ភ្នំពេញៈ គិតត្រឹមពាក់កណ្ដាលឆ្នាំ ២០១៨ នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ជួយស្វែងរកការងារឲ្យយុវជន និងនិស្សិតបានជាង៣២៥១នាក់ ខណៈមន្រ្ដីជំនាញថា ជំនាញដែលបណ្ដាក្រុមហ៊ុនមានតម្រូវការខ្លាំងបន្ទាប់ពីជំនាញបច្ចេកទេស គឺជំនាញទន់។
លោក អំាង ភារៈ ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានថ្លែងប្រាប់ ភ្នំពេញ បុស្ដិ៍ នៅថ្ងៃទី ១៩ កក្កដានេះថា ក្នុងឆ្នាំ ២០១៨ នេះ សន្ទុះនៃការស្វែងរកការងារឲ្យយុវជននៅភ្នំពេញមានការកើនឡើងរហូតដល់ជាង ៣ពាន់នាក់ ខណៈកាលពីឆ្នាំ ២០១៧ បានត្រឹម ២ ពាន់នាក់ប៉ុណ្ណោះ។
លោកបានបន្ដថា៖ «តាមរយៈការធ្វើការងារដោយផ្ទាល់ជាមួយក្រុមហ៊ុននិងនិយោជកយើងអាចវាយតម្លៃបានថាយើងមិនទាន់អាចផ្គត់ផ្គង់គ្រប់គ្រាន់ទៅដល់ក្រុមហ៊ុនដែលគេកំពុងរើសបុគ្គលិកនោះទេ។ កាលពីថ្ងៃទី ២៨ ខែមិថុនា កន្លងទៅនេះ យើងមានឱកាសការងារជាង១ពាន់នាក់ដែលក្រុមហ៊ុនមានតម្រូវការតែមានយុវជនតែជាង១៥០នាក់ប៉ុណ្ណោះដែលធ្វើតេស្ដជាប់ទទួលបានការងារ»។
បើតាមលោក ភារៈ ក្រៅពីជំនាញវិជ្ជាជីវៈ ឬជំនាញបច្ចេកទេស ដែលគាត់មានសម្រាប់ ជំនាញសំខាន់បំផុតដែលក្រុមហ៊ុននិយោជកចង់បាននោះគឺជំនាញទន់។ ជំនាញទន់ក្នុងនោះមានជំនាញតូចៗជាច្រើនទៀតដែលមានតម្រូវការខ្លាំង តួយ៉ាង ជំនាញរៀបចំផែនការធ្វើការងារជាក្រុម និងជំនាញដឹកនាំជាដើម។
យោងតាមលទ្ធផលអង្កេតនិយោជកលើកទី៤ ស្តីពីកង្វះនិងគម្លាតជំនាញនៅក្នុងទីផ្សារការងារឆ្នាំ២០១៧នេះ បង្ហាញថា ៧៧,៩ភាគរយនៃនិយោជកនៅក្នុងវិស័យសណ្ឋាគារ និងការស្នាក់នៅកំពុងជួបបញ្ហាលំបាកក្នុងការជ្រើសរើសបុគ្គលិក។
ចំណែកឯវិស័យដទៃទៀតគឺស្ថិតក្នុងអត្រា៦៤,១ភាគរយក្នុងវិស័យឡូជីស្ទីកនិងការដឹកជញ្ជូនសុខាភិបាល ៥៨,៣ភាគរយ, អប់រំ និងបណ្តុះបណ្តាល៥៣ភាគរយ កែច្នៃម្ហូបអាហារ និងភេសជ្ជៈ៥១,៧ភាគរយ, ហិរញ្ញវត្ថុនិងធានារ៉ាប់រង៥០,៧ភាគរយ, ព័ត៌មានវិទ្យា៣៦,៥ភាគរយ, សំណង់៣៤,៤ភាគរយ, វាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់និងផលិតស្បែកជើង២០,៩ភាគរយ និងផលិតកម្មកៅស៊ូ និងប្លាស្ទិក ៧,៣ ភាគរយ។
កត្តាចម្បងដែលនាំឱ្យនិយោជកជួបប្រទះការលំបាកក្នុងការជ្រើសរើសកម្លាំងពលកម្មគឺបណ្តាលមកពីបេក្ខជនគ្មានជំនាញបច្ចេកទេសតាមតម្រូវការមានការប្រកួតប្រជែងខ្លាំងក្នុងចំណោមនិយោជកក្នុងការជ្រើសរើសកង្វះបទពិសោធការងារ និងបេក្ខជនដាក់ពាក្យស្វែងរកការងារមានចំនួនតិច។
តាមរបាយការណ៍ដដែលជំនាញសំខាន់ៗដែលអ្នកស្វែងរកការងារមានការខ្វះខាតសំខាន់ៗរួមមាន «ជំនាញភាសាបរទេស ជំនាញបច្ចេកទេសការបម្រើសេវាអតិថិជន ការនិយាយស្តី ការបំពេញការងារជាក្រុម ការដោះស្រាយបញ្ហានិងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន»។
តាមរយៈទិន្នន័យដែលប្រមូលបានពីការអង្កេតនេះ NEA បានធ្វើការវិភាគព្យាករនិងផលិតជារបាយការណ៍មួយទៀតស្តីពី «ទស្សនវិស័យការងារកម្ពុជាឆ្នាំ២០១៨»ដែលបង្ហាញអំពីការវិវត្តរបស់ទីផ្សារការងារនៅកម្ពុជាដោយផ្តោតសំខាន់ទៅលើឱកាសការងារតាមប្រភេទនៃមុខរបរ។
លទ្ធផលនៃរបាយការណ៍នេះ បានបង្ហាញថា ប្រភេទការងារដែលអាចឲ្យអ្នកស្វែងរកការងារងាយនឹងទទួលបាននោះរួមមាន «ជំនាញវិស្វករ ឧស្សាហកម្ម និងផលិតកម្ម វិស្វករទូរគមនាគមន៍ អ្នកឯកទេសផ្នែកវិទ្យុសាស្រ្ត និងថតកាំរស្មីអ៊ិច អ្នកបកប្រែអត្ថបទ និងអ្នកបកប្រែផ្ទាល់មាត់អ្នកបច្ចេកទេសផ្នែកសេវាគាំទ្រព័ត៌មានវិទ្យា វិស្វករគីមី អ្នកបញ្ជាម៉ាស៊ីនចំហុយទឹក ជាងធ្វើកញ្ចក់ ជាងដំឡើងបំពង់ទុយោ និងបំពង់បង្ហូរ និងអ្នកដំឡើងម៉ាស៊ីនយានយន្ត។
អ្នកនាង ប៉េងទី សៅបូរីណា នាយិកា jobs.phnomlist ដែលជាក្រុមហ៊ុនផ្ដល់សេវាជ្រើសរើសបុគ្គលិកឯកជនមួយនៅភ្នំពេញឲ្យដឹងដែរថាតាមរយៈការធ្វើការងារជាអ្នកផ្ដល់សេវាជ្រើសរើសបុគ្គលិកឲ្យក្រុមហ៊ុនជាច្រើននៅភ្នំពេញបានជួយឲ្យយុវជនរាប់ពាន់បានការងារធ្វើក្នុង១ឆ្នាំៗ។
អ្នកនាងបានបញ្ជាក់ថា៖«ម្ចាស់ក្រុមហ៊ុនភាគច្រើនគេចង់បានបុគ្គលិកចូលរួមធ្វើការងារនៅក្រុមហ៊ុនរបស់គេដោយផ្អែក ជំនាញវិជ្ជាជីវៈ ឆន្ទៈ ឬការតាំងចិត្ដ និងភាពអត់ធ្មត់ ដែលពួកគាត់ត្រូវចេះសម្របខ្លួន ចេះធ្វើការងារបានគ្រប់ស្ថានការណ៍ក្នុងក្រុមហ៊ុន»។
អ្នកនាងបានមើលឃើញថា៖«ភាគច្រើនយុវជនដែលមកដាក់ពាក្យធ្វើការមិនសូវមានភាពអត់ធ្មត់ចំពោះការងារ ខ្វះការទំនាក់ទំនងនិងមិនចេះធ្វើការងារជាក្រុមដែលនេះបណ្ដាលឲ្យក្រុមហ៊ុនជាច្រើនមិនអាចជ្រើសរើសគាត់ឲ្យចូលធ្វើការងារបានឬធ្វើការងារមិនសូវបានយូរអង្វែង»៕