះអ្នកទេសចរលើនាវា Wes-terdam ដែលសេសសល់ស្នាក់នៅកម្ពុជា ដើម្បីរង់ចាំហោះហើរទៅកាន់ប្រទេសពួកគេវិញគឺនៅសល់ប្រហែល ២០ ទៅ ៣០ នាក់ ខណៈក្រុមនាវិកជាង ៨០០ នាក់នឹងត្រឡប់ទៅកាន់នាវាដែលកំពុងចតស្ថិតនៅកំពង់ផែខេត្តព្រះសីហនុ។ លោកថា៖ «ក្រុមនាវិកគេត្រឡប់ទៅនាវាវិញ ប៉ុន្តែមិនទាន់ដឹងថា តើនាវាចាកចេញពីកម្ពុជានៅពេលណានោះទេ»។
កាលពីថ្ងៃទី ១៩ ខែកុម្ភៈ អង្គការសុខភាពពិភពលោកបានចេញសេចក្ដីប្រកាសព័ត៌មានជុំវិញការឆ្លើយតបរបស់ប្រទេសកម្ពុជាទៅនឹងវីរុសកូរ៉ូណាដោយបញ្ជាក់ថា ការផ្ទុះឡើង Covid-19 គឺកំពុងបន្តវិវត្តទៅមុខ និងនៅតែជាភាពអាសន្នផ្នែកសុខភាពសាធារណៈដែលជាក្ដីព្រួយបារម្ភអន្តរជាតិត្រូវបានប្រកាសតាំងពីថ្ងៃទី ៣០ ខែមករា។ រដ្ឋជាសមាជិកទាំងអស់រួមទាំងកម្ពុជា ត្រូវបានណែនាំយ៉ាងទទូច ដើម្បីត្រៀមសម្រាប់ការឆ្លើយតបដ៏ល្អមួយចំពោះការកើតឡើងករណីបន្ថែមទៀត និងការឆ្លងរាលដាលដែលអាចកើតឡើង»។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថា វិធានការទាំងអស់ដែលកម្ពុជាកំពុងអនុវត្តដូចជាការដាក់ម៉ាស៊ីនស្គែនកម្ដៅអ្នកដំណើរនៅតាមបណ្ដាច្រកចេញចូលអន្តរជាតិទាំងអស់រួមមាននៅតាមព្រលានយន្តហោះទាំង ៣ ស្ថិតក្នុងទីក្រុងភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាប និងស្ថិតនៅតាមបណ្ដាច្រកទ្វារព្រំដែនជាមួយប្រទេសថៃ និងវៀតណាម។
លោកស្រីបន្តថា ការត្រៀមឆ្លើយតបចំពោះករណីចាំបាច់ គឺក្រសួងបានណែនាំឱ្យមន្ទីរសុខាភិបាលគ្រប់រាជធានីខេត្តរៀបចំនៅតាមមន្ទីរពេទ្យមានបន្ទប់អ្នកជំងឺដាច់ដោយឡែក ការបំពាក់សម្ភារបរិក្ខារ និងឱសថចាំបាច់នៅតាមមន្ទីរពេទ្យ ការដាក់ពង្រាយមន្ត្រីសម្រាប់ឆ្លើយតបបន្ទាន់ជាង ២ ពាន់នាក់ នៅគ្រប់រាជធានី-ខេត្ត ការផ្សព្វផ្សាយនូវវិធានការការពារខ្លួនចាំបាច់ទៅដល់ប្រជាពលរដ្ឋ និងការប្រកាសនូវលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ជាដើម។
លោកស្រីថា៖ «យើងបានរៀបចំក្រុមការងារឆ្លើយតបបន្ទាន់ដែលដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលផ្ទាល់។ យើងក៏មានអង្គការសុខភាពពិភពលោក យើងមានមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លង សហរដ្ឋអាមេរិកហៅថា (UA CDC) មានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងមានដៃគូផ្សេងទៀត ដើម្បីចូលរួមចំណែកជួយក្រសួងសុខាភិបាល ដើម្បីត្រៀមលក្ខណៈក្នុងការឆ្លើយតប។ យើងមិនបាននៅស្ងៀមនោះទេ...»។
កាលពីថ្ងៃម្សិលមិញលោក ហ៊ុន សែន ក៏បានប្រតិកម្មចំពោះអ្នកដែលលើកឡើងថា លោកចេះប្រើឱកាសនៃការផ្ទុះឡើងកូរ៉ូណាវីរុសដ៏ឆ្លាតវៃក្នុងនយោបាយក្នុងស្រុក និងនយោបាយការបរទេស ខណៈលោកបញ្ជាក់ថា អ្វីដែលលោកបានធ្វើគឺចេញពីមនុស្សធម៌សុទ្ធសាធ។ លោកក៏បានព្រមានអ្នកមួយចំនួនដែលបំផុសពលរដ្ឋឱ្យមានការភ័យខ្លាចជុំវិញវីរុស Covid-19 ផងដែរ។
លោកថា៖ «អ្នកឯងប្រយ័ត្នគុក! គេនិយាយថា យើងបិទបាំង គេថាស្លាប់ច្រើនណាស់ ប៉ុន្តែយើងបិទបាំង។ ឥឡូវសូមបញ្ជាក់ជូនប្រជាពលរដ្ឋរូបណាដែលគេសុខចិត្តជាមួយយើង នៅពេលគេស្លាប់កូន ស្លាប់ប្ដី ឬស្លាប់ប្រពន្ធ ឬម្ដាយ ដោយសារជំងឺនេះបែរជាយើងលាក់បាំងជាមួយគេកើត។ មើល៍ឆ្លើយមក! អ្នកទូទាំងប្រទេសនេះ តើរដ្ឋាភិបាលមានសិទ្ធិបិទបាំងរឿងនេះទេ ហើយរដ្ឋាភិបាលមានការចាំបាច់បិទបាំងទេ ខណៈរដ្ឋាភិបាលបានត្រៀមគ្រប់មន្ទីរពេទ្យ»៕