អាកាសយានដ្ឋាន​កម្ពុជា​ដែល​ជា​ប្រតិបត្តិករ​ផ្តាច់មុខ​នៃ​អាកាសយានដ្ឋាន​ជាតិ និង​អន្តរជាតិ​ទាំង​ ៣ របស់​ព្រះរាជាណាចក្រ​កម្ពុជា​បាន​វិនិយោគ​យ៉ាង​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ព្រលានយន្តហោះ ដើម្បី​ឆ្លើយតប​នឹង​ការកើនឡើង​នៃ​ជើង​ហោះហើរ​ពី​អ្នក​ដំណើរ ការដឹកជញ្ជូន​ទំនិញ និង​ត្រៀមខ្លួន​ទទួល​យក​ភាព​រីកចម្រើន​បន្ថែម​ទៀត​នាពេល​អនាគត​។

លោក Eric Delobel អគ្គនាយក​ប្រតិបត្តិ​អាកាសយានដ្ឋាន​កម្ពុជា

Post staff

កាលពី​ឆ្នាំ​មុន​ព្រលាន​យន្តហោះ​នៅ​រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប និង​ខេត្ត​ព្រះសីហនុ ទទួល​បាន​អ្នក​ដំណើរ​សរុប​ចំនួន​​ ៨,៨ ​លាន​នាក់​ដោយ​កើនឡើង​ ២៥ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ការ​ដឹក​ទំនិញ​បាន​កើនឡើង​ជិត​ ៤០ ​ភាគរយ​ហើយ​ទទួល​បាន​កំណត់ត្រា​ថ្មី​គឺ ៦៥០០០ ​តោន​។

លោក Eric Delobel អគ្គនាយក​ប្រតិបត្តិ​អាកាសយានដ្ឋាន​កម្ពុជា​បាន​និយាយ​ថា ការកើនឡើង​ដ៏ធំ​សម្បើម​នេះ​មិនមែន​កើតឡើង​ដោយ​ចៃដន្យ​នោះ​ទេ ប៉ុន្តែ​វា​ជា​លទ្ធផល​នៃ​យុទ្ធសាស្ត្រ​ក្នុង​ការអភិវឌ្ឍ​ការតភ្ជាប់​ផ្លូវអាកាស និង​យុទ្ធសាស្ត្រ​ផ្តល់​ហេដ្ឋារចនាសម្ព័ន្ធ​ព្រលានយន្តហោះ​គ្រប់គ្រាន់ ដើម្បី​គ្រប់គ្រង​កំណើន​ដែល​ទទួល​បាន​ភាពជោគជ័យ​ដ៏អស្ចារ្យ​។

លោក​បន្ត​ថា៖ «​កត្តា​ដែល​ជោគជ័យ​មួយ​ទៀត​គឺ​អ្វីៗ​ដែល​អាកាសយានដ្ឋាន​កម្ពុជា​បាន​សហការ​រៀបចំ​ផែនការ​ជាមួយ​ក្រសួង​ទេសចរណ៍ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​នៅ​ក្នុង​វិស័យ​ទេសចរណ៍ គឺ​លេច​ចេញ​ជា​រូបរាង​ទាំងអស់​ដោយ​គ្មាន​ការ​អាក់ខាន​»​។ លោក​បាន​កត់សម្គាល់​ថា កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​ប្រទេស​កម្ពុជា​ក្នុង​នាម​ជា​ទិសដៅ​ទេសចរណ៍​ដ៏សំខាន់​មួយ​ដោយ​បាន​ផ្តល់​នូវ​កំណើន​ក្នុង​វិស័យ​ទេសចរណ៍​ថេរ​ចំនួន ២ ​ខ្ទង់​ក្នុង​អំឡុង​ពេល ១០ ​ឆ្នាំ​ចុង​ក្រោយ​នេះ​។ លោក​បាន​បន្ត​ទៀត​ថា៖ «​វា​ក៏​ជា​លទ្ធផល​នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​យើង ដែល​មាន​គោលបំណង​ដើម្បី​ស្វាគមន៍​ក្រុមហ៊ុន​អាកាសចរណ៍​ច្រើន​ថែម​ទៀត​បើក​ផ្លូវ​អាកាស​ថ្មី និង​បង្កើន​ប្រេកង់​ (​ហោះហើរ​)»​។

ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ

ហេដ្ឋារចនាសម្ព័ន្ធ​បាន​ក្លាយ​ជា​ស្នូល​នៃ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​របស់​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា ចាប់​តាំងពី​ឆ្នាំ​ ១៩៩៥ មក​ម្ល៉េះ​។

ក្រុមហ៊ុន​មួយ​នេះ​ដែល​ភាគហ៊ុន​ច្រើន​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន VINCI Airports ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ VINCI Group នៃ​ប្រទេស​បារាំង ដែល​ទទួល​ខុស​ត្រូវ​ចម្បង​ក្នុង​ការ​គ្រប់គ្រង​អាកាសយានដ្ឋាន​ទទួល​បាន​សម្បទាន​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ព្រលាន​យន្តហោះ​អន្តរជាតិ​នៅ​ភ្នំពេញ ខេត្ត​សៀមរាប និង​ខេត្ត​ព្រះសីហនុ ហើយ​បាន​ត្រៀម​បម្រុង​ទឹកប្រាក់​ចំនួន ២ ​ពាន់​លាន​ដុល្លារ សម្រាប់​ការអភិវឌ្ឍ​បណ្តាញ​ព្រលាន​យន្តហោះ​នៅ​មុន​ដំណាច់​រយៈពេល​សម្បទាន​របស់​ខ្លួន​នា​ឆ្នាំ​ ២០៤០ ខាង​មុខ​។

កាលពី​ឆ្នាំ​មុន​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា​បាន​បញ្ចប់​ការធ្វើ​បច្ចុប្បន្នភាព​នៃ​ព្រលានយន្តហោះ​ដោយ​ចំណាយ​ទុន​ចំនួន​ ១០០ ​លាន​ដុល្លារ​នៅ​ព្រលាន​យន្តហោះ​ភ្នំពេញ និង​សៀមរាប ដើម្បី​បង្កើន​សមត្ថភាព​ទទួល​អ្នក​ដំណើរ​បាន​ជាង ១០ ​លាន​នាក់​ក្នុង​ ១ ​ឆ្នាំ និង​បន្ថែម​សេវាកម្ម​ថ្មីៗ​ផង​ដែរ​។ ដំណាក់កាល​ទី​ ២ នៃ​ការពង្រីក​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន​មាន​ដូចជា ច្រកទ្វារ​សម្រាប់​អ្នក​ដំណើរ​ធ្វើ​ដំណើរ​ឡើង​យន្តហោះ​ផ្តល់​នូវ​កន្លែង​រង់ចាំ​អ្នក​ដំណើរ​មក​ដល់ និង​ចំណត​រង់ចាំ​សម្រាប់​អ្នក​ដំណើរ​ក្នុង​ស្រុក​ (​ជើង​ហោះហើរ​ក្នុង​ស្រុក​) ​ថ្មី​មួយ​។

ការជួសជុល​ឡើង​វិញ​នៃ​អាកាសយានដ្ឋាន​ខេត្ត​ព្រះសីហនុ​នាពេល​បច្ចុប្បន្ន​កំពុង​ដំណើរការ ហើយ​រំពឹង​ថា​នឹង​បញ្ចប់​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។

គម្រោង​នេះ​មាន​ការ​ពង្រីក​កន្លែង​អ្នក​ដំណើរ​រង់ចាំ​ឡើង​យន្តហោះ ដើម្បី​ផ្ទុក​អ្នកដំណើរ​ឲ្យ​បាន​កាន់តែ​ច្រើន និង​ផ្តល់​នូវ​សេវាកម្ម​កាន់តែ​ទូលំទូលាយ ក៏ដូចជា​ការពង្រីក និង​ការត្រួតពិនិត្យ​ផ្លូវ​យន្តហោះ និង​ចំណត ដើម្បី​សំចត​យន្តហោះ​ដែល​មាន​ទំហំ​ធំ​ជាង​មុន​។ នៅពេល​ដែល​គម្រោង​នេះ​ធ្វើ​ចប់សព្វ​គ្រប់​ព្រលាន​យន្តហោះ​នឹង​អាច​ទទួល​អ្នក​ដំណើរ​ជាង​កន្លះ​លាន​នាក់​ក្នុង​ ១ ​ឆ្នាំ និង​ផ្ដល់​សេវា​ដល់​យន្តហោះ​មាន​ទំហំ​ធំៗ​ជាង​មុន​។

ការ​ដំណើរការ​ដោយ​ប្រសិទ្ធភាព

លោក Delobel បាន​បកស្រាយ​ថា ការបង្កើន​គុណភាព​មិនមែន​គ្រាន់​តែ​ជា​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អំពី​ការអភិវឌ្ឍ​ធនធាន​មនុស្ស ការបង្កើន​ប្រសិទ្ធភាព​នៃ​ប្រតិបត្តិការ និង​ដំណើរការ​កែតម្រូវ​។ លើស​ពី​នេះ​ទៅ​ទៀត​វា​មាន​សារៈសំខាន់​ណាស់​ដែល​អ្នក​គ្រប់គ្រង អាកាសយានដ្ឋាន​មិន​ត្រឹមតែ​ចាត់​ទុក​បរិមាណ​នៃ​ការកើនឡើង​នៃ​សមត្ថភាព​ទេ ប៉ុន្តែ​ក៏​ត្រូវ​មើល​ពី​គុណភាព​នៃ​សេវាកម្ម និង​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ក្នុង​ស្ថានភាព​ចរាចរណ៍​មមាញឹក​ផង​ដែរ​។

លោក​បាន​បន្ត​ថា៖ «​បើ​យើង​បង្កើន​សមត្ថភាព​ទ្វេដង​ជាមួយ​ហេដ្ឋារចនាសម្ព័ន្ធ​ដោយ​ការអភិវឌ្ឍ​ធនធាន​មនុស្ស និង​ដំណើរការ​ល្អប្រសើរ យើង​អាច​នឹង​បំពេញ​តម្រូវការ​អ្នក​ដំណើរ​កាន់តែ​ច្រើន​»​។

សមាសធាតុ​សំខាន់​នៃ​យុទ្ធសាស្ដ្រ​អភិវឌ្ឍ​អាកាសយានដ្ឋាន គឺ​ការវិនិយោគ​ទៅ​លើ​ធនធាន​មនុស្ស​តាមរយៈ​ការជ្រើសរើស និង​បណ្តុះបណ្តាល​បុគ្គលិក ដើម្បី​គ្រប់គ្រង​ប្រតិបត្តិការ​ឲ្យ​បាន​ត្រឹមត្រូវ​។ វា​ក៏​បាន​បង្កើន​ប្រសិទ្ធភាព​ប្រតិបត្ដិការ និង​ដំណើរការ «​ដែល​មាន​ទំនាក់ទំនង​ទៅ​នឹង​ឌីជីថលកម្ម​នៃ​ព្រលានយន្តហោះ​ដូចជា​បញ្ជរ check-in ដោយ​ខ្លួនឯង និង​សញ្ញា​ឌីជីថល​បន្ថែម​ទៀត ដើម្បី​ផ្តល់​ឲ្យ​អ្នក​ដំណើរ​នូវ​ព័ត៌មាន​នៅក្នុង​ភាសាជាតិ​របស់​ពួកគេ​»​។

អ្នក​ទទួលផល​ផ្ទាល់​ពី​ការកែលម្អ​ទាំង​នេះ​គឺ​អតិថិជន​របស់​អាកាស​យានដ្ឋាន​កម្ពុជា ក្រុមហ៊ុន​អាកាសចរណ៍ អ្នក​ដំណើរ និង​ចរាចរណ៍​ទំនិញ​។ ប៉ុន្តែ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៌​អាកាសយានដ្ឋាន​មាន​យុទ្ធសាស្ត្រ​ទូលំទូលាយ​ជាង​នេះ​ទៅ​ទៀត​សម្រាប់​ប្រទេស​កម្ពុជា​ទាំង​មូល​។

អាកាសយានដ្ឋាន​កម្ពុជា​ទាំង​ ៣ បាន​បង្ហាញ​ពី​កំណើន​ ២៦,១០ ​ភាគរយ​នៅក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០១៨

ការផ្តល់​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​សង្គម

ការសិក្សា​ផ្នែក​សេដ្ឋកិច្ចសង្គម​ដែល​បាន​អនុវត្ត​នៅ​ឆ្នាំ​ ២០១៥ បាន​រកឃើញ​ថា ទិន្នផល​សរុប​នៃ​សកម្មភាព​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង ៣ របស់​កម្ពុជា មាន​ចំនួន​ ២,៧០ ​ពាន់​លាន​ដុល្លារ ឬ​ប្រហែល ១៧ ភាគរយ​នៃ​ផលិតផល​ដុល​ក្នុង​ស្រុក​សរុប​ (GDP) របស់​ប្រទេស​។ វា​ក៏​បាន​រកឃើញ​ថា សកម្មភាព​ទាំង​នោះ​បាន​ផ្តល់​ការងារ​ដោយផ្ទាល់ និង​ប្រយោល​ដល់​ប្រជាជន​ ១,៧០ ​លាន​នាក់​ស្មើ​នឹង​ ២០ ​ភាគរយ​នៃ​ចំនួន​ប្រជាជន​ធ្វើ​ការងារ​នៅ​កម្ពុជា​។

នៅ​ថ្ងៃ​អនាគត​លោក Delobel បាន​ថ្លែង​បន្ត​ទៀត​ថា​វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​រក្សា​នូវ​សាមគ្គីភាព​នៃ​បណ្តាញ​អាកាសយានដ្ឋាន​នៅ​កម្ពុជា​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​វិស័យ​អាកាសចរណ៍ និង​ពង្រីក​អត្ថប្រយោជន៍​ជា​អតិបរមា​ដល់​សេដ្ឋកិច្ចសង្គម​កម្ពុជា​។

លោក​បាន​និយាយ​ថា៖ «​វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ឲ្យ​អាកាសយានដ្ឋាន​ទាំង​​ ៣ ធ្វើ​ប្រតិបត្តិការ និង​ធ្វើការ​អភិវឌ្ឍ​ជា​បណ្តាញ​តែ​មួយ​ដែល​ផ្តល់​ឱកាស​កាន់តែ​ច្រើន​ក្នុង​ការតភ្ជាប់​»​។

អត្ថប្រយោជន៍​ដែល​ជាក់លាក់​មួយ​គឺ​នៅក្នុង​ការអភិវឌ្ឍ​ផ្លូវអាកាស​ដែល​មាន​ប្រតិបត្តិករ​តែ​មួយ​ក្នុង​ការ​គ្រប់គ្រង​ទាំង​ចរាចរណ៍​ផ្លូវអាកាស​ជាតិ និង​អន្តរជាតិ​ផ្តល់​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​មាន​ទស្សនវិស័យ​ល្អ​ប្រសើរ​ជាង​មុន​នៅពេល​ពិភាក្សា​អំពី​ផ្លូវ​ហោះហើរ​ថ្មី​។ ឧទាហរណ៍ ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ដែល​កំពុង​ស្វែងរក​ការបើក​ដំណើរការ​ផ្លូវ​ហោះហើរ​អន្តរជាតិ​ទៅ​កាន់​ខេត្ត​សៀមរាប​ក៏​អាច​ពិភាក្សា​ជាមួយ​នឹង​ប្រតិបត្តិករ​ដដែល​អំពី​លទ្ធភាព​បន្ថែម​ជើង​ហោះហើរ​ក្នុង​ស្រុក​ទៅកាន់​ក្រុង​ព្រះសីហនុ​ផង​ដែរ​។

ការរៀបចំ​សម្រួល និង​ពង្រីក​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ត្រូវ​បាន​បញ្ចប់​កាលពី​ឆ្នាំ​ ២០១៦

លោក Delobel បាន​បន្ត​ថា៖ «​បែប​នេះ​យើង​អាច​ផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ពិភពលោក​មិនមែន​ត្រឹមតែ​ក្នុង​នាម​ជា​គោលដៅ​ធ្វើ​ដំណើរ​សម្រាប់​រយៈពេល​ ២ ឬ​ ៣ ​ថ្ងៃ​នោះ​ទេ ប៉ុន្តែ​សម្រាប់​ ១ ​សប្តាហ៍​តែ​ម្តង​»​។

ប៉ុន្តែ​អាកាសយានដ្ឋាន​កម្ពុជា​ក៏​អាច​ប្រើ​បណ្តាញ​ទូទាំង​ពិភពលោក​នៃ​ក្រុមហ៊ុន​មេ​របស់​ខ្លួន VINCI Airports ដោយ​មាន​ធនធាន និង​បទពិសោធ​ដ៏ធំធេង​ក្នុង​ការ​អភិវឌ្ឍ​ផ្លូវ និង​ប្រតិបត្តិការ​ព្រលាន​យន្តហោះ​។

លោក​បាន​បន្ត​ថា៖ «​បណ្តាញ​របស់​យើង​នៅ​ទី​​នេះ​គឺជា​ផ្នែក​មួយ​នៃ​បណ្តាញ​ដ៏ធំ​ដែល​បណ្តាញ​ដ៏ធំ​នោះ​គឺជា VINCI Airports នេះ​ឯង​ដែល​ជា​អ្នក​ប្រឡូក​ក្នុង​វិស័យ​នេះ​លំដាប់​កំពូល​ទាំង​ ៤ នៅ​លើ​ពិភពលោក​នៅក្នុង​វិស័យ​អាកាសយានដ្ឋាន​អន្តរជាតិ ដោយ​មាន​អាកាសយានដ្ឋាន​ចំនួន​ ៣៦ ​នៅ​ក្នុង​ប្រទេស​ចំនួន ៧ នៅ​លើ​ទ្វីប​ចំនួន​ ៣»​។ លោក​បាន​បន្ថែម​ថា​នៅក្នុង​ឆ្នាំ​ ២០១៧ បណ្តាញ​របស់​ក្រុមហ៊ុន Vinci Group មាន​អ្នកដំណើរ​ជិត ១៦០ ​លាន​នាក់​។

លោក Delobel បាន​បន្ថែម​ថា៖ «​អាកាសយានដ្ឋាន​កម្ពុជា​មាន​ភាព​សហការ​ជា​ដៃគូ​ជោគជ័យ​ចំនួន ២៣ ​ឆ្នាំ​មកហើយ ដោយ​ផ្តល់​ជូន​អតិថិជន​របស់​យើង​នូវ​គុណភាព​ខ្ពស់​បំផុត ហើយ​​យើង​នៅ​តែ​មាន​ចន្លោះ​ក្នុង​ការ​អភិវឌ្ឍ​បន្ថែម​ទៀត​»៕

ទីកន្លែង​រង់ចាំ​អ្នក​ដំណើរ​មក​ដល់ Arrivals Esplanade ដ៏រស់រវើក​នៅ​អាកាសយានដ្ឋាន​ភ្នំពេញ

ចរាចរណ៍​ទំនិញ​តាម​ផ្លូវ​អាកាស​នៅ​ឆ្នាំ​ ២០១៧ បាន​កើនឡើង​ដល់ ៦៥០០០ ​តោន​នៅ​ភ្នំពេញ