
ភោជនីយដ្ឋានរចនាប័ទ្មបែបខ្មែរទំនើប អមដោយសំឡេងចម្រៀងលោក ស៊ីន ស៊ីសាមុត។ ហុង មិនា
សៀមរាប: អាម៉ុកត្រី គឺជាមុខម្ហូប ដែលពលរដ្ឋខ្មែរនិយមធ្វើសម្រាប់បរិភោគក្នុងគ្រួសារ ទទួលភ្ញៀវបន្តិចបន្តួច ឬក្នុងពិធីបុណ្យទានផ្សេង ៗ។ ភ្ញៀវទេសចរបរទេសជាច្រើនដែលមកទស្សនាកម្ពុជា តែងមិនរំលងភ្លក្សអាម៉ុកខ្មែរដោយសារតែម្ហូបនេះ ត្រូវបានចាត់ទុកជាអាហារប្រចាំជាតិ។
ខណៈភោជនីយដ្ឋានក្នុងសណ្ឋាគារម៉េម័រ សៀមរាប ផ្សព្វផ្សាយ និងផ្ដល់សេវាកម្មម្ហូបខ្មែរដល់ភ្ញៀវបរទេស អាម៉ុកក៏ស្ថិតក្នុងតារាងមុខម្ហូបមួយក្នុងចំណោមមុខម្ហូបខ្មែរដទៃទៀត ដែលត្រូវបានសម្រិតសម្រាំងយ៉ាងពិសេសជូនភ្ញៀវបរទេសបានភ្លក្សរសជាតិ។
កម្មវិធីប្រូម៉ូសិនមុខម្ហូបខ្មែរ Khmer Cambo Food ត្រូវបានរៀបចំជាឈុតក្នុងថាសតែមួយ មានដូចជាមុខម្ហូបត្រជាក់ ម្ហូបក្ដៅ និងបង្អែម ដែលសុទ្ធសឹងតែជាមុខម្ហូបខ្មែរ ចេញពីស្នាដៃមេចុងភៅខ្មែរ។
ក្នុងចំណោមមុខម្ហូបរៀបចំជាឈុត ដូចជា Premier, Deluxe និង Standard របស់ឈុត Khmer Cambo Food អាម៉ុកស្ថិតក្នុងឈុត Premier តម្លៃ ១២ ដុល្លារ។
មុខម្ហូបខ្មែរក្នុងឈុត Premier ត្រូវបានរៀបចំដាក់ក្នុងថាសក្រាលក្រណាត់រំលេចក្បាច់ផ្កាភ្ញីបុរាណខ្មែរ ដែលក្នុងចានធំមួយមាន បាយស ភ្លាសាច់គោ ចានតូចទី ១ ដាក់ត្រីចៀនជូរអែម និងអាម៉ុកត្រី ឬគ្រឿងសមុទ្រ រួមជាមួយបង្អែមល្ពៅសង់ខ្យា។
លោក ស៊ឹម សក្កដា បុគ្គលិកផ្នែកទំនាក់ទំនងនៅសណ្ឋាគារម៉េម័រសៀមរាបបានឲ្យដឹងថា៖ «ភ្ញៀវចូលចិត្ដម្ហូបខ្មែរមកពីជប៉ុនហើយក្រៅពីភ្ញៀវជប៉ុន យើងឃើញមានភ្ញៀវអឺរ៉ុប»។

ឈុតអាម៉ុក មានបាយស ភ្លាសាច់គោ ត្រីចៀនជូរអែម អាម៉ុកត្រី និងល្ពៅសង់ខ្យា។ ហុង មិនា
ក្នុងភោជនីយដ្ឋានរចនាប័ទ្មបែបខ្មែរអមដោយសំឡេងចម្រៀងទសវត្សរ៍លោក ស៊ីន ស៊ីសាមុត លោក សក្កដា បន្ដថា៖ «គាត់មកស្រុកខ្មែរអ៊ីចឹងគាត់ចង់ញ៉ាំអាហារខ្មែរ។ ដូច្នេះម៉េម័រសៀមរាបយើងតម្រូវឲ្យមានមុខម្ហូបខ្មែរច្រើន ដើម្បីមានជម្រើសដល់ភ្ញៀវដែលមកស្នាក់នៅទីនេះ»។
លោកបន្តថា៖ «ពេលយើងជួបភ្ញៀវ យើងបង្ហាញតារាងមុខម្ហូបបរទេស គាត់អត់សូវ [interest] ទេ ពីព្រោះគាត់ចង់សាកម្ហូបខ្មែរ។ គាត់ត្រូវការឲ្យពួកយើង [recommend] ម្ហូបខ្មែរណា ដែលឆ្ងាញ់ ដែលល្បី។ ជាទូទៅ យើងមានអាម៉ុក និង [set menu]»។
ការរៀបចំនេះមិនមែនសំដៅផ្គាប់តែភ្ញៀវបរទេសនោះទេ ម៉េម័រ សៀមរាប ក៏ស្វាគមន៍ភ្ញៀវមានបំណងភ្លក្សមុខម្ហូបខ្មែរជាឈុតជាមួយនឹងការបញ្ចុះតម្លៃដល់ ២០ ភាគរយ។
ម៉េម័រ សៀមរាប ស្ថិតនៅអគារលេខ ៥៤៥ ផ្លូវជាតិលេខ ៦ ក្រុងសៀមរាប ទូរស័ព្ទលេខ ០៦៣ ៩៦៣ ៥៦៨៕