ភ្នំពេញៈ អង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ថា ក្នុងរយៈពេលប្រហែល ៤ ខែដើមឆ្នាំ ២០២០ នៅប្រទេសកម្ពុជា មានជំងឺកញ្ជ្រឹលផ្ទុះឡើងចំនួន ៣៤១ ករណី ដែលនេះគឺជាតួលេខកើនឡើងយ៉ាងខ្លាំងបើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ដែលមានចំនួនត្រឹមតែ ៤៤ ករណី។
WHO បានបញ្ជាក់កាលពីថ្ងៃទី ២៩ ខែមិថុនា ថា ការផ្ទុះឡើងជំងឺកញ្ជ្រឹលទាំង ៣៤១ ករណីនេះ គឺរាប់ចាប់តាំងពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ៤ ខែឧសភា ហើយក្នុងចំណោមអ្នកកើតជំងឺទាំងនេះប្រហែល ៦៥% ពុំទទួលបានការចាក់វ៉ាក់សាំងការពារឡើយ។
លោកស្រី Li Ailan ប្រធាន WHO ប្រចាំកម្ពុជានិយាយថា៖ «ក្នុងកំឡុងពេលមានរោគរាតត្បាតជំងឺកូវីដ ១៩ គឺវាមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ដើម្បីបន្តផ្ដល់សេវាចាក់ថ្នាំបង្ការតាមទម្លាប់ ដើម្បីការពារកុមារ និងសហគមន៍។ បើមិនដូច្នេះទេ ហានិភ័យនៃការផ្ទុះជំងឺដែលអាចបង្ការបានដោយវ៉ាក់សាំងនេះអាចនឹងកើនឡើងបន្តទៀតហើយជាពិសេសគឺហានិភ័យនៃការផ្ទុះឡើងជំងឺកញ្ជ្រឹលដែលមិនអាចគ្រប់គ្រងបាន»។
ទោះជាយ៉ាងណា WHO បញ្ជាក់ថា ថ្វីដ្បិតមានការកើតមានជំងឺកូវីដ១៩ ប៉ុន្តែពលរដ្ឋកម្ពុជាភាគច្រើននៅតែទៅទទួលសេវាចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យទៅតាមទម្លាប់របស់ពួកគេដែលតែងតែធ្វើនាពេលកន្លងមក។
ជាមួយគ្នានោះក្រុមការងារផ្សព្វផ្សាយមកពីកម្មវិធីជាតិផ្ដល់ថ្នាំបង្ការ (NIP) អង្គការសុខភាពពិភពលោក អង្គការយូនីសេហ្វ និងដៃគូពាក់ព័ន្ធផ្សេងទៀតបានចុះទៅដល់សហគមន៍ ដែលមានហានិភ័យខ្ពស់ដូចជាសហគមន៍ខ្មែរអ៊ិស្លាម និងវៀតណាមដែលភាគច្រើនរស់នៅលើទូក ដើម្បីផ្ដល់វ៉ាក់សាំងទៅដល់កុមារ ខណៈពួកគេមានការពិបាកទៅទទួលវ៉ាក់សាំងនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យ។
WHO បញ្ជាក់ថា ក្រៅពីការចុះផ្ដល់វ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹល ក្រុមការងារក៏បានធ្វើការណែនាំទៅដល់ពលរដ្ឋនៅក្នុងសហគមន៍ទាំងនោះឱ្យយល់ដឹងអំពីវិធីបង្ការជំងឺកូវីដ១៩ ហើយបន្ទាប់ពីមានកិច្ចប្រឹងប្រែងដើម្បីឆ្លើយតបទៅនឹងជំងឺកញ្ជ្រឹល គឺក្រុមការងារទទួលបានជោគជ័យដោយចាប់ផ្ដើមគ្រប់គ្រងបាននូវការផ្ទុះឡើងនៃជំងឺកញ្ជ្រឹល ដោយសារនៅក្នុងខែឧសភាមានករណីជំងឺកញ្ជ្រឹល ២-៣ ករណីប៉ុណ្ណោះត្រូវបានរាយការណ៍។
លោក ឱក វិជិត ប្រធានកម្មវិធីជាតិផ្ដល់ថ្នាំបង្ការនៃក្រសួងសុខាភិបាលបានបដិសេធធ្វើអត្ថាធិប្បាយដោយថ្លែងថា លោកមិនមានសិទ្ធិក្នុងការផ្ដល់ព័ត៌មានទេ ហើយបានជំរុញឱ្យទៅសួរលោកស្រី ឱ វណ្ណឌីន និងលោក លី សូវ៉ាន់ ដែលជាអ្នកនាំពាក្យក្រសួងសុខាភិបាលវិញ ប៉ុន្តែមន្ត្រីទាំង ២ រូបពុំទាន់បានឆ្លើយតបសំណួរតាមប្រព័ន្ធតេឡេក្រាមនៅឡើយ គិតមកដល់ត្រឹមម៉ោងបោះពុម្ពផ្សាយកាសែតកាលពីយប់មិញ។
ជំងឺកញ្ជ្រឹលត្រូវបានគេដឹងថា គឺបណ្តាលមកពីវីរុសមួយប្រភេទនៅក្នុងគ្រួសារនៃវីរុស paramyxovirus ហើយវាឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ និងតាមរយៈខ្យល់។ វីរុសនេះឆ្លងតាមផ្លូវដង្ហើម បន្ទាប់មករាលដាលពាសពេញរាងកាយហើយវាមិនត្រូវបានគេរកឃើញនៅលើសត្វនោះទេ។
កម្ពុជាបានទទួលចំណាត់ថ្នាក់ជាប្រទេសបានលុបបំបាត់ជំងឺកញ្ជ្រឹលទាំងស្រុងកាលពីឆ្នាំ ២០១៥ ប៉ុន្តែប្រទេសនេះមិនទាន់មានប្រព័ន្ធការពារដើម្បីកុំឱ្យមានការងើបឡើងវិញនៃជំងឺកញ្ជ្រឹលសកលនៅឡើយទេ។
WHO បញ្ជាក់ថា អ្នកស្លាប់ដោយសារជំងឺកញ្ជ្រឹល គឺភាគច្រើនបំផុតជាកុមារអាយុក្រោម ៥ ឆ្នាំ ខណៈគិតពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៨ វ៉ាក់សាំងការពារជំងឺកញ្ជ្រឹលបានជួយសង្គ្រោះអាយុជីវិតមនុស្សជាង ២៣ លាននាក់នៅទូទាំងពិភពលោក៕