
អភិបាលរងខេត្តកំពង់ឆ្នាំងលោក ស៊ុន សុវណ្ណារិទ្ធ ថ្លែងក្នុងសន្និសីទកាសែតកាលពីម្សិលមិញ។ រូប ហ៊ាន រង្សី
កំពង់ឆ្នាំងៈ អភិបាលរងខេត្តកំពង់ឆ្នាំងលោក ស៊ុន សុវណ្ណារិទ្ធ បញ្ជាក់ជាថ្មីថា ដី ៤០ ហិកតា ដែលអាជ្ញាធរខេត្តនេះរៀបចំឲ្យជនជាតិវៀតណាម រុះរើពីផ្ទះទឹកឡើងមករស់នៅលើគោកគឺជាដីរបស់ជនជាតិខ្មែរឯកជន មិនមែនជាការកាត់ដីឲ្យពួកគេនោះទេ ប៉ុន្តែអន្តោប្រវេសន៍វៀតណាមអាចជួលស្នាក់នៅ តែមិនមានសិទ្ធិកាន់កាប់ដីទាំងនោះជាកម្មសិទ្ធិឡើយ។
លោកថ្លែងបែបនេះនៅក្នុងសន្និសីទកាសែតស្តីពីផែនការបំផ្លាស់ទីប្រជាពលរដ្ឋវៀតណាម ខ្មែរ និងខ្មែរ-អ៊ិស្លាមរស់នៅលើផ្ទះបណ្តែតទឹកឲ្យឡើងរស់នៅលើផ្ទៃដី ៤០ ហិកតាពីម្សិលមិញនៅទីស្តីការគណៈរដ្ឋមន្ត្រី។ សន្និសីទនេះមានគោលបំណងពន្យល់បកស្រាយអំពីចម្ងល់របស់សាធារណជនពាក់ព័ន្ធនឹងការបំផ្លាស់ទីប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្តែតទឹកក្នុងភូមិសាស្ត្រឃុំ-សង្កាត់ចំនួន ៩ ដែលបានរស់នៅលើផ្ទៃទឹកទន្លេសាបឲ្យឡើងមករស់នៅលើគោកវិញតាមការរៀបចំរបស់អាជ្ញាធរមូលដ្ឋានក្នុងខេត្តកំពង់ឆ្នាំង។
អភិបាលរងខេត្តរូបនេះប្រាប់អ្នកសារព័ត៌មានថា ដី ៤០ ហិកតា ដែលអាជ្ញាធរខេត្តកំពង់ឆ្នាំងបានរៀបចំឲ្យជនជាតិវៀតណាមរុះរើផ្ទះទឹកឡើងមករស់នៅលើគោក គឺជាដីអនុប្បយោគ។ ជាដីរបស់ឯកជនដែលមានម្ចាស់ឈ្មោះ រស់ ចំរើន ហើយជនជាតិវៀតណាមដែលជាជនអន្តោប្រវេសន៍ស្របច្បាប់ទាំងនោះជួលស្នាក់នៅ។ ប៉ុន្តែមិនមានសិទ្ធិកាន់កាប់ដីទាំងនោះជាកម្មសិទ្ធិឡើយ។
លោកបន្ថែមថា ប្រជាជនខ្មែរ និងខ្មែរ-អ៊ិស្លាមដែលស្ម័គ្រចិត្តរើផ្ទះបណ្តែតទឹក ទៅរស់នៅលើគោកនោះគឺមានសិទ្ធិទទួលបានដីនោះក្នុង ១ គ្រួសារ ៥ ម៉ែត្រ គុណ ២០ ម៉ែត្រ។ រីឯជនជាតិវៀតណាមមិនមានសិទ្ធិទទួលបានដីជាកម្មសិទ្ធិនោះទេ។ គឺជនជាតិវៀតណាមត្រូវជួលដីនោះស្នាក់នៅពីម្ចាស់ដីឈ្មោះ រស់ ចំរើន។
លោកបញ្ជាក់ថា៖ «ម្ចាស់ដី ៤០ ហិកតាឈ្មោះ គាត់ រស់ ចំរើន គាត់គឺជាជនជាតិខ្មែរ។ វាគឺជាការព្រមព្រៀងគ្នារវាងម្ចាស់ដី និង អ្នកជួល ហើយតម្លៃប៉ុន្មាន វាអាស្រ័យទៅលើផ្ទះតូច ផ្ទះធំ។ រស់ ចំរើន គាត់ជាជនជាតិខ្មែរមានអត្តសញ្ញាណប័ណ្ណជាខ្មែរត្រឹមត្រូវពិតប្រាកដ។ គ្មានអាជ្ញាធរណាចេញលុយឲ្យ (ជនជាតិវៀតណាទេ)។ សម្រាប់បងប្អូនវៀតណាមដូចខ្ញុំបញ្ជាក់អ៊ីចឹងគឺអត់មានទេ (សិទ្ធិកាន់កាប់) ដោយសារពួកគាត់ជាជនអន្តោប្រវេសន៍។ នៅពេលគាត់រស់នៅលើទឹក គាត់ជាអន្តោប្រវេសន៍ ពេលនៅលើគោក គាត់ក៏នៅតែអន្តោប្រវេសន៍ដែរ»។
លោក សុវណ្ណារិទ្ធ បន្ថែមថា ក្រោយពេលបំផ្លាស់ទីតាំងជនជាតិវៀតណាម ខ្មែរ និងខ្មែរ-អ៊ិស្លាមចេញពីក្នុងទឹក ឡើងមកដល់គោករួចហើយ អាជ្ញាធរខេត្តកំពង់ឆ្នាំងនឹងប្រែក្លាយតំបន់នោះជាតំបន់ទេសចរណ៍ដោយរៀបចំឲ្យមានបែចិញ្ចឹមត្រី និងបង្កងតាមបច្ចេកទេសអឺរ៉ុប។
របាយការណ៍របស់រដ្ឋបាលខេត្តកំពង់ឆ្នាំងដែលត្រូវបានផ្សព្វផ្សាយក្នុងសន្និសីទកាសែតឲ្យដឹងថា ដីនៅតំបន់នោះជាដីរបស់ពលរដ្ឋ ហើយពលរដ្ឋបានលក់ទៅឲ្យក្រុមហ៊ុនឯកជន។ របាយការណ៍បន្តថារដ្ឋបាលខេត្តទទួលបានផ្លូវសាធារណៈ ដីសម្រាប់សាងសង់សាលារៀន និងដីសម្រាប់សាងសង់មណ្ឌលសុខភាពជាដើម។ ឯក្រុមហ៊ុនឯកជនទទួលបានប្រាក់ចំណេញស្របច្បាប់ ចំណែកពលរដ្ឋដែលត្រូវបំផ្លាស់ទីពីដងទន្លេទៅរស់នៅក្នុងតំបន់នោះ អាចទិញ ឬជួលដីក្នុងតម្លៃសមរម្យ។
របាយការណ៍បញ្ជាក់ថា៖ «ចំពោះប្រជាពលរដ្ឋខ្មែរ និងប្រជាពលរដ្ឋខ្មែរ-អ៊ិស្លាម អាជ្ញាធរខេត្តបានរៀបចំឲ្យពួកគាត់ទាំងអស់ឡើងទៅទីតាំងទីលំនៅតាមភូមិ និងឃុំរបស់ពួកគាត់ដោយគ្រាន់តែចល័តពីក្នុងទន្លេឡើងទៅលើគោក។ អាជ្ញាធររៀបចំផ្លូវ ភ្លើង ទឹកស្អាត សាលារៀន មណ្ឌលសុខភាពជូនពួកគាត់តាមការជាក់ស្តែង។ ដោយឡែកអន្តោប្រវេសន៍វៀតណាមវិញ បើពួកគាត់ជាអន្តោប្រវេសន៍ស្របច្បាប់អាចរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាជនអន្តោប្រវេសន៍ រាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តត្រូវតែគិតគូរផ្តល់លទ្ធភាពដល់ការរស់នៅគ្រប់បែបយ៉ាងស្របតាមច្បាប់អន្តោប្រវេសន៍កម្ពុជា និងច្បាប់អន្តជាតិ»។
តាមរបាយការណ៍ ខេត្តកំពង់ឆ្នាំង អ្នករស់នៅផ្ទះបណ្តែតទឹកលើដងទន្លេសាប សរុបទាំងអស់មាន ៤៥៦៣ គ្រួសារ ក្នុងនោះមានទាំងខ្មែរ ខ្មែរ-អ៊ិស្លាម និង វៀតណាម។ របាយការណ៍បង្ហាញថាពលរដ្ឋខ្មែរមាន ២ ០១០ គ្រួសារស្មើនឹង ៩ ១៦៨ នាក់ ខ្មែរ-អ៊ិស្លាមមាន ៧៣ គ្រួសារ ស្មើនឹង ២៤២ នាក់។ ឯវៀតណាមមានដល់ទៅ ២ ៤៨០ គ្រួសារស្មើនឹង ១០៣១១ នាក់។
ជាមួយគ្នានេះលោក សុវណ្ណារិទ្ធ ថ្លែងថា ទោះបីជនអន្តោប្រវេសន៍វៀតណាមទាំងនោះមិនមែនជាជនជាតិខ្មែរ តែពួកគេក៏ត្រូវបានការពារដោយច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្ស។ កម្ពុជាជាប្រទេសសមាជិកនៃអង្គការសហប្រជាជាតិត្រូវតែចូលរួមអនុវត្តច្បាប់នានាស្តីពីបញ្ហាសិទ្ធិមនុស្សដែលមានចែងក្នុងច្បាប់អន្តរជាតិផងដែរ។
របាយការណ៍ខេត្តកំពង់ឆ្នាំងលើកហេតុផលថា ការបំផ្លាស់ទីដើម្បីរៀបចំការរស់នៅរបស់ពលរដ្ឋឲ្យមាននិរន្តរភាពស្របតាមច្បាប់ភូមិបាលដើម្បីថែរក្សាបរិស្ថានទន្លេសាប ធនធានធម្មជាតិ និងជីវចម្រុះដើម្បីពង្រឹងការថែរក្សាសន្តិសុខ និងសុវត្ថិភាពសាធារណៈ និងដើម្បីចូលរួមទប់ស្កាត់បទល្មើសបំផ្លាញធនធានធម្មជាតិ ជាពិសេសធនធានជលផល។
លោក សំ ច័ន្ទគា មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស (អាដហុក) ខេត្តកំពង់ឆ្នាំងស្វាគមន៍ការបំផ្លាស់ទីនេះ។
លោកថា៖ «យើងអត់ដែលដឹងថាដីនេះជារបស់អ្នកណាឲ្យច្បាស់ទេ។ យើងមិនបានតាមដាន ច្បាស់លាស់ពីករណីដីខាងលើ។ យើងមិនដឹងថា តើរឿងជួលហ្នឹង វារបៀបណាផងដែរ»៕