ភ្នំពេញៈ សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែតុលា បានអនុញ្ញាតឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យប្រារព្ធ «ទិវាគ្រូបង្រៀនពិភពលោក» នៅថ្ងៃទី ៥ ខែតុលា នៅទីលានប្រជាធិបតេយ្យថ្មី នៅតាមមាត់ទន្លេសាប ដោយច្រានចោលទីកន្លែងដែលស្នើសុំ នៅទីលានប្រជាធិបតេយ្យចាស់ ខណៈដែលរដ្ឋាភិបាលក៏និងប្រារព្ធទិវានះផងដែរនៅវិទ្យាស្ថានជាតិអប់រំ។
យោងតាមកំណត់ហេតុកិច្ចប្រជុំពីរទំព័រ ដែលត្រូវបានចេញនៅថ្ងៃទី ២ខែតុលា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានស្នើសុំរដ្ឋាភិបាលរៀបចំការប្រារព្ធទិវានេះ ក្រោមប្រធានបទ«សិទ្ធិទទួលបានការអប់រំ និងសិទ្ធិទទួលបានគ្រូបង្រៀនដែលមានគុណវុឌ្ឍិ» នៅទីលានប្រជាធិបតេយ្យចាស់ ដែលមានទីតាំងជិតវត្តភ្នំ ហើយបន្ទាប់មកគ្រោងហែរក្បួនជាមួយគ្រូបង្រៀនចំនួន ៥០០ នាក់ទៅក្រសួងអប់រំ និងខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ គ្រោងដាក់សំណើមួយ ដែលមានបួនចំណុច ទៅរដ្ឋាភិបាលក្នុងការកែលម្អស្ថានភាពរបស់គ្រូបង្រៀន រួមទាំងការដំឡើងប្រាក់ឈ្នួលអប្បបរមា ដល់ ២ លានរៀល បង្កើតយន្តការបង្ការនិងស៊ើបអង្កេត អំពើពុករលួយក្នុងស្ថាប័នអប់រំ ផ្តល់សម្ភារសិក្សាដល់សាលាទាំងអស់ ផ្តល់ប្រាក់រង្វាន់ ១៥០០០០រៀល(ប្រហែល ៣៧,៥ដុល្លារ)ដល់គ្រូបង្រៀនសម្រាប់បុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំខ្មែរ។
ប៉ុន្តែមន្រ្តីម្នាក់ដែលបានចូលរួមកិច្ចប្រជុំនេះ បានថ្លែងថា ក្រសួងអប់រំ បានដោះស្រាយបញ្ហាដែលសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យលើកឡើងរួចហើយ។
សាលារាជធានី បានអនុញ្ញាតឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រារព្ធព្រឹត្តការណ៍នេះ ពីម៉ោង ៨ ព្រឹកដល់ម៉ោង៩ព្រឹក ដោយហាមប្រាមការហែរក្បួន ហើយការចូលរួមរបស់គ្រូបង្រៀនចំនួន ៥០០ នាក់ត្រូវបានហាមប្រាម ដោយលើកឡើងអំពីច្បាប់ ដែលអនុញ្ញាតឲ្យមានការប្រមូលផ្តុំមិនលើសពី ២០០ នាក់។
អាជ្ញាធរបានថ្លែងថា ពួកគេនឹងផ្តល់សន្តិសុខនៅកន្លែងនោះ ហើយនគរបាល និងកងរាជអាវុធហត្ថ នឹងប្រចាំការនៅទីលានប្រជាធិបតេយ្យចាស់ ដើម្បីការពារមិនឲ្យមានការប្រមូលផ្តុំណាមួយនៅទីនោះ។
កំណត់ហេតុនេះបាននិយាយថា៖ «រដ្ឋបាលខណ្ឌដូនពេញ នគរបាល និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវតែរៀបចំនិងបង្ការមិនឲ្យមានការប្រមូលផ្តុំណាមួយ នៅសួនច្បារវត្តភ្នំ ឬនៅសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា»។
កំណត់ហេតុនេះបន្តទៀតថា៖ «អ្នកស្នើសុំត្រូវធានាថា ពួកគេនឹងមិនយកព្រឹត្តិការណ៍នេះវាយប្រហារព្រះមហាក្សត្រ រដ្ឋាភិបាល ប្រទេសជិតខាង ឬឥស្សរជនណាមួយ»។
លោកស្រី អ៊ុក ឆ័យយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២ខែតុលាថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ តែងតែប្រារព្ធទិវាគ្រូបង្រៀនពិភពលោក ប៉ុន្តែលោកស្រីខកចិត្តចំពោះសេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ។
លោកស្រីបានថ្លែងបន្តថា៖ «សាលារាជធានី បាននិយាយថា ប្រសិនបើយើងធ្វើការប្រារព្ធទៅតាមលក្ខខណ្ឌអនុញ្ញាតនៅទីលានប្រជាធិបតេយ្យ ពួកគេនឹងផ្តល់សន្តិសុខ។ ប៉ុន្តែប្រសិនបើយើងបំពានកិច្ចព្រមព្រៀង នឹងមានបញ្ហាចំពោះសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ វាដូចជាការគំរាមកំហែងដល់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដើម្បីធ្វើឲ្យសមាជិកគ្រូបង្រៀនរបស់យើង និងអ្នកចូលរួមមិនហ៊ានចូលរួម»។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា បានថ្លែងនៅថ្ងៃទី ២ខែតុលាថា រដ្ឋាភិបាលក៏នឹងប្រារព្ធទិវាគ្រូបង្រៀនពិភពលោក នៅវិទ្យាស្ថានជាតិអប់រំផងដែរ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោកបានថ្លែងថា៖ «នៅក្នុងព្រឹត្តិការណ៍នេះ គ្រូបង្រៀន ១០ នាក់នឹងទទួលបានរង្វាន់ ហើយនាយកសាលាវិទ្យាល័យ ជាមួយនឹងសិស្សដែលប្រឡងជាប់និទ្ទេស A នឹងទទួលបានរង្វាន់ផងដែរ»។
អង្គការយូណេស្កូ កាលពីថ្ងៃទី ២ ខែតុលា ក៏បានចេញសេចក្តីប្រកាសព័ត៌មានផងដែរ អំពីការប្រារព្ធទិវាគ្រូបង្រៀនពិភពលោក ដោយចូលរួមជាមួយរដ្ឋាភិបាលរៀបចំព្រឹត្តិការណ៍នេះ នៅថ្ងៃទី ៥ ខែតុលា ក្រោមប្រធានបទ «គ្រូបង្រៀនដែលមានគុណភាព គឺជាគុណភាពនៃធនធានមនុស្ស សម្រាប់ការអភិវឌ្ឍដោយចីរភាព»។
អង្គការយូណេស្កូបានរំពឹងថា នឹងមានអ្នកចូលរួមចំនួន ១៣០០ នាក់ពីក្រសួងអប់រំ ក្រសួងពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការក្រៅរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងគ្រូបង្រៀន៕ PS