ភ្នំពេញៈ សហរដ្ឋអាមេរិកបានសន្យាជួយបណ្តុះបណ្តាលដល់កងកម្លាំងមួកខៀវកម្ពុជា និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង ២ ឲ្យកាន់តែល្អប្រសើរ ខណៈដែលឯកអគ្គរដ្ឋទូតអាមេរិកថ្មី លោក Patrick Murphy បានជួបពិភាក្សាជាមួយនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទជាអ្វីដែលអ្នកវិភាគមើលឃើញថា ជាការចាប់ផ្ដើមធ្វើឲ្យទំនាក់ទំនងបានប្រសើរឡើងវិញ។
នៅក្នុងជំនួបជាមួយលោក PatrickMurphy នៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទកាលពីថ្ងៃទី ៣ ធ្នូ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានសំណូមពរឲ្យភាគីសហរដ្ឋ-អាមេរិកជួយបណ្តុះបណ្តាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទក្នុងនោះមានការពង្រឹងកិច្ចប្រតិបត្តិការនៃកម្លាំងកងទ័ពមួកខៀវកម្ពុជាដែលត្រូវទៅបំពេញបេសកកម្មការងារមនុស្សធម៌ក្រោមឆត្រអង្គការសហប្រជាជាតិ។
ជាមួយគ្នានេះលោក វង្ស ពិសេន ក៏បានបញ្ជាក់នៅលើហ្វេសប៊ុករបស់អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកាលពីថ្ងៃអង្គារដែរថា៖ «បន្តសហការល្អជាមួយសហរដ្ឋអាមេរិកតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចក៏ដូចជាកិច្ចសហការបន្តរុករកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួននៅកម្ពុជា»។
ជាការឆ្លើយតបលោក Patrick Murphy បានយល់ស្របតាមការលើកឡើងរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើររវាងប្រទេសទាំង ២។
ដោយឡែកលើវិស័យយោធាសហរដ្ឋអាមេរិកសន្យាថានឹងគាំទ្រដល់ការជួយបណ្តុះបណ្តាលកងកម្លាំងមួកខៀវកម្ពុជា និងផ្នែកជាច្រើនទៀតនៃវិស័យយោធានាពេលខាងមុខ។ នេះបើតាមហ្វេសប៊ុកដដែល។
បើតាមហ្វេសប៊ុកខាងលើថាលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកក៏បានលើកឡើងផងដែរនូវព័ត៌មានដែលថា កម្ពុជាបានអនុញ្ញាតឲ្យមានមូលដ្ឋានយោធាចិននៅលើទឹកដីរបស់ខ្លួន តែឯកអគ្គរដ្ឋទូតបានចាត់ទុកព័ត៌មាននោះថា ជាការមិនពិតដែលចង់ធ្វើឲ្យបាត់បង់ស្ថិរភាព បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានបដិសេធជាច្រើនដង និងបានអនុញ្ញាតឲ្យអ្នកសារព័ត៌មានជាតិ អន្តរជាតិជាច្រើនចុះទៅពិនិត្យដល់កន្លែងដែលសង្ស័យនោះ។
ដោយឡែកនៅក្នុងហ្វេសប៊ុកស្ថានទូតសហរដ្ឋអាមេរិកដែលផ្សព្វផ្សាយកាលពីថ្ងៃពុធម្សិលមិញបានឲ្យដឹងថា ភាគីទាំង ២ បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកដូចជា ការរុករកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួន បេសកកម្មថែរក្សា-សន្តិភាព និងសកម្មភាពបោសសម្អាតគ្រាប់មីនជាដើម។
លោកឯកអគ្គរដ្ឋទូត Murphy បានបញ្ជាក់នៅក្នុងហ្វេសប៊ុកនោះថា៖ «បានពិភាក្សាពីភាពជឿនលឿនចាំបាច់សម្រាប់ពង្រីកកិច្ចសហការផ្នែកសន្តិសុខដែលរួមមាន ការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ និងការពារអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជាពីការតាំងមូលដ្ឋានយោធាបរទេស»។
ទាក់ទងនឹងបញ្ហានេះលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ជាថ្មីតាមហ្វេសប៊ុកថា រដ្ឋធម្មនុញ្ញកម្ពុជាមិនមានមាត្រាណាមួយអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់កម្ពុជាទេ ហើយក៏មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសនោះដែរ លើកលែងតែក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។
អ្នកនាំពាក្យអគ្គបញ្ជាការកងទ័ពលោក ថោង សូលីម៉ូ បានបញ្ជាក់បន្ថែមពីម្សិលមិញថា ក្រៅពីជួយបណ្តុះបណ្តាលកងកម្លាំងមួកខៀវកម្ពុជា អាមេរិកក៏នឹងជួយដល់ផ្នែកផ្សេងៗទៀតលើវិស័យយោធាកម្ពុជាផងដែរ ដែលលោកថាជាការបង្ហាញពីទំនាក់ទំនងកំពុងប្រសើរឡើង។
លោកថា៖ «ពីមុនទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកមានការស្រុតចុះ ប៉ុន្ដែចាប់ពីអាណត្តិរបស់លោក [Murphy] ទំនាក់ទំនងមានភាពល្អប្រសើរឡើងវិញហើយអ្វីដែលបានលេចចេញជាផ្លែផ្កា និងមានពន្លឺស្រស់ថ្លាឡើងវិញគឺតាមរយៈលិខិតរបស់លោកប្រធានាធិបតី ដូណាល់ត្រាំ ដែលបានផ្ញើជូនសម្តេចដែលបានបញ្ជាក់ពីការគោរពអធិបតេយ្យ និងមិនលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា»។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយបានថ្លែងពីម្សិលមិញថា ការសន្យាជួយដល់កម្លាំងមួកខៀវកម្ពុជារបស់អាមេរិកនឹងជួយឲ្យទំនាក់ទំនងរវាងប្រទេសទាំង ២ បានល្អប្រសើរឡើងវិញ។
លោកបានបញ្ជាក់ថា៖ «វាគឺជាការចាប់ផ្តើមដ៏ល្អនៃប្រក្រតីភាពឡើងវិញនៃទំនាក់ទំនងរវាងអាមេរិក និងកម្ពុជា។ សហរដ្ឋអាមេរិកអាចបន្តទំនាក់ទំនងជាមួយកងយោធពលខេមរភូមិន្ទសាជាថ្មីម្តងទៀតដែលវាមានសារៈសំខាន់ចំពោះភូមិសាស្ត្រនយោបាយរបស់ខ្លួន។ ដោយឡែកកម្ពុជាវិញអាចបន្ថយក្តីបារម្ភរបស់សហរដ្ឋអាមេរិកចំពោះការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ និងការចាប់យកប្រទេសចិនរបស់កម្ពុជា»។
អ្នកស្រី Emily Zeeberg អ្នកនាំពាក្យស្ថានទូតអាមេរិកនៅកម្ពុជាបានបញ្ជាក់តាម Email កាលពីម្សិលមិញដោយបដិសេធផ្តល់ព័ត៌មានលម្អិតជុំវិញជំនួបរវាងលោក Patrick Murphy និងលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន៕