ភ្នំពេញៈ សមាគមអ្នកនិពន្ធខ្មែរសហការជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបចំការប្រកួតជ្រើសរើសស្នាដៃតែងនិពន្ធរឿងខ្លី «ពានរង្វាន់អក្សរសិល្ប៍ស្លឹករឹត» លើកទី ១ ឆ្នាំ ២០២០ ក្រោមប្រធានបទ «ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត» ដើម្បីរួមចំណែកថែរក្សាឯកសារប្រវត្តិសាស្ត្រនៃជីវិតរស់នៅរបស់ប្រជាជនខ្មែរក្នុងរបបប៉ុលពតតាមរយៈស្នាដៃតែងនិពន្ធ។
សេចក្ដីជូនដំណឹងរបស់សមាគមអ្នកនិពន្ធខ្មែរ ស្ដីពីការប្រកួតនេះដែលភ្នំពេញប៉ុស្ដិ៍ទទួលបានកាលពីថ្ងៃពុធម្សិលមិញបង្ហាញថា គោលបំណងនៃការប្រកួតតែងនិពន្ធរឿងខ្លីនេះដើម្បីរួមចំណែកថែរក្សាឯកសារប្រវត្តិសាស្ត្រនៃជីវិតរស់នៅរបស់ប្រជាជនខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត តាមរយៈស្នាដៃតែងនិពន្ធ និងដើម្បីលើកស្ទួយតម្លៃអក្សរសាស្ត្រជាតិខ្មែរផងដែរ។
សមាគមអ្នកនិពន្ធខ្មែរបញ្ជាក់ថា៖ «លក្ខខណ្ឌនៃការជ្រើសរើសវាយតម្លៃ ចំពោះរឿងខ្លីដែលបេក្ខជនដាក់ចូលរួមប្រកួតរួមមាន ខ្លឹមសាររឿងខ្លី ជាស្នាដៃនិពន្ធថ្មី ត្រូវតែនិយាយអំពីជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត ប៉ុន្តែមិនសង្កត់ទៅលើតែប្រធានបទឧក្រិដ្ឋកម្មយង់ឃ្នង កាប់សម្លាប់នោះទេ»។
សមាគមអ្នកនិពន្ធបានបង្ហាញ ៣ បែបបទសម្រាប់បេក្ខជនចំពោះការនិពន្ធរឿងខ្លីនេះរួមមាន សាច់រឿងត្រូវសរសេរក្នុងចំនួនពី ៥ ដល់ ១៥ ទំព័រ (អត្ថបទវាយដោយកុំព្យូទ័រ ឬសំណេរដៃពី ១០ ដល់ ២០ ទំព័រ)។ ក្រដាសតែងនិពន្ធជាប្រភេទ អេ ៤ ពុម្ពអក្សរត្រូវជាពុម្ពអក្សរ ខ្មែរ អូ.អេស សៀមរាប (Khmer OS Siemreap) ទំហំអក្សរ ១២ ដោយមិនដាក់ក្បាល ឬជើងទំព័រឡើយ។
សេចក្ដីជូនដំណឹងបញ្ជាក់ថា បេក្ខជនដែលអាចចូលរួមប្រកួតបានគឺជា អ្នកនិពន្ធ និងសាធារណជនទូទៅជាជនជាតិខ្មែរ ឬបរទេស (មានសមត្ថភាពអក្សរសិល្ប៍) អ្នករស់រានមានជីវិតពីសម័យ ប៉ុល ពត និងធ្លាប់មានរឿងរ៉ាវនៅក្នុងសម័យនោះ។ អ្នកឮរឿងរ៉ាវពិតដែលរៀបរាប់ឡើងវិញដោយអ្នករស់រានមានជីវិតពីសម័យ ប៉ុល ពត។
សេចក្ដីជូនដំណឹងនេះបន្ថែមថាស្នាដៃរឿងខ្លីចំនួន ១០ រឿងនឹងត្រូវជ្រើសរើសផ្តល់ពានរង្វាន់រួមមានពានកិត្តិយស វិញ្ញាបនបត្រ រួមនឹងថវិកាផងដែរ។ ស្នាដៃដែលបានជ្រើសរើសនឹងត្រូវបោះពុម្ព និងពិចារណាផលិតជាភាពយន្តខ្លី ឬចម្រៀង។ ក្នុងនោះអ្នកដែលមានបំណងចូលរួមប្រកួតអាចផ្ញើស្នាដៃមកកាន់សមាគមអ្នកនិពន្ធខ្មែរចាប់ពីថ្ងៃ ១ ខែតុលាដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៩ ជាកំណត់។
លោក សោម ប៊ុនថន និពន្ធនាយកទស្សនាវដ្ដីស្វែងរកការពិតនៃមជ្ឈមណ្ឌលឯកសារកម្ពុជាបញ្ជាក់បន្ថែមជុំវិញការប្រកួតតែងនិពន្ធនេះកាលពីម្សិលមិញថា ការប្រកួតតែងនិពន្ធឆ្នាំនេះដោយលើកយកប្រធានបទអំពី «ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត» ក៏ដើម្បីវាស់ស្ទង់កម្រិតយល់ដឹងរបស់យុវជនជំនាន់ក្រោយអំពីប្រវត្ដិសាស្ដ្រខ្មែរក្រហម ប៉ុល ពត រួមនឹងការចែករំលែកអំពីបទពិសោធរបស់មនុស្សជំនាន់មុនៗមកមនុស្សជំនាន់ក្រោយផងដែរ។
លោកថ្លែងថា៖ «យើងក៏មានរឿងផ្សេងៗទៀតក្នុងរបបខ្មែរក្រហម ដើម្បីបង្ហាញដល់ប្រជាជនឲ្យពួកគាត់បានធូរស្បើយដែរ។ មានដូចជាសាច់រឿងដែលពលរដ្ឋចងចាំដោយមិនផ្ដោតសំខាន់តែលើអំពើឃោរឃៅនោះទេ ហើយសាច់រឿងទាំងនោះយើងនឹងមានការលើកទឹកចិត្តដល់ការផ្សះផ្សាដល់ប្រជាជនកម្ពុជានៅក្នុងសង្គមដែលធ្លាប់បានបែកបាក់គ្នាដោយសារសង្គ្រាម»៕