ភ្នំពេញៈ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) កាលពីថ្ងៃពុធម្សិលមិញ បានបង្ហាញការពិតអំពីកម្ពុជាទៅឧត្តមស្នងការសហភាពអឺរ៉ុប នៅក្នុងវេទិកាបើកចំហសម្រាប់មតិយោបល់សាធារណៈនៅទីក្រុង Brussels ដោយបានចោទសួរអំពីមូលហេតុដែលប្លុក ២៨ ប្រទេសនេះ សម្រេចចិត្តចាប់ផ្តើមនីតិវិធីព្យួរការអនុគ្រោះពាណិជ្ជកម្ម (EBA) សម្រាប់កម្ពុជា។ នេះបើតាមប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា។
ខណៈដែលប្រទេសជិតខាងរបស់កម្ពុជាទើបតែបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយសហភាពអឺរ៉ុប ក្រុមអ្នកវិភាគជឿថា សហភាពអឺរ៉ុប គិតគូរអំពីផលប្រយោជន៍សេដ្ឋកិច្ចជាងបញ្ហាផ្សេង ហើយកម្ពុជាបានរៀបចំខ្លួនរួចហើយ សម្រាប់ការបាត់បង់គម្រោងអនុគ្រោះពន្ធសម្រាប់ការនាំចូលទំនិញគ្រប់យ៉ាងលើកលែងតែសព្វាវុធ (EBA)។
លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានថ្លែងថា៖ «កាលពីថ្ងៃពុធនៅទីក្រុង Brussels មានវេទិកាបើកចំហមួយ សម្រាប់មតិយោបល់សាធារណៈ និងសម្រាប់តំណាងមកពីភាគីពាក់ព័ន្ធទាំងអស់ ដើម្បីលើកឡើង នូវក្តីបារម្ភ និងដើម្បីពិភាក្សាអំពីចំណាត់ការរបស់រដ្ឋាភិបាល ពាក់ព័ន្ធទៅនឹងការព្យួរ EBA»។
លោកបានថ្លែងបន្តថា៖ «ដូច្នេះ សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា ជាភាគីពាក់ព័ន្ធនៅក្នុងដំណើរការនេះ។ យើងធ្វើបទ បង្ហាញរបស់យើងទៅឧត្តមស្នងការសហភាពអឺរ៉ុប។ យើងបានសួរថា ហេតុអ្វីបានជាពួកគេធ្វើដូច្នោះ ផ្អែកលើមូលហេតុអ្វី ហើយយើងបានដាក់ការពិត ដើម្បីឆ្លើយតបទៅនឹងការអះអាងពីសក្តានុពល»។
សហភាពអឺរ៉ុបបានចាប់ផ្តើមនីតិវិធីជាផ្លូវការសម្រាប់ការព្យួរ EBA ពីកម្ពុជាកាលពីខែកុម្ភៈ។ កាលពីខែមិថុនា ក្រុមបេសកកម្មស្វែងរកការពិត របស់សហភាពអឺរ៉ុបបានមកទស្សនកិច្ចកម្ពុជា។ ពួកគេនឹងធ្វើរបាយការណ៍ស្តីពីលទ្ធផលស៊ើបអង្កេតរបស់ពួកគេ នៅពាក់កណ្តាលខែសីហា។ ប៉ុន្តែសេចក្តីសម្រេចចុងក្រោយ នឹងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំក្រោយ។
សហភាពអឺរ៉ុប បានថ្លែងថា បេសកកម្មកាលពីខែមិថុនា បានពិនិត្យមើលទៅលើបញ្ហាសំខាន់មួយចំនួនក្នុងចំណោមក្តីបារម្ភសំខាន់ៗក្នុងប្រទេសកម្ពុជារួមមានការរំលោភបំពានសិទ្ធិនយោបាយ សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសមាគម សិទ្ធិរៀបចំ និងចរចារួម ការរំលោភយកដីធ្លី ដែលបង្កឡើងដោយសម្បទានដីសេដ្ឋកិច្ច ជាពិសេសនៅក្នុងវិស័យស្ករស។
ខណៈកម្ពុជាស្ថិតនៅក្នុងផ្លូវទៅរកការបាត់បង់ EBA ប្រទេស វៀតណាម ដែលជាប្រទេសជិតខាងកាលពីថ្ងៃទី ៣០ ខែ មិថុនា បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយសហភាពអឺរ៉ុប ហើយសហភាពអឺរ៉ុបបានដាក់បញ្ហាកែលម្អសិទ្ធិមនុស្ស ជាលក្ខខណ្ឌភ្ជាប់។ ប៉ុន្តែក្រុមអ្នកវិភាគជឿថា កិច្ចព្រមព្រៀងណាក៏ដោយ គឺមានគោលបំណងគិតអំពីផលប្រយោជន៍សេដ្ឋកិច្ច។
លោក គិន ភា នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ចំណូលគឺជាប្រធានបទពិភាក្សានៅក្នុងពាណិជ្ជកម្ម។ ដូច្នេះ សហភាពអឺរ៉ុប និងវៀតណាម ធ្វើអ្វីក៏ដោយដែលអាចផ្តល់ប្រយោជន៍ដល់សេដ្ឋកិច្ចរបស់ពួកគេ។
លោកថ្លែងថា៖ «វាជាសារមួយដល់កម្ពុជាថា យើងត្រូវតែគិតអំពីអត្ថប្រយោជន៍ជាតិ។ ក្តីបារម្ភរបស់សហភាពអឺរ៉ុប អំពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ គឺជាអ្វីដែលយើងមិនដឹង ប៉ុន្តែអ្វីដែលនៅពីក្រោយ គឺផលប្រយោជន៍សេដ្ឋកិច្ចរបស់ពួកគេ។ ដូច្នេះ ទាំងក្រុមប្រឆាំង និងទាំងគណបក្សកាន់អំណាច ត្រូវតែគិតទ្វេដងថា អ្វីៗគឺដើម្បីអត្ថប្រយោជន៍របស់ពួកគេ [អឺរ៉ុប និងវៀតណាម] មិនមែនដើម្បីជួយកម្ពុជាក្នុងភាពស្មោះត្រង់នោះទេ»។
លោកបានថ្លែងថា លោកបានឃើញថា អ្នកនយោបាយ ពីអតីតគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងចង់ឃើញឲ្យមានការដក EBA ខណៈដែលរដ្ឋាភិបាលខិតខំព្យាយាមរក្សាវា។ ប៉ុន្តែលោកបានថ្លែងថា រដ្ឋាភិបាលកម្ពុជា មិនអាចដោះដូរការអនុគ្រោះពាណិជ្ជកម្មជាមួយនឹងអធិបតេយ្យភាពបានទេ។ ដូច្នេះ រដ្ឋាភិបាលជ្រើសរើសធ្វើពិពិធកម្មពាណិជ្ជកម្មដោយនាំចេញផលិតផលទៅទីផ្សារដទៃៗទៀតក្រៅពីសហភាពអឺរ៉ុប។
លោក Bradley Jensen Murg ជំនួយការសាស្រ្តាចារ្យ ផ្នែកវិទ្យាសាស្រ្តនយោបាយ និងការសិក្សាអំពីអាស៊ានបានថ្លែងថា តាមទស្សនៈរបស់លោក ការដក EBA ដោយសហភាពអឺរ៉ុប នឹងធ្វើឲ្យខូចកិត្តិយសផ្ទាល់របស់សហភាពអឺរ៉ុប ពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិមនុស្ស នៅក្នុងគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួន។
លោកបញ្ជាក់ថា៖ «ខ្ញុំពិតជាមិនយល់អំពីសហភាពអឺរ៉ុបចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំជាមួយចិនដែលជាប្រទេសមួយ ដែលធ្លាប់មានអំពើប្រល័យពូជសាសន៍វប្បធម៌ប្រឆាំងនឹងជនជាតិ Uighur របស់ខ្លួន ហើយថ្មីៗនេះទៀត ចុះកិច្ចព្រមព្រៀងជាមួយវៀតណាម ដែលមានចំណាត់ថ្នាក់ពិន្ទុសិទ្ធិមនុស្សទាបជាងកម្ពុជា»។
លោកបានបន្តថា៖ «ចំពោះអ្នកសេដ្ឋកិច្ចនយោបាយដូចជាខ្លួនខ្ញុំផ្ទាល់ ចំពោះការធ្វើបែបនេះគឺថា សហភាពអឺរ៉ុបគិតគូរអំពីសិទ្ធិមនុស្ស ប៉ុន្តែលុះត្រាតែផលប្រយោជន៍សេដ្ឋកិច្ច មិនធំខ្លួន [សម្រាប់ខ្លួន] ហើយបានកត់សម្គាល់ថា ដានជើង និងទីផ្សារសេដ្ឋកិច្ចអឺរ៉ុបធំខ្លាំងជាងនេះ គឺនៅប្រទេស ចិន និងវៀតណាម បើធៀបនឹងកម្ពុជា»។
លោកបានថ្លែងថា វាសំខាន់ដែលរដ្ឋាភិបាលកម្ពុជាបន្តកិច្ចខិតខំប្រឹងប្រែងខ្លាំងរបស់ខ្លួនដើម្បីរក្សា EBA ដើម្បីធានាកំណើនសេដ្ឋកិច្ចរឹងមាំជាបន្ត។
ប៉ុន្តែអ្នកវិភាគនយោបាយ លោក ឡៅ ម៉ុងហៃ ថ្លែងថា សេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់របស់រដ្ឋាភិបាល កម្ពុជាអំពី EBA និងវិធានការរបស់រដ្ឋាភិបាល ដើម្បីកាត់បន្ថយចំណាយផលិតកម្មបានបង្ហាញថា រដ្ឋាភិបាលរៀបចំទទួលយកការដក EBA ក្នុងវេលាណាមួយនាពេលខាងមុខ៕