ភ្នំពេញៈ អតីតអ្នកជំនាញព្រំដែនកម្ពុជាលោក ស៊ាន ប៉េងសែ ដែលជាអ្នករិះគន់ឥតសំចៃមកលើរដ្ឋាភិបាលជុំវិញបញ្ហាព្រំដែន និងជាអតីតមន្ត្រីជាន់ខ្ពស់ក្នុងរបបលោកសេនាប្រមុខ លន់ នល់ នាទសវត្សរ៍ទី ៧០ បានទទួលមរណភាពនៅវេលាម៉ោង ៤ ទៀបភ្លឺ ថ្ងៃអង្គារក្នុងទីក្រុងប៉ារីស ទីដែលលោកបានរស់នៅដោយនិរទេសចាប់តាំងពីការដួលរលំនៃរបបសាធារណរដ្ឋខ្មែរដែលគាំទ្រដោយសហរដ្ឋអាមេរិកមក។
លោក ប៉េងសែ បានទទួលមរណភាពក្នុងជន្មាយុ ៨២ ឆ្នាំដោយរោគាពាធនៅមន្ទីរពេទ្យ (Centre Hospitalier d''Orgemont, 77100 Meaux, France) បន្ទាប់ពីលោកបានរស់នៅដោយនិរទេសខ្លួនតាំងពីឆ្នាំ ១៩៧៤ មក។ លោក ប៉េងសែ កើតនៅថ្ងៃទី ១ ខែមករា ឆ្នាំ ១៩៣៦ នៅក្នុងឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។
លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី វណ្ណ ដារ៉េត ដែលត្រូវជាក្មួយបង្កើតរបស់ព្រឹទ្ធាចារ្យស្ថាបត្យករខ្មែរដ៏ល្បីល្បាញ វណ្ណ មូលីវណ្ណ នៅខែមករា ឆ្នាំ ១៩៦៦ ដោយមានកូនចំនួន ៤ នាក់ ប្រុស ៣ នាក់។ លោកមានឪពុកឈ្មោះ ស៊ាន ប៊ុនសេង និងម្តាយឈ្មោះ ហេង យូឡាយ។
តាមការបញ្ជាក់របស់លោក ឌី ការ៉េត អតីតអ្នកកាសែតជើងចាស់ និងជាមិត្តភក្តិជិតស្និទ្ធដែលបានសរសេរប្រវត្តិរបស់លោក ប៉េងសែ បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីទីក្រុងប៉ារីសកាលពីម្សិលមិញថាលោក ប៉េងសែ បានសិក្សានៅវិទ្យាល័យព្រះសីហនុក្នុងខេត្តកំពង់ចាម និងបន្តទៅវិទ្យាល័យស៊ីសុវត្ថិក្នុងទីក្រុងភ្នំពេញ។ ចន្លោះពីឆ្នាំ ១៩៥៩ ដល់ឆ្នាំ ១៩៦០ លោកបានអាហារូបករណ៍ទៅរៀននៅប្រទេសបារាំងនៅសាលាជាន់ខ្ពស់បារាំង សិក្សាអំពីរ៉ែ និងបានទទួលសញ្ញាបត្រជាវិស្វករ។
លោកបានត្រឡប់មកកម្ពុជាក្រោយពីបញ្ចប់ការសិក្សា និងធ្វើជានាយកមន្ទីររ៉ែ នៃក្រសួងឧស្សាហកម្ម ចន្លោះពីឆ្នាំ ១៩៦៧ ដល់ ១៩៧០។
នៅថ្ងៃទី ១១ ខែមេសាឆ្នាំ ១៨៧០ លោកត្រូវបានតែងតាំងជាអគ្គស្នងការទទួលបន្ទុកថាមពល រ៉ែ និងសមុទ្រ។ នៅខែឧសភាឆ្នាំ ១៩៧៣ របបសាធារណរដ្ឋខ្មែរបានតែងតាំងលោកជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងសិប្បកម្ម។ នៅខែឧសភា ១៩៧៤ លោកត្រូវបានតែងតាំងជាប្រធានគណៈប្រតិភូកម្ពុជាដើម្បីចូលរួមការចរចាអំពីបញ្ហាព្រំដែនជាមួយវៀតណាម ខាងត្បូងនៅទីក្រុងប៉ារីស។
លោក ឌី ការ៉េត បញ្ជាក់ថាពេលនោះហើយដែលលោក ស៊ាន ប៉េងសែ ត្រូវជាប់គាំងនៅប្រទេសបារាំង ខណៈកងទ័ពខ្មែរក្រហមបានផ្តួលរំលំរបបសាធារណរដ្ឋខ្មែរ និងចូលកាន់កាប់ទីក្រុងភ្នំពេញនៅឆ្នាំ ១៩៧៥។ លោក ប៉េងសែ បានទទួលសញ្ជាតិបារាំងនៅឆ្នាំ ១៩៧៩។
លោកបានបង្កើតគណៈកម្មាធិការព្រំដែនកម្ពុជា ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសនាឆ្នាំ ១៩៩៩ ដែលមានលោកជាប្រធានរហូតមកដល់សព្វថ្ងៃ និងបានធ្វើដំណើរមកប្រទេសកម្ពុជាក្នុងឆ្នាំ ២០០០ ដើម្បីជួបជាមួយព្រះមហាក្សត្រ នរោត្តម សីហនុ ដើម្បីស្នើឲ្យព្រះអង្គ អន្តរាគមន៍លុបចោលសន្ធិសញ្ញាឆ្នាំ ១៩៨២ និង ១៩៨៥ ដែលចុះហត្ថលេខាដោយរដ្ឋាភិបាលខ្មែរសម័យនោះដែលលោកចាត់ទុកថា «បានធ្វើឲ្យបាត់បង់ទឹកដី សមុទ្រ កោះត្រល់ និងកោះក្រចកសេះទៅប្រទេសវៀតណាម ខណៈដែលពេលនោះប្រទេសកម្ពុជាគ្រប់គ្រងដោយកងទ័ពវៀតណាម»។
លោក ឌី ការ៉េត ថ្លែងថា៖ «គាត់គឺជាបុគ្គលស្លូតបូតល្អ ត្រឹមត្រូវ ចិត្តត្រង់ និងមានចិត្តសប្បុរស ជាមួយមិត្តភក្ដិណាស់ អត់ចេះភូត ឬនិយាយបំផ្លើស។ គាត់ជាមនុស្សមានសីលធម៌ខ្ពស់...ប៉ុន្តែរឿងមួយទៀតនៅពេលចាប់ផ្តើមនិយាយគ្នា គាត់អត់និយាយរឿងអីក្រៅពីរឿងបូរណភាពទឹកដី រឿងព្រំដែន និងរឿងគាត់មួម៉ៅ ក្ដៅក្រហាយ នឹងសន្ធិសញ្ញា ដែលយួនស៊ីញ៉េជាមួយលោក ហ៊ុន សែន អំពីរឿងទឹកដី រឿងព្រំដែន។ គាត់ខឹងណាស់ គាត់មួម៉ៅណាស់។ គាត់បានផ្តាំហើយផ្តាំទៀត ឲ្យលុបចោលសន្ធិសញ្ញាឆ្នាំ ១៩៨២ រឿងសមុទ្រ និង ១៩៨៥ រឿងព្រំដែនដីគោក»។
លោកបញ្ជាក់ថាលោក ប៉េងសែ ចាត់ទុកសន្ធិសញ្ញាទាំងនេះរួមទាំងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ ថា «ខុសច្បាប់» និង «បំពានលើច្បាប់អន្តរជាតិ»។
ទោះជាយ៉ាងណាមន្ត្រីរដ្ឋាភិបាលកម្ពុជាបានច្រានចោលការលើកឡើងទាំងនេះហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ធ្វើការបំភ្លឺជាច្រើនម៉ោង នៅក្នុងរដ្ឋសភាកាលពីឆ្នាំ ២០១២ ជុំវិញបញ្ហាព្រំដែននេះ។
លោក ប៉េងសែ ក៏ធ្លាប់ត្រូវបានតុលាការកម្ពុជាធ្វើការចោទប្រកាន់ដោយកំបាំងមុខជុំវិញបណ្ដឹងបរិហារកេរ្តិ៍ដែលប្ដឹងដោយលោក ហ៊ុន សែន ផងដែរ។ នេះបើតាមការចុះផ្សាយរបស់កាសែត ឌឹ ខេមបូឌាដេលីកាលពីឆ្នាំ ២០០៥។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនថ្លែងថាលោកសូមចូលរួមមរណទុក្ខជូនចំពោះក្រុមគ្រួសារនៃសពលោក ប៉េងសែ។
ប៉ុន្តែលោកថាលោក ប៉េងសែ បានធ្វើការអះអាងផ្ទុយពីរាជរដ្ឋាភិបាលកម្ពុជា។
លោកថ្លែងថា៖ «យើងមានការសោកស្ដាយដែរកន្លែងខ្លះ ក៏ឃើញការបញ្ចេញមតិយោបល់ផ្អែកលើការយល់ឃើញរបស់គាត់ផ្អែកលើនិន្នាការនយោបាយ ដូច្នេះវាជាបញ្ហាផ្ទុយគ្នាខ្លះ ឬខ្វែងគំនិតគ្នាជាមួយនឹងរាជរដ្ឋាភិបាលបច្ចុប្បន្ន។ យើងខ្វែងគំនិតគ្នាដោយសារគាត់មាននិន្នាការខាងសេរីនិយម គាត់ចោទគណបក្សប្រជាជនថា កុម្មុយនីស្ត និងចោទផ្ទុយអំពីបញ្ហាជាក់ស្ដែងដែលរាជរដ្ឋាភិបាលគណបក្សប្រជាជនតែងតែគិតគូរការពារបូរណភាពទឹកដី យើងបោះបង្គោលព្រំដែនផ្អែកលើគោលការណ៍ច្បាប់ គោលការណ៍ដែលឯកសារបន្សល់ទុកដោយអាណានិគមបារាំង។ យើងមិនបានធ្វើផែនទីដោយខ្លួនឯងឯណា យើងយកផែនទីដែលបន្សល់ទុកដោយអាណានិគមនិយមបារាំង»។
លោកបន្ថែមថា៖ «គាត់ក៏ប្រើផែនទីបារាំងដែរ មូលហេតុអីបានជាគាត់វាយតម្លៃថារាជរដ្ឋាភិបាលធ្វើឲ្យបាត់បង់ទឹកដីរាប់ម៉ឺនគីឡូ។ បោះបង្គោលព្រំដែនគោករវាងវៀតណាម ក៏ប៉ុន្តែគាត់ថាបាត់បង់ដែនសមុទ្រដល់ទៅ ៤ ម៉ឺនគីឡូម៉ែត្រការ៉េ អាហ្នឹងជាការមិនត្រឹមត្រូវហើយពីព្រោះព្រំដែនទឹកយើងមិនទាន់បានកំណត់នៅឡើយទេមិនទាន់មានការឯកភាពកំណត់ថាត្រង់ចំណុចណាជាចំណុចណាទេ»។ លោកបញ្ជាក់ថា៖ «ដោយសារសន្ធិសញ្ញាហ្នឹងហើយដែលយើងការពារបានទឹកដីថាកោះពូលូវ៉ៃជារបស់ខ្មែរដែលវៀតណាមក៏ទទួលស្គាល់បច្ចុប្បន្ននេះវាគ្មានបញ្ហាអីទេ។ កាលជំនាន់ លន់ នល់ កោះពូលូវ៉ៃ មិនមែនជារបស់ខ្មែរឯណាគឺវៀតណាមខាងត្បូងកាន់កាប់។ អត់មានប៉ះពាល់កោះត្រល់ទេ ព្រោះកោះត្រល់បានបាត់អធិបតេយ្យរបស់កូសាំងស៊ីនតាំងពីឆ្នាំ ១៩៣៩ ហើយបែរជាមកបន្ទោសរាជរដ្ឋាភិបាលក្រោយឆ្នាំ ១៩៩៣ ម៉េចកើត! ...»។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងសមាគមពុទ្ធសាសនិកជនខ្មែរដែលមានមូលដ្ឋាននៅប្រទេសន័រវេសដែលមានលោក ម៉ែន ណាត ជាប្រធានបានចេញលិខិតរំលែកទុក្ខមួយកាលពីថ្ងៃម្សិលមិញដោយចាត់ទុកមរណភាពរបស់លោក ប៉េងសែ ថាជា «ការបាត់បង់អ្នកជំនាញការគូសផែនទីខ្មែរ»។
លិខិតរំលែកទុក្ខមានខ្លឹមសារថា៖ «មរណភាពរបស់លោក ស៊ាន ប៉េងសែ គឺជាការបាត់បង់អ្នកជំនាញការគូសផែនទីខ្មែរ និង ជាធនធានមនុស្សរបស់ពលរដ្ឋខ្មែរដ៏ល្អម្នាក់ដែលបានចំណាយពេលស្ទើរតែពាក់កណ្តាលជីវិត ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីខ្មែរ និងការផ្តួចផ្តើមគំនិតតវ៉ារឿងប្រជុំកោះត្រល់ពីប្រទេសវៀតណាមនៅលើមូលដ្ឋានច្បាប់ជាតិ-អន្តរជាតិ ដែលពាក់ព័ន្ធកិច្ចការរបស់កម្ពុជា បើទោះបីជារបបដឹកនាំរបស់លោក ហ៊ុន សែន មិនខ្វល់ខ្វាយអំពីការបាត់បង់ទឹកដី និងប្រជុំកោះត្រល់ទៅប្រទេសជិតខាងក្តី»។
លោក រ៉ុង ឈុន អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងបច្ចុប្បន្នជាសមាជិកម្នាក់នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបានចាត់ទុកមរណភាពលោក ប៉េងសែ ថាជាការបាត់ ទ្រព្យសម្បត្តិដ៏មានសារៈសំខាន់មួយរបស់ប្រទេសជាតិ។ «គាត់បានលះបង់ច្រើនតាំងពីសម័យសង្គមរាស្ត្រនិយមមក គាត់បានធ្វើការងារយ៉ាងច្រើនអំពីបញ្ហាព្រំដែនគោកក៏ដូចជាព្រំដែនសមុទ្រ»។ លោកថ្លែងថាលោក ប៉េងសែ ធ្លាប់បានជជែកពិភាក្សាជាមួយសម្ដេចនរោត្តម សីហនុ នាទីក្រុងប៉េកាំងស្ដីអំពីបញ្ហាព្រំដែនកម្ពុជា។ «ឲ្យតែគាត់មានការលើកឡើងនិយាយពីព្រំដែនឃើញថារដ្ឋាភិបាលមិនសប្បាយចិត្តនៅរាល់ការលើកឡើងរបស់គាត់។ គេបដិសេធ និងប្រតិកម្មខ្លាំងៗត្រឡប់ទៅគាត់វិញ...។ រាល់មតិដែលលើកឡើងត្រូវយកមកគិតពិចារណាមិនត្រូវចាត់ទុកដូចជាបន្លានៅក្នុងកែវភ្នែកទេ ពីព្រោះដើម្បីជាតិរស់ មិនមែនដើម្បីបុគ្គល ឬនរណាម្នាក់ទេ»។
លោក ឡុង បុត្តា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិថ្លែងថាការស្លាប់របស់លោក ប៉េងសែ គឺស្មើនឹងការបាត់បង់សាក្សីរស់ដ៏សំខាន់ដែលបានរួមចំណែកក្នុងកិច្ចការព្រំដែនរបស់កម្ពុជា។ លោកបានថ្លែងថា៖ «គាត់ជាអ្នកដែលស្គាល់រឿងបញ្ហាព្រំដែនច្បាស់លាស់ គាត់បានធ្វើកិច្ចការជាច្រើនលើវិស័យឧស្សាហកម្ម រ៉ែ និងកិច្ចការព្រំដែន...»។
តាមការគ្រោងទុកសពលោក ស៊ាន ប៉េងសែ នឹងត្រូវបូជានៅថ្ងៃទី ២៩ ខែមករា និងធ្វើពិធីបុណ្យ ៧ ថ្ងៃនៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅវត្តពោធិវង្ស នាក្រុង សង់ សួរម៉ាន ប្រទេសបារាំង៕