បន្ទាយមានជ័យ: អ្នកចិញ្ចឹមទា ១៩ គ្រួសារ នៅក្រុងសេរីសោភ័ណបានត្អូញត្អែរពីតម្លៃពងទាធ្លាក់ថ្លៃខ្លាំង ហើយបានអំពាវនាវឱ្យមន្ត្រីពាក់ព័ន្ធអន្តរាគមន៍ជួយទប់ស្កាត់ការនាំចូលពងទាពីក្រៅប្រទេស ប៉ុន្ដែមន្ត្រីអះអាងថា ពួកគាត់ចិញ្ចឹមទាយកពងច្រើនលើសតម្រូវការទីផ្សារក្នុងស្រុក។
អ្នកស្រី យ៉ាត ទួម តំណាងម្ចាស់កសិដ្ឋានចិញ្ចឹមទាចំនួន ១៩ គ្រួសារ និងជាប្រធានសហគមន៍ចិញ្ចឹមទានៅភូមិស្នាយដង្គត់ សង្កាត់កោះពងសាត់ ក្រុងសេរីសោភ័ណថ្លែងពីម្សិលមិញថា សហគមន៍អ្នកស្រីត្រូវបានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានរៀបចំបង្កើតឡើង។ ក្រុមអ្នកស្រីប្រកបមុខរបរចិញ្ចឹមទាយកពង ជិត ១០ ឆ្នាំហើយដែលពី ១ ឆ្នាំទៅ ១ ឆ្នាំ កាន់តែពិបាករកទីផ្សារលក់ពងទា។
កាលពីឆ្នាំមុនៗក្រុមសហគមន៍អ្នកស្រីលក់ពងទា ១០ គ្រាប់អាចបានប្រាក់កម្រៃជិត ១ ម៉ឺនរៀល ប៉ុន្ដែនៅឆ្នាំនេះលក់ពងទា ១០ គ្រាប់បានកម្រៃ ២៨០០ រៀលប៉ុណ្ណោះ។ លើសពីនេះមិនមានឈ្មួញដើរទិញច្រើនដូចមុនៗទេ ទើបធ្វើឱ្យតម្លៃពងទាធ្លាក់ថ្លៃយ៉ាងគំហុក។ «ខ្ញុំសូមអំពាវនាវឱ្យមន្ត្រីជំនាញ រាជរដ្ឋាភិបាលជួយអន្តរាគមន៍ពីទីផ្សារលក់ពងទារបស់ពួកខ្ញុំផង ព្រោះឥឡូវនេះគ្មានទីផ្សារ លក់ពងទាមិនចេញទេ ពងទាគរចោលពេញទ្រុង គ្មានអ្នកទិញ បើទុកចោលយូរថ្ងៃអាចខូចគុណភាព»។
លើសពីនេះពលរដ្ឋទាំងនោះបានអំពាវនាវឱ្យអាជ្ញាធរតាមព្រំដែនជួយទប់ស្កាត់ការនាំចូលពងទាពីបរទេស ជាពិសេសនាំចូលពីវៀតណាមដើម្បីជួយលើកកម្ពស់ជីវភាពសហគមន៍ក្នុងស្រុក។ បើតាមអ្នកស្រី ទួម បច្ចុប្បន្នកសិករចំណាយទៅលើចំណីទាច្រើន រីឯការទទួលផលចំណេញបានតិចជាង ពោលគឺបានប្រមាណ ៦០ ភាគរយនៃការចំណាយប៉ុណ្ណោះ គឺស្ទើរតែទូទាត់ថ្លៃចំណី និងកម្មករមិនគ្រប់គ្រាន់ផង។
លោក រ៉ា ប៊ុនធា ចៅសង្កាត់កោះពងសាត់ថ្លែងពីម្សិលមិញថា លោកកត់សម្គាល់ឃើញឆ្នាំនេះពិតជាមិនសូវមានឈ្មួញមកទិញពងទាមែន ប៉ុន្ដែលោកមិនបញ្ជាក់ពីមូលហេតុទេ។ កសិករចិញ្ចឹមទាយកពងនៅក្នុងសង្កាត់កោះពងសាត់មានប្រមាណជិត ៤០ គ្រួសារ ដោយពួកគាត់បានចងក្រងគ្នាជាសហគមន៍រួមមួយ ដើម្បីងាយស្រួលគ្រប់គ្រង និងរកទីផ្សារ។
លោក ប៊ុនធា បន្តថា កាលពីពេលថ្មីៗនេះ មន្ត្រីជំនាញមន្ទីរកសិកម្មខេត្តបានចុះមកពិនិត្យ និងពិភាក្សាជាមួយកសិករអំពីតម្លៃពងទានេះដែរ ប៉ុន្ដែលោកមិនទាន់បានទទួលដំណឹងអ្វីពីមន្ត្រីជំនាញខេត្តទេ។
លោកបញ្ជាក់ថា៖ «ចំពោះតម្លៃពងទានេះ ខ្ញុំបានរាយការណ៍ជូនទៅថ្នាក់លើហើយ ប៉ុន្ដែការសម្រេចបែបណាទៀតខ្ញុំមិនទាន់ដឹងទេ គឺខ្ញុំក៏រង់ចាំមើលការសម្រេចពីថ្នាក់លើដែរ»។
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យថ្លែងពីម្សិលមិញថា លោកមិនទាន់បានទទួលព័ត៌មាននេះទេ ប៉ុន្ដែជាការកត់សម្គាល់ ឆ្នាំនេះប្រជាពលរដ្ឋបានចិញ្ចឹមទាយកពងច្រើនលើសតម្រូវការទើបធ្វើឱ្យតម្លៃពងទាធ្លាក់ថ្លៃខ្លាំង។
លោកថា នៅខេត្តបន្ទាយមានជ័យមិនមាននាំចូលពងទាថៃទេ គឺប្រើតែផលិតផលក្នុងស្រុក។ «បញ្ហាតម្លៃពងទាថោកនេះ ខ្ញុំបានរាយការណ៍ទៅថ្នាក់លើហើយ ហើយចាត់ចែងយ៉ាងណាទៀត រង់ចាំមើលគាត់បញ្ជាមកសិន»។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្មឱ្យដឹងនៅថ្ងៃទី ២១ ខែធ្នូថា អគ្គនាយកដ្ឋានមិនដែលអនុញ្ញាតជាគោលការណ៍ឱ្យនាំចូលស៊ុតពីប្រទេសជិតខាងទេ ជាពិសេសប្រទេសវៀតណាម។
សេចក្ដីប្រកាសបន្តថា ក្នុងស្ថានភាពជំងឺកូវីដ ១៩ កំពុងគំរាមកំហែងដល់សុខភាពសាធារណៈ ហើយកម្មវិធីជួបជុំផ្សេងៗត្រូវបានផ្អាកដែលធ្វើឱ្យតម្រូវការស៊ុតត្រូវបានកាត់បន្ថយជាអតិបរមា ខណៈការចិញ្ចឹមបក្សីយកស៊ុតមានការកើនឡើងនៅគ្រប់តំបន់ទូទាំងប្រទេស ម្យ៉ាងទៀតនៅក្នុងរដូវត្រីត្រូវ ពលរដ្ឋមួយចំនួនបែរមកបរិភោគត្រីជំនួសឱ្យស៊ុតវិញ។
ក្នុងករណីអាជីវករ អ្នកចិញ្ចឹមសត្វ ជាពិសេសចិញ្ចឹមមាន់ទាយកស៊ុត បានដឹងព័ត៌មានអំពីការលួចនាំចូលស៊ុតមាន់-ទាពីប្រទេសជិតខាង ត្រូវទាក់ទងមកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វតាមរយៈទូរស័ព្ទលេខ ០១២ ៨២៨ ២០៩ ដើម្បីមន្ត្រីចុះអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វស្របតាមច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ៕
វីដេអូ៖