ភ្នំពេញៈ ប្រធានរណសិរ្សរំដោះជាតិខ្មែរ (KNLF) លោក សម សេរី ដែលបានបង្កើតរដ្ឋាភិបាលនិរទេសនៅក្រៅប្រទេស ហើយត្រូវបានចោទថាជាមេឧទ្ទាមប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីគម្រោងផ្អាកសកម្មភាពរណសិរ្សរបស់លោក និងវិលចូលស្រុកវិញ ប្រសិនបើរដ្ឋាភិបាលយល់ព្រមតាមលក្ខខណ្ឌមួយចំនួនដោយស្នើឲ្យមានការលើកលែងទោស និងបើកផ្លូវឲ្យលោកបង្កើតគណបក្សនយោបាយថ្មីមួយដើម្បីប្រកួតប្រជែងគ្នាតាមបែបប្រជាធិបតេយ្យ។
ក្នុងបទសម្ភាសជាមួយភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យលោក សម សេរី ប្រធានរណសិរ្សរំដោះជាតិខ្មែរអះអាងថា លោកមានបំណងបង្កើតគណបក្សនយោបាយស្របច្បាប់ដែលដើរតួជាគណបក្សប្រឆាំងស្របច្បាប់មួយនៅកម្ពុជា ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។
លោកថា កន្លងមករណសិរ្សរបស់លោកបានទទួលរងការធ្វើទុក្ខបុកម្នេញគ្រប់រូបភាព ការចោទប្រកាន់គ្មានមូលដ្ឋាន ហើយសមាជិកនៃរណសិរ្សរបស់លោកត្រូវគេចោទប្រកាន់ និងចាប់ដាក់ពន្ធនាគារជាបន្តបន្ទាប់។
លោកថ្លែងថា៖ «គោលបំណងនៃការបង្កើតគណបក្សនេះគឺដើម្បីឲ្យពួកយើងខ្ញុំមានសិទិ្ធធ្វើនយោបាយបានជាគណបក្សប្រឆាំងដើម្បីរួមកម្លាំងខ្មែរទាំងអស់ដែលគាំទ្រលទិ្ធប្រជាធិបតេយ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតមួយដោយសេរី និងយុត្តិធម៌នាពេលខាងមុខ»។
លោកបានដាក់ឈ្មោះគណបក្សថ្មីរបស់លោកថា «គណបក្សរំដោះជាតិខ្មែរ» ឬជាភាសាអង់គ្លេស «Khmer National Liberation Party (KNLP)» ដែលស្រដៀងគ្នាទៅនឹងឈ្មោះរណសិរ្សរបស់លោកថែមទៀតផង។
លោកបញ្ជាក់ថា លោកបានត្រៀមខ្លួនចុះបញ្ជីផ្លូវការនៅកម្ពុជា ប្រសិនបើទទួលបានការអនុញ្ញាតពីក្រសួងមហាផ្ទៃ។
លោកបន្ថែមថា៖ «ក្រោយពីគណបក្សរបស់ខ្ញុំចុះបញ្ជីហើយនោះខ្ញុំនឹងបន្តទាមទារឲ្យបានបោះឆ្នោតមួយដោយសេរី និងយុត្តិធម៌ជាថ្មីគ្រប់ភាគីទាំងអស់អាចចូលរួមប្រកួតប្រជែងឲ្យបានឆាប់»។
ជាមួយនឹងការស្នើឲ្យមានលក្ខខណ្ឌដូចខាងលើជាថ្នូរនឹងការប្រកាសផ្អាកសកម្មភាពនៃរណសិរ្សរំដោះជាតិខ្មែរដែលមានមូលដ្ឋាននៅក្រៅប្រទេស ហើយវិលចូលស្រុកវិញ ដើម្បីធ្វើនយោបាយជំនួសវិញនោះលោក សម សេរី ក៏បានស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យមានព្រះរាជទានលើកលែងទោសដល់អតីតមេបក្សប្រឆាំងលោក កឹម សុខា ផងដែរ។
លោក សេរី បញ្ជាក់ថា៖ «លុះត្រាតែអ្នកទោសនយោបាយទាំងអស់រួមទាំងសមាជិករណសិរ្សរំដោះជាតិខ្មែរ លោក កឹម សុខា ត្រូវដោះលែងអនុញ្ញាតឲ្យសារព័ត៌មានឯករាជ្យផ្សេងៗដំណើរការវិញតាមប្រជាធិបតេយ្យសេរីពហុបក្សដូចក្នុងស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីសទើបខ្ញុំផ្អាកសកម្មភាពរបស់រណសិរ្ស។ ក្រោយពីគេលើកលែងទោស និងដោះលែងសមាជិករណសិរ្សរំដោះជាតិខ្មែរទាំងអស់ និងចុះបញ្ជីគណបក្សបានត្រឹមត្រូវនោះខ្ញុំនឹងត្រឡប់ទៅធ្វើនយោបាយនៅក្នុងស្រុកខ្មែរ»។
លោកព្រមានថា៖ «បើក្រសួងមហាផ្ទៃគេអនុញ្ញាតឲ្យខ្ញុំបង្កើតគណបក្សនយោបាយ និងអ្នកដោះលែងអ្នកទោសនយោបាយទាំងអស់នោះជាសញ្ញាវិជ្ជមានមួយឈានទៅរកភាពធូរស្រាលជម្លោះនយោបាយ និងអាចដោះស្រាយវិបត្តិនយោបាយនាពេលខាងមុខហើយដោះស្រាយជាមួយសម្ពាធអន្តរជាតិបាន។ បើបដិសេធនោះវិបត្តិនយោបាយកាន់តែធ្ងន់ធ្ងរអាចឈានដល់សង្គ្រាម»។
អ្នកវិភាគនយោបាយលោក មាស នី យល់ថាបើសិនជាលោក សម សេរី ទទួលបានការលើកលែងទោសហើយវិលចូលស្រុកវិញ នោះវាសនារបស់លោកក៏មិនខុសគ្នាប៉ុន្មានពីលោក សួន សេរីរដ្ឋា ស្ថាបនិកចលនាអំណាចពលរដ្ឋខ្មែរ និងជាអតីតប្រធានគណបក្សអំណាចខ្មែរដែលត្រូវបានទទួលការលើកលែងទោស និងក្រោយមកត្រូវបានចាប់ខ្លួនជាថ្មីលើបទចោទដែលគេជឿថាមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ។
លោកថ្លែងថា៖ «បើយើងមើលពីសិទ្ធិរបស់ពលរដ្ឋក្នុងការធ្វើនយោបាយ វាមិនខុសអ្វីទេ ប៉ុន្តែបទពិសោធដែលយើងឃើញកន្លងមកករណីរបស់ សម សេរី គឺស្រដៀងគ្នានឹងករណីរបស់លោក សួន សេរីរដ្ឋា ដែរ។ នៅពេលដែលគាត់ទទួលបានការលើកលែងទោស និងចូលមកក្នុងស្រុកវិញដោយបំពេញតួនាទីជាអ្នកនយោបាយគឺមិនសូវមានសេរីភាពពេញលេញទេ ហើយក៏ជាឈ្មោះដែលងាយរងការចោទប្រកាន់ផ្សេង»។
លោកបន្ថែមថា៖ «ចង់ ឬមិនចង់កាលណាធ្វើរាងខ្លាំងបន្តិចប្រឆាំងរដ្ឋាភិបាល អាចត្រូវគេយកទៅដាក់ក្នុងពន្ធនាគារ...ក៏អាចថាបាន»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ មិនអាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយបានទេ ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាមិនធ្វើអត្ថាធិប្បាយច្រើនចំពោះសំណើរបស់លោក សម សេរី ទេដោយលោកបញ្ជាក់ថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមានសិទ្ធិអ្វីទៅលូកលាន់កិច្ចការតុលាការទេ។
លោកថ្លែងថា៖ «ខ្ញុំសូមជម្រាបជូនថា គ្មានច្បាប់ណាមួយអនុញ្ញាតឲ្យអ្នកធ្វើនយោបាយបង្កភេរវកម្មបង្កើតអសន្តិសុខដល់ប្រទេសអ៊ីចឹងទេ សូម្បីតែភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងនៃជម្លោះប្រដាប់អាវុធខ្មែរក៏ទទួលរងការកាត់ទោសពីតុលាការដែរដូចជាខៀវ សំផន និង នួន ជា ដូច្នេះគ្មានអ្នកណាមួយនៅពីលើច្បាប់ទេ»។
លោក សម សេរី គឺជនដែលអាជ្ញាធរកម្ពុជាចង់ចាប់ខ្លួនបំផុតពាក់ព័ន្ធការចោទប្រកាន់ថាលោកគឺជាមេឧទ្ទាម និងមេភេរវករដែលបានរៀបចំគម្រោងប៉ុនប៉ងបង្កភេរវកម្មជាច្រើនកន្លែង និងសំណុំរឿងជួញដូរអាវុធដ៏កក្រើកកាលពីខែតុលាកន្លងទៅនេះ ប៉ុន្តែការចោទប្រកាន់ទាំងនោះត្រូវបានលោក សម សេរី ច្រានចោល។ សមាជិកនៃរណសិរ្សរបស់លោកជាច្រើនរូបត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ និងកំពុងជាប់ពន្ធនាគារនៅឡើយ។
កាលពីប៉ុន្មានខែមុនរដ្ឋាភិបាលបានធ្វើសំណើទៅអាជ្ញាធរថៃ ដើម្បីស្នើធ្វើបត្យាប័នបញ្ជូនលោក សម សេរី មកទទួលទោសនៅកម្ពុជា បន្ទាប់ពីលោកត្រូវបាននគរបាលថៃចាប់ខ្លួនចំពោះការស្នាក់នៅហួសទិដ្ឋាការ ប៉ុន្តែផ្ទុយទៅវិញលោក សេរី ត្រូវបានគេបញ្ជូនត្រឡប់ទៅប្រទេស ដាណឺម៉ាក ទីដែលលោកទទួលបានសិទ្ធិជ្រកកោនផ្នែកនយោបាយ៕