ភ្នំពេញៈ អង្គការ Wildlife Alliance កាលពីសប្តាហ៍មុនបានប្រកាសពីភាពជោគជ័យរបស់ខ្លួនរយៈពេល ៨ ឆ្នាំនៃការអនុវត្តគម្រោងដោះលែងសត្វព្រៃចូលទៅក្នុងព្រៃនៃឧទ្យានអង្គរ។
គម្រោងនេះសហការអនុវត្តដោយអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើ និងអង្គការ Wildlife Alliance។
អង្គការ Wildlife Alliance បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថា តាមរយៈកិច្ចសហការចាប់តាំងពីឆ្នាំ ២០១៣ មក គម្រោងនេះទទួលបានជោគជ័យក្នុងការដោះលែងសត្វចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរបានជាច្រើនប្រភេទដែលមានចំនួន ៤០ ក្បាលរួមទាំងសត្វដែលរងការគំរាមកំហែងផងដែរ។
លោក Nick Marx នាយកផ្នែកសង្គ្រោះ និងថែទាំសត្វព្រៃនៃអង្គការ Wildlife Alliance ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថា ចំណីអាហារមិនមែនជារឿងតែមួយគត់ ដែលធ្វើឱ្យព្រៃនៃឧទ្យានអង្គរក្លាយជាទីជម្រកដ៏ល្អសម្រាប់សត្វព្រៃនោះទេ។
លោកថ្លែងថា៖ «ព្រៃព័ទ្ធជុំវិញតំបន់អង្គរ គឺជាជម្រកដ៏ល្អឥតខ្ចោះ និងផ្តល់នូវជម្រកសុវត្ថិភាពដែលត្រូវការជាចាំបាច់ សម្រាប់ប្រភេទសត្វដែលត្រូវគេធ្វើទុក្ខបុកម្នេញ»។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា សត្វទាំងអស់ដែលត្រូវបានដោះលែង នៅក្នុងព្រៃនៃឧទ្យានអង្គរមានឱកាសជាលើកទីពីរ សម្រាប់ជីវិតក្នុងព្រៃ ដែលសត្វព្រៃទាំងនោះត្រូវបានគេជួយសង្គ្រោះពីការជួញដូរសត្វព្រៃខុសច្បាប់។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា បន្ទាប់ពីការស្តារនីតិសម្បទានៅមជ្ឈមណ្ឌលជួយសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ភាគច្រើននៃសត្វព្រៃដែលត្រូវបានជួយសង្គ្រោះត្រូវបានដោះលែងជាបន្តបន្ទាប់ទៅក្នុងជម្រកដែលមានការការពារល្អ ដូចជាព្រៃនៃរមណីយដ្ឋានអង្គរជាដើម។
សេចក្តីប្រកាសព័ត៌មានបន្តថា ឆ្នាំមុនកត់សម្គាល់ព្រឹត្តិការណ៍សំខាន់មួយទៀត សម្រាប់គម្រោងនេះជាមួយនឹងការព្រលែងសត្វឆ្មាព្រៃ និងប្រភេទបក្សីព្រៃជាលើកទីមួយ។ សត្វកេងកងតូចមួយគូឥឡូវនេះ បានហើរនៅជុំវិញព្រៃនៃឧទ្យានអង្គរ និងមានគម្រោងព្រលែងសត្វកេងកងតូចបន្ថែមទៀត។
អាជ្ញាធរជាតិអប្សរា និងគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ បានអំពាវនាវដល់សាធារណជន ភ្ញៀវជាតិនិងអន្តរជាតិជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះ ចូលរួមថែរក្សាសត្វព្រៃទាំងនោះ ចៀសវាងពេលប្រទះឃើញមានបំណងមិនល្អ និងចៀសវាងការផ្តល់ចំណីឲ្យសត្វទាំងនោះ ដើម្បីឲ្យសត្វព្រៃទាំងអស់នោះបន្តវត្តមាននៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរនិងបង្កើនចំនួនបន្ថែមទៀត។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២ ខែឧសភានេះថា គម្រោងនេះទទួលបានជោគជ័យល្អប្រសើរទៅលើកិច្ចការងារដោះលែងសត្វព្រៃ ហើយអ្វីៗដែលបានធ្វើរួមគ្នានេះបានចូលរួមក្នុងការលើកកម្ពស់ប្រភេទសត្វព្រៃ នៅក្នុងព្រៃនៃឧទ្យានអង្គរ។
លោកថ្លែងថា៖ «យើងនៅបន្តកិច្ចសហប្រតិបត្តិការ (គម្រោងព្រលែងសត្វព្រៃ) ទៅតាមលទ្ធភាពជាក់ស្តែង ហើយទៅតាមអ្វីដែលយើងគិតថា នឹងអាចដំណើរការទៅបាន ជាពិសេសយើងត្រូវពិនិត្យមើលជារួម ថាតើសត្វព្រៃអ្វីដែលនឹងត្រូវយកមកព្រលែងបន្ថែម។ អ្វីដែលយើងនឹងត្រូវបន្តចំពោះមុខជាក់ស្តែងគឺការរៀបចំ (ព្រលែង) ទោចម្កុដហ្នឹងឯង»៕