សៀមរាបៈ ដើម្បីលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា អង្គការភ្លែនអន្តរជាតិ បានផ្តួចផ្តើមគម្រោង «ក្មេងស្រីដឹកនាំ» រយៈពេល ៥ ឆ្នាំចាប់ពីឆ្នាំ ២០-១៨-២០២៣ ដោយអនុវត្តក្នុងខេត្តចំនួន ៣ គឺសៀមរាប ស្ទឹងត្រែង និងរតនគិរីខណៈក្មេងស្រីនៅតែទទួលបានលទ្ធភាពទទួលបានការអប់រំតិចជាងក្មេងប្រុស។
លោក យេន យេប ក្លែនរេនស៊ីង្គ (Jan Jaap Kleinrensink) នាយកប្រចាំប្រទេសរបស់អង្គការភ្លែនអន្តរជាតិកម្ពុជាបានថ្លែងថា គម្រោងក្មេងស្រីដឹកនាំដែលចាប់ផ្តើមអនុវត្តនេះនឹងបំផុសឲ្យមានការអនុវត្តដែលជំរុញការចូលរួមរបស់ក្មេងប្រុស និងក្មេងស្រី ស្ត្រីវ័យក្មេង និងបុរសក្នុងដំណើរការដោះស្រាយបញ្ហាវិសមភាពយេនឌ័រនៅកម្រិតផ្សេងៗនៅកម្ពុជា។
លោកបន្ដថា៖ «គម្រោងក្មេងស្រីដឹកនាំនេះ យើងត្រូវអនុវត្តរយៈពេល ៥ ឆ្នាំចំណាយថវិកាចំនួន ២,៥ លានអឺរ៉ូដល់កុមារប្រមាណ ៤០០០ នាក់ដោយបង្កើនសមត្ថភាព និងលទ្ធភាពក្មេងស្រីដើម្បីសិក្សា ចែករំលែកបង្កើត និងដឹកនាំ»។
តាមរយៈគម្រោងនេះក្មេងស្រី និងក្មេងប្រុសក្នុងក្លឹបកុមារចំនួន ៥២ ស្ថិតនៅខេត្តរតនគិរី ស្ទឹងត្រែង និងសៀមរាបនឹងរៀនសូត្រតាមរយៈកម្មវិធីជើងឯកសម្រាប់កម្ពុជាចែករំលែកចំណេះដឹងរបស់ខ្លួនតាមរយៈកម្មវិធីស្នូរជួងបង្កើតសកម្មភាពជាសមូហភាពតាមរយៈជំនួយថវិកាខ្នាតតូចសម្រាប់សមភាពយេនឌ័រ និងដឹកនាំតាមរយៈការធ្វើជាគំរូ និងការតស៊ូមតិនៅថ្នាក់ឃុំ ថ្នាក់ខេត្ត និងថ្នាក់ជាតិ។
លោកបញ្ជាក់ថា៖ «ខ្ញុំមានសុទិដ្ឋិនិយមថា ការចាប់ផ្តើមអនុវត្តគម្រោងក្មេងស្រីដឹកនាំនេះនឹងទទួលបានការគាំទ្រ ហើយជាមួយគ្នានេះយើងនឹងសហការគ្នាកាត់បន្ថយបញ្ហាពាក់ព័ន្ធនឹងយេនឌ័រ និងផ្តល់លទ្ធភាពឲ្យកុមារ ជាពិសេសកុមារដែលមិនទទួលបានការយកចិត្តទុកដាក់ និងក្មេងស្រីឲ្យសម្រេចបានសក្តានុពលរបស់ខ្លួនយ៉ាងពេញលេញ»។
ប្រទេសកម្ពុជាបាននិងកំពុងសម្រេចបានវឌ្ឍនភាពយ៉ាងច្រើនក្នុងការកាត់បន្ថយនូវគម្លាតយេនឌ័រនៅក្នុងវិស័យផ្សេងៗជាច្រើន ប៉ុន្តែនៅតែមានបញ្ហាប្រឈមមួយចំនួនដែលទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ជាពិសេសទាក់ទងនឹងតួនាទី និងផ្នត់គំនិតយេនឌ័រ។
ឧទាហរណ៍ក្មេងស្រីត្រូវទទួលបន្ទុកកិច្ចការផ្ទះជារៀងរាល់ថ្ងៃ។ ការសិក្សាឆ្នាំ ២០១៦ របស់អង្គការភ្លែនរកឃើញថា ក្មេងស្រី ៩៨% បានប្រឡូកក្នុងកិច្ចការប្រចាំថ្ងៃ។ ដូចគ្នានេះដែរមានក្មេងស្រីកាន់តែតិចដែលមានលទ្ធភាពទទួលបានការអប់រំកម្រិតឧត្តមសិក្សា ហើយនៅតែមានការយល់ឃើញបែបអវិជ្ជមានចំពោះស្ត្រី និងក្មេងស្រីនៅក្នុងតួនាទីដឹកនាំ។
លោក យេន យេប ក្លែនរេនស៊ីង្គ ថា៖ «ការរៀបការវ័យក្មេងនៅតែបន្តកើតមានឡើង ជាពិសេសនៅតំបន់ភាគឦសាននៃប្រទេសកម្ពុជា។ អំពើហិង្សាក្នុងគ្រួសារ កង្វះលទ្ធភាពចិញ្ចឹមបីបាច់កូន សុខភាពទន់ខ្សោយ និងបញ្ហាកង្វះអាហារូបត្ថម្ភ ទាំងម្តាយ និងកុមារកើតមានជាទូទៅក្នុងចំណោមប្តីប្រពន្ធវ័យក្មេង»។
បើតាមលោក យេន យេប ក្លែនរេនស៊ីង្គ កាលពី ៤ ឆ្នាំមុនក្មេងស្រី ពិសី ដែលមានអាយុ ១៤ ឆ្នាំរស់នៅក្នុងស្រុកតាវែង ខេត្តរតនគិរីគ្មានទំនាក់ទំនងមិត្តភាពជិតស្និទ្ធជាមួយសិស្សប្រុសៗក្នុងថ្នាក់ឡើយ ក្រៅតែពីការរៀនថ្នាក់ជាមួយគ្នា និងមានគ្រូបង្រៀនតែមួយ។
បច្ចុប្បន្ន ពិសី និងមិត្តភក្តិស្រីៗរបស់គាត់ដូចជា គង្គា និង រ៉ុច បានទទួលចំណេះដឹងស្តីពីសិទ្ធិកុមារ និងសមភាពយេនឌ័រព្រមទាំងសហការយ៉ាងសកម្មជាមួយមិត្តភក្តិប្រុសៗក្នុងវេទិកាក្លឹបកុមារក្នុងការតស៊ូមតិដើម្បីឲ្យមានការផ្តល់ឱកាសរៀនសូត្រស្មើគ្នាសម្រាប់ក្មេងស្រី និងក្មេងប្រុសដែលគាំទ្រក្មេងស្រីឲ្យទទួលបានឱកាសរៀនសូត្របានយូរអង្វែង។
យុវតី សារិទ្ធ តំណាងក្លឹបកុមារីអ្នកដឹកនាំនៅខេត្ដសៀមរាបបានថ្លែងថា គម្រោងនេះពិតជាល្អ ព្រោះបានផ្ដល់ឱកាសដល់កុមារីជាច្រើន និងលើកកម្ពស់កុមារីឲ្យមានភាពក្លាហានក្នុងការចូលរួមដឹកនាំនៅក្នុងសហគមន៍ និងប្រទេសជាតិ។
យុវតីវ័យ ១៧ ឆ្នាំរូបនេះបានបន្ដថា៖ «គម្រោងនេះបានជួយឲ្យកុមារីអាចអភិវឌ្ឍខ្លួនឯងធ្វើឲ្យកុមារីដឹងថា ខ្លួនឯងខ្លាំងមិនចាញ់បុរសនោះទេ គឺមានសមត្ថភាព និងសិទ្ធិស្មើគ្នាជាមួយកុមារាដែរ»។
សារិទ្ធ បន្ថែមថា ឪពុកម្ដាយតែងលើកឡើងថាស្ដ្រីបង្វិលចង្ក្រានមិនជុំ កូនស្រីកុំប្រឹងរៀនច្រើនពេករៀនច្រើននាំតែចេះ សរសេរសំបុត្រស្នេហាជាដើម។ «អ៊ីចឹងតាមរយៈគម្រោងនេះបានធ្វើឲ្យកុមារីមានភាពក្លាហាន មិនឲ្យកុមារីមានភាពភ័យខ្លាចដូចកាលពីមុន និងធ្វើឲ្យកុមារីហ៊ានចូលរួមចំពោះកិច្ចការងារផ្សេងៗនៅក្នុងសង្គមថែមទៀត»៕