ព្រះសីហនុៈ អភិបាលខេត្ដព្រះសីហនុលោក យន្ដ មីន បានបង្ហាញការគាំទ្រការអភិវឌ្ឍកំពង់ផែ អ៊ូទូក ក្នុងភូមិ ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ដោយលោកយល់ថាជាទីតាំងផែសំខាន់មួយសម្រាប់ចតទូកនេសាទ ខណៈមន្ត្រីអង្គការមួយក៏គាំទ្រដែរ ប៉ុន្តែឲ្យចៀសវាងប៉ះពាល់សម្បត្តិសាធារណៈក្នុងពេលការសម្រេចត្រូវឆ្លងកាត់ផ្នែកពាក់ព័ន្ធផ្សេងទៀត។
ថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញលោក យន្ដ មីន បានលើកឡើងថា ក្រោយពីលោកទទួលរបាយការណ៍ពីមន្ត្រីដែលចុះដល់ទីនោះកាលពីថ្ងៃសៅរ៍គឺខេត្តមានការគាំទ្រដល់ការអភិវឌ្ឍដោយសារមើលឃើញពីសារៈសំខាន់នៃការចតទូក។
លោកថា៖ «កន្លែងអ៊ូទូកហ្នឹងជាគោលការណ៍គឺខេត្ដយើងគាំទ្រគេអភិវឌ្ឍ... ព្រោះអីមានទូកយើងរាប់ពាន់គ្រឿងដែលត្រូវការអ៊ូទូក ប៉ុន្តែរឿងបញ្ហាបច្ចេកទេសថាត្រូវធ្វើយ៉ាងម៉េចនោះគឺកំពុងរៀបចំប្លង់មកសុំច្បាប់»។
ទាក់ទងនឹងការលើកឡើងកន្លងមកដែលថា ការអភិវឌ្ឍកំពង់ផែអ៊ូទូកនេះមិនមានច្បាប់នោះលោក យន្ដ មីន បានអះអាងថា ខេត្តបានទទួលការស្នើសុំរួចហើយ តែមិនទាន់មានការសម្រេចទេ ខណៈត្រូវឆ្លងកាត់ពីខាងបច្ចេកទេស និងពីថ្នាក់ដឹកនាំ។
លោកបានបញ្ជាក់ថា៖ «យើងទទួលបានការស្នើសុំហើយ ប៉ុន្ដែការអនុញ្ញាតមិនទាន់មានទេ ព្រោះមិនទាន់មានការគាំទ្រពីថ្នាក់លើនៅឡើយ ព្រោះអីរឿងឆ្នេរសមុទ្រនេះគឺជារឿងរសើបណាស់ត្រូវមានការយល់ព្រមពីគណៈកម្មការអភិវឌ្ឍន៍ឆ្នេរក្នុងការគាំទ្រទើបអាចធ្វើបាន...ការធ្វើរបៀបម៉េចៗ អាហ្នឹងខាងបច្ចេកទេសទាល់តែអ្នកបច្ចេកទេសគេពិនិត្យមើលសិន។ ខាងបច្ចេកទេសនេះមានន័យថា ខាងខេត្ដ និងខាងក្រសួងពិភាក្សាគ្នាថាធ្វើយ៉ាងម៉េចកុំឲ្យការអភិវឌ្ឍនោះប៉ះពាល់ដល់បរិស្ថានធ្វើម៉េចកុំឲ្យប៉ះពាល់ប្រយោជន៍សាធារណៈជាដើម...»។
កាលពីថ្ងៃសៅរ៍ទី ៥ ខែមករាអាជ្ញាធរស្រុកស្ទឹងហាវ និងខេត្ដបានចុះទៅហាមឃាត់គ្រឿងចក្រ បន្ទាប់ពីមានព័ត៌មានថា មានករណីចាក់ដីរំលោភឆ្នេរគ្មានការអនុញ្ញាតត្រឹមត្រូវ។
លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវដែលបានចូលរួមចុះត្រួតពិនិត្យដែរនោះបានឲ្យដឹងកាលពីម្សិលមិញថាសមត្ថកិច្ចបានឲ្យផ្អាកចាក់ដីនៅទីតាំងអ៊ូទូកបណ្ដោះអាសន្ន រង់ចាំការអនុញ្ញាតពីថ្នាក់ខេត្ដ។
លោកថា៖ «យើងឲ្យគាត់ផ្អាកសិន ចាំច្បាប់សម្រេចសិន ឥឡូវយើងឃាត់យកគ្រឿងចក្រយកមកទុកនៅសាលាស្រុកសិន ចាំការសម្រេចពីខេត្ដអីយ៉ាងម៉េច ចាំបន្ដទៀត [ការធ្វើផែអ៊ូទូក]។ យើងគាំទ្រឲ្យមានការអភិវឌ្ឍ ប៉ុន្ដែពីមុនមកស្មានតែគាត់ជួសជុលតិចតួចអី មិនដឹងថាគាត់ចង់ធ្វើបែបស្ដង់ដារបែបនេះដល់តែស្ដង់ដារត្រូវការស្នើសុំច្បាប់ឲ្យបានត្រឹមត្រូវ...»។
លោក គឹម ហាក់ មេភូមិ ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ និងជាតំណាងសហគមន៍ពលរដ្ឋនៅឃុំបានថ្លែងពីម្សិលមិញថា ចំណុចអ៊ូទូកនេះទើបតែផ្លាស់ប្ដូរម្ចាស់ថ្មីដោយគេមានគម្រោងពង្រីកផែឲ្យធំជាងមុន។
លោកថា៖ «អ៊ូទូកនេះកន្លងមកអាចចត និងឡើងគោកបានតែទូកតូចៗទេ ហើយទូកធំៗរត់ទៅឡើងនៅប្រទេសថៃ... ដល់ក្រោយមកមានថៅកែមួយគាត់ចង់វិនិយោគអ៊ូទូកហ្នឹង។ ចំណែកពលរដ្ឋនៅស្រុកស្ទឹងហាវមួយចំនួនពេញចិត្ដ ព្រោះពួកគាត់ជាប្រជានេសាទសមុទ្រពេលឡើងអ៊ូទូកទៅប្រទេសថៃអីហ្នឹងពួកគាត់ត្រូវចំណាយពេលច្រើន»។
ស្រដៀងគ្នានេះដែរលោក ស៊ុន សុផាត តំណាងសហគមន៍ដីធ្លីក្នុងខេត្ដព្រះសីហនុក៏បានសាទរការអភិវឌ្ឍនេះដែរដោយលោកថាផ្ដល់ផលប្រយោជន៍ដល់សាធារណជន ប៉ុន្ដែលោកថាត្រូវឲ្យស្របច្បាប់ និងសុំអាជ្ញាធរខេត្ដអនុវត្ដវិធានការច្បាប់ឲ្យតឹងរ៉ឹងចំពោះជនល្មើស។
លោកថា៖ «ខ្ញុំសុំស្នើឲ្យអាជ្ញាធរខេត្ដព្រះសីហនុអនុវត្ដតាមផ្លូវច្បាប់ រឹតបន្ដឹងចំពោះជនដែលអភិវឌ្ឍដោយមិនគោរពច្បាប់ ដើម្បីធ្វើជាគំរូចំពោះអ្នកដែលអភិវឌ្ឍផ្សេងៗទៀត»។
លោកបន្ថែមថា៖ «នៅប្រទេសណាក៏មានការអភិវឌ្ឍដូចនៅតំបន់អ៊ូទូកបែបនេះដែរ ព្រោះអ៊ូទូកនេះវាគឺជាផែមួយដែលបង្កភាពងាយស្រួលដល់ប្រជាជននេសាទចតទូក និងជួសជុលទូករបស់ពួកគាត់...ជាដើម»។
លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) ដែលតែងតាមដានករណីរំលោភដីឆ្នេរ និងដីនៅតំបន់ខេត្តជាប់សមុទ្រកាលពីម្សិលមិញក៏បានគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍ទីតាំងអ៊ូទូកដែរ ប៉ុន្ដែលោកថាមិនត្រូវធ្វើឲ្យមានផលប៉ះពាល់ដល់ទ្រព្យសម្បត្ដិសាធារណៈទេ ពោលគឺត្រូវអភិវឌ្ឍនៅតែចំណុចជាកម្មសិទ្ធិរបស់ខ្លួនបានហើយ។
លោកថា៖ «...ការអភិវឌ្ឍអ៊ូទូកនេះមិនមែនជាក្រុមហ៊ុនវិនិយោគដែលឆ្លងកាត់រដ្ឋាភិបាលនោះទេនេះជារឿងបុគ្គលឯកជនទេ។ អ៊ីចឹងមិនអាចធ្វើឲ្យប៉ះពាល់ទ្រព្យសម្បត្ដិសាធារណៈរបស់រដ្ឋទេ ជាពិសេសយើងមានច្បាប់មានឯកសារពាក់ព័ន្ធ និងការគ្រប់គ្រងទ្រព្យសម្បត្ដិសាធារណៈនេះ»។
យ៉ាងណាក្ដីលោក សុខុម បានរិះគន់ចំពោះករណីមិនបានមានវិធានការតឹងរ៉ឹងចំពោះបុគ្គលដែលរំលោភឆ្នេរកន្លងមក ថ្វីបើប្រមុខរាជរដ្ឋាភិបាលបានប្រកាសមិនឲ្យមានការអភិវឌ្ឍណាដែលមានការប៉ះពាល់ដល់ទ្រព្យសម្បត្ដិសាធារណៈក្ដី។
លោកថា៖ «ដូច្នេះខ្ញុំសំណូមពរដល់ភាគីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមានវិធានការផ្លូវច្បាប់ទៅលើបុគ្គល [អ្នករំលោភឆ្នេរ] ឲ្យបានតឹងរ៉ឹងបំផុតមិនត្រូវបណ្ដោយឲ្យធ្វើសកម្មភាពគឃ្លើន ល្មើសច្បាប់ដដែលៗទៀតទេ»។
គួរបញ្ជាក់ថាករណីចាក់ដីលុបឆ្នេរធ្វើផែអ៊ូទូកនៅឃុំទំនប់រលក ស្រុកស្ទឹងហាវនេះ កាលពីដំបូងឡើយម្ចាស់អ៊ូទូកបានសុំច្បាប់ទៅអាជ្ញាធរស្រុកត្រឹមជួសជុលប៉ុណ្ណោះ ប៉ុន្ដែបែរជាចាក់ដីរំលោភចូលឆ្នេរក្នុងជម្រៅទឹកសមុទ្រជាង ៣ ម៉ែត្រ ទទឹង ៥០ ម៉ែត្រ និងបណ្ដោយជាង ៦០ ម៉ែត្រហើយកាលពីសប្ដាហ៍មុនបានបន្ដចាក់ដីលុបរហូតមានទំហំរាប់រយម៉ែត្រទើបអាជ្ញាធរបានចុះទៅហាមឃាត់ដើម្បីឲ្យម្ចាស់ទីតាំងអ៊ូទូកសុំការអនុញ្ញាតច្បាប់សាជាថ្មីឡើងវិញ។ នេះបើតាមលោកអភិបាលស្រុកស្ទឹងហាវ៕