យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការនានា ទំនាក់ទំនងកម្ពុជា និងវៀតណាមហាក់បីដូចជាមានភាពល្អូកល្អិន និងមិត្តភាពជាប្រពៃណី ដោយសារទំនាក់ទំនងដ៏រឹងមាំរវាងថ្នាក់ដឹកនាំនៃប្រទេសទាំង ២ និងរវាងគណបក្សកាន់អំណាច។ ប៉ុន្តែនៅពីក្រោយខ្លឹមសារដ៏ល្អផូរផង់ទាំងនោះ ការកើតឡើងជារឿយៗនូវហេតុការណ៍នានាតាមព្រំដែនហាក់បង្ហាញឱ្យឃើញនូវការមិនពេញចិត្ត ឬការមិនទុកចិត្តពីសំណាក់ភាគីទាំងសងខាង។
គួររំឭកដែរថា នៅមុនពេលដែលកម្ពុជាត្រូវបានគេចោទថាជា “អាយ៉ងរបស់ចិន” ដូចសព្វថ្ងៃ កម្ពុជាក៏ធ្លាប់បានគេលាបពណ៌ថាជា “អាយ៉ងរបស់វៀតណាម” ដែរ។ គឺជារឿងធម្មតាទៅហើយដែលប្រទេសតូចតាច តែងតែទទួលរងការចោទប្រកាន់ថា ជាអាយ៉ងរបស់ប្រទេសមានអំណាចណាមួយ ឱ្យតែប្រទេសតូចតាចមានទំនាក់ទំនងស្អិតល្មួតជាមួយប្រទេសមានអំណាច។
ការចោទប្រកាន់នោះ គឺដើម្បីរំលេចអំពីភាពទន់ខ្សោយកង្វះឯករាជភាព និងអធិបតេយ្យរបស់ប្រទេសតូចតាច។ “ទ្រឹស្តីអាយ៉ង” អាចត្រូវបានបង្កើតឡើងតាមរយៈការចោទប្រកាន់ជាច្រើនលើកច្រើនសា តាមរយៈសាធារណមតិជាតិ និងអន្តរជាតិ។
ជាក់ស្តែង នៅពេលដែលក្រសួងការពារជាតិអាមេរិកអះអាងថា ចិនបានពិចារណាលើប្រទេស ៥ នៅអាស៊ីអាគ្នេយ៍រួមមានកម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ថៃ និងសិង្ហបុរី ដើម្បីដាក់មូលដ្ឋានយោធារបស់ខ្លួន អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថាន ISEAS-YusofI-shak របស់សិង្ហបុរីបានទាញសេចក្តីសន្និដ្ឋានយ៉ាងសាមញ្ញាថា “បំណងប្រាថ្នាក្នុងការទទួលឱ្យមានមូលដ្ឋានយោធាចិនមានទាបណាស់ក្រៅតែពីករណីកម្ពុជា”។
សម្រាប់ប្រទេសតូចដូចជាកម្ពុជា ទោះបីខិតខំពន្យល់ប្រើទឡ្ហីករណ៍បែបណាក៏ដោយ ក៏នៅតែអ្នកស្រាវជ្រាវតំបន់ស្តាប់មិនចូលដែរ។ សម្រាប់ពួកគេ ទោះបីជាមានការពន្យល់ និងការបដិសេធជាសាធារណៈរបស់នាយករដ្ឋមន្ត្រីផង រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិរបស់កម្ពុជាផង ជាច្រើនលើកច្រើនសាយ៉ាងណាក៏ដោយ ក៏មិនមានតម្លៃ ឬមានទម្ងន់ស្មើនឹងការបដិសេធតែម្តងគត់របស់រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីដែរ។ នេះហើយគឺជាវិធីសាស្ត្រ ដើម្បីនិម្មិត “ទ្រឹស្តីអាយ៉ង”។
ទ្រឹស្តីនេះ គេតែងតែយកមកប្រើប្រាស់ ដើម្បីបន្តុះបង្អាប់កម្ពុជា គ្រាន់តែលើកនេះគឺប្តូរពីអាយ៉ងវៀតណាមទៅជាអាយ៉ងចិន។ នេះប្រហែលជាកត្តាចម្បងមួយដែលនាំឱ្យមានគម្លាតនៃទំនុកចិត្តរវាងកម្ពុជា និងវៀតណាម។ យ៉ាងណាក្តីការណ៍នេះគឺអាចមានទស្សនៈបកស្រាយខុសគ្នារៀងៗខ្លួន។
បើមើលពីទស្សនៈរបស់វៀតណាម កម្ពុជាមិនគួរឱ្យទុកចិត្តដោយសារតែកម្ពុជាមានទំនាក់ទំនងល្អជាមួយចិន ដែលកំពុងតែមានការប្រជែងទាមទារដែនអធិបតេយ្យនៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ ទង្វើនេះត្រូវបានវៀតណាមចាត់ទុកថា ជាការ “មិនដឹងគុណ” ចំពោះការបូជាជីវិតរបស់វៀតណាម ដើម្បីរំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ឬការសង្គ្រោះឱ្យរួចផុតពីការរលាយសាបសូន្យនៃជាតិសាសន៍មួយ។
បើមើលពីទស្សនៈកម្ពុជា ប្រវត្តិសាស្ត្រឈ្លានពានរាប់សតវត្សរ៍ បញ្ហារសើបព្រំដែន បញ្ហាអន្តោប្រវេសន៍ខុសច្បាប់ និងកង្វះខាតឯករាជភាព ឬ “ទ្រឹស្តីអាយ៉ងវៀតណាម” គឺជាកត្តាដែលពូនជ្រំនូវការមិនទុកចិត្តចំពោះវៀតណាម។ កម្ពុជាមានអារម្មណ៍ថា ចាញ់ប្រៀបវៀតណាមនៅពេលដែលពលីកម្មរបស់កម្ពុជា ចំពោះបុព្វហេតុឯករាជ្យ និងបង្រួបបង្រួមជាតិរបស់វៀតណាម មិនទទួលបានការផ្តល់តម្លៃឱ្យមានភាពប្រដំប្រសងគ្នា។
ករណីជាក់ស្តែងគឺការគាំទ្ររបស់កម្ពុជាតាមរយៈការអនុញ្ញាតឱ្យមាន "ផ្លូវលំសីហនុ" ដើម្បីដឹកជញ្ជូនស្បៀង និងអាវុធឱ្យកងទ័ពវៀតណាមខាងជើង ដែលនាំឱ្យអាមេរិកសម្រេចទម្លាក់គ្រាប់បែកលើកម្ពុជា ធ្វើឱ្យប្រជាជនកម្ពុជាស្លាប់ និងរបួសយ៉ាងតិច ១ សែននាក់។
នៅពេលដែលកម្ពុជាមានសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាមនៅកណ្តាលរាជធានីភ្នំពេញ និងបណ្តាខេត្តជាច្រើនរបស់កម្ពុជា គេពុំឃើញមានការសាងសង់ស្តូបអនុស្សាវរីយ៍បែបនេះឡើយនៅប្រទេសវៀតណាម ដើម្បីជាការរំឭកគុណដល់ការបូជារបស់ប្រជាជនខ្មែរក្នុងបុព្វហេតុឯករាជ្យ និងបង្រួបបង្រួមជាតិវៀតណាម។
សម្រាប់គណបក្សប្រឆាំងបស់កម្ពុជា “ទ្រឹស្តីអាយ៉ងវៀតណាម” នៅតែជាវិធីសាស្ត្រដ៏មានឥទ្ធិពល និងមានប្រសិទ្ធភាពបំផុតក្នុងការបញ្ឆេះស្មារតីជាតិនិយម។ ប្រធានបទទាក់ទងនឹងព្រំដែនគឺត្រូវបានដឹងឮយ៉ាងទូលំទូលាយពីគ្រប់ភាគីទាំងអស់ថា ជាបញ្ហារសើបដ៏ជ្រាលជ្រៅមួយនៅក្នុងនយោបាយផ្ទៃក្នុងរបស់កម្ពុជា។ ដូច្នេះការកើតឡើងជារឿយៗនូវហេតុការណ៍ និងសកម្មភាពជាឯកតោភាគីរបស់វៀតណាមតាមព្រំដែន ធ្វើឱ្យគេមានចម្ងល់ពីគោលបំណងរបស់វៀតណាមក្នុងការបង្កហេតុទាំងនោះ។
ទង្វើនេះអាចចាត់ទុកថា ជាការលូកដៃចូលដោយប្រយោលចំពោះកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដែលអាចបង្កឱ្យមានអស្ថិរភាពនៃមូលដ្ឋានអំណាចរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន។ ការណ៍នេះអាចបង្កជាចំណោទដ៏ស្រួចស្រាល់ចំពោះ “ធម្មានុរូប” របស់គណបក្សកាន់អំណាចនៅក្នុងក្រសែភ្នែកអ្នកបោះឆ្នោតកម្ពុជា ដែលអាចវាយតម្លៃថា រាជរដ្ឋាភិបាលមានភាពទន់ជ្រាយចំពោះការការពារព្រំដែន។
ដើម្បីពង្រឹងនូវទំនាក់ទំនងមិត្តភាពល្អប្រសើរ ប្រទេសទាំងពីរគួរបង្កើនការយកចិត្តទុកដាក់ក្នុងការកសាងចំណងទាក់ទងដែលចងភ្ជាប់មិត្តភាព និងការខិតខំបង្កើតមូលដ្ឋានរឹងមាំសម្រាប់ភាពជាអ្នកជិតខាងល្អ។
ក្នុងកាលៈទេសៈបច្ចុប្បន្ន យើងអាចនិយាយបានថា ប្រទេសទាំង ២ ផ្តោតការយកចិត្តទុកដាក់ខ្លាំងលើកេរមរតកពីអតីតកាល។ ពិតណាស់ថា ចំណងទាក់ទងអាចកសាងដោយផ្អែកលើមរតកពីអតីតកាល ប៉ុន្តែចំណងនេះក៏អាចកសាងបានតាមរយៈការវិនិយោគទៅលើអនាគតដែរ តួយ៉ាងដូចជា ការពង្រឹងការប្រាស្រ័យទាក់ទងរវាងប្រជាជន ការយល់ និងស្គាល់គ្នាទៅវិញទៅមក និងការគោរពគ្នាទៅវិញទៅមក។
ភាគីទាំងសងខាងមិនត្រូវភ្លេចឡើយថា សន្តិភាព និងសង្គ្រាមរបស់ប្រទេសទាំងសងខាងគឺមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។ សង្គ្រាមវៀតណាម មិនបានឈប់ទ្រឹងនៅព្រំដែនវៀតណាមនោះទេ ហើយការបំផ្លិចបំផ្លាញដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ក៏មិនមែនឈប់ត្រឹមព្រំដែនកម្ពុជាដែរ។ ប្រទេសទាំង ២ ត្រូវការគ្នាទៅវិញទៅមក ដើម្បីធានាសន្តិភាព និងស្ថិរភាពក្នុងប្រទេសផង និងក្នុងតំបន់ផង។
ការពង្រឹងការជឿទុកចិត្តគ្នាទាមទារពេលវេលាយូរ ហើយត្រូវការការវិនិយោគធនធានច្រើន ប៉ុន្តែតម្លៃនៃការវិនិយោគលើអនាគតមានតម្លៃទាបណាស់បើប្រៀបធៀបទៅនឹងការខូចខាតដែលបង្កឡើងដោយជម្លោះ និងអស្ថិរភាព។
យើងអាចរៀនសូត្រពីកម្មវិធីដែលមានអាយុកាលរាប់ទសវត្សរ៍មកហើយនោះគឺ “កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP)” ដែលគាំទ្រថវិកាដោយរដ្ឋាភិបាលជប៉ុន ដើម្បីប្រមូលផ្តុំយុវជនពីតំបន់អាស៊ីអាគ្នេយ៍ និងជប៉ុន ទៅធ្វើដំណើររួមគ្នាលើនាវាក្នុងរយៈកាលកំណត់មួយ ដើម្បីបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក។
ប្រហែលកម្ពុជា និងវៀតណាមអាចបង្កើតជា “កម្មវិធីនាវាមិត្តភាពយុវជនមេគង្គ” ដោយប្រមូលផ្តុំយុវជនឱ្យធ្វើដំណើរតាមនាវារួមគ្នា ចាប់ពីដីសន្តទន្លេមេគង្គនៅវៀតណាមរហូតដល់ទន្លេសាបនៅកម្ពុជា ដើម្បីផ្តល់ឱកាសឱ្យយុវជនបើកបេះដូង រៀនសូត្រពីគ្នាទៅវិញទៅមកលើបញ្ហានានាតាំងពីវប្បធម៌របស់ប្រទេសរៀងៗខ្លួនរហូតដល់បញ្ហាដែលប៉ះពាល់ដល់តំបន់ ដូចជាការប្រែប្រួលអាកាសធាតុ និងឥទ្ធិពលអាក្រក់ទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងតំបន់។ល។
ប្រទេសទាំង ២ អាចពិចារណាបង្កើតផងដែរនូវសន្និសីទនិស្សិតកម្ពុជា-វៀតណាមដោយមើលតាមគំរូសន្និសីទនិស្សិតជប៉ុន-អាមេរិក (JASC) ជាដើម។ សន្និសីទនេះគឺជាវេទិកាដឹកនាំដោយនិស្សិតដោយប្រមូលផ្តុំនិស្សិតពីប្រទេសទាំងសងខាង ដែលមានសាវតារចម្រុះទៅប្រទេសម្ចាស់ផ្ទះប្តូរវេន ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់លើទំនាក់ទំនងទ្វេភាគីលើវិស័យផ្សេងៗក៏ដូចជាធ្វើទស្សនកិច្ចសិក្សា។
ពិតណាស់ថា អាចមានមធ្យោបាយច្នៃប្រឌិតជាច្រើន ដើម្បីសម្រេចគោលបំណងក្នុងការបង្រួមគម្លាតនៃទំនុកចិត្តរវាងកម្ពុជា និងវៀតណាម ប៉ុន្តែរាល់សកម្មភាពទាំងឡាយត្រូវធានាឱ្យមានការរឹតចំណងរវាងប្រជាជនគ្រប់កម្រិត គ្រប់ស្រទាប់ ដើម្បីកសាងទំនុកចិត្ត និងមិត្តភាពប្រកបដោយចីរភាព៕
ដោយ ស៊ឹម វីរៈ ទីប្រឹក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)