ព្រះសីហនុ: អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS) និងមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយឧទ្យានសត្វព្រៃសិង្ហបុរី (Wildlife Reserves Singapore-WRS) នៅថ្ងៃទី ២៨ ខែមករា បានលែងអណ្តើកហ្លួង ឬអណ្តើកសរសៃចំនួន ១០ ក្បាល ដែលជិតផុតពូជឱ្យចូលក្នុងព្រែកស្រែអំបិលក្នុងឃុំចំការហ្លួង ស្រុកកំពង់សិលា ។
លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផលនៃក្រសួងកសិកម្មថ្លែងពីម្សិលមិញថា ការលែងអណ្តើកហ្លួងនេះគឺជាលទ្ធផលកិច្ចប្រឹងប្រែងរយៈពេលជិត ២ ទសវត្សរ៍ក្នុងការការពារសម្បុកអណ្តើក ការយកចិត្តទុកដាក់មើលថែទាំកូនអណ្តើកទាំងអស់នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង និងការការពារសត្វអណ្តើកនៅក្នុងសហគមន៍តាមដងព្រែកស្រែអំបិលដែលគាំទ្រដោយ WRS និងដៃគូមួយចំនួនទៀត។
លោកបន្តថា វាជាការដោះលែងអណ្តើកហ្លួងលើកទី៥ ឱ្យចូលក្នុងប្រព័ន្ធព្រែកស្រែអំបិលបន្ទាប់ពីការលែងលើកទី១ ក្នុងឆ្នាំ ២០១៥ លើកទី២ ឆ្នាំ ២០១៧ លើកទី៣ ឆ្នាំ ២០១៩ លើកទី៤ ឆ្នាំ ២០២០ និងលើកទី៥ ឆ្នាំ ២០២១ ដែលសរុបទាំង ៥ លើកមានចំនួន ៩៦ ក្បាល។ លោកបានស្នើឱ្យភាគីពាក់ព័ន្ធបន្តកិច្ចការស្តារប្រភេទអណ្តើកនេះ ព្រមទាំងក្រើនរំឭកដល់បុគ្គលមួយចំនួនដែលនៅតែបន្តជួញដូរប្រភេទសត្វនេះនឹងត្រូវទទួលទោសចំពោះមុខច្បាប់។
លោកបញ្ជាក់ថា៖ «ខ្ញុំរីករាយចំពោះការចូលរួមពីអាជ្ញាធរមូលដ្ឋាន សហគមន៍មូលដ្ឋាន ជាពិសេសអង្គការ WCS ដែលបាននិងកំពុងស្តារប្រភេទសត្វអណ្តើក ដែលកំពុងរងគ្រោះនេះឱ្យមានវត្តមានក្នុងដែនទឹកធម្មជាតិនៅតំបន់នេះឡើងវិញ»។
លោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សអណ្តើកហ្លួងនៃអង្គការ WCS ថ្លែងថា អណ្តើកហ្លួងទាំង ១០ ក្បាល (ឬហៅតាមឈ្មោះវិទ្យាសាស្ត្រថា Southern River Terrapin ដែលបានលែងនេះត្រូវបានក្រុមអភិរក្សប្រមូលយក ក្រោយពីវាបានញាស់នៅក្នុងសម្បុករបស់វា នៅតាមដងព្រែកស្រែអំបិល និងព្រែកកំពង់លើស្ថិតក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុចន្លោះពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០១៥។
បន្ទាប់មកបញ្ជូនទៅកាន់មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង ដើម្បីចិញ្ចឹមថែទាំឱ្យធំលូតលាស់ មុនពេលលែងឱ្យចូលទៅក្នុងទីជម្រកធម្មជាតិវិញ។
លោកបញ្ជាក់ថា៖ «អណ្តើកប្រភេទនេះស្ថិតក្នុងចំណោមប្រភេទអណ្តើកទឹកសាប និងអណ្តើកគោកចំនួន ២៥ ប្រភេទដែលជិតផុតពូជនៅលើពិភពលោក។ វាត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថា ជាប្រភេទសត្វជិតផុតពូជបំផុត និងត្រូវបានចាត់ទុកជាប្រភេទល្មូនតំណាងឱ្យប្រទេសកម្ពុជាដែលបានកំណត់ក្នុងព្រះរាជក្រឹត្យឆ្នាំ ២០០៥»។
បើតាមលោក សោម ស៊ីថា ដោយសារមានការនេសាទខុសច្បាប់ ការធ្វើអាជីវកម្មហួសហេតុ ការបាត់បង់ទីជម្រក និងការធ្វើអាជីវកម្មខ្សាច់នៅតាមប្រព័ន្ធព្រែកស្រែអំបិលនៅក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុបានធ្វើឱ្យប៉ះពាល់ដល់ទីជម្រក និងការបង្កកំណើតរបស់សត្វអណ្តើកប្រភេទនេះ ដែលគេរកឃើញមានវត្តមានតែនៅក្នុងប្រព័ន្ធព្រែកស្រែអំបិលស្ថិតនៅខេត្តកោះកុង និងខេត្តព្រះសីហនុប៉ុណ្ណោះ ។
លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាថ្លែងថា សហភាពអឺរ៉ុប បាននិងកំពុងផ្តល់មូលនិធិគាំទ្រគម្រោងអភិរក្សសត្វព្រៃ ដើម្បីប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់ និងការពារសម្បុកអណ្តើកហ្លួង និងកន្ធាយក្បាលកង្កែបតាមរយៈអង្គការ WCS ជាអ្នកអនុវត្តគម្រោង សហការជាមួយរដ្ឋបាលជលផល និងសហគមន៍មូលដ្ឋាន។ «យើងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរមូលដ្ឋាន និងអង្គការ WCS ដែលបានខិតខំប្រឹងប្រែងរួមគ្នាការពារ និងអភិរក្សអណ្តើកហ្លួង ហើយវាបានឆ្លុះបញ្ចាំងអំពីសារៈសំខាន់នៃការការពារធនធានជីវចម្រុះដ៏សម្បូរបែបរបស់កម្ពុជា»។
លោក Sonja Luz នាយកឧទ្យានសត្វព្រៃសិង្ហបុរី (Wildlife Reserves Singapore-WRS) ថ្លែងថានេះគឺជាលទ្ធផលពីកិច្ចខិតខំប្រឹងប្រែងរួមរវាងរដ្ឋបាលជលផល និងមជ្ឈដ្ឋានពាក់ព័ន្ធដែលបានប្រឹងប្រែងធ្វើការរួមគ្នាក្នុងគោលបំណងជួយសង្គ្រោះប្រភេទសត្វអណ្តើកនេះកុំឱ្យវិនាសផុតពូជ។
លោកបន្តថា៖ «វាជាការលើកទឹកចិត្តដ៏ធំមួយសម្រាប់ពួកយើង ដោយឃើញគម្រោងនេះសម្រេចបានលទ្ធផលល្អចាប់តាំងពីឆ្នាំ ២០១៥ រហូតមកដល់ពេលនេះ ជាក់ស្តែងអណ្តើកហ្លួងជិត ១០០ ក្បាល ត្រូវបានលែងចូលទៅក្នុងទីជម្រកធម្មជាតិវិញ»៕