ភ្នំពេញៈ ពលរដ្ឋមានជម្លោះដីធ្លីជាង ២០០ នាក់ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានឡើងមកប្រមូលផ្តុំគ្នាដាក់ញត្តិនៅមុខខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួង ២ ទៀត ដើម្បីសុំអន្តរាគមន៍ ឲ្យជួយដោះស្រាយរឿងវិវាទដីធ្លីរបស់ពួកគេជាមួយក្រុមហ៊ុន មេត្រីភាពនិងទាមទារឲ្យដោះលែងពួកគេចំនួន ១៣ នាក់វិញដែលត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី ១៩ ខែមករាឆ្នាំ ២០១៩ មក។
លោក ឡយ លីហ៊ួរ តំណាងពលរដ្ឋម្នាក់ ក្នុងចំណោមជាង ២០០ នាក់ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីព្រឹកម្សិលមិញនៅមុខវត្តបទុមក្បែរភូមិគ្រឹះលោកនាយករដ្ឋមន្ត្រីថា ពួកលោកទាំងអស់គ្នា បានឡើងមកសុំអន្តរាគមន៍នេះព្រោះបារម្ភពីការចាប់ខ្លួនបន្ថែមទៀត បន្ទាប់ពីមានការចាប់ខ្លួនពលរដ្ឋចំនួន ១៣ នាក់ ជាបន្តបន្ទាប់។ លោកអះអាងថា ពួកលោកជាប្រជាពលរដ្ឋបានរស់នៅលើដីជម្លោះនេះតាំងពីឆ្នាំ ២០១៣ មក ហើយជម្លោះដីធ្លីនេះមិនទាន់បានដោះស្រាយតាមការសន្យារបស់អាជ្ញាផង ដោយទើបតែបានវាស់វែងនិងស្រង់ស្ថិតិបានជិត ១០០ គ្រួសារពីអាជ្ញាធរស្រុកបែរជាមានការចាប់ខ្លួននិងមានដីកាកោះហៅពីតុលាការជាហូរហែ។
លោកបញ្ជាក់ថា៖ « (អាជ្ញាធរស្រុកជាំក្សាន្ត) បង្កើតគណៈកម្មការដើម្បីចុះទៅវាស់វែងជូនពួកខ្ញុំបានចំនួន ៧៧ គ្រួសារ ដល់ភ្លៀងខ្លាំងពេក ក៏ផ្អាកសិនរង់ចាំការដោះស្រាយនៅពេលច្រូតកាត់រួច។ ក្រោយមកស្រាប់តែឃើញមានដីកាពីខាងព្រះរាជអាជ្ញាកោះហៅខ្ញុំពីបទកាប់ទន្ទ្រាន និងរារាំងគ្រឿងចក្រ។ ពួកខ្ញុំ ក៏បានរកមេធាវី និងចូលបំភ្លឺ តែពេលចូលបំភ្លឺហើយ ក៏ចេញដីកាបន្ថែមឡើងដល់ ២៥ នាក់។ ក្រោយមក ចាប់ផ្តើមមានការចាប់ខ្លួនតែម្តង»។
ពលរដ្ឋម្នាក់ទៀត អ្នកស្រី សារឿន សុខខឿន បាននិយាយទាំងទឹកភ្នែកថា អាជ្ញាធរ បានចាប់ខ្លួនសមាជិកគ្រួសាររបស់អ្នកស្រីចំនួន ៣ នាក់ គឺមានប្តីឈ្មោះ ផាន អុន អាយុ ៤៣ ឆ្នាំ និងកូន ២ នាក់ ឈ្មោះ អុន សាមុតអាយុជាង ១៧ ឆ្នាំ និងឈ្មោះអុន សាមាន អាយុ ១៥ ឆ្នាំ ដោយគ្មានមូលហេតុ ខណៈពួកគេកំពុងធ្វើដំណើរទៅចម្ការ។
អ្នកស្រី សុខខឿន បានលើកដៃសំពះ និងស្រែកសុំលោកនាយករដ្ឋមន្ត្រី និងលោកស្រី ប៊ុនរ៉ានី ឲ្យជួយអន្តរាគមន៍ក្នុងរឿងនេះដើម្បីដោះលែងសមាជិកគ្រួសាររបស់ខ្លួនវិញ។ «ពេលចាប់ទៅ ខ្ញុំសុំទៅជួបកូន ជួបប្តីរបស់ខ្ញុំ គេមិនឲ្យជួបទេ សូម្បីសម្ភារក្នុងខ្លួនពួកគាត់ គេដក ហូតអស់ហើយ គេចាប់ដូចប្លន់អ៊ឹចឹង គេធ្វើបាបកូនខ្ញុំ។ កូនខ្ញុំមិនទាន់គ្រប់អាយុផងសូមជួយដល់កូន និងប្តីខ្ញុំផង»។
មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក គង់ ចំរើន ដែលបានចេញមកទទួលយកញត្តិពលរដ្ឋទាំងនោះ ថ្លែងយ៉ាងខ្លីថា លោកនឹងបញ្ជូនញត្តិនេះ ទៅថ្នាក់លើដើម្បីពិនិត្យលើសំណុំរឿងនេះ។
លោកបញ្ជាក់ថា៖ «ទទួលពាក្យហើយ សូមសំណូមពរឲ្យពួកគាត់ត្រឡប់ទៅវិញ ហើយពាក្យនេះ នឹងចាត់ចែងទៅតាមនីតិវិធី នៅពេលមានព័ត៌មានអីទៀតគឺជូនដំណឹងប្រាប់គាត់។ តែបើគាត់ត្រឡប់ទៅវិញ គាត់ធ្វើខុសអីទៀត ត្រូវតែចាប់ (ខ្លួន)»។
ក្រៅពីដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ពលរដ្ឋទាំងនោះ ក៏បានទៅដាក់ញត្តិនៅក្រសួងរៀបចំដែនដី និងក្រសួងយុត្តិធម៌ផងដែរ។ ចំណែកមន្ត្រីក្រសួងទាំង ២ ដែលបានមកទទួលយកញត្តិ បានបដិសេធ ផ្តល់បទសម្ភាសដល់អ្នកកាសែត ដោយគ្រាន់តែថ្លែងប្រាប់ពលរដ្ឋថា នឹងបញ្ជូនញត្តិនេះ ទៅតាមនីតិវិធីតែមិនបានបញ្ជាក់ថា នឹងត្រូវដោះស្រាយបែបណានោះទេ។
បន្ទាប់ពីទទួលញត្តិអាជ្ញាធរបានសំណូមពរឲ្យពលរដ្ឋទាំងនោះវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ តែប្រជាពលរដ្ឋមានជម្លោះដីធ្លីទាំងនោះ និយាយថា ពួកគេនឹងត្រឡប់ទៅវិញ ប្រសិនជាគ្មានការចាប់ខ្លួនពួកគេបន្តទៀត និងបានថ្លែងថា នឹងឡើងមកធ្វើការតវ៉ាទៀត បើមិនមានដំណោះស្រាយ។
លោក វណ្ណ សុផាត មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ថ្លែងពីម្សិលមិញថា ពលរដ្ឋទាំងនេះ កំពុងតែបារម្ភពីការចាប់ខ្លួនពួកគេបន្ថែមទៀត ខណៈបញ្ហាដីធ្លី របស់ពួកគេមិនទាន់ត្រូវបានដោះស្រាយ។
លោកបន្តថា ភាគីពាក់ព័ន្ធ គួរតែយក ចិត្តទុកដាក់ និងចូលរួមដោះស្រាយបញ្ហាដីធ្លីនេះឲ្យបានឆាប់ព្រោះវាអាចនឹងក្លាយជារឿងរសើប ខណៈជម្លោះដីធ្លី កំពុងមានការកក្រើកឡើងវិញទូទាំងប្រទេស។
លោកបញ្ជាក់ថា៖ «គួរតែពិនិត្យឲ្យបានច្បាស់លាស់ក្នុងករណីទាំងអស់ហ្នឹង គួរតែដោះស្រាយឲ្យពួកគាត់តាមយន្តការនីតិវិធីដោយមិនមានការចាប់ខ្លួន។ ការប្រើប្រព័ន្ធតុលាការទៅចាប់ខ្លួន គឺជាការគំរាមកំហែងពួកគាត់»។
ព្រះរាជអាជ្ញា សាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិនថាល់ បានថ្លែងពីម្សិលមិញថា លោកចង់ឲ្យមានការចុះមកពិនិត្យមើលករណីនេះ ទាំងអស់គ្នា ព្រោះក្រុមអ្នកភូមិទាំងនេះ បានកាប់បំផ្លាញធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព មានទំហំធំធេងដែលត្រូវតែមានវិធានការ។
លោកថា៖ «ពាក់ព័ន្ធនឹងបទល្មើលដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព សូមចុះមកមើលខ្លួនឯងបានដឹង កុំសូវស្តាប់អ្នកដទៃ កុំជឿអ្នកដទៃអត់កើតទេ។ មកពិនិត្យមើលទាំងអស់គ្នាបានដឹងថា ទំហំនៃការបំភ្លិចបំផ្លាញធនធានធម្មជាតិ ប៉ុនណា?»។
លោកបន្តថា សំណុំរឿងពលរដ្ឋទាំងអស់ ១៣ នាក់ ដែលបានឃាត់ខ្លួននេះ គឺកំពុងស្ថិតក្នុងដំណើរការរបស់តុលាការដោយមិនអាចដោះលែងបានទេ។
បើតាមពលរដ្ឋ អង្គការសង្គមស៊ីវិល និងអាជ្ញាធរ ជម្លោះដីធ្លីជាមួយក្រុមហ៊ុនមេត្រីភាព និងពលរដ្ឋជាង ៣០០ គ្រួសារ ស្ថិតក្នុងឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាប់ព្រំប្រទល់ខេត្តឧត្តរមានជ័យនេះបានកើតឡើងជាច្រើនឆ្នាំមកហើយ ប៉ុន្តែជម្លោះនេះ បានកក្រើកឡើង ជាថ្មីកាលពីអំឡុងឆ្នាំ ២០១៨ បន្ទាប់ពីមានទាហានម្នាក់ ឈ្មោះ រីម ខេន ហៅ លុយ សម្បត្តិ បានចូលមកការពារដីក្រុមហ៊ុន ក៏ធ្វើឲ្យមានការតវ៉ាពីប្រជាពលរដ្ឋរហូតដល់មានការចាប់ឃាត់ខ្លួនប្រជាពលរដ្ឋជាបន្តបន្ទាប់ចំនួន ១៣ នាក់ ចាប់តាំងពីថ្ងៃទី ១៩ ខែមករា មក។ ព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះវិហារ បានចោទប្រកាន់ពួកគេទាំងនោះពីបទទន្ទ្រានដីព្រៃដែលជាដីអភិរក្សរបស់រដ្ឋ៕