ភ្នំពេញ: ស្ថិតនៅលើផ្លូវ ១៣៦ សង្កាត់ផ្សារថ្មី ៣ ម្តុំផ្សារតាប៉ាង មានហាងលក់នំបុ័ងដាក់សាច់ ជាច្រើនជិតៗគ្នា។ ក្នុងចំណោមហាងទាំងនោះ ហាងនំបុ័ងស្ថិតក្រោមយីហោ «ហាងនំបុ័ងផ្សារតាប៉ាង ផ្ទះលេខ ២០» ដែលបានបើកលក់ប្រមាណ ២០ ឆ្នាំ និងបន្តមានភ្ញៀវចូលញ៉ាំជាហូរហែ។
ក្នុងហាងនេះ ក្រៅពីល្បីនំបុ័ងឆ្ងាញ់ក៏មានលក់បង្អែមគ្រប់មុខ ដែលញ៉ាំទៅមិនរងាន់ ដោយសាររសជាតិមិនផ្អែមខ្លាំង ហើយបង្អែមផ្សំគ្រឿងថ្មីតែម្ដង។
អ្នកនាង ជឹង ហ្គិចរ៉ុង ម្ចាស់ហាង ហាងនំបុ័ងផ្សារតាប៉ាងផ្ទះលេខ ២០ បាននិយាយថា៖ «ហាងរបស់ខ្ញុំនេះបើកលក់អស់រយៈពេលជាង ២០ ឆ្នាំ មកហើយ ទាំងនំបុ័ងសាច់ និងបង្អែមគឺមានរសជាតិដើមដដែលដោយសារតែចុងភៅរបស់យើងគាត់ធ្វើមានរង្វាស់ត្រឹមត្រូវ»។
អ្នកនាងបន្តថា៖ «បង្អែមក៏អ៊ីចឹងដែរ គឺភ្ញៀវគាត់នៅតែគាំទ្រ និងសរសើរពីរសជាតិរបស់វាថា នៅតែឆ្ងាញ់ ហើយបច្ចុប្បន្ននេះយើងបានបន្ថែមនូវបង្អែមថ្មីជាច្រើនមុខដូចជាបង្អែមគ្រាប់ឈូក បង្អែមបាញ់ចានឿក បាយដំណើបសង់ខ្យា និងបាយដំណើបទុរេន»។
ចំពោះបង្អែមថ្មីៗប៉ុន្មានមុខនេះ ភ្ញៀវគាត់គាំទ្រខ្លាំងជាងគេគឺបង្អែមបាយដំណើបទុរេន ភ្ញៀវគាត់ចូលចិត្តកុម្ម៉ង់ញុំាច្រើន ដោយសារតែវាមានរសជាតិឆ្ងាញ់ប្លែកមាត់ពីគេ ហើយនៅម្តុំនេះមិនមានលក់បង្អែមនេះទេ។
ចង់ញុំាបង្អែមគ្រប់មុខ ឬក៏បង្អែមបាយដំណើបទុរេនពីហាងនំបុ័ងផ្សារតាប៉ាងផ្ទះលេខ ២០ ទាក់ទងទូរស័ព្ទ លេខ ០៩២ ៨៨១៦ ៩៩៕