ភ្នំពេញៈ វិមាន​ឈ្នះ ឈ្នះ​នឹង​ត្រូវ​សម្ពោធ​រយៈពេល​ ៣ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ២៩ ដល់​ថ្ងៃទី​ ៣១ ធ្នូ ដោយ​មាន​ការប្រគំ​តន្ត្រី​ខ្នាត​ធំ​ដើម្បី​រំឭក​ដល់​ការធ្វើ​សមាហរណកម្ម​កងទ័ព​ខ្មែរក្រហម​កាលពី​ឆ្នាំ​ ១៩៩៨ ដែល​នាំ​សន្តិភាព​ពេញលេញ​ដល់​កម្ពុជា​ក្នុង​ប្រវត្តិសាស្ត្រ​ ៥០០ ​ឆ្នាំ​ដោយ​មាន​ការចូលរួម​ពី​ឧត្តមសេនីយ៍​ជាន់ខ្ពស់​មកពី​ប្រទេស​ចំនួន​ ៤​។

វិមាន​នេះ​ស្ថិត​នៅ​លើ​ទីតាំង​ទំហំ​ ៨ ​ហិកតា​នៅ​ខាង​មុខ​កីឡដ្ឋាន​មរតកតេជោ ក្នុង​សង្កាត់​ព្រែកតាសេក ខណ្ឌ​ជ្រោយចង្វារ ដែល​ត្រូវ​បាន​ផ្ដើម​សាងសង់​តាំងពី​ខែ​កុម្ភៈ ឆ្នាំ​ ២០១៦ ដោយ​មាន​កម្ពស់​ ៥៤ ​ម៉ែត្រ​តួ​មាន​ផ្ទៃ​ ១១៧​ ម៉ែត្រ គុណ​នឹង​ ១១៧ ម៉ែត្រ​។ តួ​ខាងក្រោម​មាន​ជ្រុង​ចំនួន​ ៥ ដែល​តំណាង​ឲ្យ​យុទ្ធសាស្ត្រ​ចំនួន​ ៥ ​ចំណុច​រួមមាន បំបែក ឯកោ បញ្ចប់ ធ្វើ​សមាហរណកម្ម និង​អភិវឌ្ឍ​។ ចំណែក​កំពូល​ដែល​មាន​កម្ពស់​ ៣៣ ​ម៉ែត្រ​ខាង​លើ​តំណាង​ឲ្យ​ការធានា​ចំនួន​ ៣ ​គឺ ​ទី​ ១ ​ការធានា​រូប​កាយ និង​អាយុជីវិត ទី​ ២ ​ការធានា​អាជីព​ និង​មុខរបរ និង​ទី​ ៣ ​ការធានា​កម្មសិទ្ធិ​ទាំង​ចលនទ្រព្យ និង​អចលនទ្រព្យ​។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា វិមាន​ឈ្នះ ឈ្នះ «​គឺជា​តំណាង​នៃ​ការបង្រួបបង្រួម​ជាតិ ឯករាជ្យ​ជាតិ សាមគ្គីភាព បូរណភាព​ទឹកដី វឌ្ឍនភាព និង​វិបុលភាព​នៃ​កម្ពុជា​ទាំងមូល​»​។

លោក​បន្ត​ថា​៖ «​វិមាន​ឈ្នះ​- ឈ្នះ គឺ​បញ្ជាក់​ច្បាស់​ថា​កម្ពុជា​បាន​រួបរួម​គ្នា​ជា​ធ្លុង​មួយ ឈ្នះ​រួច​ផុត​ពី​សង្គ្រាម ឈ្នះ​រួច​ផុត​ពី​របប​ប្រល័យពូជសាសន៍ ឈ្នះ​រួច​ផុតពី​ការបែងចែក​ទឹកដី​តំបន់​ត្រួតត្រា ឈ្នះ​រួច​ផុត​ពី​ភាពក្រីក្រ និង​ឈ្នះ​រួច​ផុតពី​ការអុជ​អាល​ដោយ​បរទេស ដែល​ពេល​នេះ​កម្ពុជា​កំពុង​ដឹកនាំ​អនាគត​វាសនា​ប្រទេសជាតិ​ឆ្ពោះ​ទៅ​រក​ភាព​រុងរឿង​នៅក្នុង​សន្តិភាព​ដ៏យូរអង្វែង​នេះ​តទៅ​»​។

វីដេអូ​ឯកសារ​ដែល​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី បាន​អត្ថាធិប្បាយ​ថា​កម្ពុជា​បាន​យក​ឈ្នះ​របប​ខ្មែរក្រហម​នៅ​ថ្ងៃទី​ ៧ មករា ១៩៧៩ ប៉ុន្តែ​សន្តិភាព​ពេញលេញ​មិន​ទាន់​ទទួល​បាន​នៅ​ឡើយ​រហូត​ដល់​ខែ​ធ្នូ ឆ្នាំ​ ១៩៩៨ ដោយសារ​តែ​កងកម្លាំង​ខ្មែរក្រហម​នៅ​សេសសល់ និង​បន្ត​ការវាយប្រហារ​ជាពិសេស​នៅតាម​តំបន់​ព្រំដែន​ខ្មែរ-ថៃ​។

វីដេអូ​ឯកសារ​បាន​អធិប្បាយ​ថា យុទ្ធសាស្ត្រ​ឈ្នះ ឈ្នះ​របស់​លោក​ ហ៊ុន សែន មាន​ការ​ធានា​ ៣ ​យ៉ាង​គឺ​ការធានា​អាយុជីវិត និង​រូបកាយ​នៃ​អ្នក​ដែល​បាន​ផ្ដាច់ខ្លួន​ពី​របប​ខ្មែរក្រហម ទី​ ២ ការរក្សា​នូវ​អាជីព និង​មុខរបរ និង​ទី​ ៣ ការរក្សា​កម្មសិទ្ធិ​លើ​ទ្រព្យសម្បត្តិ និង​អចលនទ្រព្យ​ផ្សេងៗ​។ លោក​ ហ៊ុន សែន បាន​ថ្លែង​ថា​៖ «​ចំណុច​ ៣ ​នេះ​គឺជា​ចំណុច​គន្លឹះ​នៃ​នយោបាយ​ឈ្នះ ឈ្នះ ដែល​នាំ​មក​នូវ​សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ ឯកភាព​ទឹកដី​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​ ៥០០ ​ឆ្នាំ​របស់​ប្រទេស​កម្ពុជា​»​។

ក្រោយពី​មាន​សមាហរណកម្ម​ហើយ​លោក​ ហ៊ុន សែន បាន​ថ្លែង​ថា​លោក​មាន​យុទ្ធសាស្ត្រ​ ២ គឺ​ប្រែក្លាយ​តំបន់​អតីត​សមរភូមិ​ឲ្យ​ទៅ​ជា​ទីផ្សារ និង​តំបន់​អភិវឌ្ឍន៍ និង​ទី​ ២ ប្រែក្លាយ​តំបន់​ព្រំដែន​ទៅ​ជា​តំបន់​ជាប់​ប្រទេស​ជិតខាង​ឲ្យ​ទៅជា​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ​។

លោក​ ណឹម សុវត្ថិ ប្រធាន​គណៈកម្មការ​សាងសង់​វិមាន​នយោបាយ ឈ្នះ-ឈ្នះ បាន​ពន្យល់​នៅលើ​ហ្វេសប៊ុក​របស់​លោក​អំពី​គោលបំណង​ ៣ ​យ៉ាង​នៃ​ការកសាង​វិមាន​ឈ្នះ ឈ្នះ​នេះ​ដោយ​លោក​ថ្លែងថា ទី​ ១ ​គឺ​ដើម្បី​ជា​ការ​ចងចាំ និង​ដឹងគុណ​ដល់​ការពុះពារ​គ្រប់​យ៉ាង​ដើម្បី​ទទួល​បាន​សន្តិភាព ទី​ ២ សម្រាប់​ជា​ការ​បង្ហាញ​សមិទ្ធផល​នានា​ដែល​កម្ពុជា​ទទួល​បាន​រយៈពេល​ ២០ ​ឆ្នាំ​ក្រោម​នយោបាយ​ឈ្នះ ឈ្នះ ហើយ​ទី​ ៣ គឺ​ដើម្បី​ជា​កន្លែង​សម្រាប់​សិក្សា​ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ និង​ចក្ខុវិស័យ​បែប​នេះ​។

លោក ណឹម សុវត្ថិ បន្ត​ថា​នយោបាយ​ឈ្នះ-ឈ្នះ​របស់​លោក​នាយករដ្ឋមន្ត្រី​ជា​ការ​បញ្ចប់​សង្គ្រាម​ដោយ​ខ្មែរ​ខ្លួនឯង ដោយ​មិន​មាន​ការ​បង្ហូរឈាម និង​ប្រើប្រាស់​ការចំណាយ​ពលិកម្ម​ដ៏ច្រើន​ដូច​ការបញ្ចប់​សង្គ្រាម​ដូច​នៅក្នុង​ប្រវត្តិសាស្ត្រ​តំបន់ និង​នៅ​ប្រទេស​ដទៃ​។ លោក​ថា​វិមាន​នេះ​ក៏​តំណាង​ឲ្យ​ការ​រក្សា​សន្តិភាព​ដែល​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​រហូត​មក​ដល់​ពេល​សព្វថ្ងៃ​នេះ​។

បើ​តាម​លោក ណឹម សុវត្ថិ វិមាន​ឈ្នះ-ឈ្នះ មាន​ឆ្លាក់​រូប​នៅ​តាម​ជញ្ជាំង​ជុំវិញ​បរិវេណ​ដែល​បរិយាយ​អំពី​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ផ្ដូល​រំលំ​របប​ខ្មែរក្រហម ដែល​ចាប់​ផ្ដើម​តាំងពី​ថ្ងៃទី​ ២០ មិថុនា ១៩៧៧ នៅពេល​ដែល​លោក​ ហ៊ុន សែន និង​អ្នក​ពាក់ព័ន្ធ​បាន​ធ្វើ​ដំណើរ​ទៅ​វៀតណាម​ដើម្បី​រំដោះប្រទេស​កម្ពុជា​ពី​ការគ្រប់គ្រង​របស់​ប៉ុលពត​។ ក្រៅពី​នេះ​ក៏​មាន​រូប​ដែល​ឆ្លុះបញ្ចាំង​ពី​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ក្នុង​សម័យកាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ផង​ដែរ​។

នៅលើ​ផ្ទាំង​មួយ​នៅ​តាម​ជញ្ជាំង​មាន​រូបលោក ហ៊ុន សែន និង​សារ​សរសេរ​ថា​៖ «​ទង្វើ (​សមាហរណកម្ម​) ដែល​ជនរួមជាតិ​យើង​បាន​រួមគ្នា​ធ្វើ​គឺ​មិនមែន​ជា​ការចុះចាញ់ ឬ​ការសារភាព​នោះ​ទេ ប៉ុន្តែ​នេះ​គឺជា​កាតព្វកិច្ច​កូន​ខ្មែរ​ទាំងអស់​ដែល​មាន​ភារកិច្ច​ដើម្បី​បង្កើត​ឡើង​នូវ​សន្តិភាព​សម្រាប់​ប្រទេស​របស់​ខ្លួន ហើយ​សន្តិភាព​ដែល​យើង​ធ្វើ​នេះ​គឺជា​សន្តិភាព​ដែល​បាន​កើតឡើង​ពី​បាតដៃ​របស់​ជនរងគ្រោះ​ជា​អ្នក​បង្កើតឡើង​។ ទីបំផុត​ដំណោះស្រាយ​ឈ្នះ ឈ្នះ ដោយ​ជនរងគ្រោះ​នេះ​ហើយ​ដែល​ស្វែងរក​សន្តិភាព​ដើម្បី​ប្រទេស​របស់​ខ្លួន​»​។

វីដេអូ​ឯកសារ​មួយ​នៅលើ​ហ្វេសប៊ុក​របស់​លោក​ ណឹម សុវត្ថិ បាន​អត្ថាធិប្បាយ​ថា​៖ «​ថ្ងៃទី​ ២៩ ខែ​ធ្នូ ឆ្នាំ​ ១៩៩៨ គឺជា​ថ្ងៃ​ដែល​ត្រូវ​ចងចាំ​ក្នុង​ការ​ដាក់ចេញ​នូវ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្ដេចតេជោ ហ៊ុន សែន ក្នុង​ការ​ទាមទារ​ឲ្យ​កងកម្លាំង​ខ្មែរក្រហម​ទម្លាក់​អាវុធ​ចុះ​ហើយ​រួមរស់​ក្រោម​ដំបូល​រាជរដ្ឋាភិបាល​តែមួយ នាយករដ្ឋមន្ត្រី​តែ​មួយ កងទ័ព​តែមួយ រដ្ឋធម្មនុញ្ញ​តែមួយ ហើយ​និង​ទទួល​បាន​នូវ​សុខសន្តិភាព​»​។

លោក កើត សុធា អតីត​អភិបាលខេត្ត​ប៉ៃលិន​ហើយ​ធ្លាប់​ជា​មន្ត្រី​យោធា​ខ្មែរក្រហម​បាន​ថ្លែង​យ៉ាង​ខ្លី​ពី​ម្សិលមិញ​ថា លោក​ពេញ​ចិត្ត​នឹង​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ របស់​លោក ហ៊ុន សែន​។

លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​អបអរសាទរ​ពីព្រោះ​នេះ​ជា​សមិទ្ធផល​មួយ​ធំធេង​ណាស់ សម្រាប់​ប្រជាជន​ខ្មែរ​យើង​ក្រោម​ការដឹកនាំ​ផ្ទាល់​របស់​សម្ដេចតេជោ ហើយ​យើង​ខំ​រក្សា​ប្រពៃណី​នេះ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ធ្វើ​ម៉េច​ឲ្យ​សន្តិភាព​កើត​មាន​នៅ​ស្រុក​យើង​យូរអង្វែង​ដើម្បី​អភិវឌ្ឍ​ស្រុក​យើង​ឲ្យ​បាន​កាន់តែ​រីកចម្រើន​»​។

លោក អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​អតីត​មេទ័ព​ខ្មែរក្រហម​មិន​អាច​ទាក់ទង​សុំ​មតិយោបល់​បាន​ទេ​កាលពី​ម្សិលមិញ​។

លោក ឈុំ សុជាតិ អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​របស់​លោក​ថា ពិធី​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ​ក៏​មាន​ការចូលរួម​ពី​ឧត្តមសេនីយ៍​យោធា​ជាន់​ខ្ពស់​ពី​ប្រទេស​ចំនួន​ ៤ រួមមាន​ចិន វៀតណាម ឡាវ និង​ថៃ​។

ជាមួយ​គ្នា​នេះ​ស្ថាប័ន​ក្រសួង​នានា​ក៏​បាន​ត្រៀម​ឯកសារ​អំពី​សមិទ្ធផល​របស់​ខ្លួន​ដើម្បី​ដាក់​តាំង​នៅ​វិមាន​សន្តិភាព​ក្នុង​ពិធី​បើកសម្ពោធ​នេះ​ដែរ​៕