
បាយក្ដាំង ណាតាំង និងតែក្រវាញជំនួយសុខភាព។ ផា លីណា
ភ្នំពេញ: ជាមួយស្លាកឈ្មោះជារុក្ខជាតិខ្មែរ ភោជនីយដ្ឋាន ក្រវាញ ទល់មុខសួនច្បារវត្តបទុមវត្តី មានបម្រើនូវម្ហូបធ្វើពីបន្លែគ្រឿងផ្សំធម្មជាតិ ហើយប្រកាន់ខ្ជាប់អត្តសញ្ញាណរសជាតិម្ហូបខ្មែរពីដើមពិតៗ ខុសពីហាងម្ហូបខ្មែរដទៃទៀត។
នៅវិថីសុធារស ហាង ក្រវាញ មានទីតាំងអំណោយផលដល់ភ្ញៀវជាតិ និងទេសចរអន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ងាយនឹងប្រទះភ្នែកឃើញច្បាស់។
មូលហេតុ ដែលភោជនីយដ្ឋានប្រើឈ្មោះក្រវាញត្រូវបានអ្នកគ្រប់គ្រងទូទៅ អ្នកស្រី ស៊ឹម ធា ប្រាប់ឲ្យដឹងថា៖ «ប្រទេសកម្ពុជាយើងមានរុក្ខជាតិឈ្មោះក្រវាញគឺវាល្អមែនទែនសម្រាប់សុខភាព ហើយវាដុះតែនៅតំបន់ខ្នងភ្នំប៉ុណ្ណោះ អ៊ីចឹងខ្ញុំចង់ណែនាំឲ្យភ្ញៀវទេសចរ និងកូនខ្មែរយើងឲ្យគាត់ដឹង»។
រចនាប័ទ្មក្នុងហាងមានតាំងរូបភាពនារីរបាំ និងស្ត្រីម៉ូដសក់ផ្កាថ្កូវ បង្កើតនូវបរិយាកាសត្រូវនឹងរសជាតិម្ហូបខ្មែរពីដើម។
អ្នកស្រី ស៊ឹម ធា បានឲ្យដឹងថា៖ «ចំណុចសំខាន់របស់ភោជនីយដ្ឋាននេះ គឺរសជាតិដើមពិតៗ មានក្បួនខ្នាតពីដើម ពីបរមបុរាណ អត់កែទេ។ ជាពិសេស ប្រហុក ទឹកត្រី យើងអត់អាចទិញរបស់ដែលមានជាតិគីមីមកធ្វើគឺធ្វើទៅអត់ឆ្ងាញ់ទេ គឺស្ករត្នោតជាដើម ហើយត្រីក៏ដោយ យើងអត់ប្រើត្រីចិញ្ចឹមទេ ពេលធ្វើទៅ វាអត់ដូចរសជាតិដើមទេ»។
ដើម្បីរក្សានូវអត្តសញ្ញាណរសជាតិខ្មែរពីដើមនេះ អ្នកស្រី ក៏បានបញ្ជាក់ថា៖ «និយាយទៅ ៩០ ភាគរយនៃរបស់ក្នុងហាងជារបស់ធម្មជាតិ ហើយបន្លែ ជីរអី គឺភោជនីយដ្ឋានយើងដាំដោយខ្លួនឯង»។
ម្ហូបមានតម្លៃចន្លោះពី ៣ ទៅ ៨,៥ ដុល្លារ ហើយក្នុងនោះភ្ញៀវជាប់ចិត្តជាងគេគឺណាតាំង ជាបាយក្ដាំងមានទឹកជ្រលក់បង្គា សាច់ជ្រូក និងខ្ទិះដូង (តម្លៃ ៨ ដុល្លារ) និង អាម៉ុកខ្ចប់ស្លឹកចេក យ៉ាងឈ្ងុយ ផ្សំពីសាច់ត្រីសុទ្ធ គ្មានឆ្អឹង មានខ្ទិះដូង ម្ទេសឆ្អើរ ស្ករត្នោត និងពិសេសស្លឹកញ (តម្លៃ ៧,៥០ ដុល្លារ)។
សម្រាប់ភេសជ្ជៈវិញ ភ្ញៀវកម្ររំលង តែក្រវាញ (តម្លៃ ១,៥ ដុល្លារ) ដែលល្បីមានគុណប្រយោជន៍ការពារអាការចុកជើង ឈឺស្រពន់ និងជួយកម្ចាត់ជាតិពុល។
អ្នកស្រី ស៊ឹម ធា បានឲ្យដឹងបន្ថែមទៀតថា៖ «បន្ទាប់ពីគាត់ (ភ្ញៀវ) ពិសាបាយហើយ ហើយសម្រាប់អ្នកដែលគាត់ស្រវឹងស្រា អត់បាច់បន្សាបជាមួយអីទេ គាត់អាចពិសាតែក្រវាញបន្តិចទៅ គឺអាចបន្សាបជាតិស្រវឹងបានហើយ»។
ភោជនីយដ្ឋាន ក្រវាញមាន ២ សាខា ដោយ ១ ទៀតនៅ ផ្លូវ ៤៥០ សង្កាត់ទួលទំពូង។ ទូរស័ព្ទសាខាទី១ លេខ ០១២ ៥៣៩ ៩៧៧ និងទី២ ទូរស័ព្ទ ០១២ ៣១៩ ១១១ ៕

ក្រវាញ ជារុក្ខជាតិដែលច្រើនដុះនៅតំបន់ខ្នងភ្នំ។ ផា លីណា

ក្នុងហាងមានរចនាប័ទ្មបែបខ្មែរ និងមានតាំងរូបភាពនារីរបាំ និងស្ត្រីជំនាន់មុនសក់ផ្កាថ្កូវ។ ផា លីណា