ក្រចេះ៖ អង្គការ WCS សហការជាមួយរដ្ឋបាលជលផល បានលែងកូនកន្ធាយក្បាលកង្កែបចំនួន ១៤៨ ក្បាល ចូលទៅក្នុងទីជម្រកធម្មជាតិតាមដងទន្លេមេគង្គ ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ កាលពីពេលថ្មីៗនេះ ខណៈគិតត្រឹមសប្តាហ៍ទីមួយ នៃខែមេសានេះ កូនកន្ធាយក្បាលកង្កែបចំនួន ៥៥៩ បានញាស់។
បើតាមអង្គការ WCS កន្ធាយក្បាលកង្កែប (ឬល្មិច) ជាប្រភេទសត្វជិតផុតពូជបំផុតនៅលើពិភពលោក។
នៅក្នុងរដូវពងកូនឆ្នាំ ២០២១ ដែលចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ ២០២០ ដល់ខែឧសភា ឆ្នាំ ២០២១ គិតត្រឹមដើមខែមេសានេះ ក្រុមការពារសម្បុកនៅតាមសហគមន៍របស់អង្គការ WCS បានរកឃើញសម្បុកពងកន្ធាយក្បាលកង្កែបចំនួន ៥៨ សម្បុក មានចំនួន ២ ០៥៨ ពង។
បើគិតត្រឹមសប្តាហ៍ទីមួយ នៃខែមេសា ឆ្នាំ ២០២១ នេះ កូនកន្ធាយក្បាលកង្កែបចំនួន ៥៥៩ កូន បានញាស់ ចេញពីសម្បុកចំនួន ២៨ សម្បុក ដោយជោគជ័យ។
ជាមួយគ្នានេះ កូនកន្ធាយក្បាលកង្កែបដែលនៅសល់មិនទាន់លែង ត្រូវបានក្រុមការពារសម្បុក យកទៅរក្សាទុក ក្នុងបែឈើបណ្តែតទឹកជាបណ្តោះអាសន្ន ដើម្បីឱ្យវាមានសុខភាពល្អ មុននឹងលែងចូលទៅក្នុងទីជម្រកធម្មជាតិរបស់វាវិញ។
អង្គការ WCS បានឱ្យដឹងថា ក្រុមការងារគ្រោងនឹងលែងកូនកន្ធាយក្បាលកង្កែបទាំងអស់នេះចូលទៅក្នុងទីជម្រកធម្មជាតិវិញនៅក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ។
គម្រោងអភិរក្សកន្ធាយក្បាលកង្កែបរបស់អង្គការ WCS ទទួលបានការគាំទ្រថវិកាពីសហភាពអឺរ៉ុប ក្រោមគម្រោង «ដៃគូប្រឆាំងនឹងបទល្មើសសត្វព្រៃ» Margaret A. Cargill Philanthropy, គម្រោងព្រៃឡង់បៃតង គាំទ្រដោយទីភ្នាក់ងារជំនួយអាមេរិក USAID និង Turtle Survival Alliance៕