ព្រះសីហនុៈ អភិបាលខេត្តព្រះសីហនុលោក យន្ត មីន បានព្រមានចាត់វិធានការទៅលើអ្នកដែលតែងតែធ្វើសកម្មភាពមិនល្អនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះដែលការព្រមាននេះបានធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបញ្ជាឲ្យអភិបាលខេត្តនេះត្រូវស្ដារមុខមាត់ខេត្ដទេសចរណ៍ជាប់មាត់សមុទ្រមួយនេះឡើងវិញនាឱកាសបុណ្យសមុទ្រនៅកោះកុងកាលពីថ្ងៃសៅរ៍។
លោក យន្ដ មីន បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃអាទិត្យថា៖ «ខេត្ដលែងយល់មុខយល់មាត់អីទៀតហើយ ខេត្ដត្រូវតែខិតខំប្រឹងប្រែងអនុវត្ដនូវប្រសាសន៍របស់សម្ដេចដូចដែលបានលើកឡើងលើកមុខលើកមាត់ និងសណ្ដាប់ធ្នាប់ខេត្ដ»។
លោកបន្ដថា៖ «ខ្ញុំសង្ឃឹមថាបងប្អូនដែលមានសកម្មភាពមិនល្អនៅក្នុងខេត្ដខ្ញុំសង្ឃឹមថា នឹងដកថយទៅ កុំឲ្យពិបាកដល់ខេត្ដទាន់។ សូមដកថយទៅ ព្រោះអីនេះជាវិធានការរួមរបស់រដ្ឋាភិបាលខេត្ដត្រូវតែធ្វើហើយ ទោះបីយ៉ាងម៉េចក៏ខេត្ដត្រូវតែធ្វើដែរ អត់អាចទុកឲ្យអ៊ីចឹងបានទេ។ សូមដកថយទៅកុំឲ្យមានការប្រទាំងប្រទើសគ្នា»។
លោក ឱ សារឿន អ្នកនាំពាក្យសាលាខេត្ដព្រះសីហនុបានថ្លែងកាលពីម្សិលមិញថាក្រុមការងារអាជ្ញាធរខេត្ដកំពុងតែខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាផ្សេងៗដែលកំពុងកើតឡើងនៅក្នុងខេត្ដនេះ។
លោកបន្ដថា៖ «យើងបានប្រឹងប្រែងហើយ មានតាំងពីក្រុមការងារប្រព័ន្ធអូរអាងស្ដុកទឹក ប្រព្រឹត្តកម្ម ក្រុមការងារសុរិយោដី ខាងធនធានទឹកខាងសាធារណការ និងក្រុមការងារពាក់ព័ន្ធបានចុះទៅកំណត់ព្រំដី កំណត់ព្រំអូរឲ្យបានច្បាស់លាស់ តាមបច្ចេកទេសដើម្បីឲ្យដឹងថា កន្លែងណារំលោភចូលបឹង រំលោភចូលអូរ ដើម្បីវាស់ឲ្យដឹងតាមប្លង់របស់សុរិយោដី និងការរំលោភចូលដីរដ្ឋពីម្ចាស់ដី រួចធ្វើរបាយការណ៍ទៅថ្នាក់ដឹកនាំខេត្ដក្នុងការចាត់វិធានការតាមផ្លូវច្បាប់»។
លោក សារឿន បានលើកឡើងថានៅពេលនេះអាជ្ញាធរខេត្ដព្រះសីហនុកំពុងសហការជាមួយនឹងក្រសួងពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហាដែលកើតមាន ពិសេសចំពោះបញ្ហានៅតាមតំបន់ឆ្នេរ។
លោកបញ្ជាក់ថា៖ «ជាការងារជាក់ស្ដែងនៅក្នុងព្រះសីហនុយើងនេះឯកឧត្ដម អភិបាលខេត្ដលោកបានបញ្ជាឲ្យអនុវត្ដចំពោះក្រុមការងារតាមស្រុក និងក្រុងព្រះសីហនុនេះឲ្យអនុវត្ដវិធានការចំពោះអ្នកដែលបានធ្វើសកម្មភាពហួសនឹងច្បាប់អនុញ្ញាត និងកំណត់ដូចជាកន្លងមកមានករណីធ្វើកំពង់ផែ និងចាក់ដីចូលសមុទ្រជាដើម យើងបានចុះទៅហាមឃាត់ និងឲ្យម្ចាស់សំណង់ត្រូវបំពេញបែបបទឲ្យបានត្រឹមត្រូវតាមច្បាប់ជាមុនសិនមុននឹងធ្វើអ្វីមួយនោះ»។
លោក សារឿន បន្ថែមថា៖ «បើអ្នកវិនិយោគទាំងអស់មុននឹងអភិវឌ្ឍមកសុំច្បាប់ត្រឹមត្រូវចំពោះការអភិវឌ្ឍ និងទទួលបានការអនុញ្ញាតពីអាជ្ញាធរខេត្ដ និងរដ្ឋាភិបាលឲ្យអភិវឌ្ឍគឺមិនខុសឆ្គងអ្វីទេ ព្រោះតំបន់ឆ្នេរខ្លះក៏ត្រូវការការអភិវឌ្ឍដែរដូចជាការធ្វើផែអូប៊័រតូចៗ ដើម្បីទទួលភ្ញៀវទេសចរនោះក៏មិនខុសអីដែរ កុំឲ្យតែគាត់ទៅចាក់លុបឆ្នេរដែលគេងូតទឹកកម្សាន្ដ»។
លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) បានលើកឡើងថា បន្ទាប់ពីមានបញ្ជាពីប្រមុខរាជរដ្ឋាភិបាលបែបនេះអាជ្ញាធរខេត្ដព្រះសីហនុគួរតែអនុវត្ដឡើងវិញ ចំពោះទីតាំងដែលគេរំលោភយកមានការចាក់ដីលុបឆ្នេរសមុទ្រជាដើមត្រូវតែអនុវត្ដវិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ឡើងវិញទាំងអស់។
«អ៊ីចឹងកន្លែងដែលចាក់រំលោភច្បាប់កន្លងមកដូចជាចំណុច ពយកំពេញ ចំណុចឆ្នេរព្រែកត្រែង ចំណុចឃុំទំនប់រលក ស្ថិតក្នុងស្រុកស្ទឹងហាវ ជាដើមដែលសុទ្ធតែជាកន្លែងចាក់ដី និងធ្វើសំណង់រំលោភចូលឆ្នេរដោយអត់មានច្បាប់អនុញ្ញាតពីរាជរដ្ឋាភិបាលនោះអាជ្ញាធរខេត្ដគួរតែមានវិធានការឡើងវិញ»។
លោកថា ក្នុងនាមលោកជាក្រុមការងារសង្គមស៊ីវិល គឺមានបំណងចង់ចូលរួមផ្តល់ជាមតិយោបល់ ដើម្បីជួយពន្លឿនការអនុវត្ដការងារនេះ ដើម្បីចាត់វិធានការទៅលើបុគ្គលដែលរំលោភបំពានទៅតាមផ្លូវច្បាប់៕