ភ្នំពេញៈ លោក ជាម ចន្នី អតីតតំណាងរាស្រ្ត អតីតគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តកំពង់ចាម បានទទួលមរណភាពហើយ នៅរសៀល ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៨ នៅគេហដ្ឋានរបស់លោក ក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយជំងឺ ដុំសាច់ក្នុងខួរក្បាល។ នេះបើតាម លោក មុត ចន្ថា នាយកខុទ្ទកាល័យអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានផ្សព្វផ្សាយតាមរយៈទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៥ ខែតុលា។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រ អតីតគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់ភ្នំពេញបុស្ដិ៍ម្សិលមិញថា តាមការផ្សព្វផ្សាយសាររំលែកទុក្ខរបស់លោក មុត ចន្ថា មរណភាព របស់លោក ជាម ចន្នី គឺជាព័ត៌មានពិតហើយ។
លោកបញ្ជាក់ថា៖«ឯកឧត្ដម ជាម ចន្នី មានជន្នាយុ ៥៨ ចូល ៥៩ ឆ្នាំហើយ នេះបើតាមខ្ញុំចាំ។ គាត់មានជំងឺដុំសាច់ ក្នុងខួរក្បាល ហើយគាត់ធ្លាប់ទៅវះកាត់នៅប្រទេសថៃ ពីរដងរួចមកហើយ»។
លោក ច័ន្ទរ័ត្ន បានឲ្យដឹងថា ជំងឺដុំសាច់ក្នុងខួរក្បាលរបស់លោក ចន្នី រហូតឈានទៅវះកាត់ដល់ប្រទេសថៃនេះ គឺជាជំងឺដូចជាជំងឺមហារីកដែរ។
លោកបានបញ្ជាក់ថា៖«មួយរយៈក្រោយនេះ គាត់ត្អូញថា ឈឺក្នុងពោះ ពេលទៅពិនិត្យមើល ដុំសាច់នេះ បានរាលដាលទៅដុះដល់ក្នុងពោះវៀនថែមទៀត ហើយថា នឹងទៅវះកាត់ពោះវៀនថែមទៀត តែឥឡូវមិនទាន់បានទៅវះផង»។
បើតាមលោក ច័ន្ទរ័ត្ន លោក ជាម ចន្នី ជាតំណាងរាស្ត្រ អតីតគណបក្សសង្គ្រោះជាតិម្នាក់ ដែលបានលះបង់កម្លាំងកាយចិត្ដ យ៉ាងសកម្មនៅក្នុងមូលដ្ឋាន និងជាតំណាងរាស្រ្ដម្នាក់ ហ៊ានថា ហ៊ាននិយាយ ហ៊ានធ្វើកិច្ចការងារជាច្រើនក្នុងតួនាទីជាតំណាងរាស្រ្ដនេះ។
លោកឲ្យដឹងថា៖«លោក(ចន្នី)មានប្រជាប្រិយភាពជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន និងសកម្មជនគាំទ្រ បានចូលចិត្ដ និងគាំទ្រគាត់ច្រើន។ លោកក៏ធ្លាប់ជាប់ពន្ធនាគារម្ដងផងដែរ កាលពីអាណត្ដិទី ២ ដែលលោកចូលរួមក្នុងគណបក្សជាតិខ្មែរ»។
លោក មុត ចន្ថា បានសរសេរសាររំលែកទុក្ខនៅលើហ្វេសប៊ុករបស់លោកដោយអមជាមួយរូបថតរបស់លោកជាម ចន្នីជាច្រើនសន្លឹកថា លោកពិតជាមានសេចក្ដីក្ដុកក្ដួល និងរន្ធត់ណាស់ ដោយទទួលដំណឹងថា លោក ជាម ចន្នី តំណាងរាស្រ្ដ នៃអតីតគណបក្សសង្គ្រោះជាតិ មណ្ឌលកំពង់ចាម បានទទួលមរណភាពនៅថ្ងៃ ព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ ២០១៨ នេះ។
លោកសរសេរបន្តថា៖«យើងពិតជាមានការសោកស្ដាយ និងអាឡោះអាល័យបំផុត ចំពោះការបាត់បង់នូវ ឯកឧត្ដម ជាម ចន្នី ដែលជាអ្នកស្នេហាជាតិ មាតុភូមិ ដែលស្ទើរតែពេញមួយជិវិតរបស់ ឯកឧត្ដម បានពលិកម្មយ៉ាងធំធេង ដើម្បីបុព្វហេតុរំដោះជាតិមាតុភូមិ ពីការឈ្លានពានរបស់បរទេស និងបុព្វហេតុលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិ សេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ»។
បើតាមការបញ្ជាក់ របស់លោក មុត ចន្ថា ក្នុងបុព្វហេតុលទ្ធិប្រជាធិបតេយ្យ លោកចន្នី បានប្រឈមនឹងការគំរាមកំហែង គ្រប់បែបយ៉ាង និងត្រូវបានចាប់ឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេលជាច្រើនឆ្នាំ ពាក់ព័ន្ធនឹងបទចោទប្រកាន់ដ៏ចម្រូងចម្រាសរបស់រដ្ឋាភិបាលរឿងរៀបចំកងទ័ពនៅក្នុងរដ្ឋាភិបាលស្រមោល។
លោក ចន្នា បន្ដថា៖«ទោះជាយ៉ាងនេះក្ដី លោកពុំបានរាថយឡើយ ព្រោះលោកមានបំណងប្រាថ្នា ឱ្យប្រជាពលរដ្ឋខ្មែរមានសិទ្ធិ សេរីភាពពេញបរិបូរណ៍ យុត្ដិធម៌ និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ ការបាត់បង់ ឯកឧត្ដម ជាម ចន្នី គឺជាការបាត់បង់ធនធានមនុស្ស និងជាអ្នកស្នេហាជាតិប្រកបដោយឧត្ដមគតិម្នាក់»។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាកម្ពុជា បានថ្លែងថា ចំពោះតំណាងរាស្រ្ដដែលចេញពីតំណែងហើយបែបនេះ តាមច្បាប់ ស្ថាប័នរដ្ឋសភា មិនមានកាតព្វកិច្ច ដើម្បីរៀបចំពិធីបុណ្យអ្វីសម្រាប់គាត់ទៀតនោះទេ។
លោកបន្ដថា៖«ប៉ុន្ដែបើមានតំណាងរាស្រ្ដ ឬក៏មានបងប្អូនណា គាត់ចង់អញ្ជើញទៅចូលរួមបុណ្យសព ក៏យើងមិនថា អ្វីដែរ។ ប៉ុន្ដែតាមច្បាប់ យើងអត់មានត្រូវទៅពាក់ព័ន្ធជាមួយតំណាងរាស្រ្ដ ដែលចេញពីតំណែងហើយទេ»។
លោកបញ្ជាក់ថា៖«តាមដែលធ្លាប់រាប់អានគ្នា ធ្លាប់ស្គាល់ រាក់ទាក់ ជាមួយនឹងគ្នាចឹង យើងអាចនឹងទៅគោរពវិញ្ញាណក្ខន្ធ តាមមនោសញ្ចេតនាដែរ។ តែបើតាមច្បាប់ យើង (រដ្ឋសភា) មិនមានកំណត់ឲ្យធ្វើបុណ្យធ្វើទានអ្វីទេ ចំពោះអ្នកតំណាងរាស្រ្ដដែលចេញពីតំណែងហើយ»៕