ព្រៃវែងៈ អាជ្ញាធរស្រុកបាភ្នំបានប្រកាសហាមប្រជាពលរដ្ឋមិនឱ្យចូលទៅកាន់តំបន់អភិរក្សបឹងស្នេហ៍ទួលពាន់តាឡី ក្រោយពីបានរកឃើញមេរោគគ្រុនផ្ដាសាយបក្សីប្រភេទ H5N1 នៅលើសត្វស្លាបដែលបានងាប់ជាច្រើនក្បាលនៅក្នុងតំបន់នោះ។
លោក ទេព ភារុន អភិបាលស្រុកបាភ្នំបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា មិនមានការជម្លៀសអ្នកភូមិនោះទេ គ្រាន់តែហាមពួកគាត់ចូលទៅក្នុងតំបន់ដែលមានការផ្ទុះជំងឺផ្ដាសាយបក្សីនោះប៉ុណ្ណោះ។
លោក ភារុន ថ្លែងថា៖ «យើងគ្មានផែនការជម្លៀសអ្នកភូមិនោះទេ តែសូមឱ្យពួកគាត់មានការប្រុងប្រយ័ត្ន និងសម្អាតអនាម័យបរិស្ថានជុំវិញផ្ទះ ព្រមទាំងហាមមិនឱ្យពួកគាត់នាំភ្ញៀវចូលទៅទស្សនាសត្វស្លាបក្នុងតំបន់ដែលកំពុងផ្ទុះជំងឺផ្ដាសាយបក្សី និងមិនត្រូវព្រលែងសត្វឱ្យដើររកស៊ីចំណីតាមដងព្រៃជាប់តំបន់កំពុងផ្ទុះជំងឺផ្ដាសាយបក្សីនោះ»។
បម្រាមនេះបានធ្វើឡើងក្រោយពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជូនដំណឹងទៅលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានដោយបានអះអាង យោងតាមលទ្ធផលពិសោធន៍លើសំណាកសពសត្វចង្កៀលខ្យងចំនួន ៥ ក្បាល ដែលមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបាននាំមកពីតំបន់អភិរក្សបឹងស្នេហ៍ទួលពាន់តាឡីក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែងនោះ គឺ «មានវត្តមានវីរុសគ្រុនផ្ដាសាយបក្សីដែលបង្កឡើងដោយវីរុសក្នុងអនុក្រុម A|H5N1»។
លោក វេង សាខុន ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងសត្វដោយត្រូវចាត់វិធានការបន្ទាន់មួយចំនួន ដូចជាបំផ្លាញចោលចំពោះបក្សីដែលសង្ស័យមានជំងឺ សាកសពបក្សី និងផលិតផលបក្សីក្នុងតំបន់ផ្ទុះជំងឺតាមវិធានបច្ចេកទេសបសុពេទ្យ និងត្រូវផ្អាកជាបណ្តោះអាសន្នលើការចូល ចេញ ឬឆ្លងកាត់ក្នុងរង្វង់កាំប្រវែង ៣ (បី) គីឡូម៉ែត្រពីចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺ និងដាក់តំបន់នេះជាតំបន់ត្រួតពិនិត្យ និងតាមដាន សិក្សាស្រាវជ្រាវប្រភពជំងឺផ្ដាសាយបក្សីក្នុងរយៈពេល ៣០ ថ្ងៃ និងត្រួតពិនិត្យមើលចលនាបក្សីជាប្រចាំក្នុងរង្វង់ដែលមានកាំប្រវែង ១០ គីឡូម៉ែត្រពីចំណុចផ្ចិតតនៃតំបន់ផ្ទុះជំងឺ និងត្រូវរាយការណ៍ពីកន្លែងបក្សីងាប់ដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ដើម្បីអនុវត្តវិធានបច្ចេកទេសបសុពេទ្យ។
ជាមួយគ្នានោះ រដ្ឋបាលខេត្តព្រៃវែង ក៏បានចេញសេចក្ដីជូនដំណឹងយ៉ាងបន្ទាន់ផងដែរ ដោយបានហាមឃាត់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ការរើសសត្វដែលងាប់យកទៅធ្វើម្ហូបអាហារ ដែលនាំឱ្យមានការឆ្លងជំងឺផ្ដាសាយបក្សី H5N1 នេះពីសត្វស្លាបព្រៃទៅសត្វស្លាបស្រុក និងដែលអាចបង្កគ្រោះថ្នាក់ផ្សេងៗទៀតដល់សុខភាពមនុស្ស ។
កាលពីព្រឹកថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២១ ប្រជាសហគមន៍ និងមន្ត្រីជំនាញបានប្រមូល និងដុតចោលសពសត្វចំនួន ១៣៥ ក្បាលថែមទៀត ដែលធ្វើឱ្យចំនួនសត្វស្លាបដែលងាប់នៅក្នុងតំបន់អភិរក្សសត្វស្លាបបឹងស្នេហ៍ទួលពាន់តាឡីកើនឡើងជិតពាន់ក្បាល បើគិតចាប់ពីថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២១។ នេះបើតាមការអះអាងរបស់លោក ពុទ្ធ បូ ប្រធានសហគមន៍អភិរក្សបឹងស្នេហ៍ទួលពាន់តាឡី កាលពីម្សិលមិញ។
លោក ពុទ្ធ បូ បានថ្លែងថា៖ «នៅពេលនេះ អ្នកភូមិយើងខ្ញុំមានការភ័យព្រួយជាខ្លាំង បន្ទាប់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសពីលទ្ធផលពិសោធន៍សំណាកសត្វដែលងាប់នៅក្នុងតំបន់នេះថា មានវត្តមានមេរោគគ្រុនផ្ដាសាយបក្សី H5N1»។
លោក ពុទ្ធ បូ បានថ្លែងបន្តថា យោងតាមគោលការណ៍ណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អ្នកភូមិរបស់គាត់ទាំងអស់អាចនឹងប្រឈមការជម្លៀសចេញជាបណ្ដោះអាសន្នពីតំបន់ដែលមានផ្ទុះជំងឺផ្ដាសាយបក្សី H5N1 នេះរយៈពេល ៣០ ថ្ងៃ ព្រោះភូមិដែលពួកគាត់កំពុងរស់នៅមានចម្ងាយប្រមាណត្រឹមតែជាង ១ គីឡូម៉ែត្រ ពីតំបន់អភិរក្សសត្វស្លាបបឹងស្នេហ៍ទួលពាន់តាឡីប៉ុណ្ណោះ៕
វីដេអូ៖