ភ្នំពេញៈ អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​ លោក វង្ស ពិសេន បាន​ចេញ​បទបញ្ជា​ហាម​យោធិន​ចេញ​ក្រៅ​អង្គភាព ឬ​បន្ទាយ​ជាដាច់ខាត ហើយ​ក៏​មិន​អនុញាត​ឱ្យ​ជួបជុំ​គ្នា​ក្នុង​ពិធី​ផ្សេងៗ​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាងមុខ ព្រោះ​នាំ​ឱ្យ​ប៉ះពាល់​ដល់​វិធានការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​១៩​។

លោក វង្ស ពិសេន បាន​បញ្ជាក់​ក្នុង​បទបញ្ជា​ចុះ​ថ្ងៃទី ៣១ ខែ​មីនា ថា​៖ «​មេបញ្ជាការ​ប្រភេទ​ទ័ព ទ័ព​ជំនាញ កងឯកភាព ស្ថាប័ន​ និង​សាលា​ចំណុះ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោពល​ខេមរភូមិន្ទ​ទាំងអស់​ដែល​មាន​ទ័ព​ប្រមូលផ្តុំ​នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវអនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​មិន​អនុញ្ញាត​ឱ្យ​យោធិន​ចេញ​ក្រៅ​កងឯកភាព ឬ​បន្ទាយ​ជា​ដាច់ខាត​។ មិនត្រូវ​ប្រមូលផ្តុំ​ជប់លៀង ឬ​ពិធី​ផ្សេងៗ​នាំ​​ឱ្យ​ប៉ះពាល់​ដល់​វិធានការ​ការពារ​ជំងឺ​កូវីដ​១៩»​។

លោក វង្ស ពិសេន បញ្ជាក់​ទៀត​ថា យោធិន ត្រូវ​ត្រៀមកម្លាំង​ជាស្រេច​ដើម្បី​អន្តរាគមន៍​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​១៩​តាម​បទបញ្ជា​អគ្គបញ្ជាការ​។ យោធិន​ក៏ត្រូវ​យក​ចិត្ត​ទុកដាក់​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​តាម​សេចក្តីណែនាំ​ដែល​បាន​ចេញ​កាលពី​ខែ​មុន​ស្តីពី​ការបង្ការ ការពារ ទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺ​កូវីដ ​១៩ ​របស់​អគ្គបញ្ជាការ​។

លោក វង្ស ពិសេន បាន​បញ្ជាក់ថា​៖ «​នាយក​ខុទ្ទកាល័យ អគ្គបញ្ជាការដ្ឋាន មេបញ្ជាការ​ប្រភេទ​ទ័ព និង​ទ័ព​ជំនាញ​នាយក​ស្ថាប័ន និង​សាលា​ចំណុះ​អគ្គបញ្ជាការដ្ឋាន​ត្រូវ​ចាត់តាំង​អនុវត្ត​បទបញ្ជា​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ចាប់ពី​ពេល​ចុះហត្ថលេខា​នេះ​តទៅ​រហូត​ដល់​មាន​បទបញ្ជា​ថ្មី និង​រាយការណ៍​ជាប្រចាំ​មក​ទីចាត់ការ​កលយុទ្ធ​អគ្គបញ្ជាការដ្ឋាន​»​។

លោក ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​បាន​ទេ​កាលពី​ថ្ងៃ​ពុធ​។

នៅក្នុង​សេចក្តី​ណែនាំ​កាលពី​ខែ​មីនា​លោក វង្ស ពិសេន បញ្ជាក់​ថា​ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូវីដ​១៩ គ្រប់​អង្គភាព​ត្រូវ​កាត់បន្ថយ​ការជួបជុំ​គ្នា​ចាប់ពី ៣០ នាក់​ឡើងទៅ​លើកលែង​តែ​ក្នុងករណី​ចាំបាច់​ត្រូវ​រក្សា​គម្លាត​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ចម្ងាយ ១,៥ ​ម៉ែត្រ​ទៅ​ ២ ​ម៉ែត្រ​យ៉ាង​តិច​។ គ្រប់​កងឯកភាព​ត្រូវ​ចូលរួម​ទប់ស្កាត់​រាល់​ការបំភិតបំភ័យ​គ្រប់​រូបភាព​តាមរយៈ​ការបំផុស​ព័ត៌មាន​តាម​បណ្តាញ​សង្គម និង​ប្រភព​ផ្សេងៗ​ដែល​បំផ្លើសការពិត​ដែល​ធ្វើឱ្យ​ជះឥទ្ធិពល​ដល់​សង្គម​ និង​សតិអារម្មណ៍​ក្នុង​ជួរ​កងទ័ព​។

សេចក្តី​ណែនាំ​បញ្ជាក់ថា​៖ «​គ្រប់​កងឯកភាព​ត្រូវ​អប់រំ​ដល់​យោធិន​ក្រោមឱវាទ ក្រុមគ្រួសារ និង​ប្រជាជន​ឱ្យបាន​យល់ដឹង​អំពី​ឥទ្ធិពល​នៃ​ជំងឺ​រាតត្បាត​កូវីដ​១៩ និង​ដាក់ចេញ​វិធានការ​ការពារ ទប់ស្កាត់​តាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល​»​។

បើ​តាម​សេចក្តី​ណែនាំ​នេះ​កងឯកភាព សាលា និង​វិទ្យាស្ថាន​ហ្វឹកហ្វឺន​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​សិក្ខាកាម​ចេញ​ក្រៅ​បរិវេណ​សាលា និង​កងឯកភាព​ជាប​ណ្តោះ​អាសន្ន​លើកលែង​តែ​មាន​ករណី​ពិសេស​ណាមួយ ហើយ​ពេល​ចូល​មក​វិញ​ត្រូវមាន​ការត្រួតពិនិត្យ​។

កាលពី​ថ្ងៃទី​ ២៩ ខែ​មីនា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​រាប់ទាំង​សមាជិក​ព្រឹទ្ធសភា សមាជិក​រដ្ឋសភា និង​មន្ត្រី​នៃ​សមាជិក​រាជរដ្ឋាភិបាល​អាជ្ញាធរ ក្រុម​ការងារ​យុវជន​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​បន្ត​ចុះជួយ​អប់រំ​ផ្សព្វផ្សាយ​វិធី​បង្ការ​ទប់ស្កាត់​ជំងឺ​កូវីដ ១៩ ជាប្រចាំ​នៅតាម​មូលដ្ឋាន​។

លោក ហ៊ុន សែន ថែម​ទាំង​បាន​ប្រាប់​ឱ្យ​ក្រុម​ការងារ​គណបក្ស​ប្រជាជន​នាំ​យក​ទៅ​ជាមួយ​នូវ​ម៉ាស់ ឬ​ក្រមា​ទឹក​អាល់កុលជែល​សម្លាប់​មេរោគ (Hand Sanitizer) អង្ករ មី​ និង​ត្រីខ ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅ​តាម​មូលដ្ឋាន​ទូទាំង​ប្រទេស​។

លោក ហ៊ុន សែន បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​ថា​៖ «​កុំ​ចាំ​ហៅ​ពួកគាត់​ឱ្យមក​ចូលរួម​ប្រជុំ តែ​សូម​ទៅ​កាន់​ទីកន្លែង​ដែល​ពួកគាត់​រស់នៅ​តែម្តង ជាពិសេស​ក្នុង​ស្ថានភាព​ដែល​យើង​ទាំងអស់​គ្នា​កំពុង​តែ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​កូវីដ​១៩ នៅពេល​នេះ​»៕