ភ្នំពេញៈ ដោយសង្កេតពីបញ្ហាសុវត្ថិភាពនៃថ្នាំបាញ់សម្លាប់សត្វល្អិតគីមីប៉ះពាល់លើមនុស្ស និងកង្វះកម្លាំងពលកម្មតាមស្រុកស្រែចម្ការ អតីតនិស្សិតព័ត៌មានវិទ្យាម្នាក់បានសម្រេចចិត្តឈប់ពីការងារមកចំណាយពេលធ្វើការស្រាវជ្រាវ និងបង្កើត ដ្រូនកសិកម្ម ដើរតួនាទីថែទាំការពារដំណាំតាមបណ្ដាខេត្តនានា។
នៅក្នុងផ្ទះល្វែងនៃបុរីមួយនៅភូមិគោកឃ្លាង នៅជាយរាជធានីភ្នំពេញ បំណែកគ្រឿងផ្គុំដ្រូនរាយពាសពេញក្នុងបន្ទប់ទទួលភ្ញៀវ រង់ចាំលោក ហេង សុភក្ដិ ជាអ្នកជំនាញ ដំឡើងវាទៅជាដ្រូនកសិកម្មពេញលេញ។
ដ្រូនកសិកម្ម Sprayer Drone ឬ UAV នេះ បានបើកទំព័រវិស័យកសិកម្មបែបទំនើបនៅកម្ពុជា។
លោក ហេង សុភក្ដិ វ័យ ៣៨ ឆ្នាំជាអ្នកដំឡើងដ្រូនកសិកម្មបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ខ្ញុំយល់ច្បាស់ថា ការធ្វើកសិកម្មវាពិបាកប៉ុនណា ការដាំអ្វីក៏ពិបាកដែរបើសិនជាត្រូវថែរក្សាឲ្យបានជាប់លាប់កាន់តែពិបាក ខ្ញុំបានឃើញកសិករជាច្រើនបានខកខានក្នុងការបាញ់ថ្នាំ ពីព្រោះភ្លៀងធ្វើឲ្យកខ្វក់ពិបាកដឹកឧបករណ៍ធុនធ្ងន់។ ខ្ញុំចាប់អារម្មណ៍នឹងបច្ចេកវិទ្យាក្នុងការប្រើប្រាស់ ដ្រូនជាមួយនឹងសក្តានុពលរបស់វា ទើបខ្ញុំសម្រេចចិត្តលាឈប់ពីការងារហើយមកស្រាវជ្រាវពីបច្ចេកវិទ្យាដើម្បីធ្វើដ្រូននេះឡើង»។
ដ្រូនកសិកម្មទម្ងន់ ១៥ គីឡូក្រាមមានបំពាក់ប្រព័ន្ធ GPS ត្រឹមត្រូវ និងក្បាលបាញ់ថ្នាំអេឡិចត្រូស្តាទិក ៥ ប្រភេទ។ ទឹកចំនួន ២០ លីត្រប្រើនៅផ្ទៃដីចំនួន ១ ហិកតា ត្រឹមរយៈពេល ១០ នាទីប៉ុណ្ណោះដែលជាធម្មតាកសិករតែងតែប្រើទឹកអស់រហូតដល់ ២០០ លីត្រឯណោះ។
នៅពេលយើងប្រើដ្រូនកសិកម្មសម្រាប់បាញ់ថ្នាំ យើងអាចមើលឃើញត្រឹមតែផ្សែងតំណក់ទឹកដែលហោះចេញពីដ្រូនទៅលើដំណាំប៉ុណ្ណោះ ហើយវាដំណើរការតាមផែនទីដែលបានគូរ និងកម្ពស់ដែលត្រូវបានកំណត់ដោយស្វ័យប្រវត្តិ។
ស្ថាបនិកដ្រូនកសិកម្មដែលបានបោះបង់ការងារដែលបានធ្វើរយៈពេល ១០ ឆ្នាំ IT និង HR រូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំបានដំឡើងដ្រូនកសិកម្មនេះតែម្នាក់ឯងប៉ុណ្ណោះ ហើយខ្ញុំត្រូវការពេលវេលារយៈពេល ១ អាទិត្យសម្រាប់ផលិតវា បើសិនជាខ្ញុំទទួលបានគ្រឿងបន្លាស់ចាំបាច់ទាំងអស់ដែលខ្ញុំត្រូវការ»។
ដោយចំណាយចាប់ពី ៦ ពាន់ ទៅ ២ ម៉ឺនដុល្លារអាស្រ័យទៅលើទំហំ និងជម្រើស លោក សុភក្ដិ ក៏បានបញ្ជាក់ការប្រឈមដែរថា៖ «វាក៏មានការលំបាកដែរដោយសារផ្នែកផ្សេងៗគ្រឿងផ្គុំនៃដ្រូននេះភាគច្រើនមាននៅស្រុកក្រៅ មិនសូវមាននៅក្នុងប្រទេសយើងនោះទេ»។
លោកបានលើកឡើងថាដ្រូនកសិកម្មផ្តល់ផលប្រយោជន៍ជាច្រើនដល់កសិករ ដោយអាចជួយសន្សំសំចៃថ្នាំសម្លាប់សត្វល្អិតបានពី ២០ ទៅ ៥០ ភាគរយបើប្រៀបធៀបទៅនឹងការបាញ់ថ្នាំដោយដៃ ចំណេញពេលវេលា ចំណេញទាំងការប្រើប្រាស់កម្លាំងពលកម្ម កាត់បន្ថយការចំណាយថវិកា និងមានប្រសិទ្ធភាពខ្ពស់ក្នុងការសម្លាប់សត្វល្អិត។ វាក៏រួមចំណែកកាត់បន្ថយការប៉ះពាល់ដល់បរិស្ថានផងដែរ។
ក្រោយពីបានជោគជ័យក្នុងការដំឡើងរួចហើយលោក ហេង សុភក្ដិ បានផ្តល់សេវាកម្មដល់កសិករដោយគិតតម្លៃ ៤ ម៉ឺនរៀលទៅ ១០ ម៉ឺនរៀលក្នុងផ្ទៃដី ១ ហិកតាអាស្រ័យទៅលើប្រភេទដំណាំ និងភូមិសាស្ត្រ។
ដ្រូនកសិកម្មធ្លាប់បានធ្វើការទៅលើដំណាំស្រូវ ម្រេច ស្វាយចន្ទី ស្វាយ ទុរេន ពោត និងដំឡូងនៅសៀមរាប បាត់ដំបង ក្រចេះ បន្ទាយមានជ័យ ត្បូងឃ្មុំ កណ្តាល និងកំពង់ធំជាទឹកដីកំណើតរបស់ស្ថាបនិករូបនេះផ្ទាល់។
ដ្រូនកសិកម្មមិនទាន់មានលក់នៅលើទីផ្សារទេ តែលោក សុភក្ដិ ក៏ទទួលធ្វើតាមការកុម្ម៉ង់ទិញដែរ។
លោកបានលើកឡើងថា៖ «ខ្ញុំចង់ទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាកសិកររបស់យើងឲ្យមករៀនបន្ថែមអំពីបច្ចេកទេសកសិកម្មទំនើប ព្រោះវាជួយពួកគេឲ្យទទួលបានអត្ថប្រយោជន៍កាន់តែច្រើន អនាគតនៃការធ្វើកសិកម្មនឹងមានប្រសិទ្ធភាព និងផ្តល់ទិន្នផលខ្ពស់»៕