ខណៈពេលដែលការប្រកួតប្រជែងដណ្តើមឥទ្ធិពលរវាងសហរដ្ឋអាមេរិក និងចិនបានកើនកម្តៅ ប្រទេសកម្ពុជាមិនអាចកាត់បន្ថយសារៈសំខាន់នៃទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសទាំង ២ បានទេ បើទោះបីជាទទួលរងសម្ពាធខ្លាំងឱ្យធ្វើដូច្នេះក៏ដោយ។ នេះមិនត្រឹមតែដោយសារតែការគោរពខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញរបស់ខ្លួនលើគោលការណ៍អព្យាក្រឹត និងមិនចូលបក្សសម្ព័ន្ធប៉ុណ្ណោះទេតែវាក៏ដោយសារតែផលប៉ះពាល់ជាក់ស្តែងដែលអាចកើតមានទៅលើផលប្រយោជន៍ជាតិរបស់ខ្លួន ប្រសិនបើកម្ពុជាផ្តាច់ទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ឬវ៉ាស៊ីនតោន។
ក្នុងក្របខ័ណ្ឌទ្វេភាគីទោះល្អ ឬអាក្រក់ទាំងចិន និងអាមេរិកបានដើរតួនាទីយ៉ាងធំធេងនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់ប្រទេសកម្ពុជា ដូច្នេះសម្រាប់ប្រទេសទាំង ២ ការផ្តាច់ទំនាក់ទំនងជាមួយប្រទេសកម្ពុជាក៏មិនមែនជាជម្រើសដូចគ្នា។ ប្រទេសទាំង ២ បានវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រទេសកម្ពុជា ហើយការវិនិយោគគឺមិនមែនសំដៅតែទៅលើទឹកលុយនោះទេ។
ម្យ៉ាងទៀតក៏មិនមានន័យថា កិច្ចសហប្រតិបត្តិការជាក់ស្តែងគឺដាក់កម្រិតតែទៅលើវិស័យយោធា ឬការចូលរួមក្នុងទស្សនវិស័យដ៏ធំធេងណាមួយរបស់មហាអំណាចដែលគ្មានអ្វីឱ្យប្រាកដប្រជា ទាំងខ្លឹមសារ និងគម្រោងជាក់ស្តែងនោះដែរ។
នេះគឺជាការពិតដែលកម្ពុជាមិនអាចធ្វើឱ្យខូចខាតទំនាក់ទំនងជាមួយមហាអំណាចទាំង ២ បាន ហើយក៏ជាផលប្រយោជន៍ជាតិរបស់កម្ពុជាក្នុងការខិតខំស្វែងរកភាពបំពេញបន្ថែមនៃទំនាក់ទំនងជាមួយនឹងប្រទេសទាំង ២ ផងដែរ។
បើគិតពីជំហរនយោបាយ ទាំងចិន និងអាមេរិកតែងតែអះអាងថា ពួកគេគាំទ្រឯករាជ្យ និងជម្រើសអធិបតេយ្យរបស់កម្ពុជា។ សំណួរនៅត្រង់ថា តើនិយមន័យ “ឯករាជ្យរបស់កម្ពុជា” ដែលចិន និងអាមេរិកនិយាយខុសគ្នាត្រង់ណា? ប្រសិនបើដូចគ្នា ប្រទេសទាំង ២ គួរតែស្រណុកកាយ ស្រណុកចិត្តនៅពេលដែលកម្ពុជាមានទំនាក់ទំនងល្អទាំងសងខាង ព្រោះនេះគឺជាការគោរពលើសិទ្ធិសម្រេច និងផលប្រយោជន៍ជាតិកម្ពុជា។
ប្រសិនបើមិនមានន័យដូចគ្នាទេនោះ បានន័យថា ការអះអាងរបស់ពួកគេគឺបានតែនិយាយគ្មានខ្លឹមសារ។
គឺជាការធម្មតាដែលប្រទេសទាំង ២ ចង់បានអ្វីដែលល្អបំផុតពីកម្ពុជា ប៉ុន្តែវាជាប្រការសមស្រប និងយុត្តិធម៌ផងដែរ ដែលកម្ពុជាក៏ចង់បានអ្វីដែលល្អបំផុតពីពួកគេដូចគ្នា។ ជាអកុសលការគោរពលើសមភាពអធិបតេយ្យមិនមែនតែងតែត្រូវបានអនុវត្តនោះទេ នៅក្នុងនយោបាយអន្តរជាតិ។
អសមភាពអំណាចបានសម្តែងចេញយ៉ាងច្បាស់លាស់ ហើយករណីនេះមិនមែនសំដៅតែលើប្រទេសចិន និងអាមេរិកនោះទេ។ ឧទាហរណ៍ទូតប្រទេសខ្លះ តែងតែទាមទារសុំជួបជាមួយរដ្ឋមន្ត្រីការបរទេសរបស់កម្ពុជា ប៉ុន្តែផ្ទុយទៅវិញ ទូតរបស់កម្ពុជាមិនងាយនឹងបានជួបមន្ត្រីថ្នាក់ប្រធាននាយកដ្ឋាននៃក្រសួងការបរទេសរបស់ពួកគេផង។
បើគិតពីទស្សនៈសេដ្ឋកិច្ចយើងអាចមានការងាយយល់ជាងទៅលើចំណុចដែលថាទំនាក់ទំនងកម្ពុជាជាមួយចិន និងអាមេរិកមានភាពបំពេញបន្ថែមគ្នាហើយមិនអាចកាត់ផ្តាច់គ្នាបាន។
ចិនបាននិងកំពុងជួយកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនដល់កម្ពុជា ដែលបានជួយពង្រឹងភាពតភ្ជាប់នៃដែនដីរបស់កម្ពុជា និងពង្រឹងការតភ្ជាប់ទីផ្សារ និងខ្សែចង្វាក់ផលិតកម្មក្នុងស្រុក។ ចិនបាននិងកំពុងតែវិនិយោគជាច្រើនលើវិស័យវាយនភណ្ឌរបស់កម្ពុជានេះ ក៏ព្រោះថា កម្ពុជាបានទទួលការអនុគ្រោះពីទីផ្សារអាមេរិក។ នៅពេលដែលចិនបានវិនិយោគរាប់ប៊ីលានដុល្លារនៅកម្ពុជាចំនួននេះបានប្រែក្លាយទៅជាទំនិញរាប់ប៊ីលានដុល្លារដែលកម្ពុជានាំចេញទៅអាមេរិកដែរ។ បានន័យថា បើកម្ពុជាគ្មានទីផ្សាររបស់អាមេរិកចិនក៏មិនមកវិនិយោគដែរ។
មួយវិញទៀត បើកម្ពុជាគ្មានសមត្ថភាពផលិតដែលគាំទ្រដោយការវិនិយោគពីចិន ការផ្តល់ភាពអនុគ្រោះទីផ្សាររបស់អាមេរិកគឺគ្មានន័យ និងផលប្រយោជន៍អ្វីឡើយសម្រាប់កម្ពុជា។
អាមេរិកបានទទួលផលពីទំនិញធូរថ្លៃពីកម្ពុជា ចិនបានទទួលផលពីខ្សែចង្វាក់ផលិតកម្ម និងតម្លៃ រីឯកម្ពុជាបានទទួលផលពីការបង្កើតការងារ ការបង្កើតចំណូល ការពង្រឹងស្តង់ដាការងារ សីលធម៌ការងារ ការលើកស្ទួយសិទ្ធិកម្មករ។ល។ នេះហើយគឺជាភាពបំពេញបន្ថែមផ្នែកសេដ្ឋកិច្ចដែលចំណេញសម្រាប់គ្រប់ភាគី។
បើគិតពីទស្សនៈយុទ្ធសាស្ត្រយោធា វាមិនមែនជាផលប្រយោជន៍កម្ពុជាសោះឡើយដែលខ្លួនត្រូវក្លាយជាដៃជើងបម្រើឱ្យយោធាប្រទេសដទៃ។
ក្នុងអតីតកាលកម្ពុជាបានផ្តល់ការគាំទ្រដល់វៀតណាមតាមរយៈ “ផ្លូវលំសីហនុ” (Sihanouk Trail) ដែលតភ្ជាប់ “ផ្លូវលំហូជីមិញ” នៅភាគខាងត្បូងប្រទេសឡាវដែលជាផ្លូវលំសម្ងាត់សម្រាប់នាំអាវុធស្បៀងពីវៀតណាមខាងជើងទៅវៀតណាមខាងត្បូង ហើយត្រូវបានប្រើប្រាស់ដោយកងទ័ពប្រជាជនវៀតណាម និងរណសិរ្សរំដោះជាតិ (វៀតកុង) នៅក្នុងសង្គ្រាមវៀតណាមពីឆ្នាំ ១៩៦០ ដល់ឆ្នាំ ១៩៧៥។
ដោយសារតែមូលហេតុនេះ អាមេរិកបានទម្លាក់គ្រាប់បែកដូចក្រាលព្រំមកលើទឹកដីកម្ពុជា ចាប់ពីចុងទសវត្សរ៍ឆ្នាំ ១៩៦០ ដល់ទសវត្សរ៍ឆ្នាំ ១៩៧០។ គេប៉ាន់ស្មានថាអាមេរិកទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជាជាង ២ លានតោនធ្វើឱ្យស្លាប់ និងរបួសប្រជាជនខ្មែរយ៉ាងតិច ១០ ម៉ឺននាក់ ហើយប្រជាជន ២ លាននាក់ទៀតបាត់បង់ទីជម្រក។
បន្ថែមលើការរងគ្រោះខាងលើអ្នកស្រាវជ្រាវជាច្រើនបានវិនិច្ឆ័យថា ការទម្លាក់គ្រាប់បែករបស់អាមេរិកលើទឹកដីកម្ពុជា គឺជាកត្តាមួយដែលចូលរួមចំណែកដល់ការងើបឡើងនៃរបបប្រល័យពូជសាសន៍ ប៉ុលពត។ ចាប់តាំងពីពេលនោះមក និម្មានបនកម្មសន្តិសុខ និងជញ្ជីងតុល្យភាពអំណាចនៅក្នុងតំបន់ពុំមានអំណោយផលចំពោះសន្តិភាព និងស្ថិរភាពរបស់កម្ពុជានោះឡើយ។ ៧០ ឆ្នាំក្រោយសង្គ្រាមលោកលើកទី ២ កម្ពុជារងគ្រោះដោយសង្គ្រាមដោយតួអង្គតំណាង (proxy wars) និងសង្គ្រាមស៊ីវិលជាង ៣០ ឆ្នាំ។ តើអាចទៅរួចទេដែលកម្ពុជាអាចបំភ្លេចប្រវត្តិសាស្ត្រដ៏សែនជូរចត់នេះ? តើសមហេតុផលទេ ដែលកម្ពុជាចង់ក្លាយជាតួអង្គសាជាថ្មីម្តងទៀតដូចនៅក្នុងសង្គ្រាមដោយតួអង្គតំណាងកាលពីអតីតកាល?
ដើម្បីបុព្វហេតុសន្តិសុខជាតិគឺជារឿងធម្មតាដែលកម្ពុជាត្រូវពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយនឹងបណ្តាប្រទេសជាមិត្តបូករួមទាំងចិន អាមេរិក និងសមាជិកអាស៊ានជាដើម។
កិច្ចសហប្រតិបត្តិការទាំងនេះមិនគួរត្រូវបានគេសន្មតថា ជាការបម្រើឱ្យការពង្រីកឥទ្ធិពលយោធាបរទេស ឬកសាងសម្ព័ន្ធមិត្តនោះឡើយ។
ទាក់ទងនឹងការសង្ស័យលើមូលដ្ឋានយោធាចិននៅក្នុងទឹកដីកម្ពុជា វាពិតជាគ្មានភាពចាំបាច់ដែលកម្ពុជាត្រូវធ្វើតម្រាប់តាមប្រទេសថៃ និងសិង្ហបុរីដែលបានផ្តល់មូលដ្ឋានយោធារបស់ខ្លួនឱ្យបរទេសប្រើប្រាស់នោះទេ។ បើក្រឡេកមើលទំនាក់ទំនងមិនសូវមានស្ថិរភាពជាមួយអាមេរិក កម្ពុជាគ្មានផលប្រយោជន៍អ្វីក្នុងការបង្កភាពរកាំចិត្តណាមួយជាមួយក្រុងវ៉ាស៊ីនតោននោះទេ ហើយបើមើលលើទំនាក់ទំនងជាមួយប្រទេសជិតខាងថៃ និងវៀតណាមដែលកំពុងតែមានភាពល្អូកល្អិននឹងគ្នាវាក៏គ្មានប្រយោជន៍អ្វីសម្រាប់កម្ពុជាក្នុងការបង្កការសង្ស័យពីប្រទេសទាំង ២ ដែរ។
ប្រសិនបើវៀតណាមដែលជាប្រទេសកុម្មុយនីស្ត អាចធ្វើពាណិជ្ជកម្មជាង ១០០ ប៊ីលានដុល្លារក្នុង ១ ឆ្នាំជាមួយចិន ហើយអាចមានកិច្ចសហប្រតិបត្តិការល្អជាមួយអាមេរិកទៀត ដូច្នេះវាគ្មានហេតុផលអ្វីដែលកម្ពុជាមិនអាចទាក់ទងចិនផង និងអាមេរិកផងក្នុងពេលតែមួយនោះទេ។ ម្យ៉ាងទៀតវៀតណាមក៏គ្មានផ្តល់មូលដ្ឋានយោធារបស់ខ្លួនឱ្យបរទេសប្រើប្រាស់ដែរ បើទោះបីជាខ្លួនមានជម្លោះដែនអធិបតេយ្យក្នុងសមុទ្រចិនខាងត្បូងជាមួយចិនក៏ដោយ។
នៅពេលដែលកម្ពុជាត្រូវការធ្វើពិពិធកម្មកិច្ចសហប្រតិបត្តិការយោធា ប្រទេសដៃគូក៏គួរតែយល់ពីទស្សនៈរបស់កម្ពុជា ចំពោះការគំរាមកំហែងលើសន្តិសុខជាតិរបស់កម្ពុជា ដូចជា គ្រោះថ្នាក់នៃការជំរុញការផ្លាស់ប្តូររបប ការរំលោភលើអធិបតេយ្យ និងការលូកដៃចូលនយោបាយ និងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាផងដែរ។ បើមិនដូច្នេះទេការពង្រីកកិច្ចសហប្រតិបត្តិការយោធាមានហានិភ័យណាស់ចំពោះកម្ពុជាដែលនៅតែមានដិតដាមប្រវត្តិសាស្ត្រសង្គ្រាមនៅឡើយ។
ទាំងចិន និងអាមេរិក គួរតែគោរពកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការរក្សាឯករាជភាព និងអធិបតេយ្យរបស់កម្ពុជា។
ប្រទេសទាំង ២ គួរយល់ថាការខិតខំការពារផលប្រយោជន៍ជាតិកម្ពុជាដោយមានទំនាក់ទំនងល្អជាមួយប្រទេសទាំងសងខាងមិនមែនជាទោសទណ្ឌដែលត្រូវចាប់កំហុសនោះឡើយ។
ប្រទេសជាច្រើននៅក្នុងតំបន់សុទ្ធតែប្រាថ្នាចង់ឃើញទំនាក់ទំនងប្រកបដោយស្ថិរភាពរវាងចិន និងអាមេរិក ជំនួសឱ្យការប្រឈមមុខដូចសព្វថ្ងៃ ដែលបង្កជាការកង្វល់ដល់ស្ថិរភាព និងសន្តិសុខក្នុងតំបន់។ ប្រទេសជាច្រើននៅក្នុងតំបន់សុទ្ធតែមានការជឿជាក់ថា ទំនាក់ទំនងរបស់ពួកគេជាមួយចិន និងអាមេរិកមិនមែនជាទឹក និងប្រេងនោះទេ៕
ស៊ឹម វីរៈ ទីប្រឹក្សាយុទ្ធសាស្ត្រ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)