ភ្នំពេញៈ គ្រាន់តែក្នុងរយៈពេល ២ ឆ្នាំ គឺក្នុងឆ្នាំ ២០១៧ និងក្នុងឆ្នាំ ២០១៨ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) បានចាប់ម៉ាស៊ីនអារឈើខ្នាតតូច ចំនួន ២ ៣០០ គ្រឿង ពីក្រុមជនកាប់បំផ្លាញព្រៃឈើខុសច្បាប់រួមទាំងអន្ទាក់សត្វព្រៃ គ្រឿងចក្រចូក និងឈូសឆាយ និងម៉ាស៊ីនអារឈើខ្នាតធំ មួយចំនួនទៀត ត្រូវបានរឹបអូស នៅក្នុងតំបន់ការពារព្រៃឈើជួរភ្នំក្រវាញខាងត្បូង។
មន្ត្រីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានប្រាប់ភ្នំពេញប៉ុស្ដិ៍តាមសារអីុមែលកាលពីថ្ងៃទី ៨ ខែ កក្កដា ថា ក្នុងចំណោមម៉ាស៊ីនអារឈើទាំងនោះ ត្រូវរឹបអូសបានដោយក្រុមល្បាត ដែលមានការសហការគ្នា រវាងមន្ត្រីឧទ្យានុរក្ស របស់ក្រសួងបរិស្ថាន កងរាជអាវុធហត្ថ ទាហាន និងបុគ្គលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងកំពុងរក្សាទុកនៅក្នុងទីស្នាក់ការកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញខាងត្បូងទាំង ៧ ស្នាក់ការ ដែលស្ថិតក្នុងខេត្តទាំង ៤ គឺខេត្តពោធិ៍សាត់ កោះកុង កំពង់ស្ពឺ និងខេត្តព្រះសីហនុ។
អង្គការនេះ បានលើកឡើងថា៖ «រណារយន្តដែលរឹបអូសបានដោយក្រុមល្បាតនៃកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញខាងត្បូង ជាកម្មវិធីរួមគ្នារវាងក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃត្រូវបានរក្សាទុកនៅស្នាក់ការល្បាតដោយមានមន្ត្រីឧទ្យានុរក្សបរិស្ថាន ជាអ្នកថែរក្សាទុកក្នុងឃ្លាំង ព្រោះមន្ត្រីឧទ្យានុរក្សបរិស្ថាន ជាមន្ត្រីនគរបាលយុត្តិធម៌ ឬភ្នាក់ងារនគរបាលយុត្តិធម៌ និងជាសេនាធិការឱ្យមន្ទីរ និងក្រសួងបរិស្ថានមានភារកិច្ចការពារធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ និងជាអ្នកអនុវត្តន៍ច្បាប់តំបន់ការពារធម្មជាតិ»។
លោកស្រី សុវណ្ណា ហ្កនលែត (Suwanna Gauntlett) នាយិកាអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានសរសេរក្នុង Twitter កាលពីថ្ងៃទី ២៦ ខែមុនថា ម៉ាស៊ីនអារឈើ ១ គ្រឿង ក្នុងចំណោមទាំង ២ ៣០០ គ្រឿង គឺអាចអារបំផ្លាញព្រៃឈើប្រហែល ១ ហិកតា។
លោកស្រីបន្តថា៖ «ក្រុមល្បាតបានចំណាយពេលជាច្រើន ដើម្បីប្រឹងប្រែងចាប់អ្នកកាប់ឈើខុសច្បាប់ និងរឹបអូសម៉ាស៊ីនអារឈើរបស់ពួកគេ»។
ទោះជាយ៉ាងណា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ មិនបានបង្ហាញអំពីចំនួនអ្នកកាប់ឈើខុស ច្បាប់ប៉ុន្មានដែលត្រូវបានឃាត់ខ្លួននោះឡើយ។
លោក នេត ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានថ្លែងថា លោកមិនចាំអំពីទិន្នន័យបូកសរុបនៃចំនួនអ្នកកាប់ឈើខុសច្បាប់ ក្នុងតំបន់ជួរភ្នំក្រវាញខាងត្បូងចាប់ពីឆ្នាំ ២០១៧ នោះទេ។
លោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានថ្លែងដែរថា នៅក្នុងការចុះល្បាតព្រៃតំបន់ជួរភ្នំក្រវាញក្នុងខេត្តពោធិ៍សាត់រយៈពេលកន្លះឆ្នាំមកនេះ គឺបានរកឃើញបទល្មើសព្រៃឈើចំនួន ២៥ ករណី ហើយរឹបអូសបានម៉ាស៊ីនអារឈើចំនួន ៥០ គ្រឿង ត្រាក់ទ័រសម្រាប់ទន្ទ្រានយកដីព្រៃចំនួន ៩ គ្រឿង និងមានជនល្មើសជាង ១០ នាក់ ត្រូវចាប់បញ្ជូនខ្លួនទៅតុលាការ។
លោក មរកត ថ្លែងបន្តថា ការបំផ្លាញតំបន់ព្រៃឈើក្នុងជួរភ្នំក្រវាញ ក្នុងខេត្តពោធិ៍សាត់ គឺមិនទាន់ថមថយនៅឡើយទេ ព្រោះបច្ចុប្បន្ន សកម្មភាពចូលទៅទន្ទ្រានយកដីព្រៃអភិរក្ស និងដីសហគមន៍ពីសំណាក់ពលរដ្ឋមកពីខេត្តផ្សេង នៅតែកើតឡើងច្រើនដដែល ហើយកម្លាំងសម្រាប់ចុះល្បាតក៏ខ្វះខាតច្រើន ដោយសារមន្ទីរមានតែមន្ត្រីឧទ្យានុរក្សជាង ៦០ នាក់ប៉ុណ្ណោះ ដែលត្រូវចុះល្បាតជាប្រចាំ លើផ្ទៃដីសរុបចំនួន ៦៨ ម៉ឺន ៩ ពាន់ហិកតា។
លោក មរកត ថ្លែងថា៖ «ផ្ទៃដី និងកម្លាំងចុះល្បាត វាអត់សមមាត្រគ្នា។ កម្លាំងគ្រប់គ្រាន់ គឺទាល់តែ ២ រយទៅ ៣ រយនាក់អី ទាល់តែបានប៉ុណ្ណឹង ប៉ុន្តែខ្ញុំសុំគេ (ខាងក្រសួង) អត់បាន»។
លោក មរកត ក៏បានឲ្យដឹងដែរថា នៅពេលមន្ត្រីឧទ្យានុរក្សត្រូវចុះល្បាត គឺត្រូវប្រឈមនឹងគ្រោះថ្នាក់ថែមទៀត ដោយសារក្រុមជនល្មើស ដែលចូលទន្ទ្រានយកដីព្រៃ គឺភាគច្រើនមានកម្លាំងច្រើនជាង និងខ្លះទៀតមានអាវុធក្នុងដៃ ហើយបុគ្គលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលមកចូលរួមដើរល្បាត គឺម្ដងម្កាលប៉ុណ្ណោះ ចំណែកខាងមន្ត្រីនគរបាលយុត្តិធម៌ដូចជាកងរាជអាវុធហត្ថ និងមន្ត្រីប៉ូលិសខេត្ត គឺទាល់តែខាងមន្ទីរបរិស្ថានទៅអញ្ជើញ និងត្រូវតែចំណាយលើថ្លៃធ្វើដំណើរ និងហូបចុក ទើបពួកគាត់មកចូលរួម។
លោក មរកត ថ្លែងថា៖ «គឺទាល់តែករណីធំ បានយើងអញ្ជើញខាងមន្ត្រីកងរាជអាវុធហត្ថនិងប៉ូលិសចូលរួម ហើយល្បាតជាប្រចាំ គឺមានតែមន្ត្រីបរិស្ថានទេ។ ករណីធំ គឺ ១ ខែ យើងហៅគេ ២ ទៅ ៣ ដងហើយចំណាយលុយម្ដងពី ២ ទៅ ៣ លានអីហ្នឹង ព្រោះម៉ាជើងទៅ ២-៣ ថ្ងៃ»។
រដ្ឋាភិបាលបានសម្រេចបង្កើតតំបន់ជួរភ្នំក្រវាញខាងត្បួង ជាតំបន់ឧទ្យានជាតិលើផ្ទៃដីសរុបចំនួន ៤១០ ៣៩២ ហិកតា ដែលមានទីតាំងស្ថិតក្នុងខេត្តពោធិ៍សាត់ កោះកុង កំពង់ស្ពឺ និងខេត្តព្រះសីហនុ ដើម្បីឱ្យក្រសួងបរិស្ថាន សហការជាមួយ ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តទាំង ៤ នេះ គាំពារបរិស្ថាន អភិរក្សជីវចម្រុះដើម្បីប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ បើតាមលោកប៉ាន់ មរកត តំបន់ជួរភ្នំក្រវាញខាងត្បូង ដែលកើតមានបទល្មើសច្រើនជាងគេ គឺនៅក្នុងខេត្តកោះកុង។
ភ្នំពេញ ប៉ុស្ដិ៍ មិនទាន់អាចសុំការអធិប្បាយពីលោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកោះកុងបានទេ កាលពីថ្ងៃម្សិលមិញ ដោយលោកថ្លែងថា កំពុងជាប់រវល់ប្រជុំ។
លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន នៃអង្គការការពារសិទ្ធិមនុស្សអាដហុកបានលើកឡើងថា ប្រសិនបើមន្ត្រីពាក់ព័ន្ធ ដែលមាននគរបាលយុត្តិធម៌និងមន្ត្រីជំនាញខាងព្រៃឈើ មិនមានទទួលខុសត្រូវចំពោះការបាត់បង់ព្រៃឈើ ហើយបែរជាឆ្លើយដោះស្រាយថា ខ្វះកម្លាំងក្នុងការទប់ស្កាត់បទល្មើសគឺតាមច្បាប់ព្រៃឈើ មន្ត្រីទាំងនោះ ត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារពី ១ ឆ្នាំទៅដល់ ៥ ឆ្នាំ។
លោកបន្តថា បទល្មើសព្រៃឈើនឹងអាចថមថយ ប្រសិនបើនគរបាលយុត្តិធម៌ទប់ស្កាត់ការនាំចូលម៉ាស៊ីនអារឈើ នៅតាមព្រំដែន និងចុះដកហូតម៉ាស៊ីនអារឈើដែលដាក់លក់គ្មានច្បាប់អនុញ្ញាត នៅតាមទីផ្សារព្រមទាំងលុបបំបាត់អំពើនិទណ្ឌភាពបាន។
លោក ប៊ុណ្ណារ៍ ថ្លែងថា៖ «ឧទាហរណ៍នៅខេត្តរតនគិរីហ្នឹង ម៉ាស៊ីនអារឈើ លក់ពេញផ្សារ អត់មានច្បាប់អនុញ្ញាតទេ»៕