
លោក អូន ព័ន្ធមុនីរ័ត្ន ក្នុងកិច្ចប្រជុំកំពូលតាមវីដេអូ។ រូបថត ក្រសួងសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជាបញ្ជាក់ប្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ និងប្រាប់ទៅទីប្រឹក្សាសន្តិសុខជាតិអាមេរិកក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៥ ថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសលើទឹកដីរបស់ខ្លួនឡើយទាំងពេលបច្ចុប្បន្ន និងនាពេលអនាគត។
លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិសំខាន់ៗចំនួន ២ រួមមានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៥ ដែលលោកតំណាងឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុងកិច្ចប្រជុំទាំង ២ នេះលោកបានបញ្ជាក់យ៉ាងច្បាស់អំពីជំហររបស់កម្ពុជាក្នុងការគោរពរដ្ឋធម្មនុញ្ញរបស់ខ្លួនដែលហាមមិនឱ្យមានវត្តមានមូលដ្ឋានយោធា និងយោធាបរទេសលើទឹកដីកម្ពុជា។
ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ ដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី ១២ វិច្ឆិកា លោក អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ដូច្នេះថា៖ «ដើម្បីជម្រះនូវមន្ទិលសង្ស័យនានាដែលត្រូវបានលើកឡើងដោយប្រភពផ្សេងៗ ដែលចោទប្រកាន់ថា កម្ពុជាបានធ្វើកិច្ចព្រមព្រៀងក្នុងការអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេស កម្ពុជាសូមបញ្ជាក់ជាថ្មីម្ដងទៀតថា រាជរដ្ឋាភិបាលកម្ពុជាគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងប្រកាន់ខ្ជាប់នូវឯករាជភាព និងអព្យាក្រឹតភាពក្នុងកិច្ចការពារជាតិ និងអធិបតេយ្យភាពដោយមិនអនុញ្ញាតឱ្យមានវត្តមានយោធាបរទេសណាមួយនៅក្នុងទឹកដីកម្ពុជាឡើយ»។
កាលពីខែកក្កដា ឆ្នាំ ២០១៩ កាសែត The Wall Street Journal បានចេញផ្សាយអត្ថបទមួយដោយស្រង់សម្ដីមន្ត្រីសហរដ្ឋអាមេរិកមិនបញ្ចេញឈ្មោះ ដែលអះអាងថា កម្ពុជាបានចុះកិច្ចព្រមព្រៀងសម្ងាត់អនុញ្ញាតឱ្យយោធាចិនប្រើប្រាស់មូលដ្ឋានទ័ពរាម នៅពេលដែលទីក្រុងប៉េកាំងកំពុងជំរុញទៅមុខនូវផែនការដាក់យោធារបស់ខ្លួននៅជុំវិញពិភពលោក។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៥ រៀបចំឡើងតាមអនឡាញកាលពីថ្ងៃទី ១៤ វិច្ឆិកា លោក Robert O''Brien ទីប្រឹក្សាសន្តិសុខជាតិអាមេរិកដែលចូលរួមក្នុងកិច្ចប្រជុំនេះតំណាងឱ្យសហរដ្ឋអាមេរិកបានថ្លែងអំពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកចំពោះបញ្ហានេះ។
លោក Robert O''Brien បានថ្លែងដូច្នេះថា៖ «សហរដ្ឋអាមេរិកក៏មានការព្រួយបារម្ភផងដែរអំពីផែនការរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់កងទ័ពជើងទឹកបរទេស និងបុគ្គលិករបស់គេ នៅឯមូលដ្ឋានកងទ័ពជើងទឹករាមនៅឈូងសមុទ្រថៃ។ វត្តមានកងទ័ពជើងទឹកបរទេសនៅកម្ពុជានឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការដោះស្រាយវិវាទដោយសន្តិវិធី ការលើកកម្ពស់សុវត្ថិភាពនាវាចរណ៍ និងសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរនៅក្នុងតំបន់»។
ឆ្លើយតបនឹងការលើកឡើងនេះលោករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា បញ្ហានេះត្រូវបានលើកមកចោទប្រកាន់ម្ដងហើយម្ដងទៀត ព្រមទាំងមានការផ្សព្វផ្សាយគ្មានមូលដ្ឋាន ដែលអាចធ្វើឱ្យអន្តរាយដល់ការជឿទុកចិត្តគ្នា និងបង្កអរិភាពរវាងប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់។
លោកថ្លែងថា៖ «ខ្ញុំបានបញ្ជាក់រួចមកហើយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ ហើយនាយករដ្ឋមន្ត្រីរបស់ខ្ញុំក៏បានធ្វើការបញ្ជាក់ដូចគ្នានេះម្តងហើយម្តងទៀតថា កម្ពុជាគ្មាន ហើយថ្ងៃមុខក៏នឹងពុំមានដែរនូវមូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីរបស់ខ្លួន។
លោកបន្តថា៖ «ខ្ញុំសូមបញ្ជាក់សាជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ឯករាជ្យ និងអព្យាក្រឹតតាមសេចកី្តចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលហាមឃាត់ដាច់ខាតនូវវត្តមានមូលដ្ឋានយោធាបរទេសនៅក្នុងប្រទេសកម្ពុជា»។
ក្នុងនាមជាប្រទេសមួយដែលមានអធិបតេយ្យ និងឯករាជ្យមានបូរណភាពទឹកដីពេញលេញក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលស្របច្បាប់ និងមានសិទ្ធិស្មើគ្នាដូចប្រជាជាតិដទៃទៀតក្នុងតំបន់ក៏ដូចជានៅជុំវិញពិភពលោក ប្រទេសកម្ពុជាមានសិទ្ធិពេញលេញ និងមិនអាចកាន់ផ្តាច់បានក្នុងការកែលម្អមូលដ្ឋានកងទ័ពជើងទឹក កំពង់ផែ ឬហេដ្ឋារចនាសម្ព័ន្ធនាវាចរណ៍របស់ខ្លួន ដើម្បីបំពេញសេចកី្តត្រូវការក្នុងពេលបច្ចុប្បន្ន ស្របតាមរដ្ឋធម្មនុញ្ញរបស់ប្រទេស។ នេះជាការលើកឡើងរបស់លោក អូន ព័ន្ធមុនីរ័ត្ន។
បើតាមលោក អូន ព័ន្ធមុនីរ័ត្ន ដដែលការកែលម្អមូលដ្ឋានកងទ័ពជើងទឹករាមតម្រូវឱ្យមានការរុះរើប្ដូរទីតាំងមជ្ឈមណ្ឌលសមុទ្រចេញពីមូលដ្ឋានទ័ពរាម។ មជ្ឈមណ្ឌលនេះមិនត្រូវបានបិទចោលនោះទេ ហើយកម្ពុជាក៏បានស្វាគមន៍ដល់មិត្តបរទេសទាំងអស់ដែលចង់ចូលរួមផ្ដល់ហិរញ្ញប្បទានទ្រទ្រង់ដល់មណ្ឌលនេះ។
លោកបញ្ជាក់យ៉ាងច្បាស់ថា៖ «យើងស្វាគមន៍ចំពោះការផ្តល់ជំនួយ និងការបន្តផ្តល់ជំនួយពីសហរដ្ឋអាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង ជប៉ុន ចិន និងប្រទេសដទៃទៀត ដរាបណាជំនួយនេះមិនរារាំងយើងក្នុងការអនុវត្តសិទ្ធិអធិបតេយ្យរបស់ខ្លួន»។
លោក ឯក សុវណ្ណារ៉ា អ្នកវិភាគនយោបាយបានថ្លែងថា បើទោះបីជាមានការបញ្ជាក់ពីបញ្ហានេះនៅក្នុងកិច្ចប្រជុំថ្នាក់តំបន់នេះបែបនេះក៏ដោយ ក៏មន្ទិលសង្ស័យរបស់សហរដ្ឋអាមេរិកនៅមិនត្រូវបានលាងជម្រះទេ។
លោកថា សហរដ្ឋអាមេរិកចង់ឱ្យការអភិវឌ្ឍនោះមានតម្លាភាព ហើយចង់ឱ្យទំនាក់ទំនងរវាងកម្ពុជា និងចិន និងរវាងកម្ពុជា និងសហរដ្ឋអាមេរិកមានតុល្យភាព។
លោកថ្លែងថា៖ «វាត្រូវការពេលវេលាច្រើន និងឥរិយាបថច្រើនទៀត ដើម្បីលុបបំបាត់ភាពមន្ទិលសង្ស័យនេះ។ ទាល់តែមានការសហការ ឬការលាងជម្រះដោយការរួបរួមគ្នារវាងមន្ត្រីបច្ចេកទេស និងមន្ត្រីបច្ចេកទេស ទើបអាចឈានដល់ការលុបបំបាត់ការមន្ទិលសង្ស័យនេះបាន»៕