ត្បូងឃ្មុំ: អាជ្ញាធរស្រុកតំបែរកាលពីម្សិលម្ង៉ៃបានចុះទប់ស្កាត់ដោយជោគជ័យនូវសកម្មភាពឈ្មួញលួចចាក់ដីរំលោភយកដីមាត់ស្ទឹង នៅភូមិជាចធំ ឃុំចុងជាច ស្រុកតំបែរ បន្ទាប់ពីពលរដ្ឋបានដាក់ពាក្យបណ្ដឹងចោទអាជ្ញាធរឃុំថា ឃុបឃិតគ្នាជាមួយឈ្មួញលួចចាក់ដី និងលក់ដីមាត់ស្ទឹងសាធារណៈ។
លោក សុខ សារិទ្ធ អភិបាលស្រុកតំបែរបានបញ្ជាក់ថាបន្ទាប់ពីទទួលបានបណ្ដឹងពីពលរដ្ឋលោកបានដឹកនាំមន្ត្រីចុះទៅបញ្ឈប់សកម្មភាពបន្ទាន់ ខណៈក្រុមឈ្មួញទើបបានចាក់ដីលុបមាត់ស្ទឹងប្រមាណជិត ១០ ម៉ែត្រដោយមិនបានជូនដំណឹងដល់អាជ្ញាធរ។
លោកបន្តថាស្ទឹងមួយនេះស្ថិតនៅជិតភូមិជាចធំ ដោយពលរដ្ឋបានអះអាងថា កន្លងមកបានជួយរំដោះទឹកភ្លៀងមិនឲ្យជន់លិចភូមិ ហើយពលរដ្ឋក៏បានអាស្រ័យផលរួមគ្នាដែរ ដោយមិនមានអ្នកណាហ៊ានរំលោភយកទេ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំបានទៅបញ្ឈប់សកម្មភាពនេះហើយ ដោយតម្រូវឲ្យគាត់ធ្វើកិច្ចសន្យា និងលិខិតព្រមានព្រោះពេលចាក់ដីហ្នឹង គាត់អត់បានជូនដំណឹង ឬសុំច្បាប់មកខ្ញុំទេ ប៉ុន្ដែគាត់បែរជាទៅប្រាប់អាជ្ញាធរឃុំថាគាត់បានសុំច្បាប់ពីខ្ញុំរួចហើយ។ ដូច្នេះអាជ្ញាធរឃុំគាត់អត់ហ៊ានចាត់វិធានការទើបពលរដ្ឋមិនសុខចិត្តក៏បានដាក់ពាក្យបណ្ដឹងមកខ្ញុំ»។
លោក ហេង ថុល តំណាងពលរដ្ឋរស់នៅភូមិជាចធំបានលើកឡើងថា ដីស្ទឹងនេះជាទ្រព្យសម្បត្តិសាធារណៈដែលពលរដ្ឋអាស្រ័យផលរួមគ្នាជាយូរឆ្នាំមកហើយ ដោយមានប្រវែងជិត ២ គីឡូម៉ែត្រ។ បើស្ទឹងនេះត្រូវបានគេចាក់ដីលុបនោះនៅរដូវខែវស្សានឹងមានទឹកលិចភូមិដោយបង្កការលំបាកដល់អ្នកភូមិ។
លោកថា៖ «ហេតុផលទាំងនេះពួកខ្ញុំសូមឲ្យលោកអភិបាលស្រុកមេត្តាជួយទប់ស្កាត់ និងបញ្ឈប់ជាបន្ទាន់ កុំឲ្យមានការចាក់ដីលុបមាត់ស្ទឹងបន្តទៀត ដើម្បីសម្រួលដល់ការរស់នៅរបស់ពលរដ្ឋក្នុងភូមិជាចធំទាំងអស់គ្នា»។
លោក កាំង វ៉ាន់ឌី មេឃុំចុងជាចដែលរងការចោទប្រកាន់មិនអាចទាក់ទងសុំការបញ្ជាក់ជុំវិញការចោទប្រកាន់របស់ពលរដ្ឋក្នុងភូមិជាចធំនេះបានទេ កាលពីម្សិលមិញ៕