ភ្នំពេញៈ លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រអតីតគណបក្សប្រឆាំងថ្លែងថា ការរៀបចំបង្កើតគណបក្សនយោបាយថ្មីត្រូវធ្វើឡើងដោយប្រុងប្រយ័ត្ន និងត្រូវរង់ចាំរហូតដល់ក្រោយថ្ងៃ ៤ មករា ជាថ្ងៃដែលក្រុមមន្ត្រីអតីតបក្សប្រឆាំង ដឹកនាំដោយលោកស្រី មូរ សុខហួរ ប្រកាសថា នឹងត្រឡប់មកកម្ពុជាវិញ។
លោក អ៊ូ ច័ន្ទរ័ត្ន កាលពីកន្លងទៅបានប្រកាសថា លោកកំពុងរៀបចំបង្កើតគណបក្សនយោបាយថ្មីមួយ ព្រោះគ្មានជំនឿថា ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិអាចវិលមកដឹកនាំបក្សនេះឡើងវិញឡើយ។ លោកថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីសប្ដាហ៍មុនថា គំនិតបង្កើតបក្សថ្មីនេះត្រូវរង់ចាំរហូតដល់ក្រោយថ្ងៃទី ៤ មករា និងត្រូវធ្វើឡើងដោយប្រុងប្រយ័ត្ន ព្រោះគណបក្សកាន់អំណាចអាចមានយុទ្ធសាស្ត្រដែលធ្វើឱ្យគណបក្សរបស់លោកមិនអាចទទួលបានការគាំទ្រ។
លោកថ្លែងថា៖ «យើងគិតថា អាចនឹងចាប់ផ្ដើមនៅដើមឆ្នាំ ២០២១ នេះក្នុងខែ ១ តែថ្ងៃកំណត់យើងមិនទាន់បានកំណត់ទេដោយសារយើងចាំមើលការវិវឌ្ឍថ្មីក្រោយការវិលត្រឡប់របស់លោកជំទាវ មូរ សុខហួរ និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។ បើសិនជាលោកជំទាវ មូរ សុខហួរ គាត់អញ្ជើញមក ហើយជំរុញឱ្យមានដំណោះស្រាយ ខ្ញុំសុខចិត្តគាំទ្រលោកជំទាវ បើទោះជាលោកជំទាវមិនត្រូវការខ្ញុំឱ្យចូលរួមក្នុងដំណើរការនយោបាយរបស់លោកជំទាវក៏ដោយ ខ្ញុំសុខចិត្តបោះឆ្នោតជូនលោកជំទាវ»។
លោកបញ្ជាក់ថា ប្រសិនបើលោកស្រី មូរ សុខហួរ ពិតជាត្រឡប់មកមែននោះ លោកសុខចិត្តលុបចោលគម្រោងបង្កើតគណបក្សនយោបាយថ្មី។ ការបង្កើតគណបក្សនយោបាយថ្មីរបស់លោកក៏អាស្រ័យទៅលើការវិវឌ្ឍសំណុំរឿងប្រធានអតីតគណបក្សសង្គ្រោះជាតិគឺលោក កឹម សុខា ដែលកំពុងស្ថិតក្រោមនីតិវិធីជំនុំជម្រះក្ដីនៅសាលាដំបូងរាជធានីភ្នំពេញពីបទក្បត់ជាតិផងដែរ។
លោកថ្លែងដូច្នេះថា៖ «ចំណែកករណីលោកប្រធាន កឹម សុខា ក៏ដូចគ្នាដែរ ប្រសិនបើតុលាការពន្លឿនការកាត់ទោស ឬមានដំណោះស្រាយអ្វីតាមរយៈសម្ពាធអន្តរជាតិ ឬតាមរយៈការចរចាណាមួយដើម្បីឱ្យមានការដោះលែង ឬមានលទ្ធភាពឱ្យលោកប្រធាន កឹម សុខា ចេញមកដឹកនាំវិញ ខ្ញុំក៏ធ្វើដូចគ្នាដែរ គឺខ្ញុំមិនបង្កើតគណបក្សអីទេ គឺខ្ញុំចូលរួមគាំទ្រលោក បើទោះជាលោកមិនទទួលខ្ញុំ ឬទទួលក៏ដោយ ជាស្មារតីខ្ញុំនឹងគាំទ្រ និងចូលរួមបោះឆ្នោតជូនលោក»។
លោកស្រី មូរ សុខហួរ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិកាលពីពេលថ្មីៗនេះ បានប្រកាសដឹកនាំមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ និងសកម្មជនដើម្បីមកចូលរួមសវនាការនៅសាលាដំបូងរាជធានី។ សាលាដំបូងរាជធានីនឹងបន្តបើកសវនាការលើសំណុំរឿងញុះញង់ និងរួមគំនិតក្បត់ លើសកម្មជន និងមន្ត្រីអតីតគណបក្សសង្គ្រោះជាតិជាង ១៣០ នាក់ នៅខែមករា និងខែមីនា ឆ្នាំ ២០២១។
លោកស្រី មូរ សុខហួរ បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២៧ ខែធ្នូថា គម្រោងវិលត្រឡប់មកចូលរួមសវនាការមិនមានអ្វីប្រែប្រួលឡើយ។ លោកស្រីថ្លែងដូច្នេះថា៖ «យើងរក្សាគម្រោងត្រឡប់ទៅវិញនៅថ្ងៃទី ៤ មករា ដដែល។ យើងបានដាក់ពាក្យសុំទិដ្ឋាការខ្មែរ ដោយប្រើប្រាស់លិខិតឆ្លងដែនអាមេរិកាំង និងបារាំងរួចហើយ។ យើងត្រៀមខ្លួនរួចរាល់ទាំងស្រុង ដើម្បីឱ្យចាប់ខ្លួននៅពេលយើងទៅដល់ និងដាក់ក្នុងឃុំរង់ចាំការកាត់ទោស។ អ្វីដែលយើងស្នើសុំនោះគឺសិទ្ធិស្របតាមរដ្ឋធម្មនុញ្ញក្នុងការត្រឡប់ទៅមាតុភូមិ និងចូលរួមជម្រះក្ដីតាមគោលការណ៍នៃការជំនុំជម្រះដោយយុត្តិធម៌»។
ឆ្លើយតបទៅលោក អ៊ូ ច័ន្ទរ័ត្ន រឿងបង្កើតគណបក្សថ្មី ដោយប្រុងប្រយ័ត្នខ្លាចចាញ់យុទ្ធសាស្ត្របក្សកាន់អំណាចលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចថ្លែងថា គណបក្សកាន់អំណាច មិនមានយុទ្ធសាស្ត្រអ្វីលើគណបក្សរបស់លោក អ៊ូ ច័ន្ទរ័ត្ន ទេ។ បើគណបក្សលោក អ៊ូ ច័ន្ទរ័ត្ន មិនទទួលបានជោគជ័យ គឺដោយសារគ្មានអ្នកគាំទ្រ។
ចំពោះគម្រោងវិលត្រឡប់ក្រុមអតីតមន្ត្រីបក្សប្រឆាំងវិញលោក សុខ ឥសាន គ្មានជំនឿថា ពួកគាត់នឹងត្រឡប់មកវិញទេ ដោយសារតែពួកគាត់គ្មានទិដ្ឋាការ។ លោកជឿថា ទូតខ្មែរនឹងមិនចេញទិដ្ឋាការឱ្យទេ ព្រោះលិខិតឆ្លងដែនរបស់ពួកគាត់ត្រូវបានរាជរដ្ឋាភិបាលធ្វើមោឃភាពហើយ។
ចំណែកអ្នកដែលប្រើលិខិតឆ្លងដែនបរទេស ក៏មិនអាចចូលមកបានដែរ ព្រោះពួកគាត់ជាក្រុមដែលរដ្ឋាភិបាលចាត់ទុកថា ក្រុមឧទ្ទាម។ លោកថ្លែងថា៖ «យ៉ាងច្រើនបានត្រឹមទៅឈរមុខស្ថានទូត និងនៅព្រលានយន្តហោះ ដើម្បីសម្ដែងឱ្យអ្នកគាំទ្រអស់ចិត្តថា អូ! ពួកគាត់បានព្យាយាមមកហើយតែមិនបានសម្រេចដោយសារគ្មានទិដ្ឋាការ»។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃថ្លែងថា លោក អ៊ូ ច័ន្ទរ័ត្ន គួរតែបង្កើតគណបក្សថ្មីទៅប្រសិនជាលោកពិតជាចង់បង្កើតមែននោះព្រោះថ្ងៃ ៤ មករា គ្មានអតីតមន្ត្រីបក្សប្រឆាំងណាត្រឡប់មកទេ។ លោកថ្លែងថា៖ «ចំពោះអ្នកណាដែលថាបង្កើតគណបក្សនោះគួរតែឆាប់បង្កើតទៅ កុំរង់ចាំថ្ងៃ ៤ មករាអី ចាំកាត់ទោស កឹម សុខា អី ដូចជាគ្មានអីប្រែប្រួលទេ។ មូរ សុខហួរ បើមកនោះអនុវត្តច្បាប់សិនទៅ។ មុននឹងអនុវត្តច្បាប់យ៉ាងហោចណាស់ត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃ។ ក្រុមគេហ្នឹងបើមកត្រូវធ្វើចត្តាឡីស័កហើយ បើមកតាមថៃធ្វើចត្តាឡីស័កនៅថៃ»។
លោកបន្តថា៖ «ចំពោះ កឹម សុខា ដូចសម្ដេចតេជោលោកមានប្រសាសន៍អ៊ីចឹង ចប់នីតិវិធីតុលាការសិនទើបអាចស្ដារនីតិសម្បទាឡើងវិញ ហើយចូលរួមធ្វើការបោះឆ្នោតបាន។ ចំពោះអ្នកបាននីតិសម្បទាហើយ កុំរង់ចាំអីដូច អ៊ូ ច័ន្ទរ័ត្ន អី ថាចាំមើល។ ទៅមិនរួចទ។ បើចង់ចូលរួមបោះឆ្នោតបង្កើតឱ្យឆាប់ៗទៅកុំឱ្យខកពេល»៕