ការឆ្លើយតប​របស់​កម្ពុជា​ចំពោះ​ជំងឺ​រាតត្បាត​កូវីដ​ ១៩ គឺជា​ការអនុវត្ត​ដំណាលគ្នា​នូវ​ចំណាត់​ការសំខាន់​ ២ ​គឺ​ “​ការសង្គ្រោះ​ជីវិត​”​និង “​ការសង្គ្រោះ​ជីវភាព​”​។

ការសង្គ្រោះ​ជីវិត​​

ចំណាត់ការ​ទី​១ ផ្តោតលើ​សុវត្ថិភាព​សុខាភិបាល ហើយ​ចំណាត់ការ​នេះ​ត្រូវបាន​គ្រប់គ្រង​ដោយ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ​ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​ ១៨ ខែ មីនា ឆ្នាំ​ ២០២០​។

គណៈកម្មាធិការ​នេះ​មាន​ការទទួល​ខុសត្រូវ​ក្នុង​ការបង្កើត​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ជាតិ​,​ដឹកនាំ​ការអនុវត្ត​យុទ្ធសាស្ត្រ​ទាំងនោះ​, គ្រប់គ្រង​ផលប៉ះពាល់​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​សង្គម​នៅក្នុង​កម្រិត​ជាតិ និង​អន្តរជាតិ ព្រមទាំង​ដឹកនាំ​ការងារ​សម្របសម្រួល​ការអនុវត្ត​វិធានការ​អន្តរវិស័យ និង​អន្តរស្ថាប័ន​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។

គណៈកម្មាធិការ​នេះ​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ហើយ​មាន​ក្រសួង​សុខាភិបាល​ជា​តួអង្គ​ស្នូល​ក្នុង​ការគ្រប់គ្រង​ការឆ្លើយតប​ជា​លក្ខណៈ​បច្ចេកទេស​លើ​បញ្ហា​សុខាភិបាល ការកៀរគរ​ធនធាន និង​ការគ្រប់គ្រង​ទំនាក់ទំនង​សាធារណៈ​។ វត្តមាន​របស់​នាយករដ្ឋមន្ត្រី​បាន​ជួយ​ពង្រឹង​ដល់​ការសម្របសម្រួល​ប្រកប​ដោយ​ប្រសិទ្ធភាព​នៅ​ទូទាំង​ប្រទេស និង​ចៀសវាង​ការបង្អាក់​នានា ដោយសារ​តែ​ការិយាធិបតេយ្យ​នៅក្នុង​ស្ថានភាព​អាសន្ន​។

កិច្ចសហប្រតិបត្តិការ​រឹងមាំ​ជាមួយ​ដៃគូ​អន្តរជាតិ​តាមរយៈ​ការផ្គត់ផ្គង់​សម្ភារ ការបញ្ជូន​អ្នកជំនាញ និង​ការ​ផ្តល់ជំនួយ​បច្ចេកទេស និង​ជំនួយ​ហិរញ្ញវត្ថុ​ក៏បាន​ចូលរួម​ចំណែក​ផងដែរ ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​នេះ​។ អង្គការ​សុខភាព​ពិភពលោក​ (WHO), ​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​របស់​អាមេរិក និង​វិទ្យាស្ថាន​ប៉ាស្ទ័រ ក៏​បាន​ផ្តល់​កិច្ចសហការ​ល្អ​នៅក្នុង​កិច្ចគាំទ្រ​ការខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​សុខាភិបាល​កម្ពុជា​។

ដោយ​មាន​ការគាំទ្រ​ពី​អង្គការ​សុខភាព​ពិភពលោក និង​ដៃគូ​ទាំងនោះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត និង​កំពុងតែ​អនុវត្ត​នូវ «​ផែនការមេ​ថ្នាក់ជាតិ​ស្តីអំពី​ជំងឺ​កូវីដ​១៩»​។ ​អង្គការ​សុខភាព​ពិភពលោក​បាន​ផ្តល់​​នូវ​ការប្រឹក្សា​គោលនយោបាយ និង​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ចំពោះ​ការអនុវត្ត​វិស័យ​អាទិភាព​ទាំង​ ៩ ដើម្បី​ឆ្លើយតប​នឹង​ជំងឺ​រាតត្បាត​នេះ ទន្ទឹម​គ្នា​នឹង​ការត្រៀម​លក្ខណៈ​បង្ការ​ទប់ស្កាត់ ចំពោះ​លទ្ធភាព​នៃ​ការឆ្លង​ជា​លក្ខណៈ​សហគមន៍​។

យុទ្ធសាស្ត្រ​ឆ្លើយតប​ក្នុង​ការការពារ​ការឆ្លង​ជា​លក្ខណៈ​សហគមន៍ និង​ការគ្រប់គ្រង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ-១៩​រួមមាន ការរក​ឱ្យឃើញ​ករណី​ឆ្លង​,​ការផ្តាច់​ករណី​សង្ស័យ​ឱ្យនៅ​ដោយឡែក​, ការតាមដាន​ការប្រាស្រ័យ​ទាក់ទង និង​ការធ្វើ​ចត្តាឡីស័ក​។ បន្ថែម​លើ​វិធានការ​បង្ការ​ជា​សកល​ដូចជា ការលាង​សម្អាត​ដៃ និង​សុជីវធម៌​នៃ​ការក្អក កណ្តាស់​ជាដើម រាជរដ្ឋាភិបាល​ក៏បាន និង​កំពុង​អនុវត្ត​នូវ​វិធានការ​គម្លាត​សុវត្ថិភាព​សង្គម​មួយចំនួន​ផងដែរ​។

សាលារៀន​ត្រូវ​បាន​បិទ​នៅ​ពាក់កណ្តាល​ខែ​មីនា ឆ្នាំមុន​។ ​រីឯ​ការរឹតត្បិត​លើ​ការធ្វើ​ដំណើរ​អន្តរជាតិ​ត្រូវ​បាន​ដាក់​នៅ​ចុងខែ​មីនា ហើយ​ការជួបជុំ​នៅ​ទីតាំង​កម្សាន្ត​នានា​ត្រូវបាន​រឹតត្បិត​នៅ​ដើមខែ​មេសា​។ នាយករដ្ឋមន្ត្រី​ក៏បាន​បញ្ជា​ឱ្យ​លុបចោល​ថ្ងៃ​ឈប់សម្រាក​ចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខ្មែរ​នៅ​ពាក់កណ្តាល​ខែមេសា និង​បាន​ដាក់​កម្រិត​លើ​ការធ្វើដំណើរ​ឆ្លងខេត្ត​នានា​ក្នុងអំឡុង​ពេលនោះ​។ ​

វិធានការ​ត្រួតពិនិត្យ និង​ចត្តាឡីស័ក​ត្រូវ​បាន​អនុវត្ត​ចំពោះ​កម្មករ​កាត់ដេរ និង​និយោជិត​មួយ​ចំនួន​ដែល​បាន​បំពាន​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ឈប់សម្រាក​ទៅលេង​​ភូមិ​របស់​ពួកគេ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​។ វិធានការ​ទាំងនេះ​ក៏​ត្រូវបាន​អនុវត្ត​ផងដែរ​ចំពោះ​លំហូរ​ចូល​នៃ​ពលករ​ចំណាកស្រុក​កម្ពុជា​មួយចំនួន​ធំ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ នៅ​ខែ​មេសា និង​ខែធ្នូ ឆ្នាំ​ ២០២០​។

វិធីសាស្ត្រ​បង្ការ​ប្រុងប្រយ័ត្ន​តាំងពី​ដំណាក់កាល​ដំបូង​នៃ​ការផ្ទុះឡើង​នូវ​ជំងឺ​កូវីដ​ ១៩ គឺជា​វិធីសាស្ត្រ​ដ៏មាន​ប្រសិទ្ធភាព​ក្នុង​ការទប់ស្កាត់​គ្រោះថ្នាក់ ដោយ​ប្រើប្រាស់​គោលការណ៍​ ៥ ​យ៉ាង (5Es) គឺ Early Detection (​ការរក​ឱ្យបាន​ទាន់ពេលវេលា​នូវ​អ្នក​ដែល​មាន​វិជ្ជមាន​កូវីដ​ ១៩) Earlytracing (​ការតាម​ស្រាវជ្រាវ​បន្ត​រក​អ្នក​ដែល​សង្ស័យថា អាច​ឆ្លង​ ឬ​បណ្តាញ​ចម្លង​បន្ត​នូវ​កូវីដ ​១៩ នៅ​ក្រុម​ណាមួយ​ ឬ​ទីតាំង​ណាមួយ​) Early Isolation (​ការដាក់​ដាច់​ដោយឡែក​ភ្លាមៗ​នូវ​អ្នក​ឆ្លង​កូវីដ​ ១៩​ ឬ​ក៏​សង្ស័យ​ថា មាន​ឆ្លង​កូវីដ ១៩) Early Treatment (​ការបញ្ជូន​ទៅ​ព្យាបាល​ឱ្យបាន​លឿន​បំផុត​នូវ​អ្នក​ឆ្លង​កូវីដ ១៩) និង​ EarlyPrevention (​ការអនុវត្ត​វិធានការ​ការពារ​ប្រសើរ​ជាង​ព្យាបាល​ឱ្យបាន​លឿន​មុន​នឹង​បុគ្គល​ ឬ​ក្រុម​ណាមួយ​មានការ​ចម្លង​កូវីដ​១៩​ចូល​​ទៅក្នុង​សហគមន៍​)​។

​“​ព្រឹត្តិការណ៍​សហគមន៍​ ២៨ វិច្ឆិកា​” គឺជា​ការឆ្លង​សហគមន៍​លើកដំបូង​របស់​កម្ពុជា ហើយ​ក៏​ជា​មេរៀន​ដែល​បង្ហាញថា ទោះបី​ជា​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​យ៉ាងណា​​ក៏ដោយ ក៏​ការ​ប្រឈម​នឹង​ការឆ្លង​សហគមន៍​នៅតែមាន​ជានិច្ច​។ រាជរដ្ឋាភិបាល​ក៏បាន​ចាត់​វិធានការ​យ៉ាង​តឹងរ៉ឹង និង​ហ្មត់ចត់​ដោយ​អនុវត្ត​ការធ្វើ​តេស្តិ៍​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់មាន​ពីមុនមក​ចំពោះ​អ្នកពាក់ព័ន្ធ និង​ករណី​សង្ស័យ​សរុប​ចំនួន​ ១១ ៣០៥ ​សំណាក គិត​ត្រឹម​ថ្ងៃទី​ ២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​ ៦ ខែ ធ្នូ ​ឆ្នាំ​ ២០២០​។

ប្រទេស​កម្ពុជា​ អាច​ចែករំលែក​​បទពិសោធ​បន្តិចបន្តួច​របស់ខ្លួន​ក្នុង​នាម​ជា​ប្រទេស​តូច​មួយ​​ដែល​បាន​គ្រប់គ្រង​ជំងឺ​កូវីដ​ ១៩ ​ប្រកប​ដោយ​ប្រសិទ្ធភាព​ដោយ​ផ្អែក​លើ​ការខិតខំ​ប្រឹងប្រែង​ជាក់ស្តែង​, ភាពជា​អ្នកដឹកនាំ​, កិច្ចសហប្រតិបត្តិការ​ល្អ និង​ចំណាត់ការ​ដែល​បាន​រៀបចំ​ទុកជាមុន​ដោយ​ប្រុងប្រយ័ត្ន ពោល​គឺ​មិនមែន​ពឹង​ផ្អែកលើ​សំណាង​នោះទេ​។ ​កម្ពុជា​ដឹង​ច្បាស់​ពី​សមត្ថភាព និង​ធនធាន​មាន​ដ៏តិចតួច​របស់​ខ្លួន ដូច្នេះ​កម្ពុជា​មិនអាច​បណ្តែត​បណ្តោយ​ធ្វេសប្រហែស ឬ​​មើលស្រាល​ស្ថានការណ៍​បានទេ​។ ការស្វែងរក​វ៉ាក់សាំង​ទៀតសោត ក៏​កម្ពុជា​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​ផ្តោតលើ​បញ្ហា​សុវត្ថិភាព ប្រសិទ្ធភាព និង​ភាពបន្ទាន់​។

ការចាត់វិធានការ​ម៉ឺងម៉ាត់​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ​ក៏សំខាន់​ផងដែរ​។ ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ដែល​ពិភពលោក​មិន​ស្គាល់​ពី​មុន​មក ការបង្ការ​ភាពស្លន់ស្លោ​ជា​សាធារណៈ​គឺមាន​សារៈសំខាន់​បំផុត​។ ​ព័ត៌មាន​ក្លែងក្លាយ​ដែល​បង្ក​ភាពស្លន់ស្លោ​សង្គម​អាច​រំខាន និង​រារាំង​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល និង​អាច​ធ្វើឱ្យ​បាត់បង់​ទំនុកចិត្ត​សាធារណៈ​ចំពោះ​ចំណាត់ការ​ប្រុងប្រយ័ត្ន​របស់​រាជរដ្ឋាភិបាល​។ ​ការផ្តល់​ព័ត៌មាន​យ៉ាង​ឆាប់រហ័ស​ដែល​អាច​ទុកចិត្តបាន ដោយ​យោងតាម​ទិន្នន័យ​វិទ្យាសាស្ត្រ​បាន​ជួយ​ធ្វើឱ្យ​សាធារណជន​ទទួលបាន​ព័ត៌មាន និង​គ្រប់គ្រង​​ការភ័យខ្លាច​របស់ខ្លួន​ឱ្យ​មាន​លក្ខណៈ​សមរម្យ និង​មិន​ហួសហេតុ​។

ការជួយ​សង្គ្រោះ​ជីវភាព

ចំណាត់ការ​នេះ​ត្រូវ​បាន​សម្របសម្រួល​ដោយ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដឹកនាំ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ​ស្ថាប័ន​អន្តរក្រសួង​នេះ​មាន​អាណត្តិ​រៀបចំ​សម្របសម្រួល និង​តាមដាន​ការអនុវត្ត​​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​រាជរដ្ឋាភិបាល​។

ចំពោះ​សកម្មភាព​ដែល​ទាក់ទង​នឹង​ជំងឺ​កូវីដ ​១៩ គណៈកម្មាធិការ​នេះ​ទទួល​ខុសត្រូវ​ក្នុងការ​រៀបចំ​វិធានការ​គ្រប់​ជ្រុងជ្រោយ​ផ្នែក​សារពើពន្ធ​ហិរញ្ញវត្ថុ និង​សន្តិសុខ​សង្គម​។ គិត​ត្រឹម​ចុងខែ​ធ្នូ ឆ្នាំ​ ២០២០ វិធានការ​ចំនួន​ ៧ ​ជុំ​ត្រូវ​បានដាក់​​ឱ្យ​អនុវត្ត​។

វិធានការ​សារពើពន្ធ​រួមមាន​ការលើកលែង​ពន្ធ​ប្រចាំខែ​គ្រប់ប្រភេទ​សម្រាប់​វិស័យ​បដិសណ្ឋារកិច្ច​នៅ​រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប ព្រះសីហនុ កែប​កំពត ក្រុង​បាវិត និង​ប៉ោយប៉ែត​រហូត​ដល់​ខែមីនា ឆ្នាំ​ ២០២១​។

ពន្ធ​លើ​ប្រាក់ចំណូល​សម្រាប់​ឆ្នាំ​ ២០២០ ត្រូវបាន​លើកលែង​រយៈពេល​ ៦ ​ខែ ទៅ​ ១ ​ឆ្នាំ​ចំពោះ​សហគ្រាស​វាយនភណ្ឌ​ផលិត​សម្លៀកបំពាក់ ផលិត​កាបូបយួរ និង​កាបូបដៃ និង​ផលិត​មួក ដោយ​ផ្នែក​លើ​កម្រិត​នៃ​ផលប៉ះពាល់​។ ​ការបង់ពន្ធ​អប្បបរមា​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ត្រូវ​បាន​លើកលែង​រហូតដល់​ខែ​មីនា ឆ្នាំ​ ២០២១​។

វិធានការ​ហិរញ្ញវត្ថុ​រួមមាន ការបង្កើត​សហហិរញ្ញប្បទាន​ (co-financing) ​និង​ចែករំលែក​ហានិភ័យ (risk-sharing) ​ដែលមាន​ទឹកប្រាក់​រហូត​ដល់​ ១០០ ​លាន​ដុល្លារ តាមរយៈ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​ (SME Bank)​។ វិសាលភាព​សម្រាប់​ការផ្តល់​ឥណទាន​ត្រូវបាន​ពង្រីក​ដល់​ក្រុមហ៊ុន​ដែល​ផលិត​ឧបករណ៍​វេជ្ជសាស្ត្រ និង​ថ្នាំពេទ្យ​។ ហិរញ្ញប្បទាន​ពិសេស​ចំនួន​ ៥០ ​លាន​ដុល្លារ​ ត្រូវ​បាន​ផ្តល់​តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​ (ARDB) ​ដើម្បី​ផ្តល់​ប្រាក់កម្ចី​ការប្រាក់​ទាប​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​។

មូលនិធិ​ធានា​ឥណទាន​ត្រូវ​បាន​ត្រៀម​ចំនួន​ ២០០ ​លានដុល្លារ​។ ​ថវិកា​ចំនួន​ ៣០០ ​លានដុល្លារ​ផ្សេង​ទៀត​ ត្រូវបាន​ត្រៀម​សម្រាប់​ធ្វើជា​កាតាលីករ​ជំរុញ​កំណើន​ក្នុង​អំឡុងពេល និង​ក្រោយពេល​នៃ​វិបត្តិ​កូវីដ ​១៩​។

វិធានការ​សន្តិសុខ​សង្គម​រួមមាន​កម្មវិធី​សាច់ប្រាក់​ពលកម្ម (Cash for Work Program) ដែល​មាន​គោលដៅ​ផ្តល់​ចំណូល​​បន្ថែម​ដោយ​បង្កើត​ការងារ​តាមរយៈ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ (១០០ ​លាន​ដុល្លារ​) ​ការឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដែល​​មាន​គោលដៅ​ផ្តល់ជំនួយ​បណ្តោះអាសន្ន​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដើម្បី​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគេ​ (២៥ ​លាន​ដុល្លារ​/ ​ខែ​សម្រាប់ ៥៦០ ០០០ ​គ្រួសារ​, ថវិកា​សរុប​ ៣០០ ​លាន​ដុល្លារ​) ​និង​ការផ្តល់​ប្រាក់ឧបត្ថម្ភ​ដល់​កម្មករនិយោជិត ដែល​ត្រូវបាន​ផ្អាក​ការងារ​ចំនួន​ ៤០ ​ដុល្លារ​អាមេរិក​/ ​ខែ​សម្រាប់​កម្មករ និយោជិត​ក្នុង​វិស័យ​កាត់ដេរ វាយនភណ្ឌ និង​វិស័យ​ទេសចរណ៍​ដែល​ត្រូវ​បាន​ផ្អាក​ការងារ​ជាដើម​។ ​ក្រៅពីនេះ​ក៏​មាន​វគ្គ​បណ្តុះបណ្តាល​មុខវិជ្ជា​ចំណេះដឹង​ថ្មី​ (Re-skilling) ​ឬ​ការបង្កើន​ចំណេះដឹង​បន្ថែម ​(Upskilling), ​ការផ្តល់ប្រាក់​ឧបត្ថម្ភ​ចំនួន​ ១២០ ​ដុល្លារ​អាមេរិក​ ក្នុង​ ១ ​ខែ រហូត​​ដល់​រយៈពេល​ ៦ ​ខែ សម្រាប់​សិក្ខាកាម​ដែល​ទទួល​ការបណ្តុះបណ្តាល និង​ការផ្តល់​​សេវា​ជួយ​រក​ការងារ​ឱ្យ​កម្មករ​ធ្វើ​តាមរយៈ​ទីភ្នាក់ងារ​ជាតិ​មុខរបរ (NEA) ​ផងដែរ​។

ចំណាត់ការ​សំខាន់ៗ​ផ្សេង​ទៀត

ក្រៅ​ពីអ្វី​ដែល​មាន​រៀបរាប់​ខាងលើ​នៅមាន​វិធានការ​រយៈពេល វែង​ជាច្រើន​ទៀត​សម្រាប់​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ ដូចជា ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និងការចរចា​សម្រាប់​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី ជាដើម​។

ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រង់ទ្រាយ​ធំ មិន​ត្រូវ​បាន​បន្ទច់បង្អាក់​ជា​ដុំកំភួន​ដោយ​ជំងឺ​រាតត្បាត​នេះ​ទេ​។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​ថវិកា​ចំនួន​ ៣៥០ ​លាន​ដុល្លារ ដើម្បី​កសាង​​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​នៅ​ខេត្ត​ព្រះសីហនុ ដោយមាន​​គោលដៅ​ប្រែក្លាយ​ខេត្ត​នេះ​ឱ្យ​ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុបំណង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ និង​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ដ៏មាន​សក្តានុពល​របស់​កម្ពុជា​។ អាកាសយានដ្ឋាន​ក្រុងព្រះសីហនុ​កំពុង​ត្រូវបាន​​ជួសជុល​កែលម្អ​ជាមួយ​នឹង​ផ្លូវ​រត់​​ដែលមាន​ប្រវែង​រហូតដល់​ ៣ ៨០០ ​ម៉ែត្រ​។ ​ការជួសជុល​កែលម្អ​ស្ថានីយ​អ្នកដំណើរ​ក៏​នឹង​ត្រូវ​បញ្ចប់​ត្រឹម​ក្នុង​ឆ្នាំ​ ២០២២​។

នៅ​ខេត្ត​សៀមរាប ថវិកា​ចំនួន​ ១៥០ ​លាន​ដុល្លារ​ ត្រូវ​បាន​គ្រោងទុក​សម្រាប់​ការអភិវឌ្ឍ​ផ្លូវ​​ចំនួន​ ៣៨ ​ខ្សែ​។ ​នៅពេល​សាងសង់​រួចរាល់​ផ្លូវ​ថ្នល់​ទាំងនោះ​​នឹង​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​នៅ​ក្រោយ​វិបត្តិ​កូវីដ​ ១៩​។

ការស្ថាបនា​អាកាសយានដ្ឋាន​ទី​២ ​សម្រាប់​រាជធានី​ភ្នំពេញ​​បាន និង​កំពុង​ដំណើរការ ទោះបី​មាន​ការ​ប្រឈម​ដោយ​គ្រោះ​ទឹកជំនន់​កាលពី​ខែ​តុលា ឆ្នាំ ២០២០ ក៏ដោយ​។ ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ត្រូវ​បាន​អភិវឌ្ឍ​លើ​ផ្ទៃដី ២ ៦០០ ​ហិកតា​ នៅ​ចន្លោះ​ខេត្តកណ្ដាល និង​តាកែវ ដែល​នឹង​មាន​កម្រិត​ 4F-class ដែល​មានន័យថា​អាច​ទទួល​យន្តហោះ​ធំៗ​ដូចជា Airbus A380-800s និង​ Boeing 747-800s បាន​។ ​ការវិនិយោគ​សរុប​មាន​ចំនួន​ ១,៥ ​ពាន់​លាន​ដុល្លារ ដែល​បានមក​​ពី​ការវិនិយោគ​ក្នុងស្រុក និង​ប្រាក់កម្ចី​ពី​ធនាគារ​បរទេស​។

ក្រសួង​ពាណិជ្ជកម្ម​ក៏បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុង​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA) ​ជាមួយ​ប្រទេស​ចិន និង​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ជំនួស​ការបាត់បង់​ការងារ និង​ជំរុញ​ការធ្វើ​ពិពិធកម្ម​ទីផ្សារ​នាំចេញ​របស់​កម្ពុជា បន្ទាប់ពី​សហភាព​អឺរ៉ុប​បាន​ដកហូត​ផ្នែក​​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន​ ត្រូវ​បាន​ចុះ​​ហត្ថលេខា​នៅ​ថ្ងៃទី​ ១២ ខែ ​តុលា ឆ្នាំ​ ២០២០ ដែលជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដំបូង​គេ​ដែល​ប្រទេស​កម្ពុជា​​ មាន​ជាមួយ​ដៃគូ​ខាងក្រៅ ហើយ​​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សាធារណរដ្ឋ​កូរ៉េ​ក៏​កំពុងតែ​វិវឌ្ឍ​ទៅមុខ​។

សេចក្តី​សន្និដ្ឋាន​​ទាំង​ក្នុង​រយៈពេល​ខ្លី និង​​រយៈពេល​វែង គេ​សង្កេត​ឃើញ​​ថា រាជរដ្ឋាភិបាល​បាន​គ្រប់គ្រង​ស្ថានការណ៍​បាន​ល្អ​ក្នុង​ន័យ​ការពារ​សន្តិសុខ​សុខាភិបាល និង​កាត់បន្ថយ​ផលប៉ះពាល់​សេដ្ឋកិច្ចសង្គម​ដែល​បណ្តាល​មកពី​ជំងឺ​កូវីដ​ ១៩​។ ​

ថ្វីដ្បិតតែ​ផលប៉ះពាល់​ផ្នែក​សុខាភិបាល​មិនទាន់មាន​ភាពធ្ងន់ធ្ងរ ប៉ុន្តែ​វិសាលភាព​នៃ​ផលប៉ះពាល់​​សេដ្ឋកិច្ចសង្គម​មាន​ទំហំ​ធំធេង​ណាស់ ហើយ​គ្មាន​នរណា​ដឹងថា តើ​វិបត្តិ​នេះ​នឹង​បញ្ចប់​នៅ​​ពេលណា​នោះទេ​។ ការបើក​ព្រំដែន​ឡើងវិញ​ជា​បណ្តើរៗ​ក៏​កំពុង​ត្រូវបាន​ពិចារណា​ដោយ​ប្រទេស​ជាច្រើន ប៉ុន្តែ វិធានការ​នេះ​ក៏ត្រូវ​ប្រឈម​នឹង​ហានិភ័យ​​នៃ​ការផ្ទុះឡើង​នូវ​រលក​ទី​ ៣ ​ឬ​ទី​ ៤ ​ដែរ​។

ប្រទេស​នីមួយៗ​មិន​អាចមាន​សុទិដ្ឋិនិយម​ជ្រុល​ហួសហេតុ​ទេ​។ ​វិធានការ​បង្ការ​គួរតែ​រក្សា​ឱ្យ​មាន​ជាប្រចាំ នៅក្នុង​ដំណាក់កាល​នៃ​ផលិត និង​ទទួល​ការចាក់​វ៉ាក់សាំង​ទូលំទូលាយ ដែល​គេ​រំពឹងថា អាច​នឹង​ជួយ​ស្តារឡើងវិញ​នូវ​ប្រក្រតីភាព​នៃ​ការចល័ត​មនុស្ស និង​ទំនិញ​។ ក្នុងស្ថានភាព​បច្ចុប្បន្ន​នេះ ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ប្រក្រតីភាព​ហាក់​នៅ​មាន​ភាពស្រពេចស្រពិល​នៅឡើយ​៕

ស៊ឹម វីរៈ ​ទីប្រឹក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI)