ភ្នំពេញៈ សពនាយទាហានមួកខៀវកម្ពុជាម្នាក់ គឺលោក ស សាវី នឹងស្ថិតក្នុងចំណោមសពកងកម្លាំងថែរក្សាសន្តិភាព អង្គការសហប្រជាជាតិ (អសប) ជាង ១០០ នាក់ដែលនឹងទទួលបានមេដាយកិត្តិយស Dag Hammarskjöld Medal នៅក្នុងទិវាអន្តរជាតិនៃកងរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅថ្ងៃទី ២៧ ខែឧសភា នេះ។
មេដាយ Dag Hammarskjöld Medal គឺជាមេដាយបន្ទាប់ពីទទួលមរណភាព ដែលប្រគល់ដោយ អសប ទៅដល់កងកម្លាំងយោធា ប៉ូលិស ឬកងកម្លាំងស៊ីវិល ដែលបានបាត់បង់ជីវិត ខណៈពេលកំពុងបម្រើការងារក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់ អសប។
អគ្គលេខាធិការ អសប លោក AntionioGuterres នឹងធ្វើជាអធិបតីក្នុងពិធីប្រគល់មេដាយ Dag Hammarskjöld Medal ជូនដល់កងកម្លាំង យោធា ប៉ូលិស និងកងកម្លាំងរក្សាសន្តិភាពស៊ីវិលចំនួន ១២៩ នាក់ដែលបានបាត់បង់ជីវិតក្រោមឆត្ររបស់ អសប កាលពីឆ្នាំមុន និងក្នុងខែដំបូងនៃឆ្នាំនេះ។
លោក António នឹងដាក់កម្រងផ្កា ដើម្បីឧទ្ទិសផ្តល់កិត្តិយសនៃកងថែរក្សាសន្តិភាពរបស់ អសប ជាង ៤ ០០០ នាក់ ដែលបានបាត់បង់ជីវិតតាំងពីឆ្នាំ ១៩៤៨។
អសប បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ២៥ ខែឧសភា ថា៖ «ក្នុងចំណោមកងថែរក្សាសន្តិភាពដែលនឹងត្រូវបានផ្តល់កិត្តិយសនោះគឺលោកវរសេនីយ៍ឯក ស សាវី ដែលបានបម្រើការជាមួយបេសកកម្ម ស្ថិរភាពពហុភាគី របស់ អសប នៅប្រទេសម៉ាលី (MINUSMA)»។
លោក ស សាវី បានស្លាប់ដោយសារការឆ្លងជំងឺកូវីដ ១៩ ក្នុងអាយុ ៦៣ ឆ្នាំ នៅពេលបំពេញបេសកកម្មក្នុងប្រទេសម៉ាលីកាលពីខែឧសភា ឆ្នាំ ២០២០ ខណៈកងទ័ពមួកខៀវកម្ពុជាចំនួន ៥ នាក់ផ្សេងទៀត ដែលបានឆ្លងជំងឺនេះដែរនោះបានជាសះស្បើយ។
លោក ស សាវី បានដឹកនាំកងអនុសេនាធំ កម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ ២៣១ ទៅបំពេញបេសកកម្មនៅសាធារណរដ្ឋម៉ាលី កាលពីអំឡុងខែមេសាឆ្នាំ ២០១៩ ហើយត្រូវបញ្ចប់បេសកកម្មវិលត្រឡប់មកកាន់មាតុប្រទេសវិញនៅក្នុងខែមេសា ឆ្នាំ ២០២០។ ប៉ុន្តែដោយសារតែវិបត្តិជំងឺកូវីដ ១៩ នៅទូទាំងពិភពលោកទើបធ្វើឱ្យការវិលត្រឡប់ត្រូវពន្យារពេល។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា កងទ័ពមួកខៀវកម្ពុជាសរុបចំនួន ២៧ នាក់ បានបាត់បង់អាយុជីវិត ខណៈពេលកំពុងបម្រើការងារក្នុងការថែរក្សាសន្តិភាព អសប អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
សេចក្តីប្រកាសដដែលបញ្ជាក់ថា៖ «ប្រទេសកម្ពុជាគឺជាប្រទេសរួមចំណែកដ៏ធំបំផុតទី ២៧ ក្នុងការបញ្ជូនកងទ័ពសម្រាប់ថែរក្សាសន្តិភាពរបស់ អសប»។
បច្ចុប្បន្ននេះប្រទេសកម្ពុជាបានដាក់ពង្រាយកងរក្សាសន្តិភាពចំនួន ៧៦៧ នាក់ក្នុងប្រតិបត្តិការសន្តិភាពរបស់ អសប នៅតំបន់ Abyei (តំបន់ព្រំដែនរវាងស៊ូដង់ និងស៊ូដង់ខាងត្យូង) សាធារណរដ្ឋអាហ្វ្រិកកណ្តាល លីបង់ ម៉ាលី ស៊ូដង់ និងស៊ូដង់ខាងត្បូង។
លោក António ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថា ការបំពេញបេសកកម្ម និងការលះបង់របស់កងកម្លាំងថែរក្សាសន្តិភាពដែលបាត់បង់ជីវិតនឹងមិនត្រូវបានគេបំភ្លេចឡើយ។ លោកបន្តថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងប៉ូលិសយោធា និងកងកម្លាំងស៊ីវិលចំនួន ៨៥ ០០០ នាក់ ដែលបានដាក់ពង្រាយនៅក្នុងចំណុចក្តៅប្រឈមបំផុតរបស់ពិភពលោកដើម្បីការពារជនងាយរងគ្រោះ និងជួយកសាងសន្តិភាព»។
លោក António បញ្ជាក់ថា ទោះបីមានការរឹតត្បិត ដោយជំងឺរាតត្បាតក៏ដូចជាហានិភ័យនៃការឆ្លងក៏ដោយ ក៏កងកម្លាំងទាំងបុរស និងស្ត្រីទាំងនេះបានបន្តបេសកកម្មរបស់ពួកគេហើយក៏ជួយដល់អាជ្ញាធរមូលដ្ឋានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ផងដែរ។ លោកបន្តថា៖ «ខ្ញុំសូមចូលរួមរំលែកទុក្ខដោយស្មោះចំពោះក្រុមគ្រួសារកងកម្លាំងថែរក្សាសន្តិភាពដែលបានរងគ្រោះដោយសារជំងឺដ៏សាហាវនេះ»។
លោក សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានបដិសេធធ្វើអត្ថាធិប្បាយដោយលោកប្រាប់ថា កំពុងជាប់រវល់ការងារ និងបានបង្វែរសំណួរទៅកាន់អ្នកនាង កុសល ម៉ាលីនដា អ្នកនាំពាក្យស្ថាប័ននេះ ដែលមិនអាចទាក់ទងបាន នៅថ្ងៃទី ២៦ ខែឧសភា។
ទិវាអន្តរជាតិនៃកងរក្សាសន្តិភាពអង្គការសហប្រជាជាតិត្រូវបានបង្កើតឡើង ដោយមហាសន្និបាត អសប ក្នុងឆ្នាំ ២០០២ ដើម្បីឧទ្ទិសកុសលទៅដល់កងកម្លាំងបុរស និងស្ត្រីទាំងអស់ ដែលបម្រើបេសកកម្មក្នុងការថែរក្សាសន្តិភាព និងដើម្បីគោរព និងផ្តល់កិត្តិយសដល់ការចងចាំរបស់កងកម្លាំងដែលបានបាត់បង់ជីវិតក្នុងបុព្វហេតុថែរក្សាសន្តិភាព៕