ភ្នំពេញៈ អង្ក​ការ​មូល​និធិ​ថែទាំ​សុខភាព​អ្នក​ជំងឺ​អេដស៍​កម្ពុជា (AHF) បាន​ចាប់​ផ្តើម​យុទ្ធនា​ការចែក​សំឡី​អនា​ម័យ​ចំនួន​ ៥​ លាន​បន្ទះ ដល់​ក្មេង​ស្រី​ និង​ស្ត្រី​ ដែល​ត្រូវការ​សម្រាប់​ថែរក្សា​សុខភាព​ និង​បាន​ចូល​សាលា​រៀន។

ក្នុងការ​រៀបចំ​យុទ្ធនាការ​នេះ​អង្គការ​ AHF ប្រចាំ​កម្ពុជា​នឹង​ប្រារព្វ​ទិវា​អនាម័យ​ នារី​ពេល​មាន​រដូវ​ក្រោម​ប្រធាន​បទ «តម្រូវ​ការ​ចាំបាច់ មិន​មែន​ជា​ភាព​ប្រណីត» ចាប់ពី​ថ្ងៃទី ​២៥ ដល់​ថ្ងៃទី​ ២៨ ខែ​ឧសភា។

ទិវា​អនា​ម័យ​នារី​នៅ​ពេល​មាន​រដូវ​ ត្រូវបាន​គេទទួល​ស្គាល់​ទូទាំង​ពិភព​លោក នៅ​ថ្ងៃទី​ ២៨ ខែឧសភា ​ហើយ​ត្រូវបាន​បង្កើត​ឡើងជា​លើក​ដំបូង​ ដោយ​អ្នកតស៊ូ​មតិ​ក្នុង​ឆ្នាំ ២០១៤ ដើម្បី​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការអប់រំ​គ្រប់គ្រង​អ​នា​ម័យ​ពេល​មាន​រដូវ​ ផ្ដល់​សិទ្ធិអំណាច​ដល់​ក្មេង​ស្រី​ឱ្យ​ចូលរួម​ពេញលេញ​នៅក្នុង​សង្គម​ និង​រស់​នៅ​ប្រកប​ដោយ​សុខភាព​ល្អ​ ដែល​កំណត់​ដោយ​ពួកគេ​ផ្ទាល់។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ AHF ដែល ភ្នំពេញ​ ប៉ុស្តិ៍​ ទទួល​បាន​នៅ​ថ្ងៃទី​ ២៣ ខែឧសភា​ បញ្ជាក់​ថា ​ការគ្រប់​គ្រង​អនាម័យពេល​មាន​រដូវ​ មិនបាន​ល្អ​អាច​បណ្តាល​ឱ្យ​ពួកគេ​មាន​ផលវិបាក​ក្នុងការ​ធ្វើការ​បំលាស់​ទី គ្មាន​សេរីភាព​ និង​កំណត់​ជំរើស​របស់​នារី​វ័យក្មេង​ និង​ក្មេងស្រី​គ្រប់​ទីកន្លែង។

បញ្ហា​នេះ​វា​ឈាន​ទៅ​ប៉ះពាល់​ដល់​វត្តមានក្នុងការ​ចូលរួម​សកម្មភាព​សង្គម​ ការសិក្សា​ និង​ការចូលរួម​ផ្សេង​ៗក្នុង​សហគមន៍​របស់​ស្ត្រី​ និង​ឈានទៅ​​ធ្វើ​ឱ្យ​ប៉ះទង្គិច​ដល់​សុ​វត្តិភាព ​ដែល​បណ្តាលឱ្យមាន​ភាព​តានតឹង​ និង​ការ​ថប់​បារម្ភ។

លោក​ស្រី​ ហួយ ស៊ីខេង ​ប្រធាន​គ្រប់គ្រង​កម្មវិធី​ប្រចាំ​ប្រទេស​កម្ពុជា ​AHF មិនអាច​ទាក់ទង​ដើម្បី​សុំ​ការ​បញ្ជក់​បន្ថែម​បានទេ​នៅ​ថ្ងៃទី​ ២៣ ខែ​ឧសភា។

ទោះ​យ៉ាង​ណា​ លោកស្រី ​ហួយ ​ស៊ី​ខេង ​ថ្លែង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នេះ​ថា​ បញ្ហា​អនា​ម័យ​ពេល​មាន​រដូវ​ធ្វើឱ្យ​​ក្មេង​ស្រី​មានការ​លំបាក​ ​បណ្តាល​មកពី​កង្វះ​ការអប់រំ​បញ្ហា​ដែល​មិនបាន​គិតគូរ​​ជា​មុន​​និង​មិនបាន​ទទួល​​សំឡី​អនា​ម័យ​បាន​គ្រប់​គ្រាន់។

លោក​ស្រី​ថ្លែងថា៖ «បំបែក​ភាព​ស្ងៀម​ស្ងាត់ ការ​បង្កើន​ការ​យល់​ដឹង​ និង​ការផ្លាស់​ប្តូរ​បទ​ដ្ឋាន​ស​ង្គ​ម​អវិជ្ជ​មាន​គឺមាន​សំសារៈខាន់​ណាស់​នា​ពេល​បច្ចុប្បន្ន»។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បញ្ជាក់​ថា ​AHF​ ចាប់​ផ្តើម​យុទ្ធនាការ​នេះ ​ដើម្បី​ចែក​ចាយ​សំឡី​អនា​ម័យ​ចំនួន​ប្រាំ​លាន​ ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​មាក់​ងាយ ដែល​នៅតែ​មាន​សព្វ​ថ្ងៃនេះ​ ហើយ​ដោយ​សារ​តែ​ក្មេងស្រី​ និង​ស្ត្រី​ជាច្រើន ​មិន​អាច​មាន​លទ្ធភាព​ទិញ​ឬ​មិន​មាន​លទ្ធភាព​ទទួល​បាន​ផលិត​ផល​អនាម័យ​​ពេល​មាន​រដូវ។

បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន៖ «សំឡី​អនា​ម័យ​នេះ​ មាន​សារៈ​សំខាន់​ណាស់ ​សម្រាប់​ការអប់រំ​របស់ក្មេង​ស្រី ពួកគេ​ចំនួន​ម្ភៃ​ភាគ​រយ​ ឬ​ច្រើនជាង​នេះ​ ខកខាន​មិន​បាន​មក​សិក្សា​ ក្នុង​មួយ​ឆ្នាំៗ ដោយសារ​តែ​ការ​មក​រដូវ​របស់​ពួកគេ​ គម្លាត​កាន់តែ​ធំ​ នៃ​ការអប់រំ​ មិន​ស្មើភាព​គ្នា​រវាង​ក្មេង​ស្រី​ និង​បុរស​»៕