មណ្ឌលគិរីៈ អង្គការអភិរក្ស សត្វព្រៃនៅកម្ពុជា (WCS) បានរកឃើញសត្វស្វាកន្ទុយសជាង ២ ម៉ឺនក្បាល និងសត្វទោចថ្ពាល់លឿងប្រមាណ ១ ២០០ ក្បាល ដែលភាគច្រើនមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។
លោក កែន សិរីរដ្ឋា ប្រធានអង្គការ WCS ថ្លែងប្រាប់ភ្នំពេញ ប៉ុស្ដិ៍ ពីម្សិលមិញថា ការរកឃើញសត្វស្វាកន្ទុយស និងសត្វទោចថ្ពាល់លឿងនេះក្រោយពីក្រុមស្រាវជ្រាវរបស់ WCS ដោយមានការសហការពីក្រសួងបរិស្ថានបានធ្វើការស្រាវជ្រាវចាប់តាំងពីឆ្នាំ ២០១០ រហូតដល់ឆ្នាំ ២០២០ នេះ។
លោកថ្លែងថា៖ «ក្រុមអ្នកអង្កេតបានរកឃើញពួកវានៅលើដើមឈើខ្ពស់ៗនៃព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោងក្នុងប្រទេសកម្ពុជា ពិសេសនៅក្នុងដែនជម្រកសត្វព្រៃកែវសីមាដែលជាជម្រកដ៏សំខាន់នៃពពួកសត្វនេះរស់នៅ»។
សត្វស្វាទាំងនេះតែងតែហក់លោត ពីដើមឈើមួយទៅដើមឈើមួយនៅពេលព្រឹក។ វាបន្លឺសំឡេងខ្លាំងៗនៅចន្លោះម៉ោង ៥ ទៅម៉ោង ៧ ព្រឹក ហើយសំឡេងវាអាចឮបានចម្ងាយពី ១ ទៅ ២ គីឡូម៉ែត្រ អាស្រ័យលើស្ថានភាពព្រៃឈើ។ ចំណែកចំណីរបស់ពួកវា មានដូចជា ផ្លែឈើ ត្រួយឈើ ផ្កា និងសត្វល្អិតជាដើម។
តាមរយៈកិច្ចពិភាក្សាជាមួយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថានអង្គការ WCS និងក្រសួងបរិស្ថានអាចនឹងធ្វើសន្និសីទសារព័ត៌មានមួយនៅអំឡុងថ្ងៃទី ២០ ខែតុលា ដើម្បីបង្ហាញពីការរកឃើញសត្វព្រៃកម្រ និងប្រភេទជីវចម្រុះកម្រៗជាច្រើនទៀតរបស់កម្ពុជា។
លោក ភក្ត្រា បានថ្លែងក្នុងពេលដឹកនាំប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកសារព័ត៌មានចុះពិនិត្យ និងស្វែងយល់ពីការងាររៀបចំគម្រោងរេដបូក និងការគ្រប់គ្រងដែនជម្រកសត្វព្រៃកែវសីមាក្នុងខេត្ដមណ្ឌលគិរីពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែតុលាថា ដែនជម្រកសត្វព្រៃកែវសីមាមិនត្រឹមតែជាដែនជម្រកសត្វព្រៃដែលមានព្រៃស្រោង និងអាចលក់ឥណទានកាបូនបាននោះទេ។ ប៉ុន្តែវាគឺជាតំបន់ការពារធម្មជាតិមានសារៈសំខាន់ កម្រិតអន្តរជាតិក្នុងការអភិរក្សសត្វព្រៃ និងជីវចម្រុះជាច្រើនទៀតរបស់កម្ពុជា។
លោកថា៖ «ដែនជម្រកសត្វព្រៃកែវសីមាមានសារៈសំខាន់កម្រិតអន្តរជាតិក្នុងការអភិរក្សសត្វដំរីអាស៊ី សត្វពានរ រួមមានទោចថ្ពាល់លឿង ស្វាកន្ទុយស ប្រភេទមំសាសី និងប្រភេទសត្វស្លាបជាច្រើនប្រភេទទៀតក្នុងនោះប្រភេទសត្វ និង រុក្ខជាតិ ៧៥ ប្រភេទជាប្រភេទរងការគំរាមកំហែងស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN»។
បច្ចុប្បន្នតំបន់ជម្រកសត្វស្វាកន្ទុយស និងទោចថ្ពាល់លឿងក្នុងសហគមន៍អណ្តូងក្រឡឹងក្នុងភូមិសាស្ត្រឃុំសែនមនោរម្យ ស្រុកអូររាំង បាននិងកំពុងទាក់ទាញភ្ញៀវទេសចរជាពិសេសទេសចរបរទេសឱ្យមកទស្សនាកម្សាន្ត។
លោក ភក្ត្រា បានជំរុញឱ្យកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ និងពលរដ្ឋរួមគ្នាថែរក្សានិងការពារអភិរក្សសត្វព្រៃកម្រទាំងអស់នេះឱ្យបាន ជាពិសេសទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់បំផ្លាញព្រៃឈើ និងបង្ក្រាបការទន្ទ្រានកាន់កាប់ដីព្រៃ ដោយខុសច្បាប់ ដែលសកម្មភាពទាំងនេះបានបំផ្លិចបំផ្លាញជម្រកដ៏សុខសាន្តរបស់សត្វព្រៃ និងជីវចម្រុះផ្សេងទៀត៕