ជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាមេរិក និងចិននៅអាឡាស្កាបានក្លាយជាឈុតឆាកមួយនៃការឈានទៅរកការបែងចែកសណ្តាប់ធ្នាប់ពិភពលោកជា ២។ មានការព្រួយបារម្ភតាមកម្រិតផ្សេងៗគ្នាថា ភាពតានតឹងទាំងនេះអាចកែប្រែទំនាក់ទំនងពីការប្រកួតប្រជែងទៅជាទំនាក់ទំនងគូបដិបក្ខ ឬឈានទៅដល់កម្រិតសង្គ្រាមនៅក្នុងទម្រង់ ឬសមរភូមិផ្សេង។
នៅពេលដែលចិនបានប្រកាសពីការបន្ធូរបន្ថយលក្ខខណ្ឌសម្រាប់ភ្ញៀវបរទេសដែលបានចាក់វ៉ាក់សាំងចិន ចំណោទនឹងលេចឡើងថាប្រសិនបើប្រទេសផ្សេងៗមានការកំណត់លក្ខខណ្ឌខុសគ្នាសម្រាប់ប្រភេទវ៉ាក់សាំងផ្សេងៗតើការបំផ្លាស់ទីរបស់មនុស្សសេរីភាពនៃជម្រើសវេជ្ជសាស្ត្រទំនាក់ទំនងធុរកិច្ច ឬក៏សញ្ជាតិរបស់អ្នកដំណើរនីមួយៗអាចនឹងទទួលរងផលប៉ះពាល់អ្វីខ្លះពីការដាក់កម្រិតលក្ខខណ្ឌបែបនេះ? ការរើសអើងជាតិសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងជនជាតិអាស៊ីដែលកំពុងកើតឡើងនៅអាមេរិកវាបានបង្កក្តីបារម្ភ និងរំខានយ៉ាងខ្លាំងរួចទៅហើយ។
ផលប៉ះពាល់ខ្លះមានតាំងពីមុនហ្នឹងទៅទៀត ជាពិសេសទាក់ទងនឹងសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា។
នៅក្នុងវិស័យទាំងនេះការបែងចែកពិភពលោកជា ២ រវាងអាមេរិក និងចិន បានបង្កើតឱ្យមានភាពស្មុគស្មាញយ៉ាងខ្លាំងសម្រាប់ជម្រើសសេដ្ឋកិច្ច និងទីផ្សារដោយយកលេសមនោគមន៍វិជ្ជាមកបិទបាំងហើយជាក់ស្តែងចោទប្រកាន់គ្នាទៅវិញទៅមកឥតឈប់ឈរអំពីភាពអន់កម្សោយនៃបច្ចេកទេស និងបច្ចេកវិទ្យារបស់គូបដិបក្ខ ការលួចបច្ចេកវិទ្យា ការជំរុញការប្រកួតប្រជែងមិនស្មើភាព និងការគាំពារនិយមជាដើម។
បណ្តាប្រទេសជាច្រើនមានការលំបាកក្នុងការជ្រើសរើសយកប្រភពផ្គត់ផ្គង់នៃបច្ចេកវិទ្យា 5G។ សម្រាប់ប្រទេសថៃ ទីភ្នាក់ងារជំរុញសេដ្ឋកិច្ចឌីជីថល (depa) និងក្រុមហ៊ុន Huawei បានបើកមជ្ឈមណ្ឌលនវានុវត្តន៍អេកូស៊ីស្ទែម 5G របស់ថៃនៅទីក្រុងបាងកក កាលពីខែកញ្ញាឆ្នាំ ២០២០។ សម្រាប់សិង្ហបុរីនៅខែមិថុនាឆ្នាំ ២០២០ អាជ្ញាធរអភិវឌ្ឍ InfocommMedia (IMDA) បានសម្រេចចុះកិច្ចសន្យាទទួលការផ្គត់ផ្គង់ប្រព័ន្ធ 5G ពីក្រុមហ៊ុន Nokia/Ericsson ដោយចៀសវាងជ្រើសរើសក្រុមហ៊ុន Huawei។ ករណីរបស់ថៃបានបង្ហាញពីជម្រើសដ៏ក្លាហាន ហើយករណីរបស់សិង្ហបុរីគឺជាជម្រើសដែលមានការប្រុងប្រយ័ត្ននៅពេលដែលក្រុមហ៊ុន Huawei បានក្លាយជាករណីលេចធ្លោមួយនៃសង្គ្រាមបច្ចេកវិទ្យារវាងអាមេរិក និងចិន។
សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាមេរិកបានលើកគំនិតផ្តួចផ្តើម “បណ្តាញចំណុចពណ៌ខៀវ” (Blue Dot Network) ហើយជប៉ុនដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកបានលើកគំនិតផ្តួចផ្តើម“ ភាពជាដៃគូ ដើម្បីហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព” ដើម្បីប្រកួតតតាំងជាមួយនឹង “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” របស់ចិន។
ការអភិវឌ្ឍផ្លូវដែកល្បឿនលឿនពីទីក្រុងហ្សាការតាទៅទីក្រុងបានឌុងរបស់ឥណ្ឌូនេស៊ីគឺជាករណីសិក្សាល្អមួយអំពីការប្រកួតយ៉ាងស្វិតស្វាញរវាងចិន និងជប៉ុនក្នុងការដេញថ្លៃយកគម្រោង។ ឥណ្ឌូនេស៊ីបានប្តូរត្រឡប់ចុះត្រឡប់ឡើងរវាងចិន និងជប៉ុនមុននឹងសម្រេចចុងក្រោយជ្រើសរើសយកចិនក្នុងឆ្នាំ ២០១៦ ប៉ុន្តែឥណ្ឌូនេស៊ីបានចរចាយ៉ាងស្វិតស្វាញដើម្បីឱ្យមានការធានាផ្តល់ការងារដល់ពលរដ្ឋឥណ្ឌូនេស៊ីបូករួមទាំងកិច្ចសហការរួមគ្នាដើម្បីផ្ទេរបច្ចេកវិទ្យាដល់ប្រទេសម្ចាស់ផ្ទះ។
ក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញ បើប្រទេសនីមួយៗគ្រប់គ្រងបានល្អពួកគេនឹងទទួលបានផលប្រយោជន៍ច្រើន តែបើគ្រប់គ្រងមិនបានល្អអាចនឹងគ្រោះថ្នាក់ ឬក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហារនយោបាយឥតឈប់ឈរ។ ប៉ុន្តែសំណួរសួរថាតើនរណាដែលជាអ្នកវិនិច្ឆ័យខុស ឬត្រូវនោះ? តើប្រទេសថៃខុសទេក្នុងការជ្រើសរើសការសហការជាមួយក្រុមហ៊ុន Huawei ក្នុងការអភិវឌ្ឍប្រព័ន្ធ 5G របស់ខ្លួន? តើប្រទេសឥណ្ឌូនេស៊ីខុសទេក្នុងការជ្រើសរើសដៃគូចិនក្នុងការកសាងផ្លូវដែកល្បឿនលឿនរបស់ខ្លួន? តើប្រទេសសិង្ហបុរីខុសទេក្នុងការជ្រើសរើសក្រុមហ៊ុន Nokia/Ericsson ធ្វើជាអ្នកផ្គត់ផ្គង់ប្រព័ន្ធ 5G របស់ខ្លួន?
បញ្ហានៅទីនេះមិនមែនត្រឹមតែជាបញ្ហាជម្រើសទីផ្សារ ឬជម្រើសការអភិវឌ្ឍនោះទេ។
ចំណោទធំជាងនេះគឺនៅពេលដែលជម្រើសសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសនីមួយៗបានក្លាយជាការវែកញែករកកំហុសមនោគមន៍វិជ្ជាទៅវិញនោះទោះបីជាប្រទេសនីមួយៗដឹងច្បាស់ថា ជម្រើសសេដ្ឋកិច្ច និងការអភិវឌ្ឍគឺជាការសម្រេចចិត្តអធិបតេយ្យផ្តាច់មុខរបស់ប្រទេសម្ចាស់ផ្ទះក៏ដោយ។
យើងអាចយល់បានចំពោះការដាក់កម្រិតមួយចំនួនដើម្បីការពារឧស្សាហកម្មរបស់ប្រទេសមួយ ប៉ុន្តែបើការគាំពារនោះឈានដល់កម្រិតសកល នោះបានន័យថា ប្រព័ន្ធមូលធននិយម និងសេដ្ឋកិច្ចទីផ្សារសេរីកំពុងតែមានបញ្ហាហើយ។
ការកំណត់មនោគមន៍វិជ្ជាទៅលើការប្រកួតប្រជែងទីផ្សារសេរីគឺជាអ្វីដែលយើងត្រូវបារម្ភព្រោះវាបានបង្ខំឱ្យប្រទេសនីមួយៗជ្រើសរើសមិនមែនដោយយោងលើកត្តាតម្លៃ និងគុណភាព និងសេរីភាពទីផ្សារនោះទេ ប៉ុន្តែបែរជាត្រូវខ្វល់ខ្វាយទៅលើមូលដ្ឋាន “កំហុស និងទណ្ឌកម្ម”ដោយផ្អែកលើមូលដ្ឋានមនោគមន៍វិជ្ជា និងភូមិសាស្ត្រនយោបាយទៅវិញ។
នេះហើយគឺជាទិដ្ឋភាពជាក់ស្តែងដែលបង្ហាញថា ការបែងចែកពិភពលោកជា ២ បានបង្កជាឧបសគ្គរំខានដល់ការអភិវឌ្ឍសេដ្ឋកិច្ច។ នៅក្នុងករណីខ្លះប្រទេសតូចៗគ្មានជម្រើសអ្វីក្រៅតែពីបញ្ឈប់គម្រោងអភិវឌ្ឍន៍របស់ខ្លួន ដោយសារតែការភ័យខ្លាចពីការធ្លាក់ចូលក្នុងអន្លង់សង្គ្រាមបែងចែកពិភពលោកជា ២ នេះ។
ការរំខាន និងផលប៉ះពាល់គឺកាន់តែធ្ងន់ធ្ងរ ជាពិសេសសម្រាប់ប្រទេសដូចជា កម្ពុជាដែលត្រូវបានគេចោទថាជារដ្ឋចំណុះរបស់ចិន។
ឧទាហរណ៍ ប្រសិនបើកំពង់ផែក្រុងព្រះសីហនុត្រូវបានជួសជុលកែលម្អដោយជប៉ុននោះមិនមានការលើកឡើងអ្វីទាំងអស់។ ប៉ុន្តែនៅពេលកំពង់ផែ និងអាកាសយានដ្ឋានកំពុងត្រូវបានសាងសង់ដោយចិននៅតារាសាគរខេត្តកោះកុង ការរិះគន់គ្រប់ទិសទីបានបំពងសំឡេងឡើងរាប់តាំងពីបញ្ហាបរិស្ថានបញ្ហាពុករលួយ និងរហូតដល់ការចោទប្រកាន់ថា ជាការតាំងទីនៃអំណាចយោធារបស់ចិន ឬការគ្រប់គ្រងឧត្តមភាពយោធារបស់ចិនទៅលើតំបន់សមុទ្រចិនខាងត្បូង ទោះបីជាកំពង់ផែនេះស្ថិតនៅឯនាយសែនឆ្ងាយក្នុងឆ្នេរសមុទ្ររបស់កម្ពុជាដែលស្ថិតក្នុងឈូងសមុទ្រថៃក៏ដោយ ហើយនរណាក៏ដឹងដែរថា ថៃជាប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកទៅទៀត។ ដូច្នេះ តើមានហេតុផលអ្វីដែលចិនអាចពង្រឹងអំណាចយោធានៅកំពង់ផែដែលស្ថិតនៅលើឆ្នេរសមុទ្រតូចមួយរបស់កម្ពុជាដោយរំលងភ្នែករបស់ថៃបាននោះ?
វាពិតជាមិនអាចទៅរួចទេ ហើយថៃ ឬអាមេរិកអាចវាយលុកចិនបានយ៉ាងងាយ មុនពេលដែលចិនអាចបញ្ឆេះយន្តហោះរបស់ខ្លួនហោះទៅសមុទ្រចិនខាងត្បូង។
យើងមិនអាចយល់បានទេថា តើនេះគឺជាការគន់គូរដ៏ត្រឹមត្រូវតាមបច្ចេកទេសយោធា ឬក៏ការស្រមើស្រមៃដែលកើតចេញពីការភ័យខ្លាចចិនហួសហេតុនោះ។ ច្បាស់ហើយថា កម្ពុជាគ្មានជម្រើសល្អដូចជា ថៃ និងឥណ្ឌូនេស៊ីឡើយព្រោះថា រាល់ការសម្រេចចិត្តណាមួយដែលពាក់ព័ន្ធនឹងចិន កម្ពុជាប្រាកដជានឹងទទួលរងការវាយប្រហាររិះគន់ពីប្រព័ន្ធផ្សព្វផ្សាយគ្រប់ទិសទី។
បើជ្រើសរើសមិនស្រួលប្រទេសលោកខាងលិចនឹងប្រើទណ្ឌកម្មជាឯកតោភាគី ដែលនៅក្រៅដែនដី ក្រៅដែនសមត្ថកិច្ចពីនាយសមុទ្រដើម្បីបង្ហាញសាច់ដុំ និងឥទ្ធិពលរបស់ពួកគេថែមទៀត។ ការបែងចែកពិភពលោកជា ២ វាមិនឈប់ត្រឹមវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ តែវាអាចជះឥទ្ធិពលដល់វិស័យនយោបាយការទូត និងវេទិកាពហុភាគីផងដែរនៅពេលដែលវេទិកាពហុភាគីគឺជាចំណុចមានប្រៀបខ្លាំងរបស់ប្រទេសលោកខាងលិច។
ដោយសារតែការបែងចែកពិភពលោកជា ២ នេះហើយ ទើបធ្វើឱ្យប្រទេសដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយចិនច្រើនតែក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហាររិះគន់លើបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យពីបណ្តាប្រទេសលោកខាងលិច ប៉ុន្តែពួកគេគ្មានការខ្មាសអៀនឡើយក្នុងការប្រើប្រាស់ស្តង់ដាទ្វេចំពោះប្រទេសណាដែលមានទំនាក់ទំនងយុទ្ធសាស្ត្រ និងមានប្រយោជន៍ភូមិសាស្ត្រនយោបាយជាមួយពួកគេ។
ជាក់ស្តែង កម្ពុជាតែងតែក្លាយជាគោលដៅនៃការរិះគន់របស់សហភាពអឺរ៉ុបស្តីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ សហភាពអឺរ៉ុបមានសមាជិក ២៧ ប្រទេស ដូច្នេះពួកគេហាក់បីដូចជាមានគ្រាប់កាំភ្លើង ២៧ គ្រាប់ ដើម្បីបាញ់កម្ពុជាតែម្នាក់ឯងនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស ព្រោះពួកគេអាចប្ដូរវេនគ្នាដើម្បីបរិហាររិះគន់កម្ពុជាម្តងមួយៗ នៅពេលណាក៏បាន។ សម្រាប់ពួកគេវាងាយស្រួលណាស់ក្នុងការវាយប្រហារលើកម្ពុជាទោះបីជាដឹងថា កម្ពុជាបច្ចុប្បន្នកំពុងតែរវល់ប្រយុទ្ធយ៉ាងស្វិតស្វាញប្រឆាំងនឹងរោគរាតត្បាតកូវីដ១៩ ក៏ដោយ។
ក្នុងពេលថ្មីៗនេះប្រទេសហ្វាំងឡង់បានរិះគន់យ៉ាងខ្លាំងចំពោះច្បាប់កូវីដ-១៩របស់កម្ពុជានៅពេលដែលហ្វាំងឡង់ខ្លួនឯងធ្លាប់បានបិទប្រទេស និងដាក់ប្រទេសក្នុងស្ថានភាពអាសន្ន។
ការអនុវត្តស្ដង់ដាទ្វេបែបនេះធ្វើឱ្យប្រទេសកម្ពុជាបាត់បង់សិទ្ធិអធិបតេយ្យរបស់ខ្លួនក្នុងការសម្រេចដោយខ្លួនឯងថា តើគួរតែការពារអាយុជីវិតរបស់ប្រជាជនរបស់ខ្លួនយ៉ាងដូចម្តេច? គិតត្រឹមថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២១ ហ្វាំងឡង់មានករណីឆ្លងជាង ៧ ម៉ឺននាក់ និងស្លាប់ជាង ៨០០ នាក់ ខណៈកម្ពុជាមានករណីស្លាប់ ៧ នាក់ពីជំងឺកូវីដ ១៩។ ការអត្ថាធិប្បាយរបស់ហ្វាំងឡង់គឺមិនបានជួយកម្ពុជាទាល់តែសោះ ផ្ទុយទៅវិញវាគឺជាការរំខានដែលគ្មានការទទួលខុសត្រូវ ជាពិសេសនៅពេលដែលកម្ពុជាកំពុងតស៊ូយ៉ាងខ្លាំងដើម្បីបង្ក្រាប និងលុបបំបាត់ការឆ្លងរាតត្បាតនៃ “សហគមន៍ ២០ កុម្ភៈ។
លើកនេះហ្វាំងឡង់ គឺជាអ្នកដើរតួ ហើយនៅថ្ងៃបន្ទាប់ សហភាពអឺរ៉ុបនឹងអាចមានតួសម្តែង និងអ្នកនិយាយថ្មីដើម្បីប្រមាថមើលងាយកម្ពុជាដោយផ្អែកលើទស្សនៈការបែងចែកពិភពលោកជា ២ និងការអនុវត្តស្តង់ដាទ្វេសម្រាប់ការបែងចែកភូមិសាស្ត្រនយោបាយ។
ប្រទេសកម្ពុជាជាផ្ទាំងស៊ីបដែលងាយស្រួល និងជាគោលដៅដែលគេចូលចិត្តវាយប្រហារពីព្រោះជាក់ស្តែងកម្ពុជាគ្មានអំណាច ឬឥទ្ធិពល ឬកម្លាំងអ្វី ដើម្បីវាយបកទៅគេវិញទេ។
ការដាក់ទណ្ឌកម្មគឺជាអាវុធការទូត និងសេដ្ឋកិច្ចដែលកំពុងពេញនិយមនៅក្នុងពិភពលោកដែលបែងចែកជា ២។
ទាំងនេះគឺជាគ្រោះថ្នាក់ជាក់ស្តែងហើយដែលកំពុងកើតមានរួចទៅហើយសម្រាប់សណ្តាប់ធ្នាប់ពិភពលោកដែលបែងចែកជា ២។
នេះយើងមិនទាន់និយាយដល់គ្រោះថ្នាក់នៃការកើតឡើងនៃសង្គ្រាមជាប្រពៃណីផង។ យើងពិតជាមិនអាចមើលរំលងពីលទ្ធភាពនៃការកើតឡើងនៃសង្គ្រាមដោយតួអង្គតំណាងបានទេ។ នៅក្នុងតំបន់របស់យើង យើងធ្លាប់រងទុក្ខវេទនាដោយសារសង្គ្រាមវៀតណាម និងសង្គ្រាមស៊ីវិលរបស់កម្ពុជា ដែលបានអូសបន្លាយរយៈពេល ៣០ ឆ្នាំដែលបានធ្វើឱ្យបាត់បង់ជីវិតប្រជាជនយ៉ាងច្រើនរាប់ពុំអស់។
ដូច្នេះប្រទេសនីមួយៗក្នុងពិភពលោកគួរខិតខំពិចារណារិះរកវិធីសាស្ត្រក្នុងការបង្ការការបែងចែកពិភពលោកជា ២ មិនមែនចូលរួមចាក់សាំងបន្ថែមលើភ្លើងនោះទេ៕
ស៊ឹម វីរៈ ទីប្រឹក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានទស្សនៈអាស៊ី (AVI)
(ទស្សនៈដែលបានសម្តែងខាងលើគឺជារបស់បុគ្គលហើយមិនតំណាងឱ្យទស្សនៈស្ថាប័ននោះទេ)