កណ្ដាល: អំពូលភ្លើងប្រើសូឡាចំនួន ១ ពាន់គ្រឿង ត្រូវបានអភិបាលខេត្តកណ្តាលប្រកាសផ្ដល់ជូនរដ្ឋបាលនៅក្រុងតាខ្មៅ សម្រាប់បំពាក់បំភ្លឺផ្លូវសំខាន់ៗដើម្បីបម្រើប្រយោជន៍រួមទាំងពង្រឹងយន្តការសុវត្ថិភាព និងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ខណៈលោកគ្រោងប្រគល់អំពូលបន្ថែមទៀតទៅឱ្យរដ្ឋបាលស្រុកនានាក្នុងខេត្តនេះ។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានថ្លែងពីម្សិលមិញថា ការផ្តល់អំពូលប្រើសូឡា ១ ពាន់គ្រឿង រួមទាំងបង្គោលអំពូលឱ្យរដ្ឋបាលក្រុងតាខ្មៅនេះគឺសម្រាប់បំពាក់បំភ្លឺផ្លូវសំខាន់ៗដើម្បីបម្រើប្រយោជន៍សាធារណៈក៏ដូចជា ពង្រឹងយន្តការសុវត្ថិភាព និងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងដែរ។
លោកបន្តថា អំពូលប្រើសូឡាទាំង ១ ពាន់គ្រឿងនេះ គឺរដ្ឋបាលខេត្តកណ្ដាលបានទទួលពីសប្បុរសជននានា និងប្រើថវិការដ្ឋបាលខេត្តខ្លះ ដើម្បីទិញមកប្រើប្រាស់។ ក្រៅពីក្រុងតាខ្មៅ រដ្ឋបាលខេត្តនឹងប្រគល់ជូនទៅរដ្ឋបាលស្រុកផ្សេងៗក្នុងខេត្តកណ្ដាលទាំងមូលផងដែរ ដើម្បីឱ្យអាជ្ញាធរបំពាក់នៅតាមផ្លូវថ្នល់សំខាន់ៗក្នុងមូលដ្ឋាន។
លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ថា៖ «ប្រសិនបើមានអំពូលភ្លឺគ្រប់គ្រាន់ហើយ គឺយើងនៅគិតគូរដាក់កាមេរ៉ាសុវត្ថិភាពបន្ថែមទៀតដើម្បីឱ្យកាន់តែមានសុវត្ថិភាព។ លើសពីនេះយើងគិតគូរដល់សមត្ថកិច្ចអាជ្ញាធរដែលគាត់ដើរយាមកាមពេលយប់ បើយើងមានអំពូលបំភ្លឺគ្រប់គ្រាន់ហើយយើងមានកាមេរ៉ាសុវត្ថិភាពទៀតគឺអ្នកដែលប្រព្រឹត្តបទល្មើសនានានឹងមិនអាចគេចរួចពីច្បាប់យើងបានទេ»។
លោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅបានថ្លែងពីម្សិលមិញថា លោកបានទទួលអំពូលប្រើសូឡាពីរដ្ឋបាលខេត្តកណ្ដាលមួយចំនួនហើយ ដោយមន្ត្រីជំនាញកំពុងរៀបចំបំពាក់តាមទីប្រជុំជន អាទិភាពមុន។ ប្រសិននៅសេសសល់អំពូលច្រើន មន្ត្រីនឹងបំពាក់តាមផ្លូវលំដែលមិនទាន់មានភ្លើងបំភ្លឺគ្រប់គ្រាន់។
លោកបន្តថា បច្ចុប្បន្នក្រុងតាខ្មៅមានអំពូលស្រាប់ហើយ ប៉ុន្ដែនៅកន្លែងខ្លះមិនសូវភ្លឺច្បាស់ល្អ ទើបរដ្ឋបាលខេត្តបានប្រគល់ជូនបន្ថែមទៀតដើម្បីបំពាក់នៅទីតាំងខ្វះខាតទាំងនេះ។ លោកថា៖ «កន្លងមកយើងមានអំពូលច្រើនតែអំពូលកន្លែងខ្លះមិនសូវភ្លឺច្បាស់ កន្លែងខ្លះអំពូលខូច អ៊ីចឹងយើងយកវាទៅដោះដូរដាក់ថ្មី»។
លោក ហេង សេងឡាយ អាយុ ២៥ ឆ្នាំ ជាពលរដ្ឋរស់នៅក្រុងតាខ្មៅបាននិយាយពីម្សិលមិញថា លោកបានឃើញអាជ្ញាធរចុះពិនិត្យមើលអំពូល និងបង្គោលភ្លើងអមតាមដងផ្លូវដែរ ប៉ុន្ដែលោកមិនទាន់ដឹងមន្ត្រីជំនាញយកអំពូលថ្មីមកដាក់នៅពេលណាទេ។ ប៉ុន្តែលោកសង្ឃឹមថា អាជ្ញាធរនឹងដាក់អំពូលថ្មីឆាប់ៗនេះ ព្រោះតំបន់ដែលលោកកំពុងរស់នៅមានកន្លែងខ្លះងងឹតនៅឡើយ។
លោកបញ្ជាក់ថា៖ «ខ្ញុំមានការសប្បាយរីករាយ នៅពេលដែលបានឮដំណឹងថាអាជ្ញាធរដាក់អំពូលភ្លើងបំភ្លឺពេលយប់ ព្រោះតំបន់ដែលខ្ញុំរស់នៅនេះ គឺកន្លែងខ្លះមានអំពូល ហើយកន្លែងខ្លះទៀតនៅងងឹត។ អ៊ីចឹងបើអាជ្ញាធរគាត់ដាក់ភ្លើងមក បានបំភ្លឺផ្លូវពេលយប់ ព្រោះពលរដ្ឋយើងខ្លះគាត់ធ្វើការងារចេញមកផ្ទះនៅពេលយប់ៗអី គឺបានភ្លើងភ្លឺតាមផ្លូវ»៕