កាលពីដើមឡើយ មិនថានៅស្រុកខ្មែរ ឬនៅប្រទេសនានាក្នុងលោកនោះទេ គឺតែងនិយមប្រើប្រាស់ធ្យូង។ តាមពិតទៅធ្យូងនៅតែជាតម្រូវការចាំបាច់ទាំងការចម្អិនអាហារក្តី ឬក៏ស្ងោរសម្ភារបរិក្ខារក្តីដើម្បីធ្វើឲ្យម្ហូបអាហារមានឱជារសឈ្ងុយឆ្ងាញ់ ជាពិសេសការចម្អិនសាច់អាំង (Barbecue) តែម្តង។
ប៉ុន្តែការផលិតធ្យូងដោយខុសបច្ចេកទេសផ្ទុយនឹងស្តង់ដាដែលធ្វើឲ្យបំពុលបរិយាកាសខ្លាំង បែរជាត្រូវបានហាមឃាត់ដោយអនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំឡេងទៅវិញ។
អ៊ីចឹងតើត្រូវធ្វើដូចម្តេចដើម្បីបញ្ជាក់ឲ្យសមត្ថិកច្ចបានដឹងថាធ្យូងណាត្រូវបានអនុញ្ញាត (ធ្យូងអនាម័យ ឬធ្យូងព្រៃសម្បទានសហគមន៍) និងប្រភេទមួយណាជាធ្យូងខុសច្បាប់ ?
មកទល់ពេលនេះ ពលរដ្ឋខ្មែរនៅតែប្រើប្រាស់ធ្យូងជាមធ្យោបាយចម្អិនអាហារគឺ ៧ ភាគរយនៃប្រជាជនសរុប។ នេះបើតាមរយៈការសង្កេតសេដ្ឋកិច្ចសង្គមនៅកម្ពុជាក្នុងឆ្នាំ ២០១៧ (NIS, 2018)។ របាយការណ៍ដដែលនេះបានបង្ហាញថាក្នុង ១ ឆ្នាំតម្រូវការដើមឈើមកចូលឡច្នៃធ្វើធ្យូងមានជាង ១,៦ លានតោនហើយបានបំភាយឧស្ម័នកាបូនិច (CO2) ទៅក្នុងបរិយាកាសក៏មានដល់ទៅ ៣ លានតោន (tCO2e) ផងដែរ។
ប៉ុន្តែនៅពេលចាប់ផ្តើមគិតគូរពីរឿងបរិស្ថាន និងការប្រែប្រួលអាកាសធាតុ គឺការធ្វើអាជីវកម្មធ្យូង និងដឹកជញ្ជូនធ្យូងបែរជាត្រូវបានហាមឃាត់ដោយច្បាប់ទៅវិញ ប្រសិនបើការផលិត និងការប្រើប្រាស់ធ្យូងនោះមានការបញ្ចេញឧស្ម័នលើសលប់ ផ្ទុយនឹងកម្រិតស្តង់ដានៃការបំពុលបរិយាកាស។
ចំណុចដែលមានចែងនៅក្នុងអនុក្រឹត្យចេញកាលពីឆ្នាំ ២០០០ នោះធ្វើឲ្យសមត្ថកិច្ចចាប់ផ្តើមបង្ក្រាបបទល្មើសផលិតធ្យូងដោយឡដុតអុសបញ្ចេញឧស្ម័នកាបូនិច (CO2) ច្រើនៗតាមរយៈការប្រើឡដុតបែបបុរាណមិនត្រូវតាមបច្ចេកទេស ហើយសូម្បីដឹកមកលក់នៅក្រៅខេត្តក៏ត្រូវបានសមត្ថកិច្ចចាប់ដែរ។
ករណីដុតឡធ្យូងបែបបុរាណដូចដែលបានធ្វើនៅខេត្តកំពង់ស្ពឺ ហើយនាំមកចែកចាយច្រើនជាងគេនៅក្នុងទីផ្សារ គឺអ្នកធ្វើធ្យូងតែងដើរកាប់ឈើនៅតាមតំបន់ព្រៃបានប៉ុនណា យកប៉ុណ្ណឹង ដោយមិនគិតពីឈើប្រណីត ឬក៏ឈើធម្មតានោះទេពោលគឺគ្មានប្រភពច្បាស់លាស់។
ក៏ប៉ុន្តែការចាប់ផាកពិន័យរបស់សមត្ថកិច្ចរឿងនាំធ្យូងចេញពីខេត្តផ្សេងៗមកលក់នោះ ពេលខ្លះចាប់ដោយទាំងធ្យូងអនាម័យ ឬក៏ធ្យូងដែលផលិតដោយឡធ្យូង (Ushimura) របស់សហគមន៍ព្រៃឈើដែលបានចុះបញ្ជីជាមួយអគ្គនាយករដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរួចហើយក៏មានដែរ ជាពិសេសធ្យូងអនាម័យមកពីខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ដោយសមត្ថកិច្ចលើកហេតុថា គ្មានលិខិតអនុញ្ញាតឲ្យដឹកធ្យូងឆ្លងកាត់មកលក់នៅភ្នំពេញជាដើម។ នេះគឺជាបញ្ហា ដែលមិនទាន់ត្រូវបានដោះស្រាយចប់ចុងចប់ដើមនៅឡើយចំពោះលិខិតស្នាមដែលតម្រូវឲ្យមានដើម្បីបញ្ជាក់ពីភាពស្របច្បាប់របស់ធ្យូងអនាម័យ និងធ្យូងផលិតបានពីព្រៃសហគមន៍។
កន្លងមកមានការត្អូញត្អែរពីសហគមន៍ទទួលផលពីអនុផលព្រៃឈើមកធ្វើធ្យូងជុំវិញករណីផាកពិន័យលើការដឹកជញ្ជូនទំនិញធ្យូងប្រភេទនេះមករកទីផ្សារនៅរាជធានីភ្នំពេញ ដោយមិនដឹងថា តើមកពីសមត្ថកិច្ចមិនមានសមត្ថភាពមើលគុណភាពធ្យូង ឬមួយក៏ក្រសួងបរិស្ថានមិនទាន់បានចេញលិខិតអនុញ្ញាតឲ្យមានចរន្តទៅលើទីផ្សារនៃប្រភេទធ្យូងមានគុណភាពខ្ពស់ដែលប៉ះពាល់បរិស្ថានតិចតួចដូចដែលមានចែងក្នុងច្បាប់ស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ ?
ក្នុងគោលបំណងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចទៅឧស្ម័នផ្ទះកញ្ចក់ (Greenhouse gas) ដែលស៊ីស្រទាប់អូហ្សូន (O3) ក្រសួងបរិស្ថានបានសហការជាមួយអង្គការដៃគូ GeresCambodia តាំងពីឆ្នាំ ២០១៥ ដោយបានរៀបចំគម្រោងសកម្មភាពជាតិកាត់បន្ថយសមស្រប (NAMA) ដូចជា ការផលិតធ្យូងអនាម័យ និងឧស្ម័នហ្គាស (Biomass) ដែលបំប្លែងចេញមកពីលាមកសត្វសម្រាប់ធ្វើចំហេះចម្អិនអាហារជាដើម និងបានវិនិយោគផលិតផលបែបនេះជាមួយក្រុមហ៊ុនឯកជន សហគមន៍ព្រៃឈើ និងអង្គការដែលធ្វើជំនួញដើម្បីសុខុមាលភាពសង្គម។
កន្លងមកគម្រោងនេះបានអនុវត្តសាកល្បងចំនួន ៤ ខេត្តរួចមកហើយ គឺខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ប៉ុន្តែបច្ចុប្បន្ននៅសល់តែ ២ ខេត្តប៉ុណ្ណោះគឺខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង។ ដោយសារតែមានបញ្ហាប្រឈមខ្លះៗដែលរារាំងដល់ការផលិតធ្យូងប្រភេទអនាម័យនេះដូចជា ការរកទីផ្សារនៅរាជធានីបានហើយ តែលំបាកដឹកជញ្ជូនចូលមកក្នុងទីក្រុងដោយសមត្ថកិច្ចយោងទៅលើអនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ ដោយសារតែធ្យូងជាប្រភេទត្រូវហាមឃាត់នៅក្នុងច្បាប់នេះ បើទោះបីជាធ្យូងអនាម័យត្រូវបានផលិតដោយឡទំនើបឈ្មោះ Ushimura ដោយយកម៉ូដែលពីប្រទេសជប៉ុនដែលកាត់បន្ថយការបំភាយឧស្ម័នកាបូនិច និងគុណភាព និងបរិមាណនៃការផលិតក៏បានច្រើនជាងឡធ្យូងបុរាណក៏ដោយ។
ជាក់ស្តែងតាមរយៈរបាយការណ៍របស់អង្គការ Geres Cambodia ឆ្នាំ ២០១៨ កន្លងទៅនេះបានប្រៀបធៀបប្រសិទ្ធភាពរវាងឡធ្យូងបុរាណ និងឡធ្យូង Ushimura តាមបច្ចេកទេសរបស់អង្គការនេះគឺឡធ្យូងអនាម័យ ផលិតចំហេះមានគុណភាពខ្ពស់ ការបំភាយឧស្ម័នកាបូនិចតិច ការប្រើប្រាស់ឈើអុសក៏តិច និងជីវភាពរស់នៅរបស់អ្នកផលិតធ្យូងអនាម័យក៏បានប្រសើរជាងអ្នកផលិតធ្យូងដោយប្រើឡបុរាណដែរ។
សម្រាប់បរិមាណវិញមានន័យថា ឡធ្យូងអនាម័យអាចផលិតបានធ្យូងអនាម័យ ១ តោន ក្នុង ១ ខែ គឺសន្សំសំចៃឈើអុសបានដល់ទៅ ៤០ ភាគរយ។ ជាងនេះទៀត បើតាមបទពិសោធពីអ្នកជំនាញបច្ចេកទេសអនុវត្តផ្ទាល់ក៏បានចែករំលែកតាមរយៈឧទាហរណ៍ងាយយល់ផងដែរថា បើចង់បានធ្យូងធម្មតា ១ គីឡូក្រាម គឺប្រើឈើអុស ៦ គីឡូក្រាម ដាក់ទៅក្នុងឡធ្យូងបុរាណ ប៉ុន្តែបើចង់បានធ្យូងអនាម័យ ១ គីឡួក្រាម គឺប្រើអុសតែ ៤ គីឡូក្រាមប៉ុណ្ណោះដាក់ចូលក្នុងឡធ្យូង Ushimaura នោះ។ ចំណែកចំហេះឧស្ម័នកាបូនិចដែលបំភាយទៅជាឧស្ម័នផ្ទះកញ្ចក់ក៏តិចជាងឡធ្យូងបុរាណដល់ទៅ ៣០ ភាគរយដែរ។
រីឯអង្គការធ្យូងបៃតងខ្មែរ (KGC) ដែលផលិតធ្យូងអនាម័យមានមូលដ្ឋាននៅរាជធានីភ្នំពេញគឺត្រូវបានដាក់ដំណើរការនៅលើទីផ្សារបានល្អ ហើយការផលិតមិនបានប្រើព្រៃឈើទេគឺបានមកពីការបំប្លែងពីកាកសំណល់រឹង ដូចជា សម្បកដូង សម្បកត្នោត កាកអំពៅ ជារួមគឺកាកសំណល់សំរាមសរីរាង្គជាដើម។ អង្គការដែលជាប្រភេទធ្វើជំនួញនេះបានលក់ធ្យូងអនាម័យក្នុង ១ ឆ្នាំៗដល់អតិថិជនដល់ទៅ ៦ ៥០០ នាក់ រីឯថវិកាលក់បានគឺសម្រាប់រួមចំណែកកាត់បន្ថយភាពក្រីក្រតាមរយៈជួយដល់គ្រួសារងាយរងគ្រោះដើម្បីផ្គត់ផ្គង់ជីវភាព និងកូនៗរបស់ពួកគេឲ្យមានលទ្ធភាពបញ្ជូនកូនទៅសាលារៀន (KGC, 2019)។
ផ្អែកលើមូលដ្ឋានជាវិជ្ជមាននៃការផលិតធ្យូងអនាម័យតាមរយៈព្រៃសហគមន៍ក្តី តាមរយៈសំរាមសរីរាង្គក្តី គឺដើម្បីឆ្លើយតបនឹងបច្ចុប្បន្នភាពនៃតម្រូវការធ្យូងអនាម័យនៅតាមទីផ្សារជាក់ស្តែងផង និងការកែប្រែគុណភាពជីវិតរបស់ពលរដ្ឋដែលជាសមាជិកព្រៃសហគមន៍ក្នុងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុផងដែរ។
ដើម្បីធ្វើឲ្យអស់មន្ទិលពីបញ្ហាធ្យូងខុសច្បាប់ និងត្រូវច្បាប់រាជរដ្ឋាភិបាលគួរចេញលិខិតបទដ្ឋានណែនាំស្តីពីករណីលើកលែងចំពោះធ្យូងអនាម័យដែលបំភាយឧស្ម័នកាបូនិចទៅបំពុលបរិយាកាសតិចតួចជាងការបំភាយចេញពីធ្យូងប្រើឡបុរាណដូចដែលមានចែងក្នុងច្បាប់ស្តីពីការត្រួតពិនិត្យការបំពុលខ្យល់នេះ។
ប្រសិនបើមានការបញ្ជាក់ច្បាស់នឹងធ្វើឲ្យសមត្ថកិច្ចអាចបែងចែកបានរវាងធ្យូងចេញពីឡបុរាណ និងធ្យូងអនាម័យដែលចេញពីឡធ្យូងអនាម័យក្រោមការគ្រប់គ្រងពីសហគមន៍ព្រៃឈើដោយមានការកាប់ព្រៃឈើតាមស្តង់ដាបច្ចេកទេសដោយយកតែឈើមិនមានគុណភាព និងកម្ទេចកម្ទីឈើដែលសល់យកមកធ្វើធ្យូងអនាម័យនេះ។
បញ្ហានេះគួរធ្វើឲ្យបានដូចការលើកលែងចំពោះធ្យូងថ្មដែលស្ថាប័នច្បាប់បានអនុម័តឲ្យបង្កើតរោងចក្រអគ្គិសនីដើរដោយប្រើធ្យូងថ្ម ខណៈរាជរដ្ឋាភិបាលក៏បានអនុម័តលើកគម្រោងទិញថាមពលអគ្គិសនីផលិតដោយធ្យូងថ្មថ្មីផងដែរ បើទោះជាដឹងថា ធ្យូងថ្មជាប្រភេទសារធាតុពុលដូចមានចែងក្នុងអនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ដែរក៏ដោយ។
ការពិតថាមពលអគ្គិសនីដើរដោយធ្យូងថ្មនេះក៏បំភាយឧស្ម័នពុលដែរ ប៉ុន្តែក្រុមហ៊ុនបានអនុវត្តទៅតាមបច្ចេកទេសថ្មីក្នុងការដុតធ្យូងថ្មនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថានដែលបញ្ហានេះក៏គួរមានការលើកលែងចំពោះករណីធ្យូងអនាម័យផងដែរ ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com