ភ្នំពេញៈ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) អំពាវនាវដល់ម្ចាស់អគារទាំងអស់ដែលជួលឲ្យរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ពិចារណាចុះថ្លៃឈ្នួលរបស់ខ្លួនយ៉ាងតិច ៣០% ក្នុងរយៈពេល ៣ ខែ ទៅ ៦ ខែ ដើម្បីជួយសម្រាលបន្ទុក ស្របពេលជួបវិបត្តិធ្ងន់ធ្ងរ។
ការអំពាវនាវនេះស្របពេលដែលរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជាចំនួន ១៨០ រោងចក្រ ហើយបានប្រកាសព្យួរប្រតិបត្តិការ ហើយមានរោងចក្រប្រមាណ ៦០ ទៀតកំពុងប្រឈមដែលធ្វើឲ្យប៉ះពាល់ដល់កម្មករដោយផ្ទាល់ប្រមាណ ២០ ម៉ឺននាក់ និងដោយប្រយោលប្រមាណ ២ លាននាក់។
លិខិតអំពាវនាវរបស់ GMAC ចុះថ្ងៃទី ៨ ខែឧសភា បានបញ្ជាក់ថា៖ «សមាគមយល់អំពីទុក្ខលំបាកនៃផលប៉ះពាល់នៃជំងឺកូវីដ ១៩ ប៉ុន្តែយើងពិតជាអំពាវនាវដល់ម្ចាស់អគារនានាដែលកំពុងជួលឲ្យរោងចក្រកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ មេត្តាពិចារណាចុះថ្លៃឈ្នួលរបស់ខ្លួនយ៉ាងតិច ៣០ ភាគរយ សម្រាប់រយៈពេល ៣ ទៅ ៦ ខែ»។
GMAC បានអះអាងបន្តថាការចុះថ្លៃឈ្នួលនេះអាចនឹងជួយសម្រាលបន្ទុកចំណាយរបស់រោងចក្រ និងចូលរួមចំណែកស្តារសេដ្ឋកិច្ចនៅកម្ពុជា ដើម្បីទ្រទ្រង់វិស័យនេះ ខណៈការព្យួរផលិតកម្មរបស់រោងចក្រក្នុងអំឡុងពេលនេះគឺរោងចក្រ មិនអាចទ្រទ្រង់បាននូវបន្ទុកចំណាយនានា ហើយចំណូលក៏មានការធ្លាក់ចុះផងដែរ។
GMAC បានបញ្ជាក់ថា៖ «ការចំណាយរបស់រោងចក្រលើថ្លៃឈ្នួលអគារ និងទីតាំងគឺជាបន្ទុក ចំណាយដ៏ធ្ងន់ធ្ងរស្របពេលដែលសមាជិករបស់យើងកំពុងរងគ្រោះដោយសារការលុបចោលនៃការបញ្ជាទិញជាច្រើន និងការគ្មានការបញ្ជាទិញថ្មីនោះក៏ដូចជា ការចំណាយផ្សេងៗដទៃទៀត»។
លោក ខេន លូ អគ្គលេខាធិការ GMAC បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យយ៉ាងខ្លីថា បន្ទាប់ពីចេញសេចក្តីអំពាវនាវនេះ លោកមិនទាន់ទទួលព័ត៌មានទេថា មានម្ចាស់ទីតាំងចំនួនប៉ុន្មានបានយល់ព្រមបញ្ចុះតម្លៃតាមការស្នើសុំនេះ។
លោកបន្តថា៖ «ថ្ងៃនេះ ជាថ្ងៃអី? មានអ្នកណាគេធ្វើការ ហើយលិខិតចេញថ្ងៃ ៨ រួចហើយមកសួរខ្ញុំពីលទ្ធផលថា មានម្ចាស់រោងចក្រប៉ុន្មាន ខ្ញុំអត់មានលទ្ធផលឲ្យទេ។ ចុងសប្តាហ៍ ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ មានអ្នកណាគេធ្វើការ បើទោះជាមាន (ការយល់ព្រមបញ្ចុះតម្លៃ) ក៏ត្រូវឆ្លងកាត់តាមនីតិវិធីនៃការចរចាដែរ ហើយបើទោះជោគជ័យ ក៏គេចាំថ្ងៃធ្វើការ រាយការណ៍មកសមាគមដែរ»។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបដិសេធធ្វើការអត្ថាធិប្បាយ ជុំវិញករណី GMAC ស្នើឲ្យម្ចាស់ទីតាំងជួលរោងចក្រ បញ្ចុះតម្លៃ ៣០ ភាគរយក្នុងរយៈពេល ៣ ទៅ ៦ ដោយបានបង្វែរសំណួរទៅកាន់ម្ចាស់ដីផ្ទាល់។ លោកបន្តថា ក្រសួងគ្មានសមត្ថកិច្ចចំពោះករណីនេះទេ ព្រោះការសម្រេចបញ្ចុះតម្លៃយ៉ាងណានោះ គឺអាស្រ័យទៅលើម្ចាស់ទីតាំង និងរោងចក្រផ្ទាល់ធ្វើការចរចាគ្នា។
បញ្ហានេះ លោកបញ្ជាក់ថា៖ «សួរទៅម្ចាស់ដី ក្រសួងមិនមែនជាម្ចាស់ដី ហើយក៏មិនមានដែនសមត្ថកិច្ចលើការងារដែនដីដែរ»។
លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជាបានលើកឡើងកាលពីម្សិលមិញថា ការអំពាវនាវទាំងនេះគឺជាសិទ្ធិរបស់ GMAC ប៉ុន្តែការសម្រេចយ៉ាងណានោះ គឺអាស្រ័យទៅលើការសម្រេចចិត្តរបស់ម្ចាស់ទីតាំង ព្រោះបច្ចុប្បន្នគ្រប់គ្នាសុទ្ធតែរងផលប៉ះពាល់ពីជំងឺកូវីដ ១៩។
លោកស្រីបន្តថា៖ «ធម្មតាការស្នើគឺអាចធ្វើទៅបាន គ្រាន់តែស្ថិតក្នុងការសម្រេចចិត្តគឺអាស្រ័យលើម្ចាស់ទីតាំង ព្រោះកន្លែងជួលមួយៗគឺមានកុងត្រាបំពេញរបស់គេ ដើម្បីសំអាង។ ម្ចាស់ទីតាំងក៏ជាភាគីនៃការប្រឈមដូចគ្នា ព្រោះពេលខ្លះគាត់ជួលឲ្យគេ ហើយយកប្រាក់នេះទៅប្រើប្រាស់អីផ្សេងទៀត ដូច្នេះគាត់ក៏ប្រឈមនឹងហានិភ័យដែលកំពុងទទួលរងដូចគ្នា»។
ទោះបីយ៉ាងណាលោកស្រី យ៉ាង សុភ័ណ្ឌ លើកទឹកចិត្តឲ្យភាគីទាំងសងខាង បន្តចរចាគ្នា ដើម្បីស្វែងរកដំណោះស្រាយមួយដែលអាចទទួលយកបាន ក្នុងពេលដែលពិភពលោកក៏ដូចជាកម្ពុជាកំពុងប្រឈមនឹងជំងឺកូវីដ ១៩ ដែលបន្តផ្តល់ផលប៉ះពាល់គ្រប់គ្នា៕