ព្រៃវែងៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា សត្វស្លាបព្រៃរាប់រយក្បាល ដែលបានងាប់ជាបន្តបន្ទាប់នៅក្នុងតំបន់អភិរក្សបឹងស្នេហ៍ទួលពាន់តាឡី ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែងនាពេលថ្មីៗនេះ គឺបង្កឡើងដោយមេរោគគ្រុនផ្ដាសាយបក្សីប្រភេទ H5N1។
នៅក្នុងលិខិតចុះថ្ងៃទី ២៤ ខែមីនា របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្ញើជូនទៅលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសរសេរថា យោងតាមលទ្ធផលពិសោធន៍លើសំណាកសពសត្វចង្កៀលខ្យងចំនួន ៥ ក្បាល ដែលមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បាននាំមកពីតំបន់អភិរក្សបឹងស្នេហ៍ទួលពាន់តាឡី ក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែងនោះ គឺ «មានវត្តមានវីរុសគ្រុនផ្ដាសាយបក្សី ដែលបង្កឡើងដោយវីរុសក្នុងអនុក្រុម A|H5N1»។
នៅក្នុងលិខិតនោះ លោក វេង សាខុន ក៏បានអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងសត្វ ដោយត្រូវចាត់វិធានការបន្ទាន់មួយចំនួន ដូចជាបំផ្លាញចោល ចំពោះបក្សីដែលសង្ស័យមានជំងឺ សាកសពបក្សី និងផលិតផលបក្សី ក្នុងតំបន់ផ្ទុះជំងឺតាមវិធានបច្ចេកទេសបសុពេទ្យ និង ត្រូវផ្អាកជាបណ្តោះអាសន្នលើការចូល-ចេញ ឬឆ្លងកាត់ក្នុងរង្វង់កាំប្រវែង ៣ (បី) គីឡូម៉ែត្រ ពីចំណុចផ្ចិត នៃតំបន់ផ្ទុះជំងឺ និងដាក់តំបន់នេះជាតំបន់ត្រួតពិនិត្យ និងតាមដាន សិក្សាស្រាវជ្រាវប្រភពជំងឺផ្ដាសាយបក្សី ក្នុងរយៈពេល ៣០ ថ្ងៃ និងត្រួតពិនិត្យមើលចលនាបក្សីជាប្រចាំ ក្នុងរង្វង់ដែលមានកាំប្រវែង ១០ (ដប់) គីឡូម៉ែត្រ ពីចំណុចផ្ចិតតនៃតំបន់ផ្ទុះជំងឺ និង ត្រូវរាយការណ៍ពីកន្លែងបក្សីងាប់ដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ដើម្បីអនុវត្តវិធានបច្ចេកទេសបសុពេទ្យ។
ជាមួយគ្នានោះ រដ្ឋបាលខេត្តព្រៃវែង ក៏បានចេញសេចក្ដីជូនដំណឹងយ៉ាងបន្ទាន់ផងដែរ ដោយបានហាមឃាត់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ សូមកុំរើសសត្វដែលងាប់យកទៅធ្វើម្ហូបអាហារ ដែលនាំឲ្យមានការឆ្លងជំងឺផ្ដាសាយបក្សី H5N1 នេះពីសត្វស្លាបព្រៃ ទៅសត្វស្លាបស្រុក និង ដែលអាចបង្កគ្រោះថ្នាក់ផ្សេងៗទៀត ដល់សុខភាពមនុស្ស ។
កាលពីព្រឹកថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២១ ប្រជាសហគមន៍និងមន្ត្រីជំនាញ បានប្រមូលនិងដុតកម្ទេចចោលសពសត្វចំនួន ១៣៥ ក្បាលថែមទៀត ដែលធ្វើឲ្យចំនួនសត្វស្លាប ដែលងាប់នៅក្នុងតំបន់អភិរក្សសត្វស្លាបបឹងស្នេហ៍ទួលពាន់តាឡីកើនឡើងជិតដល់ ១ ពាន់ក្បាល បើគិតចាប់ពីថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២១។ នេះបើតាម លោក ពុទ្ធ បូ ប្រធានសហគមន៍អភិរក្សបឹងស្នេហ៍ទួលពាន់តាឡី។
លោក ពុទ្ធ បូ បានថ្លែងថា៖«នៅពេលនេះ អ្នកភូមិយើង ខ្ញុំមានការភ័យព្រួយជាខ្លាំង បន្ទាប់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានប្រកាសពីលទ្ធផលពិសោធន៍សំណាកសត្វដែលងាប់នៅក្នុងតំបន់នេះថា មានវត្តមានមេរោគគ្រុនផ្ដាសាយបក្សី H5N1»។
លោក ពុទ្ធ បូ បន្តថា យោងតាមគោលការណ៍ណែនាំរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ អ្នកភូមិរបស់លោកទាំងអស់ អាចនឹងប្រឈមការជម្លៀសចេញជាបណ្ដោះអាសន្ន ពីតំបន់ដែលមានផ្ទុះជំងឺផ្ដាសាយបក្សី H5N1 នេះរយៈពេល ៣០ ថ្ងៃ ព្រោះភូមិដែលពួកគាត់កំពុងរស់នៅ មានចម្ងាយប្រមាណត្រឹមតែជាង ១ គីឡូម៉ែត្រ ពីតំបន់អភិរក្សសត្វស្លាបបឹងស្នេហ៍ទួលពាន់តាឡីប៉ុណ្ណោះ៕