ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវបានឆ្លើយតបទៅលោក David Kaye អ្នករាយការណ៍ពិសេស ស្ដីពីសេរីភាព នៃការបញ្ចេញមតិ ពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ ដោយថ្លែងថា វិធានការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ពុំមែនជាការរឹតត្បិតសេរីភាពនោះទេ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ កាលពីថ្ងៃទី ១០ ខែកក្កដា ថា លោក David Kaye អ្នករាយការណ៍ពិសេស ស្ដីពីសេរីភាពនៃការបញ្ចេញមតិបានធ្វើសេចក្ដីសន្ឋិដ្ឋានមិនត្រឹមត្រូវ និងបង្កឲ្យមានការភាន់ច្រឡំពាក់ព័ន្ធនឹងការឆ្លើយតបរបស់កម្ពុជា ចំពោះមេរោគកូវីដ ១៩។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបញ្ជាក់ថា៖ «អ្នករាយការណ៍ពិសេស ហាក់មិនត្រឹមតែពុំបានថ្កោលទោសការក្លែងព័ត៌មាន និងព័ត៌មានក្លែងក្លាយប៉ុណ្ណោះទេ ប៉ុន្តែបានលើកទឹកចិត្ត ឲ្យបន្តមានលំហូរព័ត៌មានដោយសេរី ដែលរួមមានទាំងព័ត៌មានគ្រោះថ្នាក់ ឬអន្តរាយទៀតផង។ វិធីសាស្ត្របែបនេះ គឺងាកចេញពីគន្លង នៃវិធីសាស្ត្ររបស់ឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានព្រមានអំពីគ្រោះថ្នាក់ នៃព័ត៌មានក្លែងក្លាយ និងការប្រើប្រាស់សារស្អប់ខ្ពើម»។
ការឆ្លើយតបនេះធ្វើឡើងបន្ទាប់ពីលោក Kaye អ្នករាយការណ៍ពិសេស ស្ដីពីសេរីភាពនៃការបញ្ចេញមតិកាលពីថ្ងៃសុក្រ បានចេញផ្សាយព័ត៌មានដោយលើកឡើងថា ការរាតត្បាតសកលនៃជំងឺកូវីដ ១៩ បង្កការរឹតត្បឹតសេរីភាពនៃការបញ្ចេញមតិនិងសិទ្ធិទទួលបានព័ត៌មាននៅទូទាំងពិភពលោក ដោយរាប់បញ្ចូលទាំងកម្ពុជាផងដែរ។
ក្នុងព័ត៌មាននោះ លោក Kaye បានថ្លែងថា៖ «ក្នុងរយៈពេល ៣ ខែកន្លងទៅ រដ្ឋាភិបាលជាច្រើនបានប្រើប្រាស់ការរាតត្បាតសកលនៃជំងឺកូវីដនេះ ដើម្បីរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ ដោយរំលោភលើកាតព្វកិច្ចរបស់ខ្លួន ក្រោមច្បាប់សន្ធិមនុស្ស។ ចាប់តាំងពីថ្ងៃដំបូង នៃការរាតត្បាតសកល ខ្ញុំបានលើកពីកង្វល់ អំពីការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ ដែលបង្កការប៉ះពាល់ផ្ទាល់ ទៅលើព័ត៌មានអំពីសុខភាពសាធារណៈ រួមមាននៅប្រទេសបេឡារុស កម្ពុជា ចិន អុីរ៉ង់ អេហ្ស៊ីប ឥណ្ឌា មីយ៉ាន់ម៉ា និងតួកគី»។
អ្នករាយការណ៍ពិសេសរូបនេះ លើកឡើងថា មានមនុស្សស្លាប់ដោយសារតែរដ្ឋាភិបាលជាច្រើនបានកុហក និងលាក់បាំងព័ត៌មាន ចាប់ឃុំឃាំងអ្នករាយការណ៍ព័ត៌មាន មិននិយាយដោយស្មោះត្រង់ ជាមួយពលរដ្ឋអំពីធាតុពិតនៃការគំរាមកំហែង និងបានប្រើប្រាស់បទឧក្រិដ្ឋចំពោះបុគ្គល ដោយប្រើលេសថា បានចែកចាយព័ត៌មានមិនពិត។ មនុស្សជាច្រើនបានរងការឈឺចាប់ដោយសារតែរដ្ឋាភិបាលខ្លះ សុខចិត្តការពារខ្លួនពីការរិះគន់ជាជាងអនុញ្ញាតឲ្យមនុស្សចែកចាយព័ត៌មាន ដឹងពីការផ្ទុះឡើងនៃជំងឺ និងដឹងថា មន្ត្រីការពារ ឬមិនការពារពួកគេ។
លោក Kaye បានដាក់បង្ហាញរបាយការណ៍របស់លោក ស្ដីអំពីសេរីភាពនៃការបញ្ចេញមតិ និងការរាតត្បាតជំងឺ ទៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិប្រចាំទីក្រុងហ្សឺណែវ ប្រទេសស៊្វីស។ លោកបានលើកជាអនុសាសន៍ឲ្យមានការដោះលែងអ្នកសារព័ត៌មានដែលត្រូវបានចាប់ខ្លួន បើកចំហសេរីភាពនៃការទទួលបានព័ត៌មាន បញ្ចប់ការបិទអីុនធឺណិត និងអនុសាសន៍មួយចំនួនទៀត។
ទោះយ៉ាងណា ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបានឆ្លើយតបថា ការឆ្លើយតបរបស់កម្ពុជាចំពោះវិបត្តិសុខភាពនេះមានគោលបំណងធានាថា ជីវិតដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ជាពិសេសក្រុមងាយរងគ្រោះបំផុត នឹងមិនត្រូវបានបាត់បង់ដោយសារមេរោគកូវីដ ១៩ នោះឡើយ។ រាល់វិធានការដែលបានដាក់ចេញកន្លងមក បានគោរពតាមនីតិវិធីត្រឹមត្រូវនិងប្រកាន់ខ្ជាប់ នូវគោលការណ៍នីត្យានុកូលភាព ភាពចាំបាច់ ភាពសមាមាត្រ និងពុំមានការរើសអើង។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាថ្លែងដូច្នេះថា៖ «ប្រទេសកម្ពុជា តែងតែគោរព ផ្ដល់តម្លៃសេរីភាពនៃការបញ្ចេញមតិ និងសារព័ត៌មានស្របច្បាប់ ហើយយល់ដឹងយ៉ាងច្បាស់ថា ពហុយោបល់ រួមទាំងទស្សនៈរិះគន់ គឺមានសារៈសំខាន់ចំពោះដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបន្តថា អ្នករាយការណ៍ពិសេស ពុំធ្លាប់បានសង្កត់ធ្ងន់ពីការអនុវត្តសិទ្ធិដោយភ្ជាប់ជាមួយករណីយកិច្ច ការទទួលខុសត្រូវពិសេស និងដែនកំណត់ដោយច្បាប់ដូចមានចែងក្នុងសេចក្ដីថ្លែងការណ៍ជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ។ ការចាត់ទុកការអនុវត្តច្បាប់ថា ជារឹតត្បិតសិទ្ធិសេរីភាព គឺជាការបន្ទាបតម្លៃនៃនីតិរដ្ឋ និងគោលការណ៍អនុវត្តស្មើគ្នាចំពោះពលរដ្ឋទាំងអស់។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបញ្ជាក់ថា៖ «វាជាការចាំបាច់ណាស់ ដែលអ្នករាយការណ៍ពិសេស មិនត្រូវអនុវត្តការងារលើសព្រំដែន នៃអាណត្តិរបស់ខ្លួន ដោយត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន នូវក្រមប្រតិបត្តិនិងសៀវភៅណែនាំស្ដីពីនីតិវិធីពិសេសនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស»៕