សៀមរាបៈ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃបានបញ្ជាឱ្យអង្គភាពពន្ធនាគាខេត្តសៀមរាប ពង្រឹងការគ្រប់គ្រងបន្ថែមទៀតក្នុងការទប់ស្កាត់ការលួចប្រើទូរស័ព្ទរបស់ជនជាប់ឃុំនៅក្នុងពន្ធនាគារដែលអាចធ្វើឱ្យជនជាប់ឃុំ បញ្ជាឱ្យបក្ខពួករបស់គេឱ្យប្រព្រឹត្តធ្វើបទល្មើសផ្សេងៗនៅក្រៅពន្ធនាគារ។
លោក នុត សវនា អ្នកនាំពាក្យ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ឱ្យដឹងកាលពីម្សិលមិញថា លោក ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារនៅក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសបំពាក់ឋានន្តរស័ក្ដិ និងប្រកាសមុខតំណែងជូនមន្ត្រីអង្គភាពពន្ធនាគារខេត្តសៀមរាបកាលពីថ្ងៃទី ១០ ខែកុម្ភៈបានឱ្យមន្ត្រីពង្រឹងការគ្រប់គ្រងលើការលួចប្រើទូរស័ព្ទព្រោះលោកយល់ឃើញថា បើសិនជាជនជាប់ឃុំអាចលួចប្រើទូរស័ព្ទបាន ពួកគេអាចបញ្ជាទៅដល់បក្ខពួកគេនៅខាងក្រៅឱ្យធ្វើសកម្មភាពបទល្មើសទៀតបាន ជាពិសេសសកម្មភាពគ្រឿងញៀន។
លោកថ្លែងថា៖ «ដូចនេះយើងចាំបាច់ត្រូវធ្វើការរឹតបន្តឹង និងគ្រប់គ្រងលើបញ្ហានេះឱ្យបានល្អ ដោយសារតែនៅពន្ធនាគារខេត្តសៀមរាបនេះមានអ្នកជាប់ឃុំច្រើន ដែលត្រូវមន្ត្រីទាំងអស់បង្កើនការគ្រប់គ្រងឱ្យបានល្អ»។
ទោះជាយ៉ាងណាលោក នុត សវនា បញ្ជាក់ថា ចំពោះការលួចប្រើប្រាស់ទូរស័ព្ទនៅក្នុងពន្ធនាគារនេះមិនមែនមានតែករណីនៅក្នុងប្រទេសកម្ពុជានោះទេ សូម្បីតែនៅបណ្តាប្រទេសមួយចំនួននៅលើពិភពលោកក៏មានករណីលួចប្រើដូចនៅកម្ពុជាដែរ។
លោកបន្តថា៖ «កន្លងមកនេះ យើងមានការពង្រឹងការឆែកឆេរជាប្រចាំនៅតាមគោលដៅនីមួយៗ ប៉ុន្តែវាមានការលំបាកដោយការយាមកាម និងការឆែកឆេរនេះមានវេនច្រើនជាពិសេសនៅពេលយាមកាម និងឆែកឆេរនៅវេនយប់វានៅមានភាពចន្លោះប្រហោង»។
បើតាមលោក សវនា អ្វីដែលសំខាន់គឺវាកើតឡើងដោយសារកត្តាមនុស្សមានចិត្តមិនស្មោះត្រង់ និងឆ្លៀតរកផលប្រយោជន៍។ ការលួចប្រើទូរស័ព្ទក្នុងពន្ធនាគារនេះ បើតេទៅក្រុមគ្រួសារ ឬសាច់ញាតិ វាមិនអីនោះទេ ប៉ុន្តែបើពួកគេ យកតេដោយបញ្ជាចេញពីគុក ឱ្យរៀបចំផែនការអ្វីផ្សេងៗនោះ នឹងប៉ះពាល់ដល់សន្តិសុខសង្គម។
លោកថ្លែងថា៖ «វាមានច្រើនណាស់នៅក្នុងហ្នឹង វាសុទ្ធឧក្រិដ្ឋជន ហើយឧក្រិដ្ឋជនវាមានបណ្តាញរបស់វា អ៊ីចឹងវាទាក់ទងឆ្លងឆ្លើយគ្នាពីនេះ ពីនោះ ព័ត៌មាន Update អ៊ីចឹងទៅ។ ជួនកាលវាបញ្ជាពីនោះដោយវាចង់ធ្វើអ្វីមួយនោះ គឺពិបាករកតម្រុយណាស់។ ពេលខ្លះទៀត ពួកវាតេទាក់ទងឱ្យលួចរត់គេច ឬរំដោះចេញជាដើមដែលនេះ វាប៉ះពាល់ដល់សន្តិសុខផ្ទៃក្នុងរបស់ពន្ធនាគារទៀត»។
លោក អំ សំអាត នាយករងអង្គការសិទ្ធិមនុស្សអង្គកាលីកាដូបានដាក់ជាចម្ងល់ថា ហេតុអ្វីបានជាអ្នកទោសអាចលួចយកទូរស័ព្ទទៅប្រើប្រាស់នៅក្នុងពន្ធនាគារបាន? បញ្ហានេះ លោកស្នើសុំឱ្យមានការស្រាវជ្រាវរកមូលហេតុករណីលួចយកទូរស័ព្ទទៅប្រើប្រាស់នៅក្នុងពន្ធនាគារនេះឱ្យច្បាស់លាស់។
លោក អំ សំអាត សន្និដ្ឋានថា ករណីនេះអាចពាក់ព័ន្ធទៅនឹងការអនុវត្តច្បាប់មានចន្លោះប្រហោងរបស់មន្ត្រីនៅក្នុងពន្ធនាគារ។ លោកបានសម្តែងការព្រួយបារម្ភផងដែរ ចំពោះឧក្រិដ្ឋជន ឬឈ្មួញជួញដូរគ្រឿងញៀនធំៗ ដែលអាចប្រើប្រាស់ទូរស័ព្ទបាន ហើយបញ្ជាចេញពីពន្ធនាគារឱ្យមានការចែកចាយគ្រឿងញៀនបន្តទៀតដែលនេះគឺជាហានិភ័យថ្មីមួយថែមទៀត។
បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធនាគារបច្ចុប្បន្ននេះនៅទូទាំងប្រទេសកម្ពុជា មានជនជាប់ឃុំជិត ៤ ម៉ឺននាក់ ក្នុងនោះពន្ធនាគារខេត្តសៀមរាបស្ថិតនៅក្នុងលំដាប់ទី២ ដែលមានជនជាប់ឃុំរហូតដល់ជិត ៣ ពាន់នាក់ បន្ទាប់ពីពន្ធនាគារព្រៃស៕