ភ្នំពេញៈ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានបង្ហាញព្រះទ័យគាំទ្រចំពោះគោលនយោបាយគាំពារសង្គមឆ្នាំ ២០១៦-២០២៥ ដែលជាការលើកកម្ពស់សុខុមាលភាពនិងសាមគី្គភាពសង្គមព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា។
ព្រះរាជបន្ទូលរបស់សម្ដេចម៉ែដូចនេះ បានធ្វើឡើងតាមរយៈព្រះរាជសារមួយដើម្បីអបអរសាទរខួបលើកទី ១០៨ នៃទិវានារីអន្តរជាតិ ក្នុងឆ្នាំនេះ។
ការចេញេព្រះជាសារនេះខណៈរាជរដ្ឋាភិបាលបានលើកយកប្រធានបទ «សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍធនធានមនុស្ស» ក្នុងថ្ងៃទិវាសិទ្ធិនារីសម្រាប់ដាក់ចេញជាសកម្មភាពអនុវត្តនយោបាយជាតិគាំពារសង្គមដែលជាផ្នែកមួយនៃគោលនយោបាយរបស់រដ្ឋាភិបាល។
នៅក្នុងព្រះរាជសារនេះ ព្រះមហាក្សត្រី បានសម្ដែងនូវក្ដីរីករាយដោយបានឃើញគោលនយោបាយគាំពារសង្គមដែលជាផែនការយុទ្ធស្រាស្តក្នុងការធានាឲ្យបាននូវសន្ដិសុខប្រាក់ចំណូលនិងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់ប្រជាជន។
សម្ដេចម៉ែ បានបញ្ជាក់ទៀតថា៖ «ខ្ញុំសូមសរសើរនិងគាំទ្រក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ដែលជាផែនទីផ្ដោតលើសសរស្ដម្ភចំនួន ២ គឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្ដិសុខសង្គម»។
ព្រះមហាក្សត្រី បានបន្ដថាប្រព័ន្ធទាំង ២ នេះ មានសារៈសំខាន់ចំពោះសង្គមដែលឆ្លើយតបនឹងគ្រោះអាសន្ន ការអភិវឌ្ឍមូលធនមនុស្សឲ្យមានជំនាញនិងចំណេះដឹងស្របទៅតាមការវិវឌ្ឍរបស់សង្គម សុខុមាលភាពសម្រាប់ប្រជាជនងាយរងគ្រោះ ព្រមទាំងគិតគូរទៅលើការថែទាំសុខភាព ហានិភ័យការងារនិងពិការភាព ព្រមទាំងសោធននិវត្តន៍ពេលវ័យចាស់។
ទន្ទឹមនឹងនេះ នៅក្នុងព្រះរាជសារដដែល ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក៏បានអំពាវនាវផងដែរ ឲ្យមាតាបិតាអាណាព្យាបាលទាំងអស់ចូលរួមលើកកម្ពស់សីលធម៌សង្គម វប្បធម៌អហិង្សា នៅក្នុងគ្រួសារនិងសង្គម តាមរយៈការទូន្មានប្រៀនប្រដៅកូនចៅដើម្បីឲ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ដោយចៀសវាងឲ្យឆ្ងាយពីគ្រឿងញៀននិងគ្រឿងស្រវឹង ការប្រើអំពើហិង្សាដើម្បីរក្សាសុខសន្តិភាព សុវត្ថិភាពក៏ដូចសណ្ដាប់ធ្នាប់សង្គម៕