ភ្នំពេញ៖ ​ប្រធាន​សមាគម​វារីវប្បករ​នៅ​កម្ពុជា និង​អ្នក​ចិញ្ចឹម​ត្រី​បានស្នើ​​សុំឱ្យ​ក្រសួង​ពាក់ព័ន្ធ​ជួយ​រក​ដំណោះស្រាយ​បញ្ហា​កកស្ទះ​ត្រី​ចិញ្ចឹម​ដែល​នៅ​សល់​ប្រមាណ​ជាង ២ ម៉ឺន​តោន នៅ​ក្នុង​ឆមាស​ទី១ ឆ្នាំ ២០២១ នេះ ដោយសារ​តែ​មាន​ការ​នាំ​ចូល​ត្រី​ក្នុង​ចំនួន​ច្រើន​ពី​ក្រៅ​ប្រទេស។

លោក សុខ រ៉ាដែន ប្រធាន​សមាគម​វារីវប្បករ​នៅ​កម្ពុជា​ថ្លែង​ថា សមាគម​របស់​លោក​មាន​សមាជិក ២៧០ គ្រួសារ ហើយ​ពួក​គេ​កំពុង​ត្អូញត្អែរ​ថា ត្រី​កកស្ទះ​នៅ​សល់​ពេញ​ក្នុង​ស្រះ​ប្រមាណ​ជាង ២ ម៉ឺន​តោន ដោយសារ​តែ​គ្មាន​ឈ្មួញ​ចុះ​ទៅ​ទិញ ដែល​បញ្ហា​នេះ​អាច​បណ្តាល​មក​ពី​ការនាំ​ត្រី​ចូល​ពី​ក្រៅ​ប្រទេស​មាន​ចំនួន​ច្រើន។

លោក​ថ្លែង​ថា៖ «មូលហេតុ​ធំ​ដែល​ត្រី​លក់​មិន​ដាច់ ​គឺ​អ្នក​ដែល​ជា​​ឈ្មួញ​ធំៗ គាត់​អត់​មក​ទិញ ហើយ​ឈ្មួញ​កណ្តាល ក៏​គាត់​អត់​មក​ចុះ​ចាប់​ដែរ គាត់​ទៅ​យក​តែ​ត្រី​នាំចូល​ស្រេចៗ​ពី​ប្រទេស​ជិត​ខាង ខុស​ពី​រាល់ដង ដែល​យើង​មាន​ឈ្មួញ​តូចៗ ដែល​គេ​ហៅ​ថា ​ឈ្មួញ​ក្នុង​ស្រុក​ដើរ​ចាប់​ត្រី​តាម​ស្រះ» សមាគម​វារីវប្បករ​នៅ​កម្ពុជា ស្នើសុំ​យ៉ាង​ទទូច​ដល់​រដ្ឋាភិបាល​ក៏​ដូចជា​ក្រសួង​ពាក់ព័ន្ធ​សូម​ចាត់​វិធានការ​​ជា​បន្ទាន់ ដើម្បី​ដោះស្រាយ​ទៅ​លើ​បញ្ហា​ត្រី​ដែល​កកស្ទះ​នៅ​ក្នុង​ស្រះ ព្រោះ​បើ​មិន​ចាប់​ទាន់​ពេល​វេលា​ទេ វា​ធ្វើ​ឱ្យ​ខូច​គុណភាព ហើយ​ត្រី​នឹង​អាច​ស្គម ប៉ុន្តែ​បើ​នៅ​បន្ត​រក្សា​ត្រី​ទៀត ត្រី​វា​អាច​ធំ​លើស​ទម្ងន់ ប្រឈម​ការ​ចំណាយ​ច្រើន​ដល់​វារីវប្បករ​ថែម​ទៀត​ផង។

មួយ​វិញ​ទៀត រដូវកាល​នេះ ជា​រដូវ​កាល​រាំង​ស្ងួត ដែល​ធ្វើ​ឱ្យ​តំបន់​មួយ​ចំនួន​អាច​ខ្វះ​ទឹក​ដែល​ត្រី​អាច​ងាប់​នាំ​ឱ្យ​​មាន​ការ​ខាត​បង់​កាន់​តែ​ច្រើន។ ក្នុង​ន័យនេះ ប្រសិន​បើ​គ្មាន​អន្តរាគមន៍​ទាន់​ពេលវេលា​ទេ វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់ និង​អាច​ធ្វើ​ឱ្យ​វារីវប្បករ​បាក់​ទឹក​ចិត្ត ហើយ​អាច​ឈាន​ទៅ​ដល់​ការ​លែង​ចិញ្ចឹម​ត្រី​ក្នុង​ស្រុក​ផង​ដែរ។ នេះ​បើ​តាម​លោក ​សុខ រ៉ាដែន។

លោក​បញ្ជាក់​ថា៖ «ស្នើសុំ​ឱ្យ​ខាង​រដ្ឋាភិបាល​ក៏​ដូចជា​ក្រសួង​ពាក់ព័ន្ធ​លោក​ជួយ ជួយ​របៀប​ម៉េច? គឺ​មិន​ចាំបាច់​ផ្អាក​ការ​នាំចូល​ទេ សុំ​តែ​ធ្វើ​ម៉េច​ឱ្យ​ឈ្មួញ​មក​ជួយ​ទិញ​តាម​ស្រះ​យើង​សិន ហើយ​យក​ទៅ​ចែក​ចាយ​លក់​នៅ​ក្នុង​ស្រុក​ទៅ មាន​ន័យ​ថា សម្រួល​ការ​ផលិត​ក្នុង​ស្រុក​ឱ្យ​លក់​បាន​សិន​ចាំ​នាំចូល​បន្ថែម»។

យ៉ាងណា​ក៏​ដោយ​លោក រ៉ាដែន បញ្ជាក់​ថា កាល​ពី​ថ្ងៃទី ១៦ ខែមីនា លោក​បាន​ប្រជុំ​បន្ទាន់​ជាមួយ​លោក ផាន់ ផល្លា រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក កៅ ថាច ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​ធនាគារ ARDB ដើម្បី​ពិភាក្សា​ដោះស្រាយ​បញ្ហា​កកស្ទះ​ត្រី​ក្នុង​ស្រះ។ «ឥឡូវ​នេះ​តាម​ខ្ញុំ​ដឹង​ក្រសួង​កំពុង​រក​ធាតុ​ចូល​បន្ថែម​ទៀត មុន​ដាក់​ចេញ​ជា​ដំណោះស្រាយ ហើយ​ប្រហែល​ជា​នៅ​សប្តាហ៍​ក្រោយ​គេ​អាច​នឹង​ប្រជុំ​ដោះស្រាយ​បញ្ហា​នេះហើយ»។

ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ម្នាក់ នៅ​ភូមិ​សង្កើប ឃុំ​សំបូរ ស្រុក​បាធាយ ខេត្ត​កំពង់ចាម ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​ក្នុង​លក្ខណៈ​មិន​បញ្ចេញ​ឈ្មោះ​កាល​ពី​ម្សិលមិញ​ថា កសិដ្ឋាន​របស់​លោក​សល់​ត្រី​ប្រមាណ ១ ០០០ តោន ដែល​មាន​ត្រីពោ និង​ត្រី​ឆ្តោ។

លោក​បញ្ជាក់​ថា៖​ «អត់​មាន​ម៉ូយ​មក​ចាប់​មក​អី​ហ្មង ដល់​អ៊ីចឹង​ទៅ​វា​ពិបាក​មិន​ដឹង​ត្រូវ​ធ្វើ​ម៉េច។ មក​ដល់​ម៉ោង​នេះ​អត់​ទាន់​មាន​ឃើញ​ដំណោះស្រាយ​អី​ពី​ខាង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ហើយ​ត្រី​នៅ​តែ​មាន​ការ​នាំចូល​យ៉ាង​គំហុក​ដដែល ដល់​អ៊ីចឹង​វា​សម្លាប់​ទីផ្សារ​ក្នុង​ស្រុក មិនមែន​មាន​តែ​កន្លែង​ខ្ញុំ​ទេ ដែល​សល់​ត្រី​កន្លែង​ផ្សេងៗ​ក៏​ដូចគ្នា​ដែរ​គ្រប់កន្លែង​ទាំង​អស់»។

លោក​សំណូមពរ​ឱ្យ​រដ្ឋាភិបាល​ជួយ​កម្រិត​ការ​នាំចូល​ត្រី ដើម្បី​ឱ្យ​អ្នក​ចិញ្ចឹម​ត្រី​ក្នុង​ស្រុក​អាច​បន្ត​ការ​ចិញ្ចឹម ​និង​ធ្វើ​អាជីវកម្ម​បាន។ ជាមួយ​គ្នា​នេះ លោក​ក៏​ស្នើ​សុំឱ្យ​ក្រសួង​ពាក់ព័ន្ធ​ធ្វើ​ការ​ត្រួត​ពិនិត្យ​សាច់​ត្រី ដែល​នាំ​ចូល​មក​ផង​ព្រោះ​គុណភាព​ត្រី​នាំចូល​មិនល្អ​លក់​ថោក​ជាង​ត្រី​ពលរដ្ឋ​ចិញ្ចឹម​ក្នុង​ស្រុក។ ក្នុង​នោះ​លោក​ក៏​សំណូមពរ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ជួយ​រក​ទីផ្សារ​សម្រាប់​វារីវប្បករ​ទាំង​អស់​នៅ​កម្ពុជា។

ចំណែក លោក ស៊ី ម៉ៅ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ត្រី​នៅ​ខណ្ឌ​ព្រែកព្នៅ​បាន​ថ្លែង​ថា ត្រី​សល់​ហើយ​លក់​មិន​ចេញ​អាច​បណ្តាល​មក​ពី​បញ្ហា​កូវីដ ១៩ ផង​ និង​ដោយសារ​ការ​នាំចូល​ត្រី​ច្រើន​ពី​ក្រៅ​ប្រទេស​ផង។

លោក​ថ្លែងថា ក្នុង​កសិដ្ឋាន​របស់​លោក​សល់​ត្រី​ទាំងអស់​ប្រមាណ​ជាង ១០០ តោន ដែល​មាន​ត្រី​ឡាបយ៉ា ត្រី​ឆ្តោ​ និង​ត្រីប្រា។ លោក​បន្តថា៖ «ការនាំ​ចូល​ពី​ប្រទេស​ជិត​ខាង​មាន​ចំនួន​ច្រើន ដូចជា​ត្រី​ប្រា​អីហ្នឹង គេ​គិត​នាំចេញ​ទៅ​ប្រទេស​ផ្សេង ដល់​ពេល​នាំ​ទៅ​មិន​បាន គេ​បែរ​ជា​រុញ​មក​ស្រុក​ខ្មែរ​ងាប់​តែ​អ្នក​ចិញ្ចឹម​ត្រី​នៅ​ស្រុក​ខ្មែរ​លក់​មិន​ចេញ»។

នៅ​ពេល​សាកសួរ​ពី​បញ្ហា​គ្មាន​ទីផ្សារ​លក់​ត្រី រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេង សាខុន បាន​ថ្លែង​ថា ករណី​នេះ​គួរ​សួរ​ទៅ​កាន់​ក្រសួង​ដែល​ទទួល​បន្ទុក​ផលិត​ចំណី និង​ទីផ្សារ។ ចំណែក​លោក មាស សុខសេនសាន អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បញ្ជាក់​យ៉ាង​ខ្លី​ថា ករណី​នេះ​លោក​សូម​សាកសួរ​ទៅ​ខាង​អគ្គនាយកដ្ឋាន​គយ​សិន៕

វីដេអូ៖