
J Trust នៅប្រទេសកូរ៉េខាងត្បូង. រូបថត សហការី
ក្រុមហ៊ុន J Trust Group ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៧៧ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងតូក្យូប្រទេសជប៉ុនហើយអាជីវកម្មស្នូលរបស់ក្រុមហ៊ុន J Trust Group គឺអាជីវកម្មហិរញ្ញវត្ថុ។
ក្រុមហ៊ុនផ្តោតសំខាន់ទៅលើអាជីវកម្មឥណទានទាក់ទងនឹងអចលនទ្រព្យដែលប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសជប៉ុនជាកន្លែងដែលក្រុមហ៊ុននេះបានបង្ហាញអំពីភាពខ្លាំងរបស់ខ្លួន។
ជាមួយនឹងយុទ្ធសាស្ត្ររីកចម្រើនដ៏ខ្លាំងក្លាបច្ចុប្បន្នក្រុមហ៊ុនមាននិយោជិត ២៥០៩ នាក់ដែលមានមូលធនសរុបចំនួន ៦៥៦.៩ ពាន់លានយ៉េននឹងទ្រព្យសម្បត្តិសរុបចំនួន ៧៦.២ ពាន់លានយ៉េននៅក្នុងចំណូលប្រតិបត្តិការសម្រាប់ឆ្នាំសារពើពន្ធ ២០១៨។
ក្រៅពីអាជីវកម្មនៅក្នុងប្រទេសជប៉ុនក្រុមហ៊ុន J Trust ក៏មានប្រតិបត្តិការនៅក្នុងប្រទេសកូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ម៉ុងហ្គោលី និងសិង្ហបុរីផងដែរជាកន្លែងដែលក្រុមហ៊ុននេះបានជួយលើកកម្ពស់សេវាកម្មហិរញ្ញវត្ថុយ៉ាងច្រើន។
ក្រុមហ៊ុន J Trust Group នៅប្រទេសកូរ៉េខាងត្បូង
ក្រុមហ៊ុននេះបានបង្ហាញអំពីសមត្ថភាពដ៏ខ្លាំងក្លារបស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូងចំពោះដំណើរការត្រូតពិនិត្យឥណទាន សេវាកម្មត្រូតពិនិត្យបំណុលនិងទីផ្សារ ហើយក្រុមហ៊ុនក៏សម្រេចបានជោគជ័យយ៉ាងច្រើននៅក្នុងការធ្វើឲ្យគណនីសន្សំប្រសើរឡើង។
គណនីសន្សំរបស់ក្រុមហ៊ុនគឺ JT Chinae Saving Savings Bank និង JT Saving Bank ដែលមានផ្តល់ប្រតិបត្តិការតាមរយៈប្រព័ន្ធអ៊ីនធឺណិត និងទូរស័ព្ទ។
បច្ចុប្បន្នក្រុមហ៊ុន J Trust ជោគជ័យក្នុងការកសាងមូលដ្ឋានគ្រឹះអាជីវកម្មដែលផ្តល់នូវសេវាហិរញ្ញវត្ថុពេញលេញរួមបញ្ចូលទាំងសេវាកម្មធនាគារ សេវាកម្មទទួលប្រាក់បញ្ញើផ្តល់ប្រាក់កម្ចី និងផ្តល់សេវាកម្មបង់រំលស់។
ក្រុមហ៊ុន J Trust Group នៅប្រទេសឥណ្ឌូនេស៊ី
កាលពីខែតុលាឆ្នាំ ២០១៨ ក្រុមហ៊ុន J Trust បានទិញភាគហ៊ុនរបស់ក្រុមហ៊ុន PT ឈ្មោះ OLYMPINDO MULTI FINANCE (ប៉ុន្តែបច្ចុប្បន្នប្តូរមកជាក្រុមហ៊ុន JTRUST OLYMPINDO MULTI FINANCE (JTO)។ វាជាក្រុមហ៊ុនហិរញ្ញវត្ថុឥណ្ឌូនេស៊ីដែលមានមូលដ្ឋាននៅទីក្រុងហ្សាកាតាបានរួមបញ្ចូលគ្នានៅក្នុងឆ្នាំ ១៩៩៣ (បង្កើតឡើងក្នុងឆ្នាំ ១៩៧៤) មានផ្តល់សេវាកម្មដ៏សម្បូរបែបមានកេរ្តិ៍ឈ្មោះល្អនឹងបានប្រតិបត្តិការអាជីវកម្មជាង ៤០ ឆ្នាំមកហើយនៅក្នុងការផ្តល់កម្ចីទិញរថយន្ត។
បន្ទាប់ពីការទិញលក់បានចប់សព្វគ្រប់ក្រុមហ៊ុន J Trust ផ្តល់ជួននូវសេវាហិរញ្ញវត្ថុពេញលេញចំនួនបីប្រភេទតាមរយៈធនាគារ Bank J Trust Indonesia (BJI) ធនាគារ JTRUST INVESTMENTS INDONESIA (JTII) និងធនាគារ JTO ។
បច្ចុប្បន្នអាជីវកម្មរបស់ក្រុមហ៊ុន J Trust នៅក្នុងប្រទេសឥណ្ឌូនេស៊ីមានផ្តល់សេវាកម្មហិរញ្ញវត្ថុជាច្រើនប្រភេទរាប់ចាប់ពីការផ្តល់ប្រាក់កម្ចីដល់អតិថិជននិងសាជីវកម្មរហូតដល់ផ្តល់សេវាកម្មប្តូរប្រាក់បរទេស។

J Trust នៅប្រទេសឥណ្ឌូនេស៊ី។សហការី
ក្រុមហ៊ុន J Trust Group នៅប្រទេសម៉ុងហ្គោលី
ក្រុមហ៊ុន J Trust ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Capital Continent Investment (CCI) ១០០% ដែលមានមូលដ្ឋាននៅទីក្រុង Ulan Bator សាធារណរដ្ឋប្រជាមានិតម៉ុងហ្គោលីដែលក្រុមហ៊ុន J Trust Group បានទិញកាលពីខែឧសភាឆ្នាំ ២០១៨។ សេវាកម្មសំខាន់របស់ក្រុមហ៊ុនគឺផ្តោតលើការផ្តល់ប្រាក់កម្ចីឆាប់រហ័ស និងកម្ចីទិញរថយន្តដែលមានអត្រាការប្រាក់ទាប។
ក្រុមហ៊ុន CCI បានរួមបញ្ចូលជាមួយក្រុមហ៊ុនជំនាញហិរញ្ញវត្ថុ J Trust Group និងកំពុងអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួនយ៉ាងសកម្មឆ្ពោះទៅរកគោលដៅមួយដើម្បីក្លាយជាក្រុមហ៊ុនហិរញ្ញវត្ថុកំពូលនៅក្នុងទីផ្សារប្រទេសម៉ុងហ្គោលី។
យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនសម្រាប់ឆ្នាំ ២០១៨ បានឲ្យដឹងថា ក្រុមហ៊ុនកំពុងប្រតិបត្តិការដើម្បីឆ្ពោះទៅរកការរីកចម្រើនឥតឈប់ឈរនឹងផ្តល់ជូននូវសេវាកម្មកាន់តែសម្បូរ៍បែបដើម្បីបំពេញតម្រូវការទីផ្សារ។
យោងតាមរបាយការណ៍នោះបានឲ្យដឹងថា៖ «នៅក្នុងប្រទេសជប៉ុនគឺរួមបញ្ចូលទាំងការផ្តល់កម្ចីទិញខុនដូសម្រាប់អគារថ្មីៗដោយភ្ជាប់ជាមួយឧបករណ៍ទំនើបផ្សេងៗទៅកាន់ប្រព័ន្ធអ៊ីនធឺណិត (IoT) នៅតាមតំបន់នានាក្នុងទីក្រុង។ ចំណែកឯនៅក្នុងប្រទេសកូរ៉េខាងត្បូងយើងផ្តល់ជូនសេវាកម្មធនាគារតាមបច្ចេកវិទ្យាព័ត៌មានហើយនៅក្នុងប្រទេសឥណ្ឌូនេស៊ីយើងកំពុងចាប់ផ្តើមសេវាកម្មធនាគារតាមស្តង់ដាក្រុមហ៊ុនជប៉ុន។ ក្រុមហ៊ុន J Trust គឺជាក្រុមហ៊ុនហិរញ្ញវត្ថុចម្រុះជប៉ុនដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនទីក្រុងតូក្យូដោយមានទ្រព្យសម្បត្តិសរុបចំនួន ៥,៨ ពាន់លានដុល្លារគិតត្រឹមឆ្នាំ ២០១៨។
J Trust ចូលមកក្នុងទីផ្សារកម្ពុជា
កាលពីខែឧសភាឆ្នាំ ២០១៨ ក្រុមហ៊ុន J Trust Co., Ltd បានប្រកាសអំពីការទិញភាគហ៊ុនពីធនាគារ ANZ Royal (Cambodia) Ltd ចំនួន ៥៥% ហើយបានគូសបញ្ជាក់អំពីផែនការរបស់ខ្លួនដែលផ្តោតទៅលើធនាគារបែបឌីជីថលដើម្បីជំរុញសេវាកម្មហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។
លោក Toru Myochin នាយកគ្រប់គ្រងក្រុមហ៊ុន J Trust បានថ្លែងថា៖ «នេះគឺជាបំណងប្រាថ្នារបស់ខ្ញុំក្នុងការកសាងនូវអ្វីៗគ្រប់បែបយ៉ាងដើម្បីធ្វើឲ្យធនាគារមួយនេះទទួលបានការជឿទុកចិត្តខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា។ តាមរយៈការធ្វើការងារជាក្រុម យើងខ្ញុំសន្យាថានឹងបន្តផ្តល់សេវាកម្មដល់អតិថិជនឲ្យបានល្អបំផុត ហើយគោលដៅរបស់យើងគឺគាំទ្រអតិថិជនដើម្បីឲ្យអាជីវកម្មរបស់ពួកគេកាន់តែរីកចម្រើន»។
លោកបន្ថែមថា៖ «J Trust សូមបញ្ជាក់ដោយមោទនភាពថាយើងគឺជាក្រុមហ៊ុនតែមួយគត់ដែលកំពុងធ្វើការវិនិយោគដ៏ធំបំផុតចូលទៅក្នុងបច្ចេកវិទ្យាធនាគារច្រើនជាងធនាគារណាៗទាំងអស់នៅក្នុងប្រទេសកម្ពុជា ដែលវាជាវិធីសាស្ត្រមួយធ្វើឲ្យប្រតិបត្តិការអជីវកម្មកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រុមហ៊ុន J Trust អំឡុងពេលទិញភាគហ៊ុនកាលពីឆ្នាំមុនបានបញ្ជាក់ថាគ្រឹះស្ថានហិរញ្ញវត្ថុនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាទាំងមូលក៏ដូចជាវិស័យហិរញ្ញវត្ថុនៅក្នុងតំបន់ ហើយនឹងប្រើប្រាស់ជំនាញរបស់ខ្លួនដើម្បីលើកកម្ពស់ និងបង្កើនសកម្មភាពអាជីវកម្មធនាគារ ANZ Royal នៅក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែប្រសើរ។

ស្នាក់ការកណ្ដាល J Trust នៅជប៉ុន។សហការី
សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា៖ «ក្រុមហ៊ុន J Trust Group មានបំណងពង្រីកសកម្មភាពអាជីវកម្មជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូលដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រជំរុញកំណើនរបស់ខ្លួននឹងកំពុងផ្តោតទៅលើឱកាសច្របាច់បញ្ចូលគ្នា និងទិញយកក្រុមហ៊ុន (M&As) ហិរញ្ញវត្ថុ និងធនាគារ។ ក្រុមហ៊ុនមានទំនុកចិត្តថាអ្នកជំនាញហិរញ្ញវត្ថុរបស់ខ្លួននៅក្នុងការទិញលក់រាយក្នុងប្រទេសជប៉ុនកូរ៉េខាងត្បូង និងឥណ្ឌូណេស៊ីអាចចូលរួមចំណែកយ៉ាងធំធេងដល់ការរីកចម្រើនបន្ថែមទៀតរបស់ធនាគារ ANZ Royal »។
ធនាគារ ANZ Royal គឺជាធនាគារពាណិជ្ជត្រូវបានបង្កើតឡើងនៅកម្ពុជាក្នុងឆ្នាំ ២០០៥ ដែលជាការបណ្តាក់ទុនរួមគ្នារវាងធនាគារ ANZF និងក្រុមហ៊ុន Royal Group Finance Co., Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group of Companies Ltd ។ លោក Myochin បានបន្ថែមទៀតថាធនាគារនឹងបន្តវិនិយោគបន្ថែមលើវិស័យធនធានមនុស្សដើម្បីបង្កើនបណ្តាញចែកចាយរបស់ខ្លួនរួមជាមួយនឹងការពង្រីកសាខាបន្ថែមនៅក្នុងប្រទេសកម្ពុជា។
លោកបន្តថា៖ « យើងនឹងសម្រួលដំណើរការ និងនីតិវិធីមួយចំនួនដើម្បីធ្វើឲ្យអតិថិជនដែលប្រតិបត្តិការជាមួយធនាគាររបស់យើងកាន់តែមានភាពងាយស្រួល»៕