ភ្នំពេញៈ អតីតមន្ត្រីនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនម្នាក់ត្រូវបានចាប់បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញ ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន និងជាប់បណ្ដឹងពីបទប្លន់យកប្រាក់ជាង ៣ ពាន់ដុល្លារសហរដ្ឋអាមេរិក។
លោក ជាវ វិបុល អនុប្រធាននៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានប្រាប់ឲ្យដឹងកាលពីម្សិលមិញថា អតីតមន្ត្រីប្រឆាំងគ្រឿងញៀនម្នាក់នោះឈ្មោះ ភិន រតនៈ អាយុ ៣៧ ឆ្នាំត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ៦ មករា ឆ្នាំ ២០២០ ក្រោយពីអង្គភាពសាមីចាប់ខ្លួនបាន ១ ថ្ងៃ។
លោក វិបុល ថ្លែងប្រាប់ថា៖ «ពាក់ព័ន្ធបទល្មើសខាងមន្ទីរប្រឆាំងគ្រឿងញៀនឃាត់គាត់ហើយគេប្រគល់ឲ្យខ្ញុំឥឡូវសមត្ថកិច្ចខ្ញុំបញ្ជូនគាត់បន្តទៅតុលាការហើយ»។
លោក វ៉ាន់ កុសល នាយករងនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានប្រាប់ឲ្យដឹងកាលពីថ្ងៃទី ៦ មករា ថាជនសង្ស័យនោះជាមន្ត្រីបម្រើការនៅក្នុងអង្គភាពគ្រឿងញៀនពិតមែន ប៉ុន្តែដោយសារជនម្នាក់នេះបានប្រព្រឹត្តខុសវិន័យរបស់អង្គភាព និងមានកំហុសឆ្គងច្រើនលើកច្រើនសាផងនោះក៏ត្រូវអង្គភាពសម្រេចបណ្តេញចេញពីការងារ ដូច្នេះជនរូបនេះមិនមែនជាមន្ត្រីរបស់មន្ទីរប្រឆាំងគ្រឿងញៀនទៀតឡើយ។
លោក កុសល បានអះអាងថាឈ្មោះ ភិន រតនៈ ជាប់ពាក់ព័ន្ធនឹងបទល្មើសប្រើប្រាស់គ្រឿងញៀន និងពាក់ព័ន្ធសំណុំរឿងករណីគំរាមប្លន់ប្រជាពលរដ្ឋម្នាក់។ ប៉ុន្តែបទល្មើសនេះលោកមិនអាចទៅជ្រៀតជ្រែកសមត្ថកិច្ចព្រហ្មទណ្ឌបានទេ ហើយបើតាមចម្លើយរបស់ជនម្នាក់នេះគឺថាគេធ្លាប់ប្រើប្រាស់គ្រឿងញៀន ពិតប្រាកដមែន។ ជនម្នាក់នេះត្រូវបានអង្គភាពបណ្តេញចេញជិត ១ ឆ្នាំមកហើយ។
លោក កុសល ថ្លែងថា៖ «មូលហេតុដែលអង្គភាពបញ្ឈប់គាត់ដោយសារគាត់ប្រព្រឹត្តខុសវិន័យច្រើនមិនគោរពតាមការចាត់តាំងពីអង្គភាព។ អ៊ីចឹងថ្នាក់លើបញ្ឈប់គាត់។ រឿងជក់គ្រឿងញៀនអីនោះ ខ្ញុំបានឲ្យមន្ត្រីខ្ញុំសួរគាត់ ហើយធ្វើតេស្តទៅឃើញមានផ្ទុកសារធាតុញៀនពិតមែន តែបទល្មើសផ្សេងខ្ញុំក្ដាប់មិនបានទេ»។
បើយោងតាមពាក្យបណ្តឹងគឺជនរងគ្រោះឈ្មោះ អ៊ុំ រិទ្ធី អាយុ ៣៦ ឆ្នាំបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់សំរោងក្រោមនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៩។ ពាក្យបណ្ដឹងនោះបានឲ្យដឹងថាកាលពីថ្ងៃទី ១៧ ធ្នូ ឆ្នាំ ២០១៩ គាត់កំពុងតែដេកលើគ្រែ មុខផ្ទះ ក្នុងភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ជនឈ្មោះ ភិន រតនៈ ចុះពីលើឡាន ១ គ្រឿងដៃកាន់អាវុធខ្លី បាញ់គំរាមឡើងលើ ១ គ្រាប់រួចកូនចៅរបស់ឈ្មោះ ភិន រតនៈ មកលូកយកលុយក្នុងហោប៉ៅរបស់គាត់អស់ ៣២០០ ដុល្លារ និងលុយខ្មែរចំនួន ២៨០០០០ រៀលរួមទាំងទូរស័ព្ទដៃម៉ាកសាំសុង ១ គ្រឿងដែលមានលេខស៊ីម ០៩៦ ៥៥៥ ៧៤ ៩៩ ហើយបានជិះរថយន្តទៅបាត់៕