ក្នុងទ្រឹស្តីទំនាក់ទំនងអន្តរជាតិពាក្យ «ផលប្រយោជន៍ជាតិ» និង «សិទ្ធិអធិបតេយ្យ» គឺជាពាក្យគន្លឹះដែលមានសារៈសំខាន់ក្នុងការកំណត់គោលជំហរ និងឥរិយាបថរបស់ប្រទេសមួយចំពោះប្រទេសមួយផ្សេងទៀត។
ចំពោះពាក្យ «ផលប្រយោជន៍ជាតិ» គេតែងតែនិយាយយ៉ាងសាមញ្ញថា «គ្មានទេមិត្តភាព ឬសត្រូវអចិន្រៃ្តយ៍គឺមានតែផលប្រយោជន៍អចិន្រៃ្តយ៍»។ អាមេរិក និង ចិន មានមនោគមន៍វិជ្ជាខុសគ្នាក៏គង់អាចចាប់ដៃល្អូកល្អិននឹងគ្នាបានក្នុងរដ្ឋបាលប្រធានាធិបតី និកសុន និងរដ្ឋបាលបន្តបន្ទាប់មកទៀត។
ជប៉ុនដែលរងការទម្លាក់គ្រាប់បែកបរមាណូពីអាមេរិកក៏អាចក្លាយជាសម្ពន្ធមិត្តចាក់ទឹកមិនលេចក្រោយសង្គ្រាមលោកលើកទី ២ ជាមួយអាមេរិកបាន។ វៀតណាម គឺជាប្រទេសកុម្មុយនីស្ត ហើយអាមេរិកគឺជាបិតាប្រជាធិបតេយ្យ ហើយប្រទេសទាំង ២ គឺជាសត្រូវសង្គ្រាមឆ្លងទសវត្សរ៍ប្រយុទ្ធស៊ីសាច់ហុតឈាមក៏គង់មានថ្ងៃស្និទ្ធស្នាលគ្នាវិញបានដោយសារតែផលប្រយោជន៍។ អឺរ៉ុបដែលចោទកម្ពុជាថា គ្មានប្រជាធិបតេយ្យក៏នៅតែអាចចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសកុម្មុយនីស្តវៀតណាម ដោយសារតែផលប្រយោជន៍។
ពេលខ្លះទំនាក់ទំនងការទូតអាចមានភាពល្អក់កករមួយរយៈកាល ដោយសារតែនិន្នាការរបស់ថ្នាក់ដឹកនាំ ឬគណបក្សនយោបាយ។ ឧទាហរណ៍ ចិន និងជប៉ុនមានទំនាក់ទំនងសេដ្ឋកិច្ចធំធេងណាស់ប៉ុន្តែជួនកាលទៅស្និទ្ធគ្នាជួលកាលទៅព្រងើយកន្តើយនឹងគ្នា គ្មានការផ្លាស់ប្តូរទស្សនកិច្ចផ្លូវការទៅវិញទៅមកមួយរយៈ។
ជាមួយនឹងភាពមិនស្ថិតស្ថេរនៃមិត្តភាព និងជម្លោះអ្វីដែលសំខាន់នៅក្នុងទំនាក់ទំនងអន្តរជាតិដែរនោះគឺថាមិត្តរបស់មិត្ត មិនប្រាកដថាជាមិត្តរបស់យើង ហើយសត្រូវរបស់មិត្តក៏មិនប្រាកដថា ជាសត្រូវរបស់យើងដែរ។ ឧបមាថា បើចិន និងអាមេរិកឈ្លោះគ្នា តើកម្ពុជាឈ្លោះគ្នាជាមួយគេដែរឬយ៉ាងណា? បើឥណ្ឌា និងប៉ាគីស្ថានឈ្លោះគ្នា តើកម្ពុជាឈ្លោះគ្នាជាមួយគេដែរឬយ៉ាងម៉េច?
បើអឺរ៉ុប និងអាមេរិកស្អប់ចិន តើកម្ពុជាត្រូវស្អប់ចិនតាមគេដែរមែនទេ? តើផលប្រយោជន៍កម្ពុជានៅឯណាហើយតើផលប្រយោជន៍អឺរ៉ុប និងអាមេរិកនៅឯណាក្នុងទំនាក់ទំនងជាមួយចិន? ចម្លើយគឺប្រាកដណាស់ថា មិនដូចគ្នាទេ។
ឥឡូវយើងក្រឡេកមកមើលពាក្យ «សិទ្ធិអធិបតេយ្យ» វិញម្តង។ សិទ្ធិអធិបតេយ្យគឺជាសិទ្ធិក្នុងការសម្រេចជោគវាសនា និងគោលជំហររបស់ប្រទេសខ្លួនដោយផ្អែកលើផលប្រយោជន៍ជាតិរបស់ខ្លួន។ មិនមែនបរទេសថា ទៅលិចទៅលិច ទៅកើតទៅកើត ហើយកម្ពុជាអង្គុយចាំតែធ្វើតាមគេថានោះទេ ព្រោះផលប្រយោជន៍របស់ប្រទេសនីមួយៗមិនដូចគ្នាទេ។
ឧទាហរណ៍ជាក់ស្តែងក្នុងពេលបច្ចុប្បន្ន យើងសង្កេតឃើញថា តាមបណ្តាញសារព័ត៌មានអន្តរជាតិដែលភាគច្រើនលើសលប់គ្រប់គ្រងដោយបស្ចិមប្រទេស គេតែងតែបណ្តុះបង្អាប់ប្រទេសចិន ហើយសូម្បីតែកម្ពុជា ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយចិនក៏គេផ្សាយចោទប្រកាន់ហាក់ដូចជាកម្ពុជាជាពិរុទ្ធជន ឬប្រទេសគ្មានក្រមសីលធម៌ ហើយគ្មានអធិបតេយ្យជាតិរបស់ខ្លួន។
នៅពេលកម្ពុជាទទួលជំនួយពីចិន គេហៅថាជាជំនួយដើម្បីគាំទ្រ «របបក្រុងភ្នំពេញ»។ ពេលកម្ពុជាទទួលកម្ចីពីចិន គេចោទថាជា «អន្ទាក់បំណុល»។ ពេលចិនវិនិយោគសង់កំពង់ផែ ឬព្រលានយន្តហោះគេថា ប៉ះពាល់សន្តិសុខ និងស្ថិរភាពតំបន់។ សូម្បីតែពេលកម្ពុជាតែងតាំងជនជាតិចិនធ្វើជាទីប្រឹក្សា ក៏គេចាត់ទុកថា គ្រោះថ្នាក់ដែរ ទោះបីជាជនជាតិចិននោះគឺជាម្ចាស់វិនិយោគរាប់រយលានដុល្លារ និងបានបរិច្ចាគ ៥០ ម៉ឺនដុល្លារ នៅពេលកម្ពុជាជួបគ្រោះអាសន្នទឹកជំនន់ក្តី។
អ៊ីចឹងសួរថា តើកម្ពុជាមិនអាចវិនិច្ឆ័យបានខ្លួនឯងទេឬថា កម្ចីមួយណាមានការប្រាក់ខ្ពស់ ឬទាប? ឬក៏មិនដឹងទេថាខ្លួនមានសមត្ថភាពសងប៉ុនណា? តើកម្ពុជាមិនអាចសម្រេចលើការកសាងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុករបស់ខ្លួនដែរមែនទេ? បានជំនួយពីចិនដើម្បីកសាងផ្លូវ និងស្ពាន តើដើម្បីតែប្រើប្រាស់ផ្តាច់មុខ ដោយរដ្ឋាភិបាលឬយ៉ាងណា? តើកម្ពុជាមិនចេះច្រណែនចង់បានសម្រាប់ប្រទេសខ្លួនទេឬ នៅពេលដែលប្រទេសជិតខាងគេមានកំពង់ផែទឹកជ្រៅជាច្រើនទទួលកប៉ាល់ដឹកទំនិញ និងទេសចរណ៍ធំៗហើយមានព្រលានយន្តហោះដែលអាចទទួលយន្តហោះទំហំយក្សចុះបានដែរនោះ? តើកម្ពុជាពិតជាមិនអាចធ្វើការវិនិច្ឆ័យបានដោយខ្លួនឯងមែនទេថា មិត្តណាជួយ មិត្តណាមិនជួយកម្ពុជានោះ? តើកម្ពុជាមិនអាចបន្តកិច្ចសហប្រតិបត្តិការដែលមានប្រយោជន៍ទៅវិញទៅមកជាមួយប្រទេសជាមិត្តដែរមែនទេ?
កម្ពុជាជួលដីឱ្យចិន គេថា បាត់បង់អធិបតេយ្យដែរ ចុះកាលអឺរ៉ុបដាក់អាណានិគមនៅអាស៊ី និងអាហ្វ្រិកគេចាប់យកប្រទេសទាំងមូល មិនដែលបង់លុយឱ្យប្រទេសម្ចាស់ស្រុកផង មានតែយកពន្ធ និងយកប្រជាជនធ្វើជាទាសករថែមទៀតនោះ គេបរិយាយដូចម្តេចវិញទៅ? តើចិនមានដែលដាក់ពន្ធលើកម្ពុជាពីអង្កាល់ណា? តើចិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិអធិបតេយ្យរបស់កម្ពុជាពីអង្កាល់ណា? តើចិនចង់គ្រប់គ្រងដីកម្ពុជាពីអង្កាល់ណា? តើកម្ពុជាឱ្យចិនគ្រប់គ្រងដីពីអង្កាល់ណា? នេះគឺជាការទាក់ទងដែលមានប្រយោជន៍ទៅវិញទៅមក មិនមែនមានប្រយោជន៍តែម្ខាង ដោយបំពាននោះទេ។ បើចិនរកស៊ីចំណេញគេនៅហើយ បើមិនចំណេញគេវេចបង្វេចទៅស្រុកគេវិញ គឺជារឿងធម្មតា។
ពេលខ្លះគេតែងតែនិយាយថាគេមិនបង្ខំឱ្យកម្ពុជាកាន់ជើងប្រទេសណាមួយនោះទេ ហើយគេមានបំណងជួយពង្រឹង និងការពារអធិបតេយ្យភាពរបស់កម្ពុជា។ ប៉ុន្តែតាមរយៈការរិះគន់បន្តុះបង្អាប់រាល់ទង្វើរបស់កម្ពុជា និងការសម្រេចចិត្តរបស់កម្ពុជា នោះគឺជាការដាក់សម្ពាធដោយប្រយោលដែលរារាំងដល់សិទ្ធិស្វ័យសម្រេច និងសិទ្ធិអធិបតេយ្យរបស់កម្ពុជាក្នុងការរាប់អានមិត្តរបស់ខ្លួន។ ការវាយប្រហារចោទប្រកាន់មកលើកម្ពុជា គឺស្មើនឹងការចោទថា កម្ពុជាគ្មានសមត្ថភាពធ្វើការសម្រេចលើអធិបតេយ្យភាពរបស់ខ្លួន។
កម្ពុជាត្រូវមានសិទ្ធិសម្រេចដោយខ្លួនឯងក្នុងការប្រាស្រ័យទាក់ទងជាមួយមិត្ត ដោយផ្អែកលើផលប្រយោជន៍ជាតិរបស់ខ្លួន។ កម្ពុជាមិនអាចស្តាប់មិត្តម្ខាង ហើយទៅស្អប់មិត្តម្ខាងនោះទេ។ ប្រទេសទាំងអស់ក្នុងលោកតែងតែប្រកាន់យកផលប្រយោជន៍ជាតិរបស់ខ្លួនជាធំ។
កម្ពុជាក៏ដូចគ្នាដែរក្នុងនាមជារដ្ឋអធិបតេយ្យ កម្ពុជាត្រូវសម្រេចលើជោគវាសនាដោយខ្លួនឯងនិងមានសិទ្ធិជ្រើសរើសមិត្ត និងបង្កើនកិច្ចសហប្រតិបត្តិការដែលមានប្រយោជន៍ចំពោះប្រជាជន ចំពោះឱកាសការងារចំពោះនយោបាយ និងចំពោះសេដ្ឋកិច្ចរបស់ខ្លួន។ ការធ្លាក់ចូលក្នុងអន្ទាក់នៃជម្លោះដែលមិនស្ថិតស្ថេរហើយដែលបម្រើផលប្រយោជន៍ឱ្យប្រទេសដទៃមិនមែនជាការសម្រេចចិត្តដោយឈរលើសិទ្ធិអធិបតេយ្យ និងផលប្រយោជន៍ជាតិរបស់ខ្លួននោះទេ ហើយការចាប់បង្ខំឱ្យកាន់ជើងភាគីណាមួយដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី គឺជាការបំពានលើសិទ្ធិសម្រេចអធិបតេយ្យរបស់ប្រទេសដែលប្រទេសនីមួយៗមិនចង់បានសោះឡើយ៕
ដោយ ស៊ឹម វីរៈ ទីប្រឹក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)